ខ្ទឹមសត្រូវបានដាំដុះ ជាយូរយាណាស់មកហើយ។ គេប្រើសម្រាប់បរិភោគ ជាដើមស្រស់ មើមទុំ និងជាគ្រឿងទេស។ វាមានដើមរលោង ដែលគេហៅថា ស្រទាប់នៃទងស្លឹក ស្លឹកពណ៍បែតងចាស់ ហើយសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀតស្លឹកសំប៉ែតធំហើយវែង គេចូលចិត្តបរិភោគដើមស្រស់ ដែលគេហៅថា ខ្ទឹមស្រឹង ឬគល់ខ្ទឹម។
ខ្ទឹមស មានផ្ទុកទៅដោយវីតាមីនល្អៗ ដូចជាម៉ង់ហ្គាណែស, សេលេញ៉ូម, វីតាមីនC វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត។ លើសពីនេះ ខ្ទឺមស ជួយសម្ពាធឈាមឲ្យដើរស្រួល, វាមានកូលេស្តេរ៉ុលទាប ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជួយប្រឆាំងនិងជំងឺមហារីក, ជួយព្យាបាលជំងឺផ្តាសាយ និងគ្រុនក្តៅ, ជួយឲ្យឆ្អឹងរឹងមាំ, ជំនួយដល់ការចងចាំ, ល្អសម្រាប់សុខភាពពោះវៀន។
បងប្អូនមាន ចំណាប់អារម្មណ៍ ចំពោះការដាំដុះ ខ្ទឹមសឬទេ? ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះ ខ្ទឹមស
ការជ្រើសរើសដី
ដំណាំខ្ទឹមសអាចដុះលូតលាស់បានលើមានដូចជា៖
- ដីជាប្រភេទដី ល្បប់ល្បាយខ្សាច់
- ដីល្បប់តាមមាត់ទន្លេ
- ដីដែលមាន pH ពី៥-៧
ប៉ុន្តែប្រភេទដីមួយចំនួន ដូចជា ឥដ្ឋខ្ពស់ និងប្រភេទដីខ្សាច់គ្មានជីជាតិ អាចធ្វើឲ្យខ្ទឹមស មានបញ្ហាខ្លះៗ ទទួលបានទិន្នផល មិនសូវល្អ
អាកាសធាតុ
នៅក្នុងដំនាក់កាលលូតលាស់ ខ្ទឹមសត្រូវការ សីតុណ្ហភាពមួយជាក់លាក់ និងសំណើមបរិយាកាសខ្ពស់ រហូដល់ខ្ទឹមបង្កើតមើម។ ក្រោយពីមើមពេញលក្ខណៈហើយ វាត្រូវការអាកាសធាតុក្តៅបង្គួរ ហើយសំណើមបរិយាកាសស្ងួត។
ការជ្រើសរើសពូជ
ត្រូវជ្រើសរើស ពូជខ្ទឹមសដូចខាងក្រោម៖
- ពូជដែលលូតលាស់ឆាប់
- អាយុកាលលូតលាស់ខ្លី
- មើមទុំល្អ គេមិនដាំដោយគ្រាប់ឡើយ
- មើមដែលត្រូវយកមកដាំ គឺឆ្លងកាត់ការសម្រាក រយះពេល៤-៥ខែ ក្នុងលក្ខខណ្ឌធម្មតា
- ពូជខ្ទឹមស ដែលគេអាចសម្គាល់បានថា ពូជស្រាល មធ្យម ឬពូជធ្ងន់នោះ គឺគេសម្គាល់ដោយក្លែប នៃមើមរបស់វា ដែលគេហៅថាកំពិស។
- ពូជស្រាល៖ មើមរបស់វាមានក្លែប ឬកំពិសផ្នែកខាងក្រៅធំ ខាងក្នុងតូចគ្មានជួរទេមានអាយុ៩០ ថ្ងៃជាពូជក្នុងស្រុក
- ពូជមធ្យម៖ មើមរបស់វាខ្លី ក្លែបខាងក្នុង និងខាងក្រៅធំ ប្រហែលគ្នា តែក្លែបក្នុងវែងជាងក្លែបក្រៅ។ ពូជនេះមានប្រភពពីប្រទេសវៀតណាមខាងត្បួងមានអាយុ១១០ថ្ងៃ
- ពូជធ្ងន់៖ មើមធំវែងក្លែបនៃមើមរបស់វាធំស្មើគ្នាប្រវែងស្មើគ្នាទាំងក្លែបក្នុង និងក្រៅ ពូជនេះមិនអាចដាំដុះនៅក្នុងប្រទេសកម្ពុជាយើងបានទេព្រោះវាមានអាយុកាលដល់ទៅ ៥ទៅ៦ខែគេច្រើនដាំនៅប្រទេសចិនភាគខាងជើង។
ការរៀបចំដី
- ត្រូវភ្ជួរដីឲ្យបានជ្រៅល្អ
- រាស់ដីឲ្យបានម៉ត់ល្អ
- លើកជារង ទទឹងរង៨០-១០០ស.ម បណ្តោយរង ១៥-២០ម ជាមធ្យម កម្ពស់រង២០-២៥ ស.ម
- ក្រោយពីលើករងហើយ ត្រូវវាយបំបែកដីនោះឲ្យម៉ត់ល្អ ហើយគេកៀរឲ្យស្មើ
- ហាលដីឲ្យស្ងួត រយះពេល២-៣ថ្ងៃ ទើបគេយកមើមខ្ទឹមសទៅដាំ
ការដំាំដុះ
នៅប្រទេសកម្ពុជាយើង គេអាចដាំខ្ទឹមស បានតែមួយរដូវប៉ុណ្ណោះ គឺចាប់ពីខែវិច្ចិកា ហើយប្រមូលផលនៅខែកុម្ភៈ
- មុនយកមើមខ្ទឹមស ទៅដាំលើថ្នាល យកមើមខ្ទឹមទាំងនោះ មកប្រឡះឲ្យបែកចេញពីគ្នា ជាក្លែបៗ ឬជាកំពិសៗ
- បន្ទាប់មកទៀត កាត់ក្បាលមើមខ្ទឹមបន្ទិចៗ ហើយទៅត្រាំក្នុងសូលុយស្យុង នីត្រូសែនកម្រិត១% (១គ.ក្រ ជីអ៊ុយរ៉េ លាយទឹក ១០០លីត្រ) រយៈពេល៨-១០ ម៉ោង
- ក្រោយមកយកមើមខ្ទឹមទាំងនោះ ច្រកចូលក្នុងបាវ ឬការ៉ុងសើម ហើយរក្សារទុកនៅកន្លែងងងឹត រយៈពេល១២ម៉ោង
- ពេលនោះខ្ទឹមនឹង ដុះចេញពន្លកស្លឹកត្រង់កន្លែងកាត់ និងផ្នែកខាងក្រោម គឺដុះចេញឬសមួយចំនួន
- ក្រោយពីដុះឬសបែបនេះរួច យកខ្ទឹមទៅដាំ
- មុននឹងដាំត្រូវស្រោចទឹក ឲ្យជោគដីលើថ្នាល
- បន្ទាប់មកចុចឲ្យ មានរន្ឋជម្រៅ ២ស.ម ក្នុងចន្លោះជួរ១៥ស.ម ចន្លោះគុម្ព២០ស.ម
- បន្ទាប់មកទើបយកកំពិសខ្ទឹម នោះទៅដាក់ក្នុងរន្ឋ ឲ្យបានលិចស្មើរដី
- ហើយព្រាចចំបើងពីលើ ដើម្បីការពារស្ងួតមុខដើមខ្ទឹម ដែលធ្វើឲ្យខ្ទឹម ដុះលូតលាស់យឺត
- ដាំខ្ទឹមស គេពុំចាំបាច់បាចថ្នាំមុនពេលដាំឡើយ
- គេត្រូវការពូជខ្ទឹម ចំនួនពី ៣៥០ ទៅ ៤៥០គ.ក្រ/ហ.ត
ការស្រោចស្រពខ្ទឹមស
- ក្រោយពីដាំហើយ ខ្ទឹមត្រូវការទឹកភ្លាម
- គឺស្រោចជាធម្មតា ១ថ្ងៃ ២លើក សំណើមដីប្រមាណ ពី៧០-៧៥%
- រហូតដល់ខ្ទឹម មានអាយុ៥០-៥៥ថ្ងៃ ចាប់ផ្តើមបង្កើនការស្រោចទឹក សំណើមដីពី៧៥-៨៥% ដើម្បីឲ្យមើមខ្ទឹមរីកកាន់តែធំ ហើយរហ័សទៀតផង
- ក្រៅពីនេះ អាចបញ្ជូលទឹក ក្រោយពីដាំបាន រយៈពេល៥០ទៅ៥៥ថ្ងៃ គឺអាចបញ្ជូលទឹកឲ្យលិចមើមខ្ទឹម រួចបញ្ចេញទឹក នោះចោលភ្លាម វាខុសពីដំណាំខ្ទឹមបារាំង ដែលមិនស្រោចឲ្យជោគជាំពេកនោះទេ
- ខ្ទឹមសនេះ វាត្រូវការទឹកចាប់ពី ពេលដុះលូតលាស់ រហូតដល់ពេលវាចាប់ផ្តើមទុំ គឺស្លឹកប្រែពណ៌ពីបៃតង ទៅល្បឺចំនួន ៧០% ទើបលែងស្រោចទឹក
ការប្រើប្រាស់ជី
ចំពោះដំណាំខ្ទឹមស វាត្រូវការជីពេញទំហឹង ក្នុងដំណាក់កាលលូតលាស់និងពង្រីងមើមនូវសារធាតុពិសេសដូចជា N. P. K និងMg
- ដាក់មុនពេលដាំ ប្រភេទជី ១៥.១៥.១៥ ចំនួន២០០គ.ក្រ /ហ.ត
- បំប៉នក្រោយដាំ រយៈពេល១៥ថ្ងៃ ប្រភេទជីអ៊ុយរ៉េ ចំនួន៤០ គ.ក្រ/ហ.ត
- បំប៉នក្រោយដាំ រយៈពេល៣៥ថ្ងៃ ជី១៥.១៥.១៥ចំនួន២០០គ.ក្រ ដាក់តាមចន្លោះគុម្ព
- បំប៉នក្រោយដាំ រយៈពេល ៥០ ថ្ងៃ គឺប្រភេទជីអ៊ុយរ៉េចំនួន ៦០ គ.ក្រ លាយជាមួយជី KCL ចំនួន១០០ គ.ក្រ បាចតាមចន្លោះគុម្ព ហើយស្រោចទឹកភ្លាម
- បំប៉នក្រោយពេល ខ្ទឹមមានអាយុ ៧០ ថ្ងៃ គឺជីអ៊ុយរ៉េ ចំនួន៧៤ គ.ក្រ/ហ.ត លាយទឹកស្រោច ហើយរួចយកទៅស្រោច តាមក្រោយដើម្បីលាង
ការថែទាំ
- ក្រោយពីខ្ទឹមមានអាយុ២៥ ថ្ងៃ ជ្រំជ្រួយដីលើកទី១ ចាប់ផ្ដើមដកស្មៅ និងជ្រំជ្រួយដី ត្រូវជ្រំបំបែកដីមុខលើ ដើម្បីឲ្យសំណើមដី មានលំនឹងល្អ
- ក្រោយមកទៀត អាចដាក់ស្មៅ ពេលស្មៅដុះ តែមិនជ្រំដីឡើយ
- នៅពេលខ្លឹមមានអាយុ៤៥ ទៅ ៥០ ថ្ងៃ ជ្រំដីលើកទី២ ជ្រំដីមិនឲ្យជ្រៅឡើយគឺ បំបែកដីមុខលើ ដើម្បីឲ្យទឹកជ្រាបបានល្អ រក្សាសំណើមឲ្យបានសមស្រប ក្រៅពីនោះលែងជ្រំដី តែអាចដកស្មៅចេញ ១ឬ២ លើកថែមទៀតទៅតាមកំរិតស្មៅ
អំពីជម្ងឺ និងសត្វល្អិត
ជម្ងឺ
ជម្ងឺរលួយទន់ក្លែប៖ ជម្ងឺប្រភេទនេះតែងតែកើតឡើងលើដំណាំខ្លឹមសនៅពេលខ្លឹមឡើងមើមធ្វើឲ្យមើមជាំៗហើយរលួយប្រសិនបើក្លែបណាមួយកើតជម្ងឺនេះស្លឹកដែលទាក់ទងនឹងក្លែបនោះស្រពោនហើយងាប់។
ជម្ងឺស្ងួតស្លឹក៖ ជម្ងឺតែងធ្វើឲ្យស្លឹកខ្ទឹមមានចំណុចពណ៌សលើស្លឹកចំណុចៗហើយក្រោយ មកស្លឹកខ្ទឹមឡើងពណ៌លឿងបន្ទាប់មកស្ងួតហើយងាប់តែម្ដង។ បើមានជម្ងឺនេះគេប្រើសូលុយស្យុង Boricacid ២%២លីត្រ =២០០លីត្រ បាញ់លើផ្ទៃដី ១ហ.ត និងត្រូវបន្ថយការស្រោចទឹក។
សត្វល្អិត
- កណ្ដៀរ៖ កាលណាដីមានគេព្រាចថ្នាំគ្រាប់មុនពេលដាំដូចជា Ekatin ឬ Furadan ១៥ទៅ១៨គ.ក្រ/ហ.ត
- ខ្មូត៖ ខ្មូតស៊ីមើមខ្ទឹមពេលទុកដាក់ គេអាចច្រើវិធានការការពារចំពោះការបំផ្លាញនេះបាន ដោយបង្ហុយផ្សែងពុល Phosphine ។
- សត្វល្អិតក្នុងដី៖ Nematode នៅពេលមានការបំផ្លាញពីសត្វល្អិតប្រភេទនេះគេត្រូវចាត់ វិធានការដូចជា យកមើមខ្ទឹមពូជត្រាំរយៈពេល៨ ទៅ ១០ ម៉ោងមុនយកទៅដាំ។
ការប្រមូលផល
គេអាចប្រមូលផលខ្ទឹមបាន ក្រោយពីដាំរយៈពេលពី ៩០- ១២០ថ្ងៃ ទៅតាមប្រភេទពូជ នៅពេលខ្ទឹមទុំ ចាប់ផ្ដើមប្រែពណ៌បៃតង ទៅលឿងប្រមាណ ៧០% ហើយចាប់ផ្ដើមទន់ដើម នៅត្រង់ចំណុចខាងលើមើម ត្រូវបញ្ឈប់ការស្រោចទឹក ក្រោយមករយៈពេល១០ទៅ១៥ ថ្ងៃ គេដកហាលរយៈពេល២-៣ថ្ងៃ ទៀតទើបគេទុកដាក់បាន។ វិធីទុកដាក់គឺគេច្រើនយកស្លឹក ខ្ទឹ មមកចង់ជាបាច់ជាប់គ្នា ហើយព្យួរទុកនៅកន្លែងស្ងួត គេទុកបានរយៈពេល១០ ទៅ ១២ ខែ ជាធម្មតាតែវាអាចបាត់បង់ ទម្ងន់ចំនួន៣០% ក្នុងអំឡុងរយៈពេលទុកដាក់។
ចំណាប់អារម្មណ៍
សម្រាប់អ្នក ដែលមានដីទំនេរ ហើយមិនដឹងថាគួរដាំអ្វីល្អ អាចដាំដុះខ្ទឹមបាន ព្រោះខ្ទឹមស មិនត្រឹមតែ បរិភោគស្រស់ទេ ប្រជាជនយើង ក៏និយម យកវាទៅកែច្នៃ ជាខ្ទឹមជ្រក់ ដាក់កំប៉ុង សម្រាប់ហូបបានយូរផងដែរ។ បងប្អូន អាចស្វែងយល់ បន្ថែម ពីរបៀបកែច្នៃ ឬធ្វើជាខ្ទឹមជ្រក់ សម្រាប់លក់បានផងដែរ។ បច្ចេកទេសខាងលើនេះ នឹងជួយបងប្អូន ដែលមិនធ្លាប់ដាំដុះ ខ្ទឹមស ពីមុន អាចយដាំដុះខ្ទឹមសបាន សម្រាប់ហូបផង ហើយអាចលក់ដូរបានផងដែរ អាចរកប្រាក់ចំណូលបន្ថែមបាន។