ត្រសក់ស្រូវ ជាបន្លែមួយដ៌ពេញនិយម តាំងពីផ្លែខ្ចី ដែលអាចយកទៅធ្វើជាបន្លែស្រស់ ធ្វើជ្រក់ ធ្វើត្រសក់ចាវជាដើម។ ចំណែកផ្លែទុំ ដែល ប្រជាជនខ្មែរយើង និយមទទួលទាន ដោយសារតែក្លិនក្រអូបឆ្ងុយ និងមានរសជាតិឆ្ងាញ់ពិសារ។ លើសពីនេះ ត្រសក់ស្រូវគឺ មានសារធាតុ ចិញ្ចឹម ជាច្រើនដូចជា វីតាមីន A, C និងសារធាតុរ៉ែមួយចំនួនទៀត។
លើសពីនេះ ត្រសក់ស្រូវ មានសារធាតុប្រឆាំងអុកស៊ីតកម្ម, ធ្វើអោយសុខភាពស្បែកប្រសើរឡើង, ល្អសម្រាប់ភាពស៊ាំ, ផ្លែឈើផ្តល់ជាតិទឹក, ជំរុញការលូតលាស់សក់, គ្រប់គ្រងសម្ពាធឈាម, ជួយបង្កើនថាមពល, ជួយបញ្ចុះទម្ងន់, ជួយសុខភាពបេះដូង, ជួយសុខភាពតម្រងនោម, ជួយដល់ការរំលាយអាហារ.
ដើម្បីទទួលបានទិន្នផលល្អ យើងខ្ញុំសូមបង្ហាញពីវិធីសាស្ត្រ ក្នុងការដាំដុះ ដំណាំត្រសក់ស្រូវ ដូចខាងក្រោម៖
ការជ្រើសរើសពូជ
កសិករយើង និយមដាំដុះ ពូជប្រពៃណី ព្រោះគេអាចរក្សាទុកវាបានខ្លួនឯង ប្រសើរជាងពូជនាំចូល ដោយវាបន្សាំទៅនឹង លក្ខខណ្ឌអាកាសធាតុ ច្រើនជំនាន់ទៅហើយ។ ការជ្រើសរើសពូជ អនុវត្តដូចខាងក្រោម៖
- រើសពូជ ដែលមានអត្រាដំណុះ ពី ៨៥-៩៥%
- ជ្រើសរើសពូជសុទ្ធ បានសំរឹតសំរាំង តាមបច្ចេកទេសត្រឹមត្រូវ គ្មានមេរោគ សត្វល្អិចចង្រៃ
- អាយុកាលគ្រាប់ រក្សាទុកបានត្រឹមត្រូវ មានលទ្ធភាពបន្តពូជបាន
ការជ្រើសរើសដី
- ជ្រើសរើសដីមានជីជាតិពីធម្មជាតិ
- ស្រទាប់ដាំដុះជ្រៅ ជ្រាបទឹករហ័ស
- ជាប្រភេទដីក្រហមខ្ពង់រាប ដីភ្នំ ដីល្បាយខ្សាច់
- ដីល្បាប់មាត់ទន្លេ ស្ទឹង បឹង ជាដើម ដោយសារធាតុមមោក
- ដីមានpH ចន្លោះពី ៥,៥-៦,៨
ការរៀបចំដី
- រាស់សម្អាតស្មៅ កាកសំណល់ផ្សេងៗ
- ភ្ជួរដីឲ្យបានជ្រៅ ហាលដីឲ្យស្ងួតច្រើនសារ
- រាស់បំបែកដីឲ្យម៉ដ្ឋល្អ ច្រើនសារ
- លើករងកម្ពស់ ២០-២៥ស.ម ទទឹងរង ១២០-១៥០ស.ម កៀរដីឲ្យស្មើ
- កាប់រណ្តៅចំកណ្តាលរង ជម្រៅ១០-១៥ស.ម ចន្លោះរណ្តៅនីមួយៗ ៧០ស.ម
- យកដីរណ្តៅលាយជាមួយ ជីផូស្វាត និងជីធម្មជាតិកម្រិត ១០០-១៥០គ.ក្រ/ហិចតា ហើយច្របល់លប់ទៅវិញ
ការដាំដុះ
- មុនដាំយកគ្រាប់ មកលាងសម្អាត ហាលថ្ងៃឲ្យក្តៅ ១-២ម៉ោង
- ក្រោយមកយកទៅត្រាំទឹក ៤-៥ម៉ោង ហើយលាងទឹកស្អាត ៣-៤ដង
- រួចយកគ្រាប់ទៅផ្អាប់ទុក ១យប់ ដើម្បីឲ្យគ្រាប់ពូជដុះស្មើៗគ្នា
- គ្រាប់ពូជ ប្រើ ១,៨-២,២គ.ក្រ/ហិចតា
- ពេលយកគ្រាប់ពូជទៅដាំ ត្រូវលាយជាមួយថ្នាំការពារផ្សិតបន្តិច ប្រើ២-៣ក្រាម/គ.ក្រគ្រាប់ពូជ
- ដាក់ដាំ ១រណ្តៅ ពី៣-៤គ្រាប់ ជម្រៅ២-៣ស.ម
- គ្របចំបើងស្ងួតពីលើគ្រាប់ពូជនោះ រួចស្រោចទឹកឲ្យសើមរណ្តៅ
- អាចដាំដុះវា បានស្ទើរពេញមួយឆ្នាំ ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ចន្លោះពី ២៥-៣០ºC
ការថែទាំ
ការស្រោចស្រព៖
- ពេលលូតលាស់់ដំបូង វាត្រូវការទឹកមធ្យម រហូតដល់ចេញស្លឹក ២-៣ស្លឹក កន្លែងដីដែលសំបូរ ប្រភពទឹកក្រោមដី ស្រោច៣-៤ថ្ងៃដំបូង ក្រោយដាំ
- ពេលត្រសក់ចេញផ្កា រហូតដល់ប្រមូលផល វាទាមទារសំណើមច្រើន ស្រោចទឹក ពី៧-១០ថ្ងៃម្តង ដោយបាញ់ទឹកផ្សើមពីលើ ឬបញ្ចូលទឹកតាមរង
ការជ្រោយដី និងកំចាត់ស្មៅ៖
- ជ្រោយដី ឲ្យដីធូរល្អ មានបន្ទុកខ្យល់ល្អ
- បោចសម្អាតស្មៅឲ្យបានស្អាត ជ្រោយដីពូនគល់
- ពូនគល់ក្រោយពី ត្រសក់ពន្លូតទង បាន៥-៦ថ្នាំង អាយុ១៨-២០ថ្ងៃក្រោយដាំ
ការប្រើប្រាស់ជី៖
- ត្រសក់ចេញបានស្លឹក ២-៣ស្លឹក រយៈពេល ១០-១៥ថ្ងៃ ក្រោយដាំ យកជីអ៊ុយរ៉េ បរិមាណ ៣៥គ.ក្រ/ហិចតា ឬ៣០-៣៥ ក្រាមលាយទឹក ២០លីត្រ ស្រោចតាមគុម្ពឲ្យជោគ
- ពេលជ្រំជ្រោយដី ១៨-២០ថ្ងៃ ក្រោយដាំ យកជី១៥-១៥-១៥ បរិាមាណ ១០០-១២០គ.ក្រ/ហិចតា រោយតាមគល់ហើយពូនដីលុបគល់ បន្ទាប់មកស្រោចទឹកឲ្យសើម
- ក្រោយប្រមូលផលផ្លែខ្ចី បាន២-៣សារ យកជីអ៊ុយរ៉េ បរិមាណ ៥០-៧០គ.ក្រ/ហិចតា រោយជុំវិញគល់ ហើយស្រោចទឹកឲ្យជោគ
- សម្រាប់ប្រមូលផលផ្លែទុំ យកជីអ៊ុរ៉េ ៤០គ.ក្រ/ហិចតា លាយជាមួយជីប៉ូតាស្យូម បរិមាណ ៥០-៦០គ.ក្រ/ហិចតា ច្របល់លាយគ្នា ហើយកប់ក្បែរៗគល់ ក្រោយត្រសក់ចេញផ្កា បាន២០-២៥ថ្ងៃ
សត្វល្អិតនិងជំងឺ
សត្វល្អិត
សត្វល្អិតជាភ្នាក់ងារចំលង៖
- ចៃខ្មៅ ចៃបៃតង មមាចជញ្ជក់ស្លឹក រុយស មមង់ជញ្ជក់ស្លឹក វាច្រើនតែជញ្ជក់យករុក្ខរស ធ្វើឲ្យស្លឹកស្ងួត បន្ថយការលូតលាស់ បង្កឲ្យកើតជំងឺ
សត្វល្អិតស៊ីបំផ្លាញ៖
- អណ្តើកមាសពណ៌លឿង៖ វាស៊ីស្លឹក ត្រួយ ផ្កា ក្តិបខ្ចីៗ ធ្វើឲ្យត្រសក់ក្រិន លូតលាស់យឺត
- ដង្កូវបៃតងមូរស្លឹក៖ បំផ្លាញត្រួយខ្ចីៗ និងផ្កាទើបនិងរីកលើ
- ដង្កូវចោះផ្លែ៖ វាចោះស៊ីក្តិបខ្ចីៗ ហើយរូងចូលក្នុងផ្លែ ធ្វើឲ្យផ្លែស្អុយ
- រុយទិចផ្លែខ្ចីៗ៖ ធ្វើឲ្យក្តិបស្អុយ លែងលូតលាស់ ដោយបញ្ចូលពងវាទៅភ្ញាស់ក្នុងផ្លែ
វិធានការ៖
- ប្រើពូជធន់និងជំងឺ
- គ្រប់គ្រងវត្តមានសត្វល្អិត
- ដាំដំណាំចំរុះ
- សម្អាតចំការឲ្យបានស្អាត
- ផ្តល់ទឹកឲ្យដំណាំបានគ្រប់គ្រាន់
ជំងឺ
- ជំងឺរលួយកូន៖ បង្កដោយផ្សិត ធ្វើឲ្យកូនត្រសក់ទើបដុះ ដល់អាយុ១៥ថ្ងៃ ស្វិតគល់ ហើយរលួយ
- ជំងឺស្ងួតស្លឹកពណ៌ត្នោត៖ បង្កដោយផ្សិត ធ្វើឲ្យស្លឹកស្ងួតផ្ទាំងៗ ដុំៗ ធំៗ បន្ទាប់មករីករាលដាលពេញផ្ទៃស្លឹក ជាពិសេសស្លឹកចាស់ រហូតធ្វើឲ្យផ្លែ ស្រឡាកខ្លោចសំបកដូចដំបៅ វាប៉ះពាល់ដល់ការផលិតផ្លែទុំ
- ជំងឺផ្សិតម្សៅលើស្លឹក៖ ដំបូងកំណកម្សៅជាកញ្ចុំ លើស្លឹក រីកធំឡើងៗ ក្រោយមកស្លឹកត្រសក់ប្រែជាពណ៌ប្រផេះ ម្សៅសស្រអាប់ហុយតាមខ្យល់ ធ្វើឲ្យស្លឹកស្ងួតឬជ្រុះ
- ជំងឺវីរុស ធ្វើឲ្យស្លឹកត្រសក់រួញខ្មូរ បន្ថយការលូតលាស់ ផ្លែទុំធ្វើឲ្យបាត់បង់រសជាតិ
- បាក់តេរីធ្វើឲ្យស្រពោនស្លឹក៖ វាធ្វើឲ្យត្រសក់ស្រូវងាប់ពេលចេញផ្កា វាឆ្លងតាមទឹក ដី និងសត្វល្អិត
- បាក់តេរីធ្វើរលួយផ្លែ៖ វាធ្វើឲ្យរលួយត្រសក់ ពេលផ្លែចាស់មិនទាន់ទុំ គឺជាំសំបកដុំៗ ហើយសាច់ខាងក្នុងរលួយជាស្រទាប់ៗ
វិធានការ៖
- ជ្រើសរើសពេលវេលាដាំដុះ
- ដាំដំណាំឆ្លាស់មុខ
- ធ្វើអនាម័យសម្អាតចម្ការ
- សម្អាតគ្រាប់ពូជមុនដាំដុះ
- បន្ថយការស្រោចទឹក និងជីអាសូត
- ដកដើមដែលមានជំងឺចេញពីចម្ការ
ការប្រមូលផល
- ត្រសក់ស្រូវ អាចប្រមូលផលបាន ក្រោយដាំបានរយៈពេល ៤៥-៥០ ផ្លែខ្ចី
- ការប្រមូលផល ធ្វើឡើង ៣-៤ថ្ងៃម្តង អាចប្រមូលបានច្រើនដង ក្នុង១វដ្តជីវិត ទិន្នផលជាមធ្យម ពី៨-១១តោន/ហិចតា
- ប្រើកន្ត្រៃកាត់យកផ្លែ ដើម្បីរក្សាផ្លែបានយូរ ក្រោយកាត់ ត្រូវយកផ្លែមកទុកក្នុងម្លប់ និងរៀបចូលក្នុងស្ងួតមិនឲ្យរលូតសំបកឡើយ ព្រោះសំបកស្តើង កាលណាប៉ះទង្គិច បាត់បង់សោភ័ណ្ឌភាពទីផ្សារ
- ចំពោះការប្រមូលផលផ្លែទុំ គេត្រូវត្រសក់ឲ្យទុំ ពេញលក្ខណៈរហូត របេះទងខ្លួនឯង
- ត្រសក់ទុំ សាយក្លិនក្រអូបរបស់ អាយុកាល ៦៥-៧០ថ្ងៃ ក្រោយដាំ
ចំណាប់អារម្មណ៍៖
តាមរយៈអត្ថបទខាងលើនេះ នឹងជួយដល់អ្នក ពីវិធីសាស្ត្រក្នុងការដាំដុះ ត្រសក់ស្រូវ ឲ្យទទួលបានទិន្នផលល្អ និងចំណាយថវិការតិច។ ចំពោះបន្លែនេះ ក៏អាចដាំក្នុងផើងបានដែរ សម្រាប់អ្នកដែលទីធ្លាផ្ទះតូច ដីចង្អៀត ដាំឲ្យវារតោងតាមរបងផ្ទះក៏បាន។
ដូច្នេះបងប្អូន អាចពិចារណាក្នុងការដំាំដុះ ត្រសក់ស្រូវ នេះបាន ព្រោះវាមិនទាមទារ នូវបច្ចេកទេសដាំដុះ និងថែទាំ ស្មុគស្មាញនោះទេ អាចទទួលទានបានជាប្រចាំថ្ងៃ ហើយវាក៏អាចជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារបានមួយផ្នែកផងដែរ ។