អ្នកទាំងអស់គ្នា បានដឹងហើយថា ស៊ុតមាន់ គឺជាអាហារមួយប្រភេទ ដែលមានសារៈប្រយោជន៍ សម្រាប់សុខភាព របស់មនុស្សយើង និងមានសារៈសំខាន់ សម្រាប់ផលិតកម្មបក្សី។ ដើម្បីទទួលបានស៊ុតមាន់ល្អ គេត្រូវជ្រើសរើស មេបាពូជមាន់ស្រែ ដែលមានមាឌធំៗល្អ និងមេមាន់អាចផ្ដល់ស៊ុតបានលុះត្រាវាមានអាយុ ៥ទៅ៦ខែ ហើយស៊ុតអាចបង្កកំណើតបានលុះត្រា មេមាន់ទាំងអស់នោះ បានបង្កាត់ជាមួយបា នៅមុនពេលពង។
លើសពីនេះ បងប្អូនត្រូវជ្រើសរើសពូជមាន់ណា ដែលមិនធ្លាប់មានជំងឺពីមុនមក ហើយពូជមាន់ណា ដែលមិនមានជំងឺជាន់ឈាម។ រីឯកូនមានវិញចាប់ផ្ដើមបង្កកំណើតរហូតដល់ញាស់ មានរយៈពេលជាមធ្យម ២១ថ្ងៃ។
ដើម្បីអោយដឹង កាន់តែច្បាស់ សូមតាមដានពីវិធីសាស្ត្រភ្ញាស់ស៊ុតមាន់ដូចខាងក្រោមនេះ៖
លក្ខខ័ណ្ឌតម្រូវការចាំបាច់របស់ស៊ុតមាន ៥យ៉ាង
- ស៊ុតត្រូវមានស៊ីតុណ្ហភាពកំដៅត្រឹមត្រូវ
- ស៊ុតត្រូវការបង្វិលញឹកញាប់ និងបានទៀងទាត់
- ស៊ុតត្រូវការសំណើមជុំវិញបរិយាកាសល្អ
- ស៊ុតត្រូវការខ្យល់អាកាសបរិសុទ្ធសម្រាប់ដកដង្ហើម
- ស៊ុតងាយទទួលជំងឺផ្សេងៗ
វិធីប្រមូលស៊ុត
- ប្រមូលស៊ុត ដើម្បីយកមកភ្ញាស់ គួរធ្វើឡើងនៅមុន ម៉ោង ៩ព្រឹក ឬនៅពេលរសៀល
- ត្រូវប្រមូលស៊ុតថ្មមៗ ការពារកុំអោយ ស៊ុតប្រះស្រាំ
- ត្រូវទុកដាក់ស៊ុត អោយបានត្រឹមត្រូវ ដាក់ស៊ុតផ្នែកធំឡើងលើ ហាមដាក់ស៊ុតក្នុងកន្រ្តក ឬបាវ
- ស៊ុតសម្រាប់យកមកភ្ញាស់ ត្រូវតែស្អាត មិនមានប្រឡាក់ ឬស្រាំ
ការរៀបចំស៊ុតសម្រាប់ភ្ញាស់
- ត្រូវសម្អាតអនាម័យអោយបានស្អាត ស៊ុតប្រះ ស៊ុតប្រឡាក់ខ្លាំងត្រូវយកចេញ
- សសេរផ្លាកសំគាល់ពីទ្រុង ឬកន្លែប្រមូលស៊ុត
- ការឆ្លុះពងចង់ដឹងពីការបង្កកំណើតចាប់ ចាប់ផ្ដើមពីអាយុ ៧ ទៅ ១០ថ្ងៃ
ការរក្សាទុកស៊ុត
- ស៊ុតមិនគួររក្សាទុកលើសពី ៧ថ្ងៃបន្ទាប់ពីមេបានពងនោះទេ បើទុកលើពីនេះលទ្ធិភាពញាស់និងមានការថយចុះបន្តិចម្ដងៗ ហើយកូនបង្កកំណើតមកហើយវាអាចនិងងាប់ទៅវិញ។
- ស៊ុតសម្រាប់ភ្ញាស់ត្រូវដាក់ក្នុងសីតុណ្ហាភាព (ពី១២អង្សាសេ ទៅ ១៩អង្សាសេ)
- បើពុំដូចនៅទេ ស៊ុតនោះនិងមិនសូវញាស់ឬលូតលាស់មិនសូវល្អនោះឡើយ ឯកំរិតសំណើមល្អបំផុតសម្រាប់រក្សាទុកស៊ុតនោះ គឺចន្លោះពី ៥៥% ទៅ ៦៥% ។
- បើដាក់ស៊ុតនៅកន្លែងដែលមានសំណើមខ្ពស់ជាង ៦៥% វានិងបង្កជាដំណក់ទឹកនៅលើសំបកស៊ុត ដំណក់ទឹកទាំងនោះជាឧបស័ក្ដរារាំងរន្ធលើសំបកស៊ុត ឬបង្កជាជំងឺឆ្លងដល់កូនមាន់។
- បើសំណើមទាបជាង ៥៥% វាធ្វើអោយភ្នាស់សំបកស៊ុតទាំងនោះខូចបណ្ដាលអោយកូនងាប់នៅក្នុងនោះ
ការជ្រើសរើសស៊ុតសម្រាប់ភ្ញាស់
- ជ្រើសរើសស៊ុត ដែលមានទំហំ រូបរាង ពណ៌ល្អ
- មេមាន់ចាស់ និងមេមាន់ពងដំបូង ផ្តល់ស៊ុតមានទំហំតូច កូនមាន់ក៏តូចដែរ
- មិនត្រូវឲ្យស៊ុតកខ្វក់ឡើយ
- មិនត្រូវលាងសម្អាតស៊ុតទេ ព្រោះវាបំផ្លាញប្រព័ន្ធការពារធម្មជាតិរបស់ស៊ុត
ការភ្ញាស់ស៊ុត
ការភ្ញាស់ស៊ុតតាមធម្មជាតិ៖
- ទុកស៊ុតនៅស្ងៀមក្នុងសំបុក ដើម្បីឲ្យមេក្រាបពង
- សំបុកត្រូវគ្មានស្រមើរ និងចៃ
- ពេលមាន់ពងអស់ វាចាប់ផ្តើមក្រាប
- ក្នុងពេលក្រាបនេះ មេមាន់និងចាកចេញពីសំបុក ១៥នាទី ដើម្បីរកចំណី
- ពេលនេះមាន់មិនសូវស៊ី ចំណីច្រើនទេ ដូច្នេះពេលក្រាបវាត្រូវតែមានសុខភាពល្អ
- ដំណើរការញាស់ មានរយៈពេល ពី ៤-១២ម៉ោង មុនពេលកូនមាន់បំបែកសំបកចេញ
- កូនមាន់បំបែកសំបកចេញដោយខ្លួនឯង ហើយមានសភាពសើម និង អស់កម្លាំង
- រយៈពេល ២-៣ម៉ោង ក្រោយញាស់ កូនមាន់និងដេក ហើយសម្រាក
- ក្រោយពេលរោមស្ងួត កូនមាន់និងធ្វើចលនា
- ផ្នែកលឿងស៊ុត មាននៅក្នុងខ្លួនវា នៅជាប់រហូតដល់ ៤៨ម៉ោង
ការភ្ញាស់ស៊ុតដោយប្រើទូរភ្ញាស់៖
- មិនបាច់ប្រញាប់ យកស៊ុតទៅដាក់ក្នុងទូរភ្ញាស់ឡើយ
- អាចរក្សាស៊ុតបាន រយៈពេល ៦ថ្ងៃ ដោយដាក់ក្នុងបន្ទប់ត្រជាក់
- ដើម្បីការពាររំហួតទឹកចេញ ត្រូវរក្សាស៊ុត ក្នុងថង់ប្លាស្ទិច ឬថង់ធ្វើពីកប្បាសដែលស្អាតល្អ
- រក្សានៅកន្លែងមានសុវត្ថិភាព
- ទូរភ្ញាស់ត្រូវធានាថា មានចរន្តខ្យល់អុកស៊ីសែនចូល និងនាំឧស្ម័នកាបូនិចចេញ និងសំណើម
- រក្សាសីតុណ្ហភាពថេរ ក្នុងចន្លោះ ៣៧,៥ºC
- ត្រួតពិនិត្យសំណើម ដោយថ្លឹងស៊ុតមុនដាក់ក្នុងទូរភ្ញាស់ និងពេលភ្ញាស់បាន ១៨ថ្ងៃ បើបាត់បង់សំណើម លើសពី ២០% បានន័យថាស្ងួតខ្លាំង បើបាត់បង់តិចជាង ១០% បានន័យថា ខ្យល់មានសំណើមខ្ពស់
ការបង្វិលស៊ុត៖
- ការបង្វិលស៊ុតមានគោលបំណងសំខាន់ ឲ្យស៊ុតលឿងនៅចំកណ្តាលស៊ុត
- ប្រសិនបើមិនបង្វិលស៊ុតទេ អំប្រ៊ិយ៉ុងដំបូងនិងងាប់ ធ្វើឲ្យលទ្ធផលញាស់ទាប
- ចំពោះការភ្ញាស់ធម្មជាតិ មេមាន់តែងប្រើចំពុះ ដើម្បីបង្វិលស៊ុត
- ចំពោះការភ្ញាស់ដោយទូរភ្ញាស់ ស៊ុតត្រូវបង្វិលឲ្យបាន ៤ដង/ថ្ងៃ
- ក្រោយពេលភ្ញាស់បាន ១៤ថ្ងៃ មិនចាំបាច់បង្វិលស៊ុតទៀតទេ ជាពិសេស ៣ថ្ងៃចុងក្រោយនៃការភ្ញាស់ មិនត្រូវបង្វិលស៊ុតឡើយ
ការឆ្លុះស៊ុត៖
- ឆ្លុះស៊ុត ដើម្បីមើលពីសភាព ដែលមាននៅក្នុងស៊ុត
- បន្ទាប់ពីភ្ញាស់បាន ១សប្តាហ៍ តាមការឆ្លុះស៊ុត និងឃើញមានបណ្តាញសរសៃឈាម ព័ទ្ធជុំវិញចំណុចខ្មៅ នោះមានន័យថា អំប្រ៊ីយ៉ុងលូតលាស់ល្អ
- ឆ្លុះស៊ុត ដើម្បីរើសយកស៊ុតដែលខូចចេញ ចៀសវាក្លិនស្អុយ នៅក្នុងទូរភ្ញាស់
- ក្នុងការឆ្លុះ ត្រូវដាក់ពន្លឺក្នុងប្រអប់មួយ ដែលចោះប្រហោងប៉ុនទំហំស៊ុត
- ក្នុងកំឡុង៣ថ្ងៃចុងក្រោយ អំប្រ៊ីយ៉ុង នឹងបង្វិលទៅរក ទីតាំងញាស់
ចំណាប់អារម្មណ៍
តាមរយៈអត្ថបទខាងលើនេះ មានប្រយោជន៍ណាស់ សម្រាប់អ្នកដែលស្រលាញ់សត្វ ចង់ចិញ្ចឹមសត្វ ក៏ដូចជាចង់ចិញ្ចឹមមាន់ស្រែដោយខ្លួនឯង ។ វាអាចឲ្យលោកអ្នក ឲ្យចេះបច្ចេកទេសក្នុងការភ្ញាស់ពងមាន់ស្រែ ដោយខ្លួនឯង ក្នុងគោលបំណង ទទួលបានជោគជ័យ ក្នុងការភ្ញាស់ ក៏ដូចជា ការគ្រប់គ្រង ការពារបង្ការ ជំងឺឆ្លងផ្សេងៗ ដែលនាំឲ្យមានការខាតបង់ ពេលវេលា និងដើមទុនរបស់បងប្អូន។