ពោតបារាំង (Okra) អាចយកមកធ្វើជា អាហារប្រចាំថ្ងៃបាន ប៉ុន្តែគេអាច ចាត់ទុកវា ជាប្រភេទផ្លែឈើដែរ ហូបស្រស់មាន រសជាតិឆ្ងាញ់។ លើសពីនេះ ពោតបារាំង សម្បូរ សារធាតុចិញ្ចឹម មានប្រយោជន៍សម្រាប់ សុខភាពដូចជា៖ ពោតបារាំង មានផ្ទុកនូវ វីតាមីន A , C, K , B6, កាឡូរី, កាប៊ូអ៊ីដ្រាត, ប្រូតេអ៊ីន, ជាតិខ្លាញ់, ជាតិសរសៃ, ម៉ាញ៉េស្យូម, អាស៊ីតហ្វូលិក (Folate)។ ក្រៅពីនេះ ពោតបារាំង គឺជាប្រភពដ៏ល្អ នៃវីតាមីន C និង K1 ដែលវីតាមីន C មានមុខងារជួយដល់ប្រព័ន្ធភាពស៊ាំ រីឯវីតាមីន K1 អាចជួយក្នុងការធ្វើកំណកឈាម។
ម្យ៉ាងវិញទៀត ពោតបារាំង ក៏ផ្ទុកនូវសារធាតុប្រឆាំង អុកស៊ីតកម្ម, កាត់បន្ថយហានិភ័យនៃ ជំងឺបេះដូង, អាចប្រឆាំង ជំងឺមហារីក, កាត់បន្ថយ ជាតិស្ករក្នុងឈាម, មានប្រយោជន៍ដល់ ស្រ្តីមានផ្ទៃពោះ ជាដើម។
តោះមកដឹងពី វិធីសាស្ត្រក្នុងការដាំដុះ ពោតបារាំង ដូចខាងក្រោម៖
វិធីដាំដុះ ដំណាំផ្សេងៗ អាចចុចចូលមើល តាមតំណរនេះបាន
លក្ខណៈទូទៅរបស់ ពោតបារាំង
- ពោតបារាំង មានដើម បែកមែកធាង
- វាមានកម្ពស់ ១២០សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ
- ស្លឹករបស់វា មានរាងដូចជាម្រាមដៃ ដែលមានរាងឆែកៗ ចាប់ពី ៥ ទៅ ៧ឆែក
- ផ្ការបស់វា មានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ
- នៅប្រទេសយើង ពោតបារាំង ដែលគេនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជ ដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង
- ពោតបារាំងមាន ២ពណ៌គឺ ពណ៌បៃតង និងពណ៌ក្រហម
ការជ្រើសរើសគ្រាប់ពូជ ពោតបារាំង
- ជ្រើសរើស គ្រាប់ពូជ ពោតបារាំង ដែលធំ ថ្លោស និងមានសុខភាពល្អ
- មុនដាំមួយថ្ងៃ ត្រូវយកគ្រាប់ពូជ ពោតបារាំង ទៅត្រាំទឹកទុកមួយយប់
ការរៀបចំដី ពោតបារាំង
- ត្រូវភ្ជួរដីឲ្យបាន ម៉ដ្ឋល្អ រើសសម្អាតស្មៅចេញឲ្យអស់
- មុនដាំចាំបាច់ត្រូវ កាប់រណ្តៅជម្រៅ ២០ស.ម ទំហំ ២៥ស.ម គម្លាតពីរណ្ដៅ១ ទៅរណ្ដៅ១ ចាប់ពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ
- យកជីកំប៉ុស្តដែលមាន ប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី
- បើមិនចង់ប្រើជីគីមី ដាំពោតបារាំងត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច
ការដាំដុះ ពោតបារាំង
- គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន
- ការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ
- មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន
- ក្រោយមកយកគ្រាប់ ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅ ដោយក្នុងមួយរណ្ដៅ ដាក់គ្រាប់ពោតបារាំង ១គ្រាប់
- ត្រូវជ្រើសរើសយក គ្រាប់ណាដែលណែនល្អ
- បើដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ
ការថែទាំ ពោតបារាំង
- ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំ ច្រើននោះទេ។
- ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើម ពោតបារាំង ជាការស្រេច។
- ជាងនេះទៀត បើខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នា យកទៅស្រោចក្បែរ ចន្លោះដើមវារឹតតែល្អ
ការស្រោចស្រព
- នៅពេលកូន ពោតបារាំង ធំលូតលាស់ នៅក្នុងខែវស្សា អាចស្រោចទឹក ១សប្តាហ៍ម្តង បានហើយ
- នៅរដូវប្រាំង ត្រូវស្រោចញឹកញាប់ មួយថ្ងៃ ២ដង ស្រោចពេលព្រឹកម្តង ល្ងាចម្តង
- ត្រូវការប្រើជីកំប៉ុស្តធម្មជាតិ ដូចជាទឹកនោមគោ និងលាមកគោ លាយច្របល់ចូលគ្នា ហើយយកទៅស្រោចក្បែរ ដើមពោតបារាំង
ការគ្រប់គ្រងដំណាំ ពោតបារាំង
- ពោតបារាំង ជាដំណាំប្រភេទថ្មី មិនសូវមានសត្វចង្រៃបំផ្លាញទេ
- អ្នកដាំដុះ គួរចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់
- ការដាំមិនដូរមុខបន្លែ វាបណ្ដាលឲ្យស៊ាំដី កើតសត្វល្អិត
- ក្រោយពីដាក់ដាំយើងត្រូវស្រោចទឹកព្រឹកល្ងាច ក្នុងដំណាក់កាលលូតលាស់យើងត្រូវមើលថែទាំជាពិសេសព្រោះវាងាយទទួលរងការយាយីពីសត្វល្អិតមួយចំនួនដូចជាស្រមោច ដង្កូវជាដើម។
- ដើម្បីកំចាត់សត្វល្អិត ដោយគ្រាន់តែយក ស្លឹកស្តៅដាក់ត្រាំជាមួយស្លឹកគ្រៃ និងផ្លែម្ទេសលាយជាមួយ ល្បាយទឹកទុកផ្អាប់ចោល១យប់ ហើយបាញ់ស្រោចទៅ លើដំណាំជាការស្រេច
ការប្រមូលផល ពោតបារាំង
ជាទូទៅ ពោតបារាំងនឹង ផ្តល់ផលក្នុងរយៈពេល ពី៥០ ទៅ ៦០ថ្ងៃ។ ពោតបារាំងនឹងចេញផ្លែ ក្រោយចេញផ្កា ពី៥ទៅ៧ថ្ងៃ
ចំណាប់អារម្មណ៍ ពីការដាំដុះ ពោតបារាំង
បងប្អូនអាចពិចារណាក្នុងការដាំដុះ ពោតបារាំង នេះបាន ព្រោះវាមិនទាមទារ នូវបច្ចេកទេសដាំដុះ និងថែទាំ ស្មុគស្មាញនោះទេ អាចទទួលទានបានជាប្រចាំថ្ងៃ ហើយវាក៏អាចជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារបានមួយផ្នែកផងដែរ ។