ប៉េងប៉ោះជាប្រភេទបន្លែដែលមានភាពពេញនិយមទទួលទានទាំងផ្លែខ្ចី និងផ្លែទុំ។ប៉េងប៉ោះជាប្រភេទរុក្ខជាតិដែលមានដើមវល្លិ។ វាអាចអាចមានកំពស់ពី១-៣ម៉ែត្រ គេអាចដាំវានៅទីវាលក៏បាន ឬដាំនៅក្នុងផ្ទះកញ្ចក់ក៏បាន។ បើយើងដាំនៅក្នុងផ្ទះកញ្ចក់ គឺអាចដាំបានគ្រប់រដូវ។
ផ្លែប៉េងប៉ោះមានផ្ទុកទៅដោយសារធាតុចីញ្ចឹមជាច្រើនដូចជា៖ ជាតិទឹក ជាតិសរសៃ ថាមពល ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិខ្លាញ់ ជាតិស្ករ ប៉ូតាស្យូម វីតាមីនC អាស៊ីតFolate ជាដើម។ លើសពីនេះ ប៉េងប៉ោះជួយដល់សុខភាពបេះដូង សុខភាពភ្នែក សុខភាពស្បែក សម្រួលការទល់លាមក កាត់បន្ថយកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម កាត់បន្ថយសម្ពាធអុកស៊ីតកម្មលើជំងឺទឹកនោមផ្អែមប្រភេទទី២បាន។
ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះប៉េងប៉ោះ ដើម្បីទទួលបានទិន្នផលខ្ពស់៖
ការរៀបចំដី
- សំអាតដីចំការ និងរើសស្មៅចេញឲ្យអស់
- ភ្ជួរដីឲ្យបានម៉ដ្ឋល្អ និងហាលដីឲ្យបានពី១០-១៥ថ្ងៃ
- ភ្ជួរដីដោយគោ ឬគោយន្ត ឬត្រាក់ទ័រ ជំរៅពី១៥-២០សម
ការលើករងដាំ
កសិករត្រូវចាប់ផ្តើមលើករងដាំ បន្ទាប់ពីកូនប៉េងប៉ោះដុះបាន៧-១០ថ្ងៃទើបល្អ។របៀបធ្វើរងប៉េងប៉ោះមានដូចខាងក្រោម៖
- ទទឹងរង៖ ប្រវែង ១ម៉ែត្រ
- បណ្តោយរង៖ អាស្រ័យទៅតាមស្ថានភាពដី ប៉ុន្តែមិនគួរលើសពី២៥ម៉ែត្រឡើយ។បើរងវែងពេកកសិករពិបាកចូលស្រោចទឹក ធ្វើស្មៅ ដាក់ជី បាញ់ថ្នាំ និងប្រមូលផល
- កំពស់រង៖ នៅរដូវវស្សាគួរលើករងកំពស់៣០-៥០សម
- ចន្លោះគុម្ព៖ ចន្លោះគុម្ពមួយទៅមួយប្រវែង ៥០សម
- ចន្លោះជួរ៖ ចន្លោះជួរមួយទៅមួយប្រវែង ៥០សម
- ជីទ្រាប់បាត៖ ច្របល់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត១-២គ.ក្រ លាយជីNPK 20-20-15 ចំនួន១០ក្រាម (ស្លាបព្រាបាយ)សម្រាប់ដាំប៉េងប៉ោះ១ដើម ឬជី NPK 20-20-15ចំនួន៦.៤គ.ក្រ សម្រាប់ផ្ទៃដី៥០០ម៉ែត្រការ៉េ។កុំដាក់ជីលាមកសត្វដែលមិនពុកផុយទ្រាបបាតពីព្រោះវាបង្កឲ្យកូនប៉េងប៉ោះរលួយ។
ផលប្រយោជន៍នៃការដាក់ជីទ្រាប់បាត៖
- ដាក់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស្តទ្រាប់បាត ជួយឲ្យដីធូរ ហើយឬសដុះងាយលូតលាស់
- ដាក់ជីNPKទ្រាប់បាត ជួយឲ្យកូនប៉េងប៉ោះទើបដាំដុះលូតលាស់ឬសបានច្រើននិងរឹងមាំ ហើយដើមនិងស្លឹកដុះបានឆាប់រហ័ស។
- ស្រោចទឹកលើរងឲ្យជោគដល់ខាងក្នុងរងមុនគ្របប្លាស្ទិច ឬចំបើង។វាជួយឲ្យដីត្រជាក់ល្អ ជួយកូនបន្លែងាយដុះលូតលាស់ កាត់បន្ថយចំនួនកូនប៉េងប៉ោះសន្លប់ឬងាប់ ក្រោយដាំហើយ។
- គ្របរងដាំ៖ បន្ទាប់ពីដាក់ជីទ្រាបបាត និងស្រោចទឹករងហើយ កសិករអាចចាប់ផ្តើមគ្របរងដាំបានហើយ។សម្ភារៈសម្រាប់គ្របរងដាំមាន២ប្រភេទដែលអាចប្រើសម្រាប់គ្របរងបានមាន៖
ប្លាស្ទិចគ្របដី៖
- ទាញដុំប្លាស្ទិចតាមបណ្តោយរង យកស្រទាប់ពណ៌សដាក់ខាងលើ និងស្រទាប់ពណ៌ខ្មៅដាក់ខាងក្រាម
- ខ្ទាស់បន្ទះឬស្សីពីលើប្លាស្ទិចជាប់នឹងដីខាងគល់និងខាងចុងដីឲ្យញឹក
- យកបន្ទះឬស្សីខ្ទាស់តាមគែងរងលើប្លាស្ទិចប្រវែងពី១ទៅ១ចន្លោះ៣-៤តឹក
- ប្រើខ្នាត់វាស់ប្រវែងចន្លោះគុម្ពនិមួយៗ រួចយកកំប៉ុងក្តៅមកចោះពីលើប្លាស្ទិចតាមគុម្ពនិមួយៗ
- ប្រើមុចកាត់កំប៉ុង១.៥តឹកដើម្បីចោះរណ្តៅគុម្ពមានរាងធំបន្តិចដែលវាមិនក្តៅឆួលធ្វើឲ្យស្លោកកូនប៉េងប៉ោះ
- មិនត្រូវគ្របប្លាស្ទិចលើរងធូរពេកទេ វាអាចបណ្តាលឲ្យខ្យល់ក្តៅចេញចូលក្នុងរងធ្វើឲ្យកូនប៉េងប៉ោះងាប់ និងធ្វើឲ្យប្លាស្ទិចឆាប់រហែក
ការបណ្តុះគ្រាប់ប៉េងប៉ោះ
- យកដីមានជីជាតិ ១ភាគ លាយជាមួយជីលាមកសត្វ ឬជីកំប៉ុស ២ភាគ និងផេះអង្កាម២-៣ភាគអាស្រ័យប្រភេទដី
- យកល្បាយទៅលីង ឬចំហុយរហូតក្តៅសព្វ តែត្រូវទុកដីនោះសើមតិចៗ ដើម្បីកុំឲ្យខូចគុណភាព
- យកដីដាក់ក្នុងតេ្របណ្តុះ ឬកន្ទោង
- ស្រោចទឹកដីបណ្តុះ ឲ្យជោកបន្តិច មុនដាក់គ្រាប់
- ដាក់គ្រាប់ប៉េងប៉ោះ ១គ្រាប់ ក្នុងមួយប្រឡោះ ឬមួយកន្ទោង រួចរោចដីលុបពីលើបន្តិច
- បន្ទាប់មកស្រោចទឹក ឲ្យជោគ នៅពេលព្រឹក និងពេលថ្ងៃ
- មិនត្រូវស្រោចទឹក ពេលល្ងាច ដែលធ្វើឲ្យដីសើមពេលយប់ បណ្តាលឲ្យកូនប៉េងប៉ោះរលួយ
- កូនប៉េងប៉ោះ អាយុបាន ១០-១៥ថ្ងៃ ត្រូវស្រោចទឹកជី ផូស្វ័រ មានជី ១៨-៤៦-០ ឬជី ១៦-២០-០
- យកជី១ ស្លាបព្រា លាយទឹក ១០លីត្រកូរឲ្យរលាយ ស្រោចលើកូនប៉េងប៉ោះ រួចស្រោចទឹកធម្មតាលាងវាបន្លែពីស្រោចទឹកជី
ការដាំដុះ
- កូនប៉េងប៉ោះ អាយុ ២២ -២៥ថ្ងៃ មានស្លឹក ២ ៣ អាចយកវាទៅដាំបានហើយ
- ត្រូវពង្រឹងកូនប៉េងប៉ោះ ចំនួន ៥-៧ថ្ងៃមុនដាំ
- ដាក់កូនឲ្យត្រូវថ្ងៃ តែចៀសវាងពេលថ្ងៃត្រង់
- កាត់បន្ថយការស្រោចទឹក ដល់ពេលយកកូនទៅដាំ
- ដាំកូនប៉េងប៉ោះត្រឹម ដីកំណើត
ការថែទាំ
ការដាក់ជីបំប៉នសម្រាប់ផ្ទៃដី ៥០០ម៉ែត្រការ៉េ ចំនួន ១២៧៤ដើម
- ដាក់ជីទ្រាប់បាត ជី ២០-២០-១៥ ចំនួន ៥ក្រាម/ដើម (៦,៤ គ.ក្រ) ពង្រាយលើរង
- ១០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ៤៦-០-០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១០ស.មពីគល់
- ២០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ៤៦-០-០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១០ស.មពីគល់
- ៣០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១០ស.មពីគល់
- ៤០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
- ៥០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
- ៦០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
- ៧០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
- ៨០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
- ៩០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
ការស្រោចស្រព
- បន្ទាប់ពីដាំកូនប៉េងប៉ោះរួច រហូតដល់កូនប៉េងប៉ោះអាយុ ២អាទិត្យ ត្រូវស្រោចទឹកកូនប៉េងប៉ោះ រាល់ថ្ងៃដើម្បីឲ្យកូនអាចដុះឬសបានរហ័ស
- បញ្ចូលទឹកក្នុងរង ឲ្យជោគនៅពេលព្រឹក
- ពិនិត្យមើលគល់ប៉េងប៉ោះបើសើមខ្លាំង ត្រូវកាត់បន្ថយការស្រោចទឹក ប៉ុន្តែបើគល់ប៉េងប៉ោះស្ងួតខ្លាំង ត្រូវប្រញាប់ស្រោចទឹកភ្លាម
- ការខកខានស្រោចទឹក ធ្វើឲ្យដើមប៉េងប៉ោះក្រិន ទិន្នផលធ្លាក់ចុះដូចជាជ្រុះផ្លែ ផ្លែមិនភ្លឺជាដើម
- ចៀសវាងការស្រោចទឹកនៅពេលល្ងាច ធ្វើឲ្យដីសើមពេលយប់ រហ័សរលួយឬស និងងាប់ដើម
ការតាក់តែងមែកនិងដោតចំណារ
- កាត់ស្លឹកផ្នែកខាងក្រោមជិតគល់ និងស្លឹកចាស់ចេញពីដើម
- កាត់ខ្នែងនៅតាមដើម រហូតដល់ខ្នែងចេញផ្កាថ្វាយព្រះ ឬក្រពុំ
- បន្ទាប់ពី ១០ ទៅ ១៥ថ្ងៃ ត្រូវដាក់ជន្ទល់តាមដើមនីមួយៗ ឬចងខ្សែ
- ធ្វើដូច្នេះដើម្បីឲ្យដើមស្រលះ មានខ្យល់ មានពន្លឺចេញចូលគ្រាប់គ្រាន់ កាត់វបន្ថយជំងឺ និងសត្វល្អិតក្នុងចម្ការ ហើយដើមប៉េងប៉ោះមិនដួល ពេលប្រមូលផល
- សម្អាតស្មៅជាប្រចាំ ដើម្បីកម្ចាត់ជម្រកសត្វល្អិតចង្រៃ និងជំងឺរាតត្បាត និងកាត់បន្ថយការបឺតស្រូបជីជាតិពីដំណាំ
សត្វល្អិតចង្រៃ និងជំងឺ
សត្វល្អិតចង្រៃ
- រុយស៖ ជាអ្នកចម្លងជំងឺ ដែលបានជញ្ជក់យកពពីដើមដំណាំមុនៗ រួចហើយវាផ្ទេរមេរោគ (វីរ៉ុស) ទៅដំណាំបន្ទាប់នៅពេលវាជញ្ជក់។ វានឹងធ្វើការចម្លងពីដើមមួយ ទៅដើមមួយពេញចម្ការ
វិធានការ៖
- គួរដាំប្រើគម្របថង់ប្លាស្ទិច គ្របដី និងដាំប៉េងប៉ោះឲ្យរង្វើល
- កម្ចាត់ស្មៅ និងដំណាំជ្រករបស់វានៅក្នុងចម្ការ
- ស្រោចទឹកបាញ់ពីលើស្លឹក ដើម្បីបណ្តេញរុយចេញពីចម្ការ
- ស្រោចទឹកថ្នាំ ថ្យាមេថូហ្សាម នៅនឹងកូនប៉េងប៉ោះមុនយកទៅដាំ
- កប់ចោលកាកសំណល់សេស នៅក្រោយពេលប្រមូលផល
- ដកដើមដែលមានជំងឺយកទៅកប់ចោល
- ជ្រើសរើសប្រើថ្នាំសម្លាប់សត្វល្អិត
- ដង្កូវចោះផ្លែ និងកាត់ស្លឹក៖ វាចោះបំផ្លាញផ្លែ និងកាត់ស្លឹកដំាណាំ
វិធានការ៖
- ភ្ជួរដីឲ្យជ្រៅ ដើម្បីកម្ចាត់ដង្កូវក្នុងដី
- គួរដាំ ប្រើប្លាស្ទិចគ្របដី និងដាំប៉េងប៉ោះឲ្យរង្វើល
- បេះកូនដង្កូវ និងពងដង្កូវដោយដៃ
- បេះផ្លែ ដែលដង្កូវស៊ី ចេញពីចម្ការ
- ជ្រើសរើសប្រើថ្នាំកម្ចាត់សត្វល្អិត
ជំងឺ
- បាក់តេរីវីល៖ ជំងឺនេះចាប់ផ្តើមស្រពោន ចេញពីស្លឹកនៅខាងក្រោមដើម។ ចំពោះកូនប៉េងប៉ោះ វាចាប់ស្រពោនពីដើមចុះមក។
វិធានការ៖
- ជ្រើសរើសដីបណ្តុះដែលគ្មានជម្ងឺ
- ប្រើពូជធន់នឹងជំងឺនេះ
- ដាំដំណាំឆ្លាស់លើដីតែមួយ
- មិនត្រូវដាក់ថាសបណ្តុះ ឬកន្ទោងបណ្តុះជាប់ៗគ្នាទេ
- ប្រមូលកាកសំណល់ដំណាំដែលកើតជំងឺទៅដុតចោល
- រងដាំដែលកើតជំងឺ មិនត្រូវបង្ហូរទឹកទៅរងផ្សេងទៀតទេ
ជំងឺរលួយផ្លែ៖ ជំងឺនេះ វាមិនឆ្លង ទៅដើមផ្សេងៗទេ វាកើតឡើងដោយសារកង្វះកាល់ស្យូមក្នុងដី
វិធានការ៖
- បេះផ្លែដែលមានជំងឺចេញ
- ស្រោចជីកាល់ស្យូមក្លរ៉ាយ ចំនូន ៦ស្លាបព្រាលាយទឹកធម្មតា ១៦លីត្រ
ការប្រមូលផល
នៅពេលផ្លែចាប់ផ្តើមប្រែពណ៌ទៅជាក្រហមបាន ១០-២០% ឬនៅរយៈពេល ២០-២៥% ក្រោយចេញផ្លែអាចប្រមូលផលបាន
ប្រមូលផលនៅពេលស្រគាល កាត់បន្ថយការខូចខាតពេលដឹកជញ្ជូន
ចំំណាប់អារម្មណ៍
ដំំណាំប៉េងប៉ោះ គឺជាបន្លែមួយ ពេញនិយមទទួលទាន និងមានតម្រូវការប្រើប្រាស់ច្រើននៅលើទីផ្សារ។ បងប្អូនដែលមានបំណងចង់ដាំដុះ គួរសាកល្បងដាំដុះបន្លែមួយនេះ ព្រោះវាមានតម្រូវការគ្រប់រដូវកាល។ មុនធ្វើការដាំដុះ បងប្អូនគប្បីជ្រើសរើសពូជដែលធន់មកដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងជ្រើសរើសពូជណាដែលមានតម្រូវការទីផ្សារខ្ពស់ មកធ្វើការដាំដុះ ងាយស្រួលក្នុងការលក់។