ការ៉ុត ជាបន្លែមួយដែលមានភាពពេញនិយម ទទួលទានទាំងស្រស់ និងចំអិនក្នុងក្នុងម្ហូបជាច្រើន។ ការ៉ុតមានសារធាតុចិញ្ចឹម ជាច្រើនដូចជា៖ វីតាមីនA, B6, C, E, K កាល់ស្យូម, ប៉ូតាស្យូម, ម៉ង់កាណែស, ជាតិសរសៃ, កាបូអ៊ីដ្រាត, ខ្លាញ់ជាដើម។ វាបានជួយដល់សុខភាពដូចជា៖ កាត់បន្ថយហានិភ័យនៃជំងឺមហារីក, ជួយកាត់បន្ថយកាឡេស្តេរ៉ូលក្នុងឈាម, ជួយសម្រកទម្ងន់, ជួយសុខភាពភ្នែក ជាដើម-ល-។
ខាងក្រោមនេះ គឺជាបច្ចេកទេសក្នុងការដាំដុះការ៉ុត៖
ការជ្រើសរើសពូជ
ពូជការ៉ុតមានច្រើនប្រភេទនៅអាស៊ីយើង ពូជខ្លះកំពុងធ្វើការដំដុះ និងទទួលបានការពេញនិយម ដូចជា៖ Mini Sweet, Hybreed Sun Raise Red និងពូជមួយចំនួនទៀត។ គ្រាប់ពូជត្រូវមានអត្រាដំណុះខ្ពស់ ធន់នឹងជម្ងឺនិងកត្តាចង្រៃផ្សេងៗ និងទទួលបានទិន្នផលខ្ពស់ និងមានលក្ខណៈសម្បត្តិដូចជា៖
- ត្រូវមានប្រភពច្បាស់លាស់(ពូជក្នុងស្រុក ឬពូជបង្កាត់)
- ពូជមានអាយុកាលកំណត់ច្បាស់លាស់
- ពូជាមានអត្រាដំណុះ៨៥-៩០%
- ពូជធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សត្វល្អិត ជម្ងឺ។
ការរៀបចំដី
- ត្រូវភ្ជួរដី ឲ្យបាន ៣-៤ដង ដើម្បីសម្អាតស្មៅ និងធ្វើឲ្យដីធូរ ចុះមើមបានល្អ
- ហាលដី ពិ ៧-១០ថ្ងៃ
- លើកទទឹងរង ១ម៉ែត្រ កម្ពស់ ១៥-២០ស.ម(រដូវប្រាំង)និងកម្ពស់ ២៥-៣០ស.ម(រដូវវស្សា) បណ្តោយតាមសណ្ឋានដី
- ប្រើសារធាតុសរីរាង្គ ចន្លោះពី១,៥-២ គ.ក្រ/ម៉ែត្រការ៉េ កប់ជម្រៅ ២៥-៣០ ស.ម
ការរៀបចំគ្រាប់ពូជ
- ត្រូវសម្អាតគ្រាប់ពូជឲ្យបានស្អាត
- យកគ្រាប់ពូជហាលថ្ងៃ ពី២-៣ម៉ោង
- បន្ទាប់មកយកទៅត្រាំទឹកក្តៅឧណ្ឌៗរយៈពេល ២៥-៣០នាទី មុនដាំដើម្បីសម្លាប់មេរោគ ដែលជាប់នឹងគ្រាប់
- យកផ្សិតTrecodema 5% លាយជាមួយគ្រាប់ពូជមុនធ្វើការដាំ
- ត្រូវយកគ្រាប់ពូជ ទៅលាយជាមួយដីខ្សាច់ដោយលាយ គ្រាប់ពូជ១ភាគ ដីខ្សាច់ ៤ភាគ ដើម្បីកុំឲ្យគ្រាប់ស្អិត និងដុះលូតលាស់ឆាប់រហ័ស
ការដាំដុះ
- ដំណាំការ៉ុតទូទៅដាំដោយគ្រាប់ ព្រោះវាផ្តល់មើមវែងល្អ គ្រាប់ពូជប្រើចន្លោះ ពី៥-៦គ.ក្រ/ហិចតា
- ឬសកែវដំណាំការ៉ុតលូតលាស់លឿន វិវត្តទៅជាមើមការ៉ុត
- លើករងទទឹង ០,៨-១ម៉ែត្រ កំពស់ ១៥-២០ស.ម រដូវវស្សា២០-២៥ស.ម
- យកគ្រាប់ពូជហាលថ្ងៃ២-៣ម៉ោង រូចត្រាំទឹកក្តៅអន់ៗ ២០-៣០នាទី ដើម្បីសម្លាប់មេរោគមុនយកទៅដាំ
- ចន្លោះគុម្ព ៣០ស.ម ចន្លោះជួរ ៨០ស.ម
- សាបគ្រាប់ជម្រៅ ១,៥ ស.ម បើដុះញឹកត្រូវដកចេញខ្លះ រក្សាពី១ដើមទៅ១ដើម ចន្លោះ១០ស.ម
- ត្រូវសម្អាតគ្រាប់ឲ្យបានល្អ យកថ្នាំផ្សិត Tricoderma ចំនួន៥% លាយជាមួយគ្រាប់មុនដាំដុះ
ការថែទាំ
ការប្រើប្រាស់ជី៖
- ត្រូវវិភាគរកកម្រិតសារធាតុចិញ្ចឹមដែលមាននៅក្នុងដី
- ដាក់ជីកំប៉ុស 25តោន/ហិចតា ដើម្បីទ្រាប់បាត
- ដាក់ជីលើកទី១៖ បន្ទាប់ពីដាំបានពី ៥-៧ថ្ងៃ ដាក់ជីអ៊ុយរ៉េ ១០ក្រាម និងជីកែង(១៥-១៥-១៥) ១០ក្រាម/ម៉ែត្រការ៉េ
- ដាក់ជីលើកទី២៖ បន្ទាប់ពីដាំបានពី ១៤ថ្ងៃ ដាក់ជីកែង(១៥-១៥-១៥) ១០ក្រាម/ម៉ែត្រការ៉េ
- ដាក់ជីលើកទី៣៖ ដាក់ជីកែង(១៥-១៥-១៥) ១៥-២០ក្រាម/ម៉ែត្រការ៉េ
ការស្រោចស្រព៖
- ត្រូវស្រោចទឹកឲ្យទឹកបានសើមដីស្រទាប់លើ ២-៣ដង/ថ្ងៃ ដើម្បីឲ្យគ្រាប់ពូជដុះល្អ
- បន្ទាប់ពីដុះ ពន្លក បន្ថយការស្រោចទឹកស្រោច ២ដង/ថ្ងៃ ព្រឹកម្តង ល្ងាចម្តង
- នៅរដូវវស្សាស្រោចទឹក ពេលដែលដីស្ងួតបានហើយ
- ត្រូវមានប្រព័ន្ធបង្ហូរទឹកចេញ-ចូល តាមរងនីមួយៗ
ការសម្អាតស្មៅ៖
- ត្រូវសម្អាតស្មៅចង្រៃឲ្យបានទៀងទាត់ ដើម្បីកុំឲ្យបាត់បងសារធាតុចិញ្ចឹម
- អាចកំចាត់ជម្រកសត្វល្អិតចង្រៃផ្សេងៗ
- ប្រើថាំសម្លាប់សត្វល្អិតមានធាតុសកម្ម១លីត្រ សម្រាប់ផ្ទៃដី១ហិចតា
ជម្ងឺនិងសត្វល្អិត
ជម្ងឺ៖
- ជម្ងឺអុចស្លឹក៖ វាបង្កដោយផ្សិត ស្លឹកចាស់ស្នាមពណ៌ប្រផេះប្រែជាពណ៌ត្នោត មានរាងជ្រុងព័ទ្ធដោយស្នាមពណ៌លឿង នៅស្លឹកទងស្លឹក ក្រោយមកបណ្តាលឲ្យស្លឹក ខ្មៅ ក្រៀមនិងងាប់។ វាអាចកើតមាននៅមុនពេល និងក្រោយពេលដំណុះគ្រាប់ ធ្វើឲ្យកូនការ៉ុតងាប់។
វិធានការណ៍៖ សម្អាតគ្រាប់ពូជ ត្រាំគ្រាប់ពូជជាមួយថ្នាំប្រឆាំងផ្សិត ដើម្បីការពារកូនដំណាំ។
- ជម្ងឺរលាក៖ វាបង្កដោយបាក់តេរី ដំបូងវាចេញស្នាមលឿងតូចៗ រាងជ្រុង វាវិវត្តន៍ក្លាយជាពណ៌ត្នោតហើយស្ងួត មានស្នាមលឿងព័ទ្ធជុំវិញ។
វិធានការណ៍៖ ប្រើប្រាស់ពូជដែលគ្មានជម្ងឺ ដាំដំណាំឆ្លាស់ ប្រើថ្នំាប្រឆាំងផ្សិតលាយជាមួយគ្រាប់ពូជមុនដាំ ប្រើថ្នាំគីមីកសិក្ម។
- ជម្ងឺរលួយទន់៖ បង្កដោយបាក់តេរី វាធ្វើឲ្យមើមការ៉ុតទន់រលួយ។
វិធានការណ៍៖ ប្រមូល កំចាត់ចោលរុក្ខជាតិដែលមានជម្ងឺ ប្រើថ្នាំគីមីកសិកម្ម។
សត្វល្អិត៖
ដង្កូវយោលទោង៖ វាស៊ិបំផ្លាញស្លឹក ទងស្លឹក
វិធានការ៖ ត្រូវសម្អាតស្មៅជាប្រចាំ ត្រូវត្រួតពិនិត្យ និងកំចាត់ដង្កូវនៅពេលដំណាក់កាលជាកូនដង្កូវ ប្រើថ្នាំគីមីសម្លាប់សត្វល្អិត
ការប្រមូលផល
- អាយុប្រមូលផលអាស្រ័យលើពូជនីមួយៗ
- អាចប្រមូលបានបាន នៅអាយុ ពី៣-៤ខែ បន្ទាប់ពីដាំ
- ត្រូវឈប់ស្រោចទឹក ពី ២-៣សប្តាហ៍មុនប្រមូលផលដើម្បីឲ្យមើមការ៉ុត មានរសជាតិផ្អែមនិងសម្បូរជីជាតិ
- មុនដកត្រូវស្រោចទឹកឲ្យជោគពីល្ងាចដើម្បីងាយស្រួលដក
ចំណាប់អារម្មណ៍
ដោយមើលឃើញផលិតផលការ៉ុតនេះ អាចដាំបាននៅក្នុងប្រទេសកម្ពុជា និងមានទីផ្សារល្អ បងប្អូនអាចសាកល្បងក្នុងការដាំដុះដំណាំការ៉ុតនេះបាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ មុនថធ្វើការដាំដុះ បងប្អូនត្រូវចេះជ្រើសរើសពូជ ដែលធន់និងសត្វល្អិតបំផ្លាញ មកដាំដុះដើម្បីទទួលបានទិន្នផលល្អ។