បច្ចេកទេសដាំដុះ ដំណាំត្រាវ

ត្រាវជាដំណាំមួយប្រភេទ ដែលបងប្អូនប្រជាជនយើង និយមទទួលទាន។ វាត្រូវបានគេយកទៅស្ល ទៅធ្វើជាបង្អែមត្រាវកូរ ត្រាវបំពងស្ករ ត្រាវឆឹង បបរត្រាវជាដើម។ លើសពីនេះ វាមិនត្រឹមតែជា មុខអាហារដ៏មានឳជារសប៉ុណ្ណោះទេ វាថែមទាំងត្រូវបានគេ កែច្នៃ ជាបង្អែមកញ្ចប់ ការ៉ែម និងអាហារសុខភាពថែមទៀតផង។

ត្រាវ មានអត្ថប្រយោជន៍ជាច្រើន ដល់សុខភាពដូចជា៖ វាមានផ្ទុកទៅដោយ សារធាតុចិញ្ចឹម ជាតិសរសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីនC, E, សំបូរដោយ អាស៊ីតអាមីណូ (Amino) និងអូមេហ្គា ៣, ជួយឲ្យមានប្រព័ន្ធការពាររាងកាយល្អ, ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម, កាត់បន្ថយហានិភ័យជំងឺបេះដូង, ប្រឆាំងនិងជម្ងឺមហារីក, ជួយសម្រកទម្ងន់, ជួយសុខភាពពោះវៀន ជាដើម ។ល។

តោះមកដឹងពីបច្ចេកទេស ក្នុងការដាំដុះ ត្រាវយកមើម ដូចខាងក្រោម

ការជ្រើសរើសកូនត្រាវដាំ

  • ជ្រើសរើសពូជត្រាវស្លាមកដាំ ពីព្រោះវាមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ និងត្រូវតាមតម្រូវការរបស់ទីផ្សារ
  • ជ្រើសរើសត្រាវដែល មានលក្ខណៈល្អយកទៅដាំ
  • ត្រូវរើសមើមត្រាវត្រូវបំបែកយកពីដើមមេដែលមានអាយុពី៦-៧ខែ
  • មើមត្រាវមានទំហំប៉ុនមេដៃ ឬមេជើង មានពណ៌ក្រមៅ និងមានប្រវែងពី១-២ថ្នាំងដៃ
  • ក្រោយជ្រើសរើសពូជត្រាវ ដាំបានហើយ ដាក់សំដិលក្រោមផ្ទះ កន្លែងម្លប់កុំឲ្យត្រូវកម្ដៅថ្ងៃ នាំឲ្យរលួយ
  • រយៈពេល៣-៥ថ្ងៃ ត្រូវវែកវាម្ដង ដើម្បីឲ្យមើមត្រាវស្ងួតបន្តិច
  • ក្រោយពីរក្សាមើមទុក បានរយៈពេល២ខែ អាចយកទៅដាំបាន

ការរៀបចំថ្នាលបណ្តុះបណ្តាល៖

  • លើករងដែលមានកម្ពស់១០-១៥ស.ម ទទឹង១ម៉ែត្រ រីឯបណ្តោយទៅតាមស្ថានភាពដី
  • បន្ទាប់មក យកមើមត្រាវទៅត្រាំទឹក ចំនួន២យប់ រួចស្រង់យកទៅផ្អាប់ ទុករយៈពេល២ថ្ងៃ២យប់ទៀត
  • ក្រោយពីផ្អាប់ឃើញ មើមត្រាវដុះពន្លកខ្លះហើយ ទើបយកមើមនោះទៅកប់ដាំ លើថ្នាលដែលបានរៀបចំរួច
  • កប់កុំឲ្យលិចពន្លក ដោយទុកចន្លោះ ពីមើមមួយទៅមួយ១តឹក
  • ចំពោះមើមណាដែលបែកខ្នែង ត្រូវកាត់ខ្នែងខាងក្រោមចេញ រួចជ្រលក់ផេះ ដើម្បីការពារសត្វល្អិត និងមេរោគបំផ្លាញ
  • បណ្តុះមើមឲ្យដុះនៅលើថ្នាលរយៈពេល១០ទៅ១៥ថ្ងៃ (កូនត្រាវមានស្លឹក១) អាចដកដាំនៅចម្ការបាន

ការរៀបចំដីដាំ

  • មុនដាំ ត្រូវភ្ជួរដីឲ្យជ្រៅៗ ជម្រៅ ៣០-៤០ស.ម
  • ភ្ជួរលើកទី១ កប់កាកសំណល់រុក្ខជាតិ រួចហាលចោលរយៈពេល១អាទិត្យ
  • ចាប់ភ្ជួរលើកទី២ និងរាស់ដីឲ្យស្អាតរួចកាប់ចង្អូរដាំ
  • កាប់ចង្អូរដែលមានទំហំ ពី២០-២៥ស.ម ដាំជាជួរដោយ មានដាក់ខ្សែឲ្យត្រង់
  • ដាំជាជួរចម្ងាយពី គុម្ពមួយទៅគុម្ពមួយ ៥០-៦០ស.ម
  • ដោយកម្ពស់រង ២០-៣០ស.ម ទទឹងរង ៥០-៦០ស.ម បណ្តោយតាមលទ្ធភាពដី
  • ចម្ងាយពីជួរមួយទៅមួយ ឬពីចង្អូរមួយទៅមួយ១ម៉ែត្រ

ការដាំដុះ

  • ជាទូទៅ ដាំនៅខែចេត្រ (មីនា-មេសា) ដែលជារដូវប្រាំង
  • យកកូនត្រាវដែលបានបណ្តុះហើយ មានអាយុពី១០ទៅ១៥ថ្ងៃទៅដាំ
  • ដាក់ដាំនៅក្នុងរណ្តៅ ដែលបានកាប់រួច
  • កប់ឲ្យលុបដី ត្រឹមឫសកំណើត
  • បន្ទាប់មកស្រោចទឹកឲ្យជោគ

ការថែទាំ

  • ដើម្បីឲ្យត្រាវដុះលូតលាស់លឿន ត្រូវយកចិត្តទុកដាក់លើការស្រោចទឹក ព្រោះត្រាវជាដំណាំមួយដែលត្រូវការទឹកខ្លាំង
  • នៅពេលដាំដំបូងរយៈពេល១ខែ ស្រោចទឹក១ថ្ងៃ២ដង ឲ្យដីសើមជាប់
  • នៅរដូវប្រាំងដែល ដាំ២ទៅ៣ខែដំបូង ទើបចាប់បូមទឹកដាក់ម្តង ធ្វើយ៉ាងណាឲ្យដីមានសំណើមជាប់ជានិច្ច
  • ចំពោះរដូវវស្សាមិនចាំបាច់ធ្វើការស្រោចស្រពទេ
  • ក្រៅពីការស្រោចទឹក នៅមានការជម្រះស្មៅ និងពូនគល់
  • នៅពេលត្រាវមានអាយុ១ទៅ១ខែកន្លះ ចាប់ផ្តើមជម្រះស្មៅពូនគល់ ដោយលុបចង្អូររង
  • កន្លះខែបន្ទាប់មកទៀត ធ្វើស្មៅ និងពូនគល់លើកជារងខ្ពស់ ដោយមានកម្ពស់ប្រមាណ៧០ស.ម ធ្វើដូចនេះដើម្បីឲ្យត្រាវចុះមើមធំល្អ
  • ចំពោះការដាក់ជី ដាក់នៅចន្លោះគុម្ពគឺនៅពេលធ្វើស្មៅ និងពូនគល់ដោយប្រើជីលាមកសត្វ
  • ធ្វើស្មៅពូនគល់២ដង ពូនលើកជារង និងដាក់ជីលាមកសត្វបំប៉ននៅពេលពូនគល់ ជីបំប៉នដាក់នៅចន្លោះគុម្ពត្រាវ

ការស្រោចស្រព

https://www.123rf.com/photo_96965548_watering-in-taro-field.html

វគ្គដុះពន្លក

  • ចាបតាំងពីត្រាវដាំ រហូតដល់ត្រាវដុះ ១០០% វាត្រូវការសំណើមដីថេរ តែមិនជោគជាំខ្លាំង កាលណាដីស្ងួត ធ្វើឲ្យដីក្តាំង ធ្វើឲ្យដុះមិនគ្នា ព្រមទាំងបាត់បង់ដើមច្រើន
  • ត្រូវស្រោចទឹក ព្រឹក ល្ងាច ដោយប្រើប៉ោត ឬប្រើមាស៊ីន
  • កុំស្រោចខ្លាំងពេក អាចធ្វើឲ្យកូនត្រាវរលួយឬសវិញ

វគ្គលូតលាស់ស្លឹកពិត៖

  • ក្រោយត្រាវដុះ ១០០% ពី៧-១០ថ្ងៃ វាដុះស្លឹកពិត ២ ៣ស្លឹក ត្រូវការទឹកកម្រិតមធ្យម ប្រហាក់ប្រហែលវគ្គដុះពន្លកដែរ តែទាបជាងបន្តិច បើស្រោចខ្លាំងដីសើម និងធ្វើឲ្យកូនត្រាវប្រេះ យឺតយ៉ាវដល់វគ្គកំណកំណើតមើម។

វគ្គកំណរកំណើត និងពង្រីកមើម

ក្រោយដាំរយៈពេល ១៥-១៨ថ្ងៃ ត្រាវចាប់ផ្តើមពង្រីកគល់ប៉ោងបន្តិច ពេលនោះវាត្រូវការទឹក និងសារធាតុចិញ្ចឹមច្រើនឡើងៗ រហូតដល់ពេលប្រមូលផល

ត្រូវបង្កើនការស្រោចទឹកជាងវគ្គនានា អាចធ្វើឲ្យទិន្នផលត្រាវកើនឡើង

ក្រោយស្រោចទឹករូចត្រូវជម្រះស្មៅ ដើម្បីបន្ថយសត្វល្អិត និងជំងឺ

ដើម្បីឲ្យត្រាវចុះមើមល្អ ត្រូវជ្រួយដី ពូនគល់ និងរដរំលោះកូនខ្លះ ឲ្យត្រាវមានមើមធំ

បញ្ហាមួយចំនួនលើដំណាំត្រាវ៖

  • ការបំផ្លាញ ពីពពួកចៃ គេត្រូវប្រើថ្នាំគីមីកសិកម្ម
  • ការបំផ្លាញដោយវីរុស ដែលគេនិយមហៅថា ក្រាប្រាក់កាក់ និងជំងឺរលួយឬស

វិធានការណ៍៖

  • ត្រូវដក ឬគាស់ចោលនៅដើម ដែលមានជម្ងឺ
  • សម្អាតស្មៅក្នុងចម្ការ និងបរិវេណចម្ការ
  • ដំណាំឆ្លាស់មុខ
  • បំបាត់កាកសំណល់ ក្រោយប្រមូលផល

ការប្រមូលផល

  • ពិនិត្យមើល នៅពេលស្លឹកវា ប្រែពីពណ៌បៃតងខ្ចី ទៅបៃតងចាស់
  • កំពូលត្រួយលែងលូតលាស់ ដើមប្រែពណ៌
  • ប្រមូលផល នៅពេលដែលត្រាវ មានអាយុពី ៥-៦ខែ ក្រោយដាំ
  • មុនដកយកមើមត្រាវ ហើយកាត់ស្លឹកចេញ ត្រឹម៤០-៥០ស.ម ពីដី

ចំណាប់អារម្មណ៍៖

តាមរយៈអត្ថបទខាងលើនេះ  បានបង្ហាញអ្នកទាំងអស់គ្នាពី បច្ចេកទេសដាំដុះ ដំណាំត្រាវ   ដែលជាបន្លែដែលកំពុងទទួលបានការពេញនិយម ក្នុងការទទួលទានប្រចាំថ្ងៃ  ដូច្នេះបើសិនជាលោកអ្នក មានដីទំនេរ មិនដឹងថា ដាំដុះអ្វី អាចសាកល្បងជាមួយ ដំណាំត្រាវ នេះបាន ក្នុងការជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល របស់អ្នកទាំងអស់គ្នា។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts