វិធីងាយៗក្នុងការដាំដុះ ម្ទេសហិល

ម្ទេស ជាបន្លែដែលមានតម្រូវការច្រើន ស្ទើរតែគ្រប់មុខអាហារហូបចុកប្រចាំថ្ងៃទៅហើយ។ ក្រៅពីការហូបចុក គេបានយកម្ទេសទៅកែច្នៃ ជាផលិតផលជាច្រើនមុខ សម្រាប់ជាគ្រឿងផ្សំក្នុងម្ហូបអាហារបានច្រើនមុខណាស់ ដូចជាម្ទេសក្រៀម ម្ទេសម៉ត់ ម្ទេសទឹក ទឹកម្ទេស ម្ទេសជ្រក់ ជាដើម។

នៅក្នុងផ្លែម្ទេស មានសារធាតុចិញ្ចឹមដូចជា៖ វីតាមីន A B C និង E និងសារធាតុរ៉ែជាច្រើនមានដូចជា molybdenum ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម ទីហ្យ៉ាមីន និងទង់ដែងជាដើម។ លើសពីនេះទៅទៀត ការទទួលទានម្ទេសមានប្រយោជន៍ជាច្រើនដល់សុខភាពដួចជា៖ ជំនួយដល់ភ្នែក, ជួយដល់សុខភាពបេះដូង, ជួយបង្ការការឡើងសំពាធឈាមខ្ពស់, ជួយដល់ស្បែក និងសក់, ជួយសម្រកទម្ងន់, ជួយកាត់បន្ថយភាពតានតឹង, ជួយកាត់បន្ថយភាពឈឺចាប់, ជំនួយផ្លូវភេទ, ជួយបន្សាបជាតិពុល។

ខាងក្រោមនេះ គឺជាវីធីក្នុងការដាំដុះម្ទេស ឲ្យទទួលបានទិន្នផលខ្ពស់៖

https://www.horticulture.org.za/farming-chillies/

ការសាបគ្រាប់ម្ទេស

  • មុនសាបគ្រាប់ម្ទេស ត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី សមស្របតាមការដាំដុះ
  • ថ្នាលបណ្តុះ ត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី ច្របល់ចូលឲ្យសព្វ
  • យកគ្រាប់ពូជទិញពីផ្សារចំនួន ១០០ក្រាម ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។
  • ក្រោយពីសាប កាត់ ចំបើងជាកំទេចកំទី គ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ

ការដាំកូនម្ទេស

  • ភ្ជួររាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥០ស.ម និងពីចន្លោះជួរមួយទៅមួយ ៥០ស.ម
  • នៅក្នុងរណ្តៅនីមួយៗ ប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ
  • មុននឹងដកកូនម្ទេសមកស្ទូង ស្រោចទឹកឲ្យជោគនៅលើថ្នាល ដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស
  • ជ្រើសរើសតែដើមម្ទេស ថ្លោសល្អយកមកដាំ
  • ក្នុងមួយរណ្តៅ ដាក់ដាំកូនម្ទេស១ដើម
  • ក្រោយពីដាំកូនហើយ កាត់ចំបើងជាកំណាត់ៗធ្វើគម្រប រួចស្រោចទឹកឲ្យជោគ
https://gardeningtips.in/growing-green-chillies-in-pots-mirchi-a-full-guide

ការថែទាំកូនម្ទេស

  • ក្រោយពីស្ទូងហើយ ត្រូវស្រោចទឹក ២ដង/ថ្ងៃ
  • ក្រោយពីកូនម្ទេសដុះរឹងមាំ ចាប់ផ្តើមដកសម្អាតស្មៅ ធ្វើការជ្រុំដីពូនគល់ ដើម្បីបំផុសដី ឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ
  • នៅពេលម្ទេសជិតចេញផ្កា ដាក់ជីកំប៉ុស្តកប់ចូលដី នៅក្បែរគល់
  • គ្របគល់ម្ទេស ពូនគល់ធ្វើស្មៅ និងស្រោចទឹក បន្តរហូតដល់ម្ទេសចេញផ្លែ

ការបំផ្លាញរបស់ដំណាំម្ទេស

  • ក្នុងការដាំម្ទេសនេះ មានជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក កំចាត់វាដោយរោយផេះនៅតាមគល់
  • រុយស វាជញ្ជក់រុក្ខរស ពីដើមមួយទៅដើមមួយ រាលដាលពេញចម្ការ ស្រោចថ្នាំថ្យាមេថូហ្សាម(Thiamethoxam) ដើមដែកមានបញ្ហ នោះដកចេញ
  • ផ្សិតបំផ្លាញផ្លែម្ទេស រហូតធ្វើឲ្យផ្លែរលួយ ត្រូវបេះផ្លែ ស្លឹកដែលមានជម្ងឺ ទៅដុតបំផ្លាញចោល កុំស្រោចទឹកជោគជាំពេក បាញ់ថ្នាំ អាហ្សូហ្សីស្រូប៊ីន(Azoxystrobin) ឬកាប់តែន(Captan) លាយជាមួយទឹកបាញ់ទប់ស្កាត់
Pile of fresh red chilli peppers texture. Raw food background. Close up. Traditional vegetable market in Bangkok, Thailand. Selective focus

ការប្រមូលផល

  • ក្រោយពីដាំ បានរយៈពេល ៤ខែ ចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ
  • ការបេះផ្លែធ្វើឡើង រយៈពេល ១សប្តាហ៍ម្តង
  • ក្នុងមួយខួបជីវិតម្ទេស អាចបេះបានប្រហែល ១២-១៣ ដង
  • ក្នុងការដាំម្ទេសនេះ រក្សាទុកពូជដោយខ្លួនឯង សម្រាប់ការដាំក្រោយៗទៀតបាន

ចំណាប់អារម្មណ៍

ម្ទេស ជាបន្លែ មានតម្រូវការជាប្រចាំថ្ងៃ សម្រាប់ទីផ្សារ មិនថារដូវណា ជារដូវណាទេ។ បងប្អូនមានដីទំនេរ តូចៗក៏អាចដាំដុះបាន ហើយដំណាំនេះមិនសូវមានការបំផ្លាញពីសត្វល្អិតទេ ដោយសាររជាតិហិលរបស់វា។ ដើម្បីបង្កើនប្រាក់បងប្អូន អាចសាកល្បងដាំដុះម្ទេសបាន ព្រោះវាជាដំណាំដាំដុះឆាប់បានផលងាយស្រួលលក់ និងពេលរដូវកាលខ្វះខាតវាទទួលបានតម្លៃថ្លៃគួរសម្យ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts