បច្ចេកទេសដាំដុះដំណាំ ត្រសក់ស្រូវ

ត្រសក់ស្រូវ ជាបន្លែមួយដ៌ពេញនិយម តាំងពីផ្លែខ្ចី ដែលអាចយកទៅធ្វើជាបន្លែស្រស់ ធ្វើជ្រក់ ធ្វើត្រសក់ចាវជាដើម។ ចំណែកផ្លែទុំ ដែល ប្រជាជនខ្មែរយើង និយមទទួលទាន ដោយសារតែក្លិនក្រអូបឆ្ងុយ និងមានរសជាតិឆ្ងាញ់ពិសារ។ លើសពីនេះ ត្រសក់ស្រូវគឺ មានសារធាតុ ចិញ្ចឹម ជាច្រើនដូចជា វីតាមីន A, C និងសារធាតុរ៉ែមួយចំនួនទៀត។

លើសពីនេះ ត្រសក់ស្រូវ មានសារធាតុប្រឆាំងអុកស៊ីតកម្ម, ធ្វើអោយសុខភាពស្បែកប្រសើរឡើង, ល្អសម្រាប់ភាពស៊ាំ, ផ្លែឈើផ្តល់ជាតិទឹក, ជំរុញការលូតលាស់សក់, គ្រប់គ្រងសម្ពាធឈាម,  ជួយបង្កើនថាមពល, ជួយបញ្ចុះទម្ងន់,  ជួយសុខភាពបេះដូង, ជួយសុខភាពតម្រងនោម, ជួយដល់ការរំលាយអាហារ.

ដើម្បីទទួលបានទិន្នផលល្អ  យើងខ្ញុំសូមបង្ហាញពីវិធីសាស្ត្រ ក្នុងការដាំដុះ ដំណាំត្រសក់ស្រូវ ដូចខាងក្រោម៖

ការជ្រើសរើសពូជ

កសិករយើង និយមដាំដុះ ពូជប្រពៃណី ព្រោះគេអាចរក្សាទុកវាបានខ្លួនឯង ប្រសើរជាងពូជនាំចូល ដោយវាបន្សាំទៅនឹង លក្ខខណ្ឌអាកាសធាតុ ច្រើនជំនាន់ទៅហើយ។ ការជ្រើសរើសពូជ អនុវត្តដូចខាងក្រោម៖

  • រើសពូជ ដែលមានអត្រាដំណុះ ពី ៨៥-៩៥%
  • ជ្រើសរើសពូជសុទ្ធ បានសំរឹតសំរាំង តាមបច្ចេកទេសត្រឹមត្រូវ គ្មានមេរោគ សត្វល្អិចចង្រៃ
  • អាយុកាលគ្រាប់ រក្សាទុកបានត្រឹមត្រូវ មានលទ្ធភាពបន្តពូជបាន

ការជ្រើសរើសដី

  • ជ្រើសរើសដីមានជីជាតិពីធម្មជាតិ
  • ស្រទាប់ដាំដុះជ្រៅ ជ្រាបទឹករហ័ស
  • ជាប្រភេទដីក្រហមខ្ពង់រាប ដីភ្នំ ដីល្បាយខ្សាច់
  • ដីល្បាប់មាត់ទន្លេ ស្ទឹង បឹង ជាដើម ដោយសារធាតុមមោក
  • ដីមានpH ចន្លោះពី ៥,៥-៦,៨

ការរៀបចំដី

  • រាស់សម្អាតស្មៅ កាកសំណល់ផ្សេងៗ
  • ភ្ជួរដីឲ្យបានជ្រៅ ហាលដីឲ្យស្ងួតច្រើនសារ
  • រាស់បំបែកដីឲ្យម៉ដ្ឋល្អ ច្រើនសារ
  • លើករងកម្ពស់ ២០-២៥ស.ម ទទឹងរង ១២០-១៥០ស.ម កៀរដីឲ្យស្មើ
  • កាប់រណ្តៅចំកណ្តាលរង ជម្រៅ១០-១៥ស.ម ចន្លោះរណ្តៅនីមួយៗ ៧០ស.ម
  • យកដីរណ្តៅលាយជាមួយ ជីផូស្វាត និងជីធម្មជាតិកម្រិត ១០០-១៥០គ.ក្រ/ហិចតា ហើយច្របល់លប់ទៅវិញ

ការដាំដុះ

  • មុនដាំយកគ្រាប់ មកលាងសម្អាត ហាលថ្ងៃឲ្យក្តៅ ១-២ម៉ោង
  • ក្រោយមកយកទៅត្រាំទឹក ៤-៥ម៉ោង ហើយលាងទឹកស្អាត ៣-៤ដង
  • រួចយកគ្រាប់ទៅផ្អាប់ទុក ១យប់ ដើម្បីឲ្យគ្រាប់ពូជដុះស្មើៗគ្នា
  • គ្រាប់ពូជ ប្រើ ១,៨-២,២គ.ក្រ/ហិចតា
  • ពេលយកគ្រាប់ពូជទៅដាំ ត្រូវលាយជាមួយថ្នាំការពារផ្សិតបន្តិច ប្រើ២-៣ក្រាម/គ.ក្រគ្រាប់ពូជ
  • ដាក់ដាំ ១រណ្តៅ ពី៣-៤គ្រាប់ ជម្រៅ២-៣ស.ម
  • គ្របចំបើងស្ងួតពីលើគ្រាប់ពូជនោះ រួចស្រោចទឹកឲ្យសើមរណ្តៅ
  • អាចដាំដុះវា បានស្ទើរពេញមួយឆ្នាំ ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ចន្លោះពី ២៥-៣០ºC

ការថែទាំ

ការស្រោចស្រព៖

  • ពេលលូតលាស់់ដំបូង វាត្រូវការទឹកមធ្យម រហូតដល់ចេញស្លឹក ២-៣ស្លឹក កន្លែងដីដែលសំបូរ ប្រភពទឹកក្រោមដី ស្រោច៣-៤ថ្ងៃដំបូង ក្រោយដាំ
  • ពេលត្រសក់ចេញផ្កា រហូតដល់ប្រមូលផល វាទាមទារសំណើមច្រើន ស្រោចទឹក ពី៧-១០ថ្ងៃម្តង ដោយបាញ់ទឹកផ្សើមពីលើ ឬបញ្ចូលទឹកតាមរង

ការជ្រោយដី និងកំចាត់ស្មៅ៖

  • ជ្រោយដី ឲ្យដីធូរល្អ មានបន្ទុកខ្យល់ល្អ
  • បោចសម្អាតស្មៅឲ្យបានស្អាត ជ្រោយដីពូនគល់
  • ពូនគល់ក្រោយពី ត្រសក់ពន្លូតទង បាន៥-៦ថ្នាំង អាយុ១៨-២០ថ្ងៃក្រោយដាំ

ការប្រើប្រាស់ជី៖

  • ត្រសក់ចេញបានស្លឹក ២-៣ស្លឹក រយៈពេល ១០-១៥ថ្ងៃ ក្រោយដាំ យកជីអ៊ុយរ៉េ បរិមាណ ៣៥គ.ក្រ/ហិចតា ឬ៣០-៣៥ ក្រាមលាយទឹក ២០លីត្រ ស្រោចតាមគុម្ពឲ្យជោគ
  • ពេលជ្រំជ្រោយដី ១៨-២០ថ្ងៃ ក្រោយដាំ យកជី១៥-១៥-១៥ បរិាមាណ ១០០-១២០គ.ក្រ/ហិចតា រោយតាមគល់ហើយពូនដីលុបគល់ បន្ទាប់មកស្រោចទឹកឲ្យសើម
  • ក្រោយប្រមូលផលផ្លែខ្ចី បាន២-៣សារ យកជីអ៊ុយរ៉េ បរិមាណ ៥០-៧០គ.ក្រ/ហិចតា រោយជុំវិញគល់ ហើយស្រោចទឹកឲ្យជោគ
  • សម្រាប់ប្រមូលផលផ្លែទុំ យកជីអ៊ុរ៉េ ៤០គ.ក្រ/ហិចតា លាយជាមួយជីប៉ូតាស្យូម បរិមាណ ៥០-៦០គ.ក្រ/ហិចតា ច្របល់លាយគ្នា ហើយកប់ក្បែរៗគល់ ក្រោយត្រសក់ចេញផ្កា បាន២០-២៥ថ្ងៃ

សត្វល្អិតនិងជំងឺ

សត្វល្អិត

សត្វល្អិតជាភ្នាក់ងារចំលង៖

  • ចៃខ្មៅ ចៃបៃតង មមាចជញ្ជក់ស្លឹក រុយស មមង់ជញ្ជក់ស្លឹក វាច្រើនតែជញ្ជក់យករុក្ខរស ធ្វើឲ្យស្លឹកស្ងួត បន្ថយការលូតលាស់ បង្កឲ្យកើតជំងឺ

សត្វល្អិតស៊ីបំផ្លាញ៖

  • អណ្តើកមាសពណ៌លឿង៖ វាស៊ីស្លឹក ត្រួយ ផ្កា ក្តិបខ្ចីៗ ធ្វើឲ្យត្រសក់ក្រិន លូតលាស់យឺត
  • ដង្កូវបៃតងមូរស្លឹក៖ បំផ្លាញត្រួយខ្ចីៗ និងផ្កាទើបនិងរីកលើ
  • ដង្កូវចោះផ្លែ៖ វាចោះស៊ីក្តិបខ្ចីៗ ហើយរូងចូលក្នុងផ្លែ ធ្វើឲ្យផ្លែស្អុយ
  • រុយទិចផ្លែខ្ចីៗ៖ ធ្វើឲ្យក្តិបស្អុយ លែងលូតលាស់ ដោយបញ្ចូលពងវាទៅភ្ញាស់ក្នុងផ្លែ

វិធានការ៖

  • ប្រើពូជធន់និងជំងឺ
  • គ្រប់គ្រងវត្តមានសត្វល្អិត
  • ដាំដំណាំចំរុះ
  • សម្អាតចំការឲ្យបានស្អាត
  • ផ្តល់ទឹកឲ្យដំណាំបានគ្រប់គ្រាន់

ជំងឺ

  • ជំងឺរលួយកូន៖ បង្កដោយផ្សិត ធ្វើឲ្យកូនត្រសក់ទើបដុះ ដល់អាយុ១៥ថ្ងៃ ស្វិតគល់ ហើយរលួយ
  • ជំងឺស្ងួតស្លឹកពណ៌ត្នោត៖ បង្កដោយផ្សិត ធ្វើឲ្យស្លឹកស្ងួតផ្ទាំងៗ ដុំៗ ធំៗ បន្ទាប់មករីករាលដាលពេញផ្ទៃស្លឹក ជាពិសេសស្លឹកចាស់ រហូតធ្វើឲ្យផ្លែ ស្រឡាកខ្លោចសំបកដូចដំបៅ វាប៉ះពាល់ដល់ការផលិតផ្លែទុំ
  • ជំងឺផ្សិតម្សៅលើស្លឹក៖ ដំបូងកំណកម្សៅជាកញ្ចុំ លើស្លឹក រីកធំឡើងៗ ក្រោយមកស្លឹកត្រសក់ប្រែជាពណ៌ប្រផេះ ម្សៅសស្រអាប់ហុយតាមខ្យល់ ធ្វើឲ្យស្លឹកស្ងួតឬជ្រុះ
  • ជំងឺវីរុស ធ្វើឲ្យស្លឹកត្រសក់រួញខ្មូរ បន្ថយការលូតលាស់ ផ្លែទុំធ្វើឲ្យបាត់បង់រសជាតិ
  • បាក់តេរីធ្វើឲ្យស្រពោនស្លឹក៖ វាធ្វើឲ្យត្រសក់ស្រូវងាប់ពេលចេញផ្កា វាឆ្លងតាមទឹក ដី និងសត្វល្អិត
  • បាក់តេរីធ្វើរលួយផ្លែ៖ វាធ្វើឲ្យរលួយត្រសក់ ពេលផ្លែចាស់មិនទាន់ទុំ គឺជាំសំបកដុំៗ ហើយសាច់ខាងក្នុងរលួយជាស្រទាប់ៗ

វិធានការ៖

  • ជ្រើសរើសពេលវេលាដាំដុះ
  • ដាំដំណាំឆ្លាស់មុខ
  • ធ្វើអនាម័យសម្អាតចម្ការ
  • សម្អាតគ្រាប់ពូជមុនដាំដុះ
  • បន្ថយការស្រោចទឹក និងជីអាសូត
  • ដកដើមដែលមានជំងឺចេញពីចម្ការ

ការប្រមូលផល

  • ត្រសក់ស្រូវ អាចប្រមូលផលបាន ក្រោយដាំបានរយៈពេល ៤៥-៥០ ផ្លែខ្ចី
  • ការប្រមូលផល ធ្វើឡើង ៣-៤ថ្ងៃម្តង អាចប្រមូលបានច្រើនដង ក្នុង១វដ្តជីវិត ទិន្នផលជាមធ្យម ពី៨-១១តោន/ហិចតា
  • ប្រើកន្ត្រៃកាត់យកផ្លែ ដើម្បីរក្សាផ្លែបានយូរ ក្រោយកាត់ ត្រូវយកផ្លែមកទុកក្នុងម្លប់ និងរៀបចូលក្នុងស្ងួតមិនឲ្យរលូតសំបកឡើយ ព្រោះសំបកស្តើង កាលណាប៉ះទង្គិច បាត់បង់សោភ័ណ្ឌភាពទីផ្សារ
  • ចំពោះការប្រមូលផលផ្លែទុំ គេត្រូវត្រសក់ឲ្យទុំ ពេញលក្ខណៈរហូត របេះទងខ្លួនឯង
  • ត្រសក់ទុំ សាយក្លិនក្រអូបរបស់ អាយុកាល ៦៥-៧០ថ្ងៃ ក្រោយដាំ

ចំណាប់អារម្មណ៍៖

តាមរយៈអត្ថបទខាងលើនេះ  នឹងជួយដល់អ្នក ពីវិធីសាស្ត្រក្នុងការដាំដុះ ត្រសក់ស្រូវ   ឲ្យទទួលបានទិន្នផលល្អ និងចំណាយថវិការតិច។ ចំពោះបន្លែនេះ ក៏អាចដាំក្នុងផើងបានដែរ សម្រាប់អ្នកដែលទីធ្លាផ្ទះតូច ដីចង្អៀត ដាំឲ្យវារតោងតាមរបងផ្ទះក៏បាន។

ដូច្នេះបងប្អូន អាចពិចារណាក្នុងការដំាំដុះ ត្រសក់ស្រូវ នេះបាន ព្រោះវាមិនទាមទារ នូវបច្ចេកទេសដាំដុះ និងថែទាំ ស្មុគស្មាញនោះទេ  អាចទទួលទានបានជាប្រចាំថ្ងៃ ហើយវាក៏អាចជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារបានមួយផ្នែកផងដែរ ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts