ល្ហុង ជាប្រភេទដំណាំហូបផ្លែ ហូបបានទាំងផ្លែខ្ចី ផ្លែស្រគាល និងផ្លែទុំ វាមានទីផ្សារគ្រប់រដូវកាល មិនថាជារដូវណាទេ។ ល្ហុងត្រូវបានគេ យកទៅប្រើប្រាស់ធ្វើម្ហូបបានជាច្រើនប្រភេទ ដូចជា ស្ងោរ ស្ល ធ្វើជ្រក់ ធ្វើផ្អក ធ្វើម៉ាំល្ហុង ធ្វើជាបង្អែម ភេសជ្ជៈ កែច្នៃជាដំណាប់ក្រៀម ខាប់ ជាដើម។
ក្រៅពីការប្រើប្រាស់ ផ្លែល្ហុងមានផ្ទុកនូវ សារធាតុចិញ្ចឹម ដូចជា វីតាមីន A, C, ប៉ូតាស្យូម, មានសារធាតុ Folate ជាតិសសៃរ និង លីកូប៉ែន (Lycopene), មានប្រសិទ្ធិភាពក្នុងការប្រឆាំងអុកស៊ីតកម្មខ្លាំង, អាចពង្រឹងសុខភាពបេះដូង, អាចពង្រឹងសមត្ថភាពរំលាយអាហារ, ការពារពីការខូចស្បែក, ការពារជំងឺមហារីក, ជួយឱ្យស្បែកក្មេងជាងវ័យ, ជួយបន្ធូរការឈឺចាប់ពេលមករដូវ, ជំនួយសុខភាពភ្នែក, ការពារជំងឺរលាកសន្លាក់
ខាងក្រោមនេះ ជាបច្ចេកទេសក្នុងការដាំដុះល្ហុង
ការជ្រើសរើសពូជដាំដុះ
- ចំពោះលក្ខណៈពូជ ដែលជ្រើសរើស ត្រូវមានផ្លែធំវែង ផ្លែច្រើនមិនដាច់ ដើមមានសុខភាពល្អ
- នៅពេលដែលផ្លែទុំល្អ ពុះយកគ្រាប់ចេញពីផ្លែ
- លាងទឹកឲ្យជ្រះរំអិល រួចយកទៅហាល ឬសំដិលរហូតស្ងួត ២-៣ថ្ងៃ ទើបយកទៅច្រកកែវទុក
ការបណ្តុះកូនល្ហុង
- យកគ្រាប់ទៅបណ្តុះ មុននឹងយកទៅដាក់ដាំក្នុងចំការ
- យកដីដែលមានជីជាតិ ច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅ
- យកគ្រាប់ទៅត្រាំទឹករយៈពេល ២ ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ ថ្ងៃ ឲ្យដុះពន្លកសៗ
- យកគ្រាប់ដែលបណ្តុះ ទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់ ក្នុង ១ ថង់
- ក្រោយពីដាក់គ្រាប់បណ្តុះហើយ ស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ដើម្បីឲ្យកូនល្ហុងលូតលាស់ល្អ
- ថ្នាលបណ្តុះកូន ប្រក់រោងសំណាញ់ ដើម្បីកុំឲ្យកូនល្ហុងត្រូវពន្លឺខ្លាំងពេក
ការរៀបចំដីដាំដុះ
- ភ្ជួរហាលដី ៤-៥លើក ដោយចន្លោះពីមួយលើក ទៅមួយលើកមាន រយៈពេល ១០ ថ្ងៃ
- ពេលភ្ជួរលើកទី ១ ដាក់ជីលាមកសត្វពុកផុយល្អ
- ក្រោយពីភ្ជួររាស់ហាលដី លើកជារងដែលមានទទឹង ១,៥ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី
- នៅលើរង ជីករណ្តៅជាជួរ រណ្តៅនិមួយៗទំហំ ៣០ស.ម បួនជ្រុង និងជម្រៅ ៣០ស.ម ទុកចន្លោះពីររណ្តៅមួយទៅមួយ ២,៥ ម៉ែត្រ
- នៅក្នុងរណ្តៅនិមួយៗ ដាក់ជីលាមកសត្វពុកផុយ ច្របល់ជាមួយដីឲ្យសព្វ
- កូនល្ហុងអាយុ ១ខែ ទៅ២ខែ កម្ពស់មួយចង្អាម អាចយកទៅដាំបាន
- មុនយកកូនល្ហុងទៅដាំ ស្រោចទឹកឲ្យជោគ
ការដាំដុះល្ហុង
- ចាប់ផ្តើមយកកូនល្ហុងទៅដាំ នៅចុងខែមេសា ឬដើមខែឧសភា ដែលជាដើមរដូវ ដើម្បីកាត់បន្ថយការស្រោចទឹក
- កូនល្ហុងដែលយកមកដាំ ត្រូវហែកថង់ចេញ រួចដាក់ក្នុងរណ្តៅ
- យកដីនៅមាត់រណ្តៅ លុបសង្កត់ឲ្យណែន
- រួចយកកំទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឲ្យជោគ
- ក្នុងមួយរណ្តៅដាំមួយដើម ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ
ការថែទាំល្ហុង
- ពេលល្ហុងនៅតូច ស្រោចទឹក១ថ្ងៃម្តង ដោយប្រើទុយយោបាញ់នៅលើស្លឹក
- ក្រោយដាំបានមួយខែ សម្អាតស្មៅជុំវិញគល់់ឲ្យស្អាត
- រយៈពេល ២ខែកន្លះ ទៅ៣ខែ ល្ហុងចាប់ផ្តើម ចេញផ្កាហើយ នៅពេលចេញផ្កា ធ្វើស្មៅ ពូនគល់ទៀត
- ដល់ល្ហុងធំចេញផ្កាបញ្ចូល ទឹកនៅតាមចន្លោះរង ៣ថ្ងៃម្តង ធ្វើយ៉ាងណាកុំឲ្យដីស្ងួតពេក ឬសើមពេក
- នៅពេលចេញក្តិប តែងតែមានត្រួយល្ហុងដុះ តាមធាងនៃដើម ត្រូវបេះវាចេញ ដើម្បីឲ្យផ្លែល្ហុងរីកធំល្អ និងផ្លែច្រើន
- ឧស្សាហ៍ពូនគល់ គឺនៅពេលដែលសង្កេតឃើញ ឫសល្ហុងមួយចំនួនដុះលើផ្ទៃដី
- ល្ហុងត្រូវការពន្លឺថ្ងៃ ត្រូវកាច់មែកងាប់ៗ នៅក្បែរគល់ប្រមូលចោល
- ធ្វើស្មៅក្បែរគល់ ដើម្បីកុំឲ្យមានភាពស៊ុបទ្រុប ឲ្យពន្លឺចាំងចូលគ្រប់គ្រាន់
- នៅពេលចេញផ្លែ ដើមដែលមានផ្លែវែងទុកវា ដើមដែលមានផ្លែខ្លីកាប់ចោល ដើម្បីឲ្យចម្ការមានដែលដើមផ្លែវែងទាំងអស់
- ប្រើជីកែង ចំនួន ៥ គីឡូក្រាម សម្រាប់បំប៉នដោយដាក់នៅក្បែរគល់មួយរណ្តៅបន្តិចៗ ។
បញ្ហាលើដំណាំល្ហុង
- ក្នុងការដាំល្ហុងនេះ គាត់តែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា
- ជំងឺរលួយគល់ ធ្វើឲ្យស្លឹកស្រពោន រលួយឫស និងគល់ត្រឹមស្មើដីតែម្តង
- ជំងឺពុកឫសកែវធ្វើឲ្យស្លឹកឡើងលឿង និងបញ្ឈប់ការចេញផ្លែ
- ជំងឺឆ្កួតត្រួយ ធ្វើឲ្យត្រួយរួញ ហើយផ្អាកការចេញផ្លែ
- ជម្ងឺជាំទឹក បណ្តាលមកពីផ្សិត ដែលរស់នៅដីសើម ធ្វើឲ្យស្លឹកឡើងលឿង រួចស្វិតស្រពោនធ្លាក់ចុះ ឬសរលួយដាច់ត្រឹមគល់ វាច្រើនកើតលើកូនល្ហុងដែលដុះផ្តុំគ្នា។
- ជម្ងឺរលួយផ្លែ បណ្តាលមកពីផ្សិត កើតលើផ្លែទុំ សម្បកឡើងជាំខ្មៅ ហើយដាច់រលួយចេញទឹក ច្រើនកើតនៅរដូវវស្សា ហើយរាលដាលពីផ្លែមួយទៅផ្លែមួយយ៉ាងរហ័ស
- ជម្ងឺរួញស្លឹក បណ្តាលមកពីចៃ វាប្រើមាត់ស្រួចៗ បំផ្លាញស្លឹកល្ហុង ធ្វើល្ហុងជ្រួញបត់ផ្នត់ៗ ទងស្លឹកសំយ៉ុងធ្លាក់ចុះក្រោម
- ជម្ងែក្រាស៊ី បណ្តាលមកពីស្រឹង ពងដាក់លើស្លឹក ធ្វើឲ្យស្លឹកឡើងជាំក្រម៉ៅ និងបាត់បង់ជាតិទឹក បន្ទាប់មកស្លឹករមូខុសធម្មតា ប្រែជាពណ៌ប្រាក់ និងមានពកសៗ ជាច្រើនលើផ្ទៃស្លឹក ជួនពកលើផ្លែផងដែរ
វិធានការណ៍
- បើល្ហុងនៅតូច ដកដើមចោល ឬ កាត់ស្លឹក ឬ ត្រួយដែលកើតជំងឺចោល
- ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឲ្យផ្លែមិនសូវលូតលាស់ ហើយគ្មានរសជាតិ
- ត្រូវដាក់ផ្លែដែលមានជម្ងឺ ដាច់ដោយឡែក ឬកប់ចោលឲ្យឆ្ងាយពីចម្ការ
- ត្រូវប្រុងប្រយ័ត្នការប៉ះទង្គិច កុំឲ្យផ្លែដាច់ ឬរលាត់
- ត្រូវប៉ះផ្លែល្ហុងពេលស្រគាល កុំឲ្យទុំជោរ
- ត្រូវសម្អាតស្មៅឲ្យស្អាតពីចម្ការ
- បើមានការបំផ្លាញខ្លាំងក្នុងចម្ការ ត្រូវប្រើថ្នាំសម្លាប់សត្វល្អិត ១អាទិត្យម្តង នៅពេលរសៀលត្រជាក់ ព្រោះជាពេលដែលសត្វល្អិតបំផ្លាញដំណាំ
ការប្រមូលផលល្ហុង
- ក្រោយពេល ដាំបានរយៈពេល ៥-៦ខែ ប្រមូលផលផ្លែល្ហុងចាស់លក់
- ការបេះធ្វើឡើង បន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី ១ រហូតដល់ខ្សោយ ទើបកាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ
ចំណាប់អារម្មណ៍
បងប្អូនមានដីចម្ការ ឬដីទំនេរមិនទុកចោល ហើយចង់បានមុខរបរបន្ថែម អាចធ្វើការដាំដុះដំណាំល្ហុងនេះបាន ព្រោះដំណាំនេះ មិនទាមទារបច្ចេកទេសស្មុគស្មាញនោះទេ។ ម្យ៉ាងវិញទៀត ល្ហុងមានតម្រូវការទីផ្សារគ្រប់ពេលវេលា មិនប្រកាន់រដូវនោះទេ។ មុនធ្វើការដាំដុះ សូមបងប្អូនត្រូវចេះជ្រើសរើសពូជណា ដែលមានតម្រូវការទីផ្សារខ្ពស់ យកមកដាំដុះងាយស្រួលលក់ និងបានតម្លៃខ្ពស់។