ដើម្បីទទួលបានជោគជ័យ ក្នុងការចិញ្ចឹមជ្រូក ឆាប់ធំធាត់ល្អ កូនជ្រូកល្អ កត្តាផ្តល់ចំណី មានសារៈសំខាន់ណាស់ ក្នុងការងារ ផលិតកម្មសត្វនេះ។ ក្នុងការចិញ្ចឹមជ្រូកសាច់លក្ខណៈគ្រួសារ ការផ្តល់ចំណី ដែលមានគុណភាពល្អ ជួយឲ្យជ្រូកមានសុខភាពល្អ និងធំធាត់លឿន។ តាមតម្រូវការជីវជាតិ ជ្រូកត្រូវការចំណី ៤ ក្រុមសំខាន់ៗ ដូចជា ចំណីប្រូតេអីន ចំណីថាមពល វីតាមីន សារធាតុខនិជ ទឹក។ ការផ្សំចំណីដែលមានតុល្យភាពនៃក្រុមខាងលើ គឺជួយអោយជ្រូកសាច់ មានសុខភាពល្អ និងលូតលាស់លឿន ។
ដើម្បីជ្រាបកាន់តែច្បាស់ អត្ថបទខាងក្រោម និងបង្ហាញលោកអ្នក ពីវិធីសាស្រ្ត ក្នុងការផលិតចំណីដោយខ្លួនឯង សម្រាប់ការចិញ្ចឹមជ្រូកសាច់លក្ខណៈគ្រួសារ ដូចខាងក្រោម៖
១.ចំណីប្រូតេអីន មានដូចជា ត្រី ម្សៅត្រីឬត្រីស្ងួត ម្សៅសាច់ ម្សៅឈាម កំពឹស គ្រាប់ធញ្ញជាតិសណ្តែកសៀង សណ្តែកបាយ សណ្តែកដី ល្ង គ្រាប់កៅស៊ូ ចកបាយទា ត្រកួន ស្លឹកកន្ធំថេត ផ្ទី
សារៈប្រយោជន៍
- ជម្រុញការលូតលាស់ ការបន្តពូជ
- ជួយញធ្វើឲ្យឆ្អឹងលូតលាស់ល្អ
- ជួយទ្រទ្រង់សុខភាព
- ជួយបង្កើតអង់ទីគ័រ និងផលិតអង់ស៊ីមនិងអ័រម៉ូន
២.ចំណីផ្តល់ថាមពល (ម្សៅនិងសារធាតុខ្លាញ់) មានដូចជា មើមដំឡូងមី មើមដំឡូងជ្វា មើមត្រាវ កន្ទក់ ពោត ចុងអង្ករ ខ្លាញ់សត្វ ប្រេង រុក្ខជាតិ កាកដូង កាកសំណល់ផ្ទះបាយ កាកស្ករ ស្ករ កាកស្រាបៀរ បាយស្រា (ដាក់ក្នុងកម្រិតមួយកំណត់)
សារៈប្រយោជន៍៖
- ជួយទ្រទ្រង់សុខភាព និងសារពាង្គកាយ
- ជួយទ្រទ្រង់មុខងារកោសិកា ក្នុងពេលដំណើរការរំលាយអាហារ
- បង្កើន និងរក្សាកំដៅក្នុងខ្លួន ឲ្យមានតុល្យភាព
- ផ្តល់កម្លាំងឲ្យសត្វធ្វើសកម្មភាព
វីតាមីន មានដូចជា វីតាមីន ក្នុងរុក្ខជាតិបៃតង ស្លឹកមន ស្លឹកម្រុំ បន្លែស្លឹក រុក្ខជាតិស្មៅ ធញ្ញជាតិ និងដើមរុក្ខជាតិពណ៌លឿង ការ៉ុត ផ្លែឈើទុំ ល្ពៅ ថ្លើមសត្វ សំបកស៊ុត និងខ្លាញ់ត្រី
សារៈប្រយោជន៍៖
- ជួយទ្រទ្រង់សុខភាពសត្វ ការពារជំងឺ
- ជួយទ្រទ្រង់ ដល់ផលិតកម្ម សាច់ ឆ្អឹង និងការបន្តពូជ
- ជួយទ្រទ្រង់ និងការពារមុខងារសរីរាង្គសត្វ ក្នុងការប្រើប្រាស់ និងសំយោគសារធាតុចិញ្ចឹម ពីចំណីអាហារ
សារធាតុខនិជ មានដូចជា ដើមរុក្ខជាតិបៃតង ម្សៅត្រី ម្សៅឆ្អឹង ម្សៅទឹកដោះគោ សំបកខ្យង ខ្ចៅ គ្រុំ ងាវ ក្តាម អំបិល
សារៈប្រយោជន៍៖
- ជួយធ្វើឲ្យឆ្អឹងលូតលាស់ និងជម្រុញដល់ការលូតលាស់សារពាង្គកាយ
- ជួយការពារទប់ស្កាត់ជំងឺ ឆ្អឹងបាក់ ជើងទន់ខ្សោយ
- ជួយសំយោគ និងស្រូបយកសារធាតុចិញ្ចឹម
ទឹក៖ ទឹកដែលផ្តល់ឲ្យជ្រូកផឹក ត្រូវស្អាត និងមានអនាម័យ
សារៈប្រយោជន៍៖
- ជួយសម្របសម្រួល មុខងារសរីរាង្គ
- ជួយរក្សាតុល្យភាពភាពកម្តៅក្នុងខ្លួនសត្វ
- ជួយបញ្ជូនសារធាតុចិញ្ចឹម ទៅកាន់គ្រប់ផ្នែក នៃសារពាង្គកាយ
- ជួយរំលាយអាហារ និងការផលិតទឹកដោះ
ការផ្សំចំណីជ្រូក៖
កូនជ្រូកផ្តាច់ដោះ អាយុ ៤-៩សប្តាហ៍(បរិមាណ១០០គ.ក្រ)៖
- ពោត ៥គ.ក្រ
- ចុងអង្ករ ៤៩គ.ក្រ
- សណ្ដែកសៀង ៣២គ.ក្រ
- ម្សៅត្រី ៥គ.ក្រ
- សំបកលាស គ្រុំ ខ្យង ខ្ចៅ ងាវ ៣គ.ក្រ
- ស្ករស ២គ.ក្រ
- ប្រេងឆា ២គ.ក្រ
- អំបិល ០,៥គ.ក្រ
- ប្រេម៉ិច ០,៥គ.ក្រ
ជ្រូកសាច់៩សប្តាហ៍ឡើង(បរិមាណ១០០គ.ក្រ)៖
- ចុងអង្ករ ៥៨គ.ក្រ
- កន្ទក់ ២០គ.ក្រ
- សណ្ដែកសៀង ១៥គ.ក្រ
- ម្សៅត្រី ៤គ.ក្រ
- សំបកលាស គ្រុំ ខ្យង ខ្ចៅ ងាវ ២គ.ក្រ
- អំបិល ០,៥គ.ក្រ
- ប្រេម៉ិច ០,៥គ.ក្រ
មេជ្រូកនិងជ្រូកបា(បរិមាណ១០០គ.ក្រ)៖
- ចុងអង្ករ ៥០គ.ក្រ
- កន្ទក់ ៣០គ.ក្រ
- សណ្ដែកសៀង ១៣គ.ក្រ
- ម្សៅត្រី ៤គ.ក្រ
- សំបកលាស គ្រុំ ខ្យង ខ្ចៅ ងាវ ២គ.ក្រ
- អំបិល ០,៥គ.ក្រ
- ប្រេម៉ិច ០,៥គ.ក្រ
ជ្រូកបំបៅដោះ(បរិមាណ១០០គ.ក្រ)៖
- ចុងអង្ករ ៥៦គ.ក្រ
- កន្ទក់ ២០គ.ក្រ
- សណ្ដែកសៀង ១៦គ.ក្រ
- ម្សៅត្រី ៤គ.ក្រ
- សំបកលាស គ្រុំ ខ្យង ខ្ចៅ ងាវ ៣គ.ក្រ
- អំបិល ០,៥គ.ក្រ
- ប្រេម៉ិច ០,៥គ.ក្រ
តម្រូវការចំណីទៅតាមប្រភេទជ្រូក៖
កូនជ្រូក៖
- កូនជ្រូកបៅដោះ ត្រូវការចំណី ០,៣-០,៤ គ.ក្រ/ក្បាល/ថ្ងៃ
- កូនជ្រូកអាយុ ៧ថ្ងៃ-១២គ.ក្រ ត្រូវការចំណី ០,៥-០,៨ គ.ក្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ១២-១៨គ.ក្រ ត្រូវការចំណី ០,៨-១,២ គ.ក្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ១៨-២៥គ.ក្រ ត្រូវការចំណី ១,២-១,៥ គ.ក្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ២៥-៤០គ.ក្រ ត្រូវការចំណី ១,៥-២,០ គ.ក្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ៤០-៦០គ.ក្រ ត្រូវការចំណី ២,០-២,៥ គ.ក្រ/ក្បាល/ថ្ងៃ
បញ្ហាដែលជួបប្រទះ ញឹកញាប់ លើកូនជ្រូក
មេជ្រូក៖
- មេជ្រូកក្រមុំ ត្រូវការចំណី ២,០ គ.ក្រ/ក្បាល/ថ្ងៃ
- ជ្រូកបា ត្រូវការចំណី ២,០-២,៥ គ.ក្រ/ក្បាល/ថ្ងៃ
- មេជ្រូកផើម ត្រូវការចំណី ២,០-២,៥ គ.ក្រ/ក្បាល/ថ្ងៃ
- មេជ្រូកបំបៅដោះ ត្រូវការចំណី ២,០-៤,០ គ.ក្រ/ក្បាល/ថ្ងៃ
- មេជ្រូកផ្តាច់ដោះ ត្រូវការចំណី ២,៥-៣,០ គ.ក្រ/ក្បាល/ថ្ងៃ
តម្រូវការទឹកទៅតាមប្រភេទជ្រូក៖ កូនជ្រូក៖
- កូនជ្រូកបៅដោះ ត្រូវការទឹក ០,២-០,៤ លីត្រ/ក្បាល/ថ្ងៃ
- កូនជ្រូកអាយុ ៧ថ្ងៃ-១២គ.ក្រ ត្រូវការទឹក ១-២ លីត្រក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ១២-១៨គ.ក្រ ត្រូវការទឹក ២-៣ លីត្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ១៨-២៥គ.ក្រ ត្រូវការទឹក ៣-៤ លីត្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ២៥-៤៥គ.ក្រ ត្រូវការទឹក ៤-៦ លីត្រ/ក្បាល/ថ្ងៃ
- កូនជ្រូកទម្ងន់ ៤៥-១០០គ.ក្រ ត្រូវការទឹក ៦-១០ លីត្រ/ក្បាល/ថ្ងៃ
មេជ្រូក៖
- មេជ្រូកក្រមុំ ត្រូវការទឹក ១០-១៥ លីត្រ/ក្បាល/ថ្ងៃ
- ជ្រូកបា ត្រូវការទឹក ១៥-២០ លីត្រ/ក្បាល/ថ្ងៃ
- មេជ្រូកផើម ត្រូវការទឹក ១៥-២៥ លីត្រ/ក្បាល/ថ្ងៃ
- មេជ្រូកបំបៅដោះ ត្រូវការទឹក ៣០-៤០ លីត្រ/ក្បាល/ថ្ងៃ
ចំណាប់អារម្មណ៍៖
តាមរយៈអត្ថបទខាងលើនេះ មានប្រយោជន៍ណាស់ សម្រាប់អ្នកដែលស្រលាញ់សត្វ ចង់ចិញ្ចឹមសត្វ ក៏ដូចជា ចង់ចិញ្ចឹមជ្រូកដោយខ្លួនឯង អាចមើលពីបច្ចេកទេសសាមញ្ញៗ ដើម្បីផ្តល់ចំណីឲ្យជ្រូកឆាប់ធំធាត់ ដោយផ្សំ ចំណីដោយខ្លួនឯង ចំណាយតិច ។ ការចិញ្ចឹមជ្រូកជា លក្ខណៈគ្រួសារ អាចជួយផ្គត់ផ្គង ការហូបចុកប្រចាំថ្ងៃ និងជាមុខរបរមួយ ជួយបង្កើតឳកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារបានមួយផ្នែក។
Comments closed
Comments (1)