សណ្តែកកួរ ត្រូវបានប្រជាជនខ្មែរយើង និយមទទួលទានខ្លាំងណាស់។ វាជាបន្លែស្រស់មួយប្រភេទ ដែលគេនិយមដាំដុះស្ទើរគ្រប់ទីកន្លែង ជាលក្ខណៈគ្រួសារ ជាចំការតូច និងធំ។ សណ្តែកកួរ មានគុណប្រយោជន៍ ចំពោះសុខភាព និងជីវភាព។ តើលោកអ្នកដឹងទេថា សណ្តែកកួរ មានអត្ថប្រយោជន៍អ្វីខ្លះ?
សណ្ដែកគួរឆៅ ក៏មានផ្ទុកនូវ កាបូអ៊ីដ្រាត, ប្រូតេអ៊ីន, ខ្លាញ់, Folate, Niacin, អាស៊ីត Pantothenic, វីតាមីនA, B, B6, B12, C, សូដ្យូម, ប៉ូតាស្យូម, កាល់ស្យូម, ទង់ដែង, ជាតិដែក, ម៉ាញ៉េស្យូម, ម៉ង់ហ្គាណែស, ផូស្វ័រ, សេលេញ៉ូម, ស័ង្កសី ជាដើម។ លើសពីនេះ ប្រយោជន៍ចំពោះ សុខភាពរបស់សណ្តែកកួរ មានជាច្រើនដូចជា៖ វាជំនួយក្នុងសុខភាពឆ្អឹង, ល្អសម្រាប់ការរំលាយអាហារ, ជួយក្នុងការការពារជំងឺពុកឆ្អឹង, ប្រភពល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម, ល្អសម្រាប់សុខភាពបេះដូង និងសរសៃឈាម, ជួយការពារជំងឺទឹកនោមផ្អែមជាដើម។
ដើម្បីឲ្យការដាំដំណាំ សណ្តែកកួរ ទទួលបានផលច្រើន និងចំណាយថវិកាតិចតួច យើងខ្ញុំសូមលើកយកចំណេះដឹងក្នុងការដាំដុះ សណ្តែកកួរ មកបង្ហាញជូនដូចខាងក្រោម៖
លក្ខណៈរបស់សណ្តែកកួរ
- ឈ្មោះភាសារខ្មែរ៖ សណ្តែកកួរ ឬសណ្តែកទ្រើង
- ឈ្មោះភាសារអង់គ្លេស៖ Yardlong bean or Long bean
- ឈ្មោះខាងវិទ្យាសាស្ត្រហៅថា Vignaunguiculata subsp Sesquipedalis
- ស្លឹក និងផ្លែមិនទាន់ពេញវ័យត្រូវបានគេប្រើប្រាស់ធ្វើជាបន្លែ
- ជាដំណាំវល្លិ៍ មួយប្រភេទដែលមាន លក្ខណៈជារុក្ខជាតិវារតោង
- ដើមជាវល្លិ៍ដែលរឹង និងស្វិត មានពណ៌បៃតងខ្ចីមួលរុំព័ទ្ធលើវត្ថុដែលយឹតតោងបានល្អ
- ចំណែកស្លឹក ជាបន្ទះប៉ុនៗបាតដៃ ចែកជាស្លឹកតូច៣ រាងបីជ្រុង ប្រវែង ៦-១០ស.ម
- វាមានផ្កាជាចង្កោម មានពណ៌ស ឬពណ៌ខៀវខ្ចី
- ផ្លែមានរាងមូលតូចវែង ទំហំទទឹង ប្រមាណ០,៥១ស.ម ប្រវែង ២០-៦០ស.ម និង នៅក្នុងផ្លែ មានគ្រាប់មួយចំនួន
- ជារុក្ខជាតិដែលលូតលាស់បានល្អ ចូលចិត្តធាតុអាកាសក្ដៅ មានពន្លឺថ្ងៃពេញមួយថ្ងៃ និងទទួលបរិមាណទឹកភ្លៀងតិច ទើបគេអាចបណ្ដុះដាំ បានគ្រប់រដូវពេញមួយឆ្នាំ
វិធីសាស្រ្តដាំដុះ
ការរៀបចំដី៖
- ចាប់ភ្ជួរ រាស់ដីជម្រៅ ២០-៣០ស.ម
- បាចកំបោរស ឬជីលាមកគោ រួចហាលដីចោលប្រមាណជា15ថ្ងៃ
- បន្ទាប់មកទើបភ្ជួរម្ដងទៀតដាក់ជីលាមកគោឬជីកំប៉ុសទ្រាប់បាតដីក្នុងបរិមាន ៥គ.ក្រ/ម៉ែត្រការ៉េ ដើម្បីកែសម្រួលជីជាតិដីឱ្យល្អឡើង
- បន្ទាប់មកដាក់ជី១៥-១៥-១៥ បរិមាណ ២០ក្រាម/ម៉ែត្រការ៉េ
- លើករងដាំទំហំ ទទឹង១-១,២ម៉ែត្រ បណ្ដោយតាមប្រវែងដី កម្ពស់រង ១៥-២០ស.ម និងពង្រាបមុខលើរងឱ្យស្មើគ្នា
- ជីករណ្ដៅតូចៗលើរងឆ្ងាយពីគ្នា50សង់ទីម៉ែត្រពីមួយទៅមួយ ឆ្ងាយពីគ្នាមួយជួរ70-100សង់ទីម៉ែត្រ
ការដាក់ដាំ៖
- មុននឹងទម្លាក់គ្រាប់ពូជសណ្ដែកកួរ ចូលទៅក្នុងរណ្ដៅ ចំនួន៣គ្រាប់ ហើយលុបរណ្ដៅដោយអង្កាម ឬជីលាមកគោ២-៣ក្ដាប់ ក្នុងមួយរណ្ដៅ
- បន្ទាប់ពីនោះក៏ធ្វើទ្រើង ដោយយកមែកឈើវែងៗ មកដោតលើដីជុំវិញរណ្ដៅ រួចចងផ្គុំចូលគ្នាផ្នែកចុងខាងលើ កម្ពស់ពី ២-២,៥ ម៉ែត្រ ពីលើរណ្ដៅបណ្ដុះគ្រាប់នីមួយៗ រួចហើយដាក់មែកឈើវែង គងពាក់គ្នា ពីទ្រើងមួយទៅទ្រើងមួយ មុននឹងគ្របដោយសំណាញ់
- បន្ទាប់ពីដាំបាន៧-១៥ថ្ងៃ ពេលកូនសណ្ដែកកួរ ចាប់ផ្ដើមចេញស្លឹក២-៣ហើយ ជ្រើសរើសទុកតែដើម ណាដែលរឹងមាំល្អតែ២ ដើមក្នុងមួយរណ្ដៅ
- បន្ទាប់មកកូនដើមសណ្ដែកកួរ នឹងចាប់ផ្ដើមតោងវារឡើងទ្រើង ក្នុងរយៈពេល ១៥-២០ថ្ងៃ
ការថែទាំ
- ត្រូវជម្រះស្មៅ ឲ្យបានស្អាតជាប្រចាំ
- ស្មៅជាជម្រក សត្វល្អិតចង្រៃ និងជំងឺផ្សេងដល់ដំណាំ
- ស្មៅក៏កាត់បន្ថយជីជាតិចំពោះដំណាំផងដែរ
ការស្រោចស្រព៖
- ស្រោចទឹកមួយថ្ងៃ១ដង រៀងរាល់ថ្ងៃ អាស្រ័យលើអាកាសធាតុ និងសភាពដីជាក់ស្តែង កុំស្រោចទឹកជោកពេក នាំឱ្យគល់ដើមសណ្ដែកកួររលួយ
- ត្រូវប្រយ័ត្នក្នុងអំឡុងពេលចេញផ្កា និងចេញក្ដិប មិនគួរឱ្យខ្វះទឹកជាដាច់ខាត
ការដាក់ជី៖
- ក្រោយដាំ ៩ថ្ងៃ ដាក់ជី១៥-១៥-១៥ ចំនួន ៥ក្រាម និងជីអាសូត៤៦-០-០ ចំនួន ៥ក្រាម ក្នុង១ដើម
- ក្រោយដាំ ២៣ថ្ងៃ ដាក់ជី១៥-១៥-១៥ ចំនួន ក្នុង១ដើម
- ក្រោយដាំ ៣៧ថ្ងៃ ដាក់ជី១៥-១៥-១៥ ចំនួន ៥ក្រាម និងប៉ូតាស្យូម ០-០-៦០ ចំនួន ៥ក្រាម ក្នុង១ដើម
- ក្រោយដាំ ៥១ថ្ងៃ ដាក់ជី១៥-១៥-១៥ ចំនួន ២,៥ក្រាម និងប៉ូតាស្យូម ០-០-៦០ ចំនួន ២,៥ក្រាម ក្នុង១ដើម
- ក្រោយដាំ ៦៥ថ្ងៃ ដាក់ជី១៦-២០-០ ឬជី ២០-២០-១២ ចំនួន២,៥ក្រាម ក្នុង១ដើម
- ក្រោយដាំ ៧៩ថ្ងៃ ដាក់ជី១៥-១៥-១៥ ចំនួន ១៥ក្រាម និងជីអាសូត២០-២០-១៥ ចំនួន ២,៥ក្រាម ក្នុង១ដើម
សត្វល្អិតបំផ្លាញ
- ទ្រីប(Thrips)៖ វាធ្វើឲ្យផ្កា មានពណ៌ត្នោត ហើយឆាប់ជ្រុះ កួរសណ្តែក ស្លឹក និងត្រួយចាប់ផ្តើមរួញ ធ្វើឲ្យដើមលូតលាស់មិនល្អ ទិន្ន ផលទាប។
- ចៃ(Aphid)៖ វាធ្វើឲ្យស្លឹករួញ ក្នុងរយៈពេល ៣-៤ថ្ងៃ ធ្វើឲ្យស្លឹកកោងចុះក្រោម លូតលាស់យឺត
- ដង្កូវស៊ីរូងផ្លែ៖ វាចូលចិត្តស៊ីផ្កា ធ្វើឲ្យផ្កាមិនលូតលាស់ មិនចេញផ្លែ បើវាស៊ីកួរសណ្តែក ធ្វើឲ្យកួរសណ្តែករឆេតរឆូត
វិធានការ៖
- ចៀសវាងដាំសណ្តែកកួរដដែលៗក្នុងចម្ការ
- បេះសំបុកចៃដោយដៃ
- បេះផ្លែដែលមានដង្កូវស៊ីចេញ កប់ចោលឲ្យឆ្ងាយ
- ប្រមូលកាកសំណល់ពីការបំផ្លាញដុតចោល
- ប្រើប្លាស្ទិចគ្របរង ពេលដាំ
- ប្រើអន្ទាក់ស្អិត ចន្លោះ ៧-១០ម៉ែត្រ
- ប្រើប្រាស់ថ្នាំគីមីកសិកម្ម
ការប្រមូលផល
- សណ្ដែកកួរអាចបេះបាន នៅពេលមាន អាយុ៥៥-៦០ថ្ងៃ ដោយអាចបន្តបេះផលបានរៀងរាល់2-4ថ្ងៃ
- គួរបេះនៅពេលមានពន្លឺថ្ងៃតិចៗ និងយកចូលម្លប់ភ្លាម
- ការបេះអាចធ្វើឡើង ដោយការក្ដិចបណ្ដាច់ចេញពីទង ឬយកកន្ត្រៃកាត់
- គួរជ្រើសរើសបេះតែផ្លែណាដែលមិនប៉ោង មានភាពរលូនស្រលូនល្អ និងមិនគួរទុកឱ្យ ផ្លែឡើងចាស់ជាប់ នឹងដើមឡើយ ព្រោះនឹងធ្វើឱ្យទទួលបានផលតិច
- សណ្ដែកកួរមានអាយុប្រមូលផល យូរប្រមាណជា២០-៣០ថ្ងៃ
សូមអរគុណ ចំពោះការ Like សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រគេហទំព័រ Farmer DNA របស់យើង ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពី ព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្ម មកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!