វិធីដាំខាត់ណាផ្កា តាមក្បួន បច្ចេកទេសត្រឹមត្រូវ ទទួលបានផលល្អ

1. លក្ខណៈទូទៅនៃបន្លែខាត់ណាផ្កា

ខាត់ណាផ្កា ជាដំណាំដែលអាច ដុះលូតលាស់បាន ស្ទើរពេញ១ឆ្នាំ សម្រាប់តំបន់ដែលមាន អាកាសធាតុមធ្យម ប៉ុន្តែសម្រាប់ តំបន់ដែលមាន អាកាសធាតុខ្ពស់ វាអាចធ្វើ អោយទិន្នផល ធ្លាក់ទាបបំផុត និងពន្យាអាយុកាលចេញផ្កាទៀតផង។ យើងដាំលើដីកណ្តេង លាយខ្សាច់តិចៗ ទើបដាំបានល្អ។ ពេលវេលាដាំដុះ ល្អគឺនៅខែត្រជាក់ បើខែក្តៅខ្លាំងវា នឹងធ្វើឲ្យខាត់ណាផ្កា ទទួល បានទិន្នផលទាប និងពន្យាពេលប្រមូលផល។

ខាត់ណាផ្កា ជាប្រភេទបន្លែ ដែលត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ត្រូវការត្រជាក់ អាចដាំនៅនិទាឃរដូវ និងរដូវធ្លាក់ព្រិលបាន។វាសមស្របដាំនៅ ក្នុងដីចំការដែលមាន អាកាសធាតុមិនក្តៅពេក មិនត្រជាក់ពេក ។ ខាត់ណាផ្កាឬ(Cauliflower) មកពីពាក្យ ឡាទីន Cauli មានន័យថា Cabbage និង floris មានន័យថាផ្កា។ វាក្លាយមកពីស្ពៃក្តោបព្រៃ ជាទូទៅវាមានពណ៌ស ហើយខាត់ណាផ្កា ក៏មានពណ៌ផ្សេងៗ ទៀតដែរដូចជាពណ៌ស្វាយ ពណ៌លឿង និងពណ៌ទឹកក្រូច។

2. ការរៀបចំដី​ និងការលើករង

  • សំអាតដីចំការ រើសស្មៅចេញឲ្យអស់
  • ភ្ជួររាស់ដីឲ្យបានម៉ដ្ឋល្អ ហាលដី៧-១៥ថ្ងៃ
  • ដីត្រូវភ្ជួរដីជម្រៅចាប់ពី15-30ស.ម.
  • ប្រើជីធម្មជាតិ ឬជីកំប៉ុស ជីលាមកសត្វ ទ្រាប់បាត

ការលើករងដាំ៖

  • ទទឹងៈ១ ម៉ែត្រ(ចែកជា៣ជួរ) ឬទទឹង ០.៦ម៉ែត្រ(ចែកជា២ជួរ) និងបណ្តោយអាស្រ័យទៅតាមសណ្ឋានដីតែមិនគួរលើស១៥ម៉ែត្រ ពីព្រោះវាធ្វើឲ្យពិបាកក្នុងការថែទាំ ដូចជាស្រោចទឹក ដកស្មៅជាដើម។
  • កំពស់៖ នៅរដូវប្រាំងលើករងកំពស់២០ -៣០សម បើនៅរដូវវស្សាពី៣០-៥០សម។

យើងអាចដាំលើរងវាលដោយមិនគ្របប្លាស្ទិចក៏បាន ឬដាំដោយគ្របប្លាសិចលើរង។

ការធ្វើរងដោយគ្របប្លាស្ទិចលើរង៖

  • លាតសន្ធឹងដុំប្លាស្ទិចលើរងដែលបានលើករួច
  • ដោតកន្លាស់ឬស្សីនៅជាយ និងចុងរង
  • ចោះរណ្តៅដាំកូនដោយកំប៉ុង
  • ប្រើខ្សែទាញតំរង់ជួរ ដើម្បីចោះរណ្តៅដាំកូន និងប្រើខ្នាតសម្រាប់ចោះរណ្តៅពីគុម្ពមួយទៅគុម្ពមួយ ៤តឹក X ៤តឹក
  • ប្រើកំប៉ុងក្តៅសម្រាប់ចោះរណ្តៅលើថង់ប្លាស្ទិច

3. ការធើ្វថ្នាលបណ្តុះកូន

ការធ្វើថ្នាលបណ្តុះកូនខាត់ណាផ្កា គឺអាចធ្វើឲ្យកូនខាត់ណាដុះបានល្អ កាត់បន្ថយការរលួយកូន ការពារកូនខាត់ណាពីជម្ងឺឆ្លង សត្វល្អិតចង្រៃ។ថ្នាលបណ្តុះកូនខាត់ណា អាចធ្វើតាមទំហំតូច ឬធំអាស្រ័យលើទំហំនៃការដាំដុះរបស់យើង។

  • ដំបូលសម្រាប់គ្របរានៈ កំពស់១.៨ ទៅ២ម៉ែត្រ ដើម្បីងាយស្រួលចេញចូល
  • កំពស់រានៈ ពី០.៨ ទៅ១ម៉ែត្រ ដាំលើរង ឬប្រើត្រេបណ្តុះគ្រាប់
  • ទទឹងរានៈ ពី០.៨ទៅ១ម៉ែត្រ
  • ដំបូលប្រក់តង់ប្លាស្ទិចថ្លា ដើម្បីការពារទឹកភ្លៀង គ្របពីលើដោយសំណាញ់កាត់ពន្លឺនិងបន្ថយកំដៅថ្ងៃ
  • ជញ្ជាំងព័ទ្ធដោយសំណាញ់មុង ដើម្បីការពារសត្វល្អិតចង្រៃ។
  • មុនយកគ្រាប់ពូជទៅសាប ត្រូវយកគ្រាប់ពូជទៅត្រាំក្នុងទឹក៤ម៉ោង រួចស្រង់ដាក់ស្បៃរួចសំដិលក្នុងម្លប់រយៈពេល១២ម៉ោងដល់គ្រាប់ចាប់បែកមាត់ចាប ឬដុះពន្លក
  • មុនយកទៅសាបត្រូវលាយគ្រាប់ខាត់ណាផ្កាជាមួយផះរួចយកទៅសាប ដើម្បីសាបបានស្មើដៃល្អ
  • ហើយគ្រប់ចំបើងរួចស្រោចទឹកពីលើរយៈពេល ៣ថ្ងៃ
  • គ្របចំបើងឲ្យកូនខាត់ណាឆាប់ដុះ ដើម្បីការពារកំដៅ រក្សាសំណើមដីកុំឲ្យហួតខ្លាំង
  • បន្ទាប់មកពី៣ថ្ងៃយើងត្រូវយកចំបើងដែលគ្រប់លើរងចេញ ដើម្បីកុំអោយកូនខាត់ណាវា ឬទន់ជើង ពិបាកយកទៅស្ទូង
  • រយៈពេល២៨ -៣០ថ្ងៃ អាចដកកូនខាត់ណាទៅស្ទូងបានហើយ

4. ការដាំដុះ

  • ដីដាំខាត់ណាផ្កា ៤០ អា ចំណាយគ្រាប់១៥កញ្ចប់ ស្មើនិង៥០០០ពាន់កូន។
  • មុនពេលដកកូនខាត់ណាយកទៅដាំ យើងត្រូវភ្ជួររាស់ដីអោយបានស្អាត ហាលដីរយៈពេល៧-១០ថ្ងៃ
  • កម្ពស់រងរដូវវស្សាត្រូវលើករងកម្ពស់20-25ស.ម. និងរដូវប្រាំងត្រូវលើករងកម្ពស់ចាប់ពី10-15ស.ម

5. ការថែទាំ

កូនខាត់ណាផ្កាត្រូវស្រោចទឹកនិងដាក់ជីឲ្យបានទៀងទាត់ ទើបផ្តល់ផ្កាបានល្អ។ចំពោះដីដែលមានល្បាយច្រើនជាងខ្សាច់ត្រូវដាក់ជីចំនួន១៥ថ្ងៃម្តង។តែបើដីខ្សាច់ច្រើនជាង ត្រូវដាក់ជីកាន់តែញឹកគឺពី៧-១០ថ្ងៃម្តង។

  • ត្រូវសំអាតស្មៅជាប្រចាំ ដើម្បីឲ្យកូនខាត់ណាផ្កាលូតលាស់បានល្អ
  • ត្រូវជ្រោយដីតាមគុម្ព និងបន្ថែមជីតាមរងនិមួយៗ ដើម្បីឆាប់កាន់ផ្កា
  • ស្រោចទឹកជាប្រចាំ ២ ដងក្នុង១ថ្ងៃ ព្រឹក ល្ងាច ដើម្បីរក្សាសំណើមដី
  • ត្រួតពិនិត្យមើលសត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំ

របៀបដាក់ជី៖

ដើម្បីដាក់ជីឲ្យកូនខាត់ណាផ្កា អាចស្រូបយកបានច្រើន គឺត្រូវស្រោចទឹកភ្លាមបន្ទាប់ពីដាក់ជី។

ដាក់ជីទ្រាប់បាតៈ ដាក់តាមពោះរងហើយច្របល់ជាមួយដី ឬដាក់ជីតាម រណ្តៅនីមួយៗ ហើយទើប ច្របល់ជាមួយដីក្នុងរណ្តៅឲ្យសព្វ។

ដាក់ជីបំប៉នៈ កប់ជីសងខាងរណ្តៅ(ចន្លោះគុម្ព)

បរិមាណ និងពេលវេលាដាក់ជី

ពេលវេលាប្រភេទជី និងបរិមាណជីកន្លែងកប់ជី
ទ្រាប់បាត មុនពេលដាំ១៥ថ្ងៃជីសរីរាង្គ(លាមកសត្វពុកផុយឬកំប៉ុស្តិ៍) ចំនួន១ទៅ២គីឡូក្រាម/ម៉ែត្រការ៉េដីរងកប់ជីកណ្តាលរង (ពេលរៀបចំរងដាក់គម្របរង)
ទ្រាប់បាត(មុនដាំកូនពី៣ទៅ៥ថ្ងៃ)ជីប្រភេទ២០-២០-១៥ ឬជី១៥-១៥-១៥ ចំនួន៥ក្រាម(ប្រហែលកន្លះស្លាបព្រាបាយ ឬ១គំរបដបទឹកសុទ្ធតូច)ក្នុង១រណ្តៅដាក់កណ្តាលរង កប់ច្របល់ជាមួយដីរួចស្រោចទឹករងឲ្យជោគ ឬដាក់កប់កណ្តាលរណ្តៅជម្រៅ ៥-១០សម
ក្រោយដាំកូនបាន៧ថ្ងៃជីអាសូត អ៊ុយរ៉េ ៤៦-០-០ ចំនួន១.៥ក្រាម(ប្រហែល១ចុងស្លាបព្រាបាយ)ក្នុង១ដើមកប់ជីចំងាយពីគល់ ៨សម ១រន្ធ ក្នុង១ដើម
ក្រោយដាំកូនបាន១៥ថ្ងៃជីប្រភេទ២០-២០-១៥ ឬ​ជី១៥-១៥-១៥ ចំនួន៥ក្រាម(កន្លះស្លាបព្រាបាយ)ក្នុង១ដើមកប់ជីចំងាយពីគល់ ១៥សម ១រន្ធ ក្នុង១ដើម
ក្រោយដាំកូនបាន២៥ថ្ងៃជី០-០-៦០ចំនួន៥ក្រាមក្នុងដើម និង ជី១៥-១៥-១៥ ចំនួន៥ក្រាមក្នុង១ដើមកប់ជីចំងាយពីគល់ ២០សម ១រន្ធ ក្នុង១ដើម
ក្រោយដាំកូនបាន៣៥ថ្ងៃជីប្រភេទ២០-២០-១៥ ឬ​ជី១៥-១៥-១៥ ចំនួន៥ក្រាម(កន្លះស្លាបព្រាបាយ)ក្នុង១ដើមកប់ជីចំងាយពីគល់ ២០សម ១រន្ធ ក្នុង១ដើម

ការថែទាំផ្កាៈ

ពេលផ្កាបានទំហំ៤សម ត្រូវចាប់ស្លឹកអមផ្កាពត់រកគ្នាហើយខ្ទាស់ឲ្យជាប់ដើម្បីបាំងពន្លឺនិងកំដៅរហូតដល់ផ្ការីកធំល្មមប្រមូលផល

ការស្រោចទឹក

  • ស្រោចទឹកនៅពេលព្រឹក ហើយស្រោចនៅពេលថ្ងៃ ឬល្ងាចពេក អាចបណ្តាលឲ្យកូនខាត់ណាមានបញ្ហារលួយ ឬរលាកដើម
  • ស្រោចទឹកឲ្យបានទៀងទាត់មិនត្រូវអោយដីស្ងួត ជាពិសេសបន្ទាប់ពីដាំកូន ពីព្រោះកូនខាត់ណាត្រូវការទឹក ជីសម្រាប់លូតលាស់ឬស ដើម និងស្លឹក។ពេលចេញផ្កាក៏ត្រូវស្រោចទឹកអោយបានទៀងទាត់ដែរ ដើម្បីឲ្យចេញផ្កាបានល្អ
  • ពិនិត្យដីជំវិញគល់ប្រើស្ងួតខ្លាំង ត្រូវស្រោចទឹកបន្ថែម ប៉ុន្តែបើសើមខ្លាំងត្រូវបន្ថយការស្រោចទឹក

6. ការប្រមូលផល

  • ខាត់ណាផ្កាអាចប្រមូលផលបាន ពីអាយុ៤៥-៥៥ថ្ងៃបន្ទាប់ពីដាំាកូន (អាស្រ័យលើប្រភេទពូជ)
  • កាត់ផ្កាពេលព្រឹក ដោយរក្សាស្លឹកអមផ្កា ៤ -៥ស្លឹក
  • មិនត្រូវទុកផ្កាដែលកាត់ហើយ ឲ្យត្រូវកំដៅថ្ងៃទេ
  • បន្ទាប់ពីកាត់ផ្កាហើយត្រូវកាត់ ត្រូវជើសរើសផ្កា និងរៀបផ្កាទៅតាមទំហំ
  • ទិន្នផលដែលទទួលបានគិតជាមធ្យមចាប់ពី 9-15 តោនក្នុងផ្ទៃដីមួយហិកតា

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts