ឆៃថាវ ជាប្រភេទបន្លែមើម ដែលមានការពេញនិយម បរិភោគ សម្រាប់ជាអាហារប្រចាំថ្ងៃ ហើយវាក៏អាចកែច្នៃទៅជាឆៃប៉ូវ ទៅជាជ្រក់កំប៉ុង ជាដើម។ ការដាំដុះឆៃថាវ នៅប្រទេសយើង ភាគច្រើនប្រើពូជស្រាល និងពូជមធ្យម។ ពូជមួយចំនួនដែល កសិករយើងនិយមដាំមានដូចជា៖
- ពូជ R 6197 និងKao Yuak របស់ថៃ
- ពូជ ៥៥ថ្ងៃ រូបយន្តហោះ របស់ថៃ
- ពូជ Everst(F1) របស់ជប៉ុន
- ពូជ Wang Jian មកពីហុងកុង
ការរៀបចំផើង
- ត្រៀមផើងដាំដុះ ដែលមានទំហំធំ និងជ្រៅល្មម ដែលអាចឲ្យឆៃថាវចុះមើមល្អ
- ដីមានជីជាតិ ដីលាយជាមួយជីកំប៉ុស្ត ដីល្បាយខ្សាច់ ដីធូរ អាចជ្រាបទឹកបានល្អ
- គ្រាប់ពូជឆៃថាវ
- ចំបើង
ការដាំដុះ
- យកគ្រាប់ពូជឆៃថាវ ដាក់ហាលថ្ងៃឲ្យក្តៅ រយៈពេល១-២ម៉ោង
- យកគ្រាប់ពូជ ដាក់ត្រាំទឹក ៣-៤ម៉ោង
- យកល្បាយដី ដាក់ចូលក្នុងផើង
- យកគ្រាប់ពូជ កប់២គ្រាប់/គុម្ព ក្នុងជម្រៅ ២ស.ម
- យកចំបើង ដាក់គ្របលើដី បន្ទាប់ពីសាបគ្រាប់ ដើម្បីរក្សាសំណើម ធ្វើឲ្យគ្រាប់ពូជឆាប់ដុះ
- បន្ទាប់មក ស្រោចទឹកភ្លាមៗក្រោយសាបគ្រាប់
ការថែទាំ
- បន្តស្រោចទឹក គ្រាប់ឆៃថាវ ឲ្យមានសំណើមជាប់ជានិច្ច ប៉ុន្តែកុំឲ្យជោគពេក
- ពេលកូនឆៃថាវដុះលូតលាស់ ត្រូវដកកូនចេញ ទុកតែ១ដើម/គុម្ព
- ឧស្សាហ៍បោចស្មៅ និងជ្រោយដី ដើម្បីឲ្យដីធូរ និងសម្អាតជម្រកសត្វល្អិត
- ក្រោយសាបគ្រាប់ឆៃថាវ ៧-១០ថ្ងៃ គ្រាប់ឆៃថាវ ដុះបានស្លឹក២-៣ ស្រោចទឹកមធ្យម
- អាយុ១៥-១៨ថ្ងៃ ឆៃថាវចាប់ផ្លើម រីកគល់ ឬសកែវឆៃថាវគឺជាមើមរបស់វា ត្រូវស្រោចទឹកមធ្យម ផ្តល់ជីជាតិបន្ថែម កាន់តែច្រើនរហូតដល់ប្រមូលផល
សត្វល្អិតចង្រៃ
- ដង្កូវយោលទោង៖ វាស៊ីបំផ្លាញជាកិកាស្លឹក ធ្វើឲ្យស្លឹកលែងលូតលាស់។
- ដង្កូវកាត់ដើម៖ វាមានមាឌធំវែង មេអំបៅពង កូនញាស់ ស៊ីជាចំណីអាហារ ពេលដើមនៅតូចៗ ។
- ដង្កូវស៊ីរូងកំពូល៖ វាមានមាឌតូចៗ ផ្តុំគ្នានៅត្រួយរបស់ឆៃថាវ ហើយស៊ីស្លឹកមិនសល់ភ្នាស់ ដូចដង្កូវយោលទោងទេ។
- សត្វទាគូ៖ វាពងដាក់គល់ឆៃថាវ ហើយស៊ីបំផ្លាញឬស និងមើមឆៃថាវ ធ្វើឲ្យដំណាំស្រពោន និងខូចខាតដើមយ៉ាងខ្លាំង។
- វិធានការណ៍៖ ប្រើថ្នាំពុលកសិកម្ម ដើម្បីបាញ់សម្លាប់មេអំបៅ ដង្កូវ កូនញាស់ សម្អាតស្មៅជាប្រចាំ ធ្វើអនាម័យកន្លែងដាំដុះ។
ការប្រមូលផល
- ពេលវេលាប្រមូលផល ពេលស្លឹកឆៃថាវ ប្រែពណ៌ពីបៃតងខ្ចី ទៅពណ៌បៃតងចាស់
- កំពូលត្រួយរបស់វាលែងលូតលាស់
- មើមប្រែពីពណ៌ស ទៅពណ៌ប្រផេះ ហើយរលោងគ្មានឬស
- បើពន្យាពេលដក ធ្វើឲ្យមើមឆៃថាវស្ពោត