បច្ចេកទេសដាំដុះ ក្រូចឃ្វិច

ក្រូចខ្វិច ជាក្រូច ដែលពេញនិយម ហូបស្រស់ ព្រោះវាមានរសជាតិ ផ្អែមឆ្ងាញ់ មានក្លិនក្រអូបឆ្ងុយ។ ក្រូចឃ្វិច ត្រូវបាន គេនិយម ប្រើសម្រាប់ ជាគ្រឿងរណ្តាប់ ក្នុងពិធីសែនប្រៀន បន់ស្រន់ ហើយក៏ប្រើប្រាស់ជាផ្លែឈើ ក្នុងកម្មវិធីមង្គលផ្សេងៗ ជាដើម ហើយវាមានតម្លៃទៀតផង។ ដោយសារតែភាពពេញនិយម សម្រាប់ពីផ្សារនេះ ធ្វើឲ្យក្រូចឃ្វិច ទទួលបានការគាំទ្រ ពីអ្នកប្រើប្រាស់ទូទៅ។

ក្រៅពីការ ទទួលទាន និងប្រើប្រាស់ សំបូរបែបនេះ នៅក្នុងផ្លែក្រូចឃ្វិច មាន ផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនដូចជា៖ វីតាមីន A, C, ប៉ូតាស្យូម, ហ្វ័ឡាត ជាតិសរសៃ ជាដើម។

លើសពីនេះ ក្រូចឃ្វិច ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ, ជួយទប់ស្កាត់ជំងឺមហារីក, ជួយគ្រប់គ្រង សម្ពាធឈាម, ជួយសុខភាពភ្នែក និងឆ្អឹង, ជួយទប់ស្កាត់ជំងឺមហារីក។

ខាងក្រោមនេះ គឺជាបច្ចេកទេសក្នុង ការដាំដុះ ក្រូចឃ្វិច៖

https://economictimes.indiatimes.com/magazines/panache/hoarding-up-on-oranges-and-tangerines-may-help-reduce-obesity/articleshow/74475890.cms

ការរើសទីតាំងដាំ

  • បើចម្ការយើងជាដីទូលាយ យកទីទាបជាងគេដាំក្រូច
  • បើចម្ការជាដីស្រែលើ នោះជាទូទៅទឹកលិចត្រឹមស្មង ឬជង្គង់
  • បើយើងនៅតាមដងស្ទឹង ឬទន្លេ ដីយើងជួនទឹកមិនលិច ជួនទឹកលិចត្រឹមជង្គង់ ឬលើជង្គង់បន្តិចក៏អាចដាំក្រូចបាន រីឯទីទឹកលិច ដល់ត្រឹមចង្កេះគួរដាំស្វាយ
  • ទីតាមស្ទឹងទន្លេ គួរដាំឫស្សីជារបាំងខ្យល់តាមព្រុំ ដើម្បីកុំអោយខ្យល់បោករំលំដំណាំនានា នៅរដូវវស្សាពេលទឹកលិច

ការជ្រើសរើសពូជ

  • ក្រូចឃ្វិចមាន ច្រើនបែបខុសគ្នាដោយ សណ្ឋានរាងរៅ ប៉ុន្តែយើងគួរដាំពួកផ្លែប៉ុនកដៃ ដែលក្រអូបឈ្ងុយ ព្រោះពួកនេះល្មោភផ្លែ
  • ត្រូវរើសយកផ្លែនៅមុនចូលឆ្នាំចិន ព្រោះច្រើនជំពូកដែលមានផ្លែទំនៅមុនចូលឆ្នាំចិន ទើបមានតំលៃ ហើយងាយធ្វើអោយផ្អែមផង

ការបណ្ដុះគ្រាប់

  • រើសយកថង់ដែលញាត់ដីហើយបានប៉ុនភ្លៅ កំពស់១ចំអាម ឬយកបំពង់ឫស្សីធំៗ ទំលាយថ្នាំង
  • លាយដីកណ្ដេងដែលសំបូរអាចម៍ជន្លេន ជាមួយជីកំប៉ុស៍អោយស្មើភាគគ្នា
  • តំរៀបថង់ ឬបំពង់ដីនៅ ទីមានម្លប់ខ្លះ កំដៅខ្លះ
  • គ្រាប់ដែលទើបហូបហើយយកលាងទឹកអោយជ្រះស្អាតសិន ដើម្បីកុំអោយស្រមោចរោមស៊ីជាតិផ្អែម ដែលបណ្ដាលអោយដាច សំបក រហូតដល់ស៊ីទាំងសាច់គ្រាប់ខូចខាតអស់តែម្ដង
  • ក្នុង ១ថង់ត្រូវដាក់ ៦-៧គ្រាប់ ពេលដុះ ក្នុងមួយថង់ៗ ច្រើនដុះ២ដើម
  • ដាក់គ្រាប់់ហើយត្រូវរោយដីម៉ត់លុបតិចៗ និងរាយកំទេចចំបើងពីលើ ធ្វើយ៉ាងណាអោយជិតគ្រាប់ ទើបស្រមោចមិនស៊ី
  • ស្រោចទឹកថង់រាល់ ២ថ្ងៃម្ដង
  • ពេលគ្រាប់ដុះបានកូន១ចង្អុលដៃហើយ ត្រូវដកកូនតូចៗ ចេញបណ្ដើរៗ លុះត្រាដល់កូនកំពស់បាន១ចំអាម ទើបសំរេចទុកតែ១ ដែលខ្ពស់ជាងគេ ក្នុងថង់នីមួយៗ
  • កូនក្នុងថង់ត្រូវឧស្សាហ៍ស្រោចទឹកនោម ឬជីកំប៉ុសទឹកលាយ៣ត្រឡោកក្នុង១ប៉ោតទឹក រាល់២ថ្ងៃម្ដង ដើម្បីអោយវាស្ទុះលឿន ទើបឈ្នះពួកដង្កូវ

ការរៀបរណ្ដៅ

  • នៅទីដីទួលត្រូវជីករណ្ដៅខ្នាត ០.៨ម x ០.៨ម ចំងាយ៦ម៉ែត្រពីដើម១ ទៅដើម១
  • នៅលើដីស្រែចាស់ដែលទឹក តែងដក់ពាក់កណ្ដាលស្មង ឬត្រឹមជង្គង់ ត្រូវរៀបរណ្ដៅដូចគ្នានឹងរណ្ដៅចេក ដែលដាំនៅក្នុងដីចម្ការ ដែលជាស្រែចាស់ មានទឹកលិចដូចគ្នា តែមិនធ្វើប្រឡាយទេ
  • នៅតាមដងស្ទឹង មាត់ទន្លេ ដែលជួនគ្មានទឹកលិច ជួនលិចត្រឹមជង្គង់ នោះការរៀបរណ្ដៅ ពុំចាំបាច់ប្រើកំលាំងច្រើនទេ គឺយកកូន ដែលបណ្ដុះដោយបំពង់ឫស្សីមកដាំ ព្រោះបំពង់ស្សីវាកំពស់ ជិតត្រឹមជង្គង់ស្រាប់
  • ទីសំរាប់ដាំត្រូវកាប់ផ្លាក់ ឬភ្ជួរមិនចាំបាច់ រាស់តាំងពីពេលអស់ភ្លៀង
https://thelazyholiday.com/quick-guide-to-tangerine-picking-in-jeju/

ការដាំដុះ

  • ដាំនៅក្រោយចូលឆ្នាំខ្មែរ នាចុងខែ៤ ឬដើមខែ៥
  • គ្រប់រណ្ដៅ មុនដាំត្រូវថែមជីកំប៉ុស២បង្គី រាយរួចកាប់ច្របល់លាយ ជាមួយដីក្នុងរណ្ដៅអោយសព្វ រួចកាយក្រឡុកស្រោចទឹក អោយជោគនៅ២ម៉ោងមុនដាំ
  • ក្រូចជាប្រភេទដើមតូច សំបូរឫសខាង យើងអាចដាំ ដោយគ្រាន់តែស្រោចទឹកបន្តិចជិតគល់ អោយដីជ្រាយ យកចង្អុលដៃរុកចុះ សៀគល់អែបឫសកែវ ដល់ជំរៅ២ថ្នាំងដៃ យកចុងកូនកាំបិតមុតស្រួច ចាក់ផ្ដាច់ឫសកែវចោល ទើបហុចផលខ្ពស់ ។
  • កាត់ឫសកែវចោលហើយ បើដាំនៅដីទួល ឬក្នុងស្រែចាស់ដែលបានលើករណ្ដៅខ្ពស់
  • ត្រូវយកកូន ដាក់ថង់មកហែកថង់ ចេញទើបដាក់កូនចំរណ្ដៅដែលវែកទុក
  • សង្កត់អង្កៀកដុំដី រំកូនអោយធ្ងន់ដៃបន្តិច ដើម្បីអោយកូនឋិតនៅត្រង់ ក្នុងពេលស្រោចទឹក
  • ទាញដីម៉ត់មកលប់បង្ហាប់ដោយដៃទប់គល់អោយនឹង ដីអែបគល់ឡើងកំពុង គ្របរណ្ដៅដោយសំរាម សង្កត់ធាងដូង ការពារកុំអោយមាន់កកាយ
  • បាំងកំដៅថ្ងៃ ដោយធាងដូង ព្រោះកូនក្រូចចាញ់កំដៅថ្ងៃណាស់
  • លើដីដងស្ទឹង ឬទន្លេ ដែលជួនកាលទឹកលិចត្រឹមជង្គង់ ឬលើជង្គង់ ត្រូវដាក់បំពង់បណ្ដុះកូននៅត្រង់ចំណុចត្រូវដាំ
  • យកពូថៅតូចមកពុះបំពង់ច្រៀកច្រើនកន្លែង ទាញញែកចេញអោយប្រហោងជុំវិញ យកដុំដី២-៣ទប់បំពង់អោយឈរត្រង់
  • យកចបកាប់ជំរះស្មៅ ឬដីសើរលើជុំវិញ ប្រមូលមកទប់បំពង់លុះដល់ដីខ្ពស់ជិតមាត់បំពង់
  • បើចង់ស្រូតរូតដាំអោយរួចនៅថ្ងៃទី១ ក៏បានដោយគ្រាន់តែជំរះទាញដីទប់បំពង់អោយហ្នឹងទុកសិន
  • នៅថ្ងៃទី២ ទី៣ ត្រូវមកជំរះទាញដីទប់បំពង់ថែម យកកូនពូថៅពុះច្រៀកបំពង់ថ្នមៗ ហូតចេញម្ដង១ចំរៀកតូច លុះត្រាអស់ទើបជំរះដីពូនថែមរហូតដល់ជិតគល់ ហើយរីកធំដោយធ្វើបណ្ដាក់ច្រើនសារ
  • ស្រោចទឹករាល់២ថ្ងៃ ម្ដងបើគ្មានភ្លៀង
  • ដាំកូនក្រូចក្រោយចូលឆ្នាំ ទោះគ្មានភ្លៀងក្ដី ក៏វាទ្រាំបានដែរ ព្រោះកូនក្រូចបង្អត់ទឹកទុកក្នុងថង់ស្រាប់ គឺវាស៊ាំនិងភាពស្ងូតហើយ
  • មុនដាំត្រូវបោះបង្គោល១ នៅខាងជើងខ្ពស់ជាងកូនក្រូច ដើម្បីចងធាងដូងបាំងកំដៅ

ការរៀបចំដីអោយមានជីល្អរហូត

  • ធ្វើអោយដីសំបូរអាចម៍ជន្លេនទេ ទើបល្អសព្វយ៉ាង គឺតាំងពីតូច កូនក្រូចឈ្នះសត្វល្អិត ទោះសត្វស៊ីខ្លះក្ដីក៏វាចេញត្រួយ បែកសន្លឹកញាប់
  • លុះពេលក្រូច ចូលឆ្នាំទី៣ ស៊ឹងតែអស់មានបញ្ហាដង្កូវ ដល់ពេលវាផ្កាផ្លែក៏ពុំមានបញ្ហារលុកស្អុយចោទ ឯផ្លែក៏មាន រសជាតិល្អទៀត
  • រកពូជជន្លេនទ្រកមកដាក់ ប្រមូលសំរាម កំទេចពុកៗ ដើមពោត កាត់តំរៀបពីលើដីតាំងពីជិតគល់ទៅ
  • បើក្រូចធំហើយ គ្របសំរាមចំងាយ ១ម៉ែត្រ ពីគល់
  • សំរាប់គ្រប់ពួកឈើយកផ្លែ នៅមានជីម្យ៉ាងទៀតដែលយើងពុំទាន់សូវបានលើក វាជាជាតិហ្វូសស្វាតមានប្រភពពីសំបកខ្ចៅ លាស គ្រុំ ងាវ ខ្ចង យកវាមកបាចលើដី ដូចព្រោះស្រូវរាល់២ឆ្នាំម្ដង ដើម្បីជួយអោយឫសចាក់លឿន ផ្លែល្អ ហើយច្រើនផង
https://www.amazon.in/Vamsha-Nature-Care-Orange-Tangerine/dp/B07B3W23DP

ការស្រោចស្រព

  • តាំងពីដារហូតដល់រៀបផ្លែ ត្រូវកាប់ផ្លាក់ដីចោល២-៣សារ នៅចុងរដូវភ្លៀង ដូចមេរៀនស្ដីពីរបៀបប្រើប្រាស់ទឹកក្រោមដី
  • ការផ្គត់ផ្គង់ទឹករបៀបនេះធ្វើអោយដំណាំក្រូចស្ទុះល្អណាស់ នៅរដូវប្រាំងរាំរិះ ព្រមទាំងបែកត្រួយច្រើនសារទៀតផង
  • ការកាប់ផ្លាក់ ឬភ្ជួររាស់នេះ នៅមានប្រយោជន៍១ទៀត គឺការរៀបដីដាំពោតនៅចុងខែ៤ ឬដើមខែ៥ បើយើងនិយាយថា កាប់ដីទុកដាំពោត នោះក្រូចដូចជារួចអស់ ការរវល់ធំតាំងពីដាំហើយម្លេះ

ការរៀបចំដីសំរាប់ក្រូចផ្លែហើយ

  • កាលណាក្រូចពេញអាយុហុចផលហើយ របៀបផ្គត់ផ្គង់ទឹកត្រូវប្រែប្រួល ផ្ទុយគ្នានៅក្នុងរដូវប្រាំង
  • ក្រូចធំត្រូវការឆ្លងកាត់ភាពក្ដៅ ស្រេកទឹក១រយៈសិន ដើម្បីសំរាកលុះដល់មានភ្លៀងធ្លាក់វាចេញផ្កា ដូច្នោះនៅរដូវរំហើយ ដីដាំក្រូចគ្រាន់តែភ្ជួរបក១សារ ពុំចាំបាច់រាស់បំបែកឡើយ គឺយើងទុកអោយទឹកវាហួតចេញចុះ
  • កាប់ដើមចេកតាមចន្លោះចោលនៅឆ្នាំទី៣ ហើយបើមានទៅស្រឡះតូចៗ អាចដាំពោតបាន១ទៅ២ជួរ កុំទុកអោយដីនៅទំនេរ ព្រោះដីកាប់បកស្រេច រីឯជន្លេក៏ត្រូវការកំទេចពុករបស់ដើមពោត

ការទល់មែក

មែកណាជាប់ផ្លែខ្លាំងត្រូវយកឈើបោះជ្រែងទល់វាផង ព្រោះក្រូចឃិ្វចច្រើនជួបរឿងបាក់រយៈមែក ដោយផ្លែច្រើនហួស

ការចេញផ្កាដំបូង

បើការដាំបានថែទាំល្អ និងរៀបចដំដីអោយមានជីល្អ នោះនៅឆ្នាំទី៣ ក្រូចអាចមានផ្កាចេញខ្លះ

ការចេញផ្កាជាប់ផ្លែ

  • នៅឆ្នាំទី៤ គួរទុកតែ ៤-៥ គ្រាន់មើលលេងតែប៉ុណ្ណោះ ព្រោះប្រញាប់ទុកផ្លែច្រើន ក្រូចប្រាកដជាអាយុខ្លី ។
  • នៅឆ្នាំទី ៥-៦ ក៏គ្រាន់តែតំឡើងផ្លែខ្លះតែប៉ុណ្ណោះ កុំអោយកាន់ច្រើននាំឆាប់ងាប់ដើម ។
  • ពេលចេញផ្កាត្រូវលាយផេះផ្ទី ៣គីឡូ ក្នុងទឹកកន្លះប៉ោតស្រោចគល់ ទើបជាប់ក្ដិបច្រើន ។
  • បើមានរលុះទោះតូចក្ដី ធំក្ដី សូមកុំស្ដាយព្រោះនេះជាភាពហួសកំលាំងរបស់វា ។ ពេលរលុះត្រូវកាត់ផ្លែ ប្រុងរលុះចោលកុំអោយរលុះទាន់ ហើយថែមជីខាងក្រោមសំណុំដើម ត្រង់ចុងសំយាយមែក គឺពង្រាយពួកផ្ទីចំបើង ធាងដូង ជីសំបកខ្ចៅ ព្រមទាំងធ្វើភ្លឺ ទាបៗ ខ្វែងក្រឡាក្នុងទីដាំក្រូច ដើម្បីតំកល់ទឹកភ្លៀងខ្លះៗ ល្មមដក់ ១ ឬ ២ថ្ងៃរីងវិញ
  • កុំទុកអោយវារលុះក្ដិបច្រើនទាន់ គឺពេលចេញផ្កាជាប់ក្ដិបហើយត្រូវតែដាក់ជីទ្រទ្រង់ក្ដិប ជាមុន ដោយជញ្ជ្រាំ

ការធ្វើអោយរសផ្អែម

  • ក្រូចស្រួលអនុវត្តអោយរសផ្អែមណាស់ ព្រោះវាចាស់តំណាលគ្នា
  • មុនបេះ ១០ថ្ងៃត្រូវយកផេះសំបកគ ផេះផ្ទី ផេះធាងដូង ៣គីឡូលាយទឹក១ប៉ោតស្រោចជុំវិញគល់យឺតៗ

ការចង់ពន្យាពេលបេះ

បើក្រូចរកកលទំមុនចូលឆ្នាំចិន ឬបុណ្យទានអ្វីនោះយើងអាចស្រោចទឹកច្រើនរហូតអោយដក់ក្រោមដើមជាកំពែង អាចពន្យឺតពេលទំបានប្រហែល ២០ថ្ងៃ ។

ការការពារដំណាំ

  • ពីតូចត្រូវឧស្សាហ៍ដើរបេះដង្កូវ
  • ស្លឹកខ្មូរៗ ដោយកូនដង្កូវតូចវារពីលើ ហើយទុស្នាមពណ៌ប្រាក់នោះ មិនជាបញ្ហាអ្វីទេ ។
  • ទាំងដង្កូនស៊ី ទាំងស្លឹកខ្មូរ លុះមានចេញផ្កាម្ដង ក៏សឹងតែបាត់អស់ ។
  • ទប់ និងដង្កូវដោយជំរុញការលូតលាស់ វិធីសក្ដ័សិទ្ធបំផុត គឺគ្រាន់តែធ្វើអោយដីមានជីល្អតាមការទ្រទ្រង់អោយមានជន្លេនទ្រក ច្រើន ។
  • កាលដើមនៅតូច ឧស្សាហ៍ស្រោចជីកំប៉ុសទឹក ខ្នាតលាយ ៣-៤ ត្រលោកក្នុង១ប៉ោតទឹកពីលើស្លឹក
  • ក្រូចធំកាលបើមានជំងឺណា១ចំលែក ធ្វើអោយដើមទ្រាំរស់ ឬល្អពុំបាននោះ យើងពុំចាំបាច់រកវិធីព្យាបាលទេ គឺកាប់ចោលតែម្ដង ដោយត្រៀមសាកយកមែក ឬបំបៅមកដាំជួសវិញ ។
  • បើទឹកជំនន់ធំលិច មិនត្រូវដើរចូលចំការទេ ទោះបីដាំក្រូចក្ដី និងឈើផ្សេងៗក្ដី លើកលែងតែស្វាយដែលគល់ធំហើយ នោះអាចដើរ ចូលបាន ព្រោះចំពោះកូនឈើស៊ីផ្លែខ្នាតតូច ប្រព័ន្ធឫសវាក៏ខ្សោយដែរ ដែលធ្វើអោយវាងាប់ កាលណាមានការរង្គើ ។
https://morningchores.com/growing-tangerines/

ការតាក់តែងដំណាំក្រូច

ការតាក់តែងឫស

  • ពេលដាំកូនបាន៤ខែ គឺក្នុងរង្វង់ខែ៨ ពេលនេះយើងស្មានថាឫសវាចេញក្រៅបំពង់បានប្រហែលជា១ចំអាម ត្រូវឈរបែរមុខរក កូនក្រូចយកចបកាប់ទាញដីចំងាយ១ចំអាមពីបំពង់ ជំរៅ១ចំអាមមានមាត់ចង្អូរជិតកន្លះម៉ែត្រ ទើបយកអាចម៍គោ ឬជីកំប៉ុស១បង្គីធំ រាយជុំវិញ ទើបកាយដីពីក្រៅលប់លុះត្រាស្មើមាត់រណ្ដៅវិញ ។ យើងកាប់ផ្ដាច់ឫសរបៀបនេះ ដើម្បីអោយឫសវាបែកស្ញេះច្រើន ថែមទៀត
  • ពង្រីកចង្អូរកាយដីអោយបានទីទូលាយ ដើម្បីឫសចាក់ចេញឆ្ងាយឆាប់
  • ដល់ខែ៥ ឆ្នាំទី២ ត្រូវឈរបែរមុខរកកូនក្រូច កាប់ដីចំងាយ៣ចំអាម ពីគល់ ជារង្វង់ជុំវិញ ជម្រៅ ២០-៣០ស.ម មានមាត់ចង្អូរកន្លះម៉ែត្រ ដើម្បីផ្ដាច់ឫស១សារទៀត រួចរាយជីកំប៉ុស៣បង្គី ជ្រុំច្របល់អោយទីទូលាយចេញក្រៅរង្វង់ដែលជីក ទើបជំរះស្មៅលាយដីទាញមកគ្របពូនពីលើថែមទៀត ។ ដីជំរះទាញពូននេះ ត្រូវព្យាយាមច្រើនសារ លុះត្រារង្វង់ធំជាងកង់រទេះ កំពស់ផុតទឹកនារដូវវស្សាដែលតែងតែលិច ភាគច្រើនត្រឹមជង្គង់ ធ្វើរបៀបនេះក្រូចច្រើនមិនលិចទឹក តែបើទឹកជំនន់ធំខ្លាំង វិញនោះ ការលិចក៏ឋិតក្នុងរយៈពេលខ្លី ត្រូវគោកផុតទឹកវិញ

ការតាក់តែងមែក

  • ក្រូចឃ្វិចមិនអាចកាត់តែងមែក តាមក្បួនដូចស្វាយបានទេ ព្រោះរបៀបបែកខ្នែងវាខុសគ្នាពីស្វាយ
  • ដោយសំណុំដើមក្រូចឃ្វិចរាងមូលត្រសុំ ហើយទងមែកច្រើនចេញខាងស្មើៗ តែងរាងទន់សំយាយ លុះដល់កាន់ផ្លែច្រើន មែកវាជាទូទៅច្រើនទន់ដាបចុះ ដូច្នោះយើងត្រូវកាត់មែកក្រោម១ម៉ែត្រ ចោលទាំងអស់តាងពីនៅតូចៗម្លេះ ត្រូវកាត់ដោយកាំបិតមុត មិនអោយបែកសាច់ រួចលាបកំបោរស
  • មែកតូចជិតគល់មានច្រើន ត្រូវកាត់ចោលខ្លះ មែកបំពង់ត្រូវកាត់ចោល មែកងាប់ចុងបើទុកយូរវានិងចេះតែរាលចូលទៀត បែកខ្វែងគ្នាត្រូវកាត់១ណាតូចជាងគេ ឬ១ណាដែលប្រុងខ្វែងគេទៀត កាត់មែកចុះក្រោមចង្អុលដី កាត់យ៉ាងណាអោយឃើញ ស្រលះពន្លឺថ្ងៃចាំងចូលបាន
  • នៅចុងរដូវប្រាំង គឺពេលដែលវាជិតចេញផ្កា ត្រូវពិនិត្យមើលមែកសសៃញឹកកាត់ចោលខ្លះ
  • គ្រប់មែកបំពង់អោយតែឃើញត្រូវ កាត់ចេញភ្លាម ទំហំមែកពីប៉ុនកូនដៃឡើងបើកាត់ត្រូវលាបកំបោរដោយខានពុំបាន ព្រោះមុខធំ វាក្រសៈ ធ្វើអោយមេរោគចូលបាន កាត់ពេលនេះគឺនៅមុនវាចេញផ្កា
  • ពេលកាត់ផ្លែអស់ ត្រូវកាត់មែក១សារទៀត ហើយបេះផ្លែពីទងណា ទងឆ្មារនោះត្រូវតែកាត់ចេញ ។ កាត់មែកលើកនេះដើម្បីរក្សា កំលាំងដើមកុំអោយបាក់ “អន់” ។
  • ការកាត់តែងមែកត្រូវកាត់ត្រង់ជិតប្រគាបមែក ដើម្បីអោយសាច់វាដុះខ្ជិបជិតមិនមានរន្ធ ។ បើកាត់មែកឆ្មារត្រូវកាត់ជិតប្រគាបលើស្លឹក ហើយជាស្លឹកចង្អុលមេឃទៀត លុះវាចេញត្រួយថ្មីវា និងដុះសាច់ភ្ជិតរន្ធបានឆាប់ អនុវត្ត ការកាត់ចំកន្លែងរបៀបនេះ ដើមក្រូចទាំងមូលពុំបន្សល់ទុកស្នាមដំបៅយូរឡើយ
https://bluebasket.com/blogs/bluebasket-magazine/jeju-tangerines-what-makes-them-special

ការប្រមូលផលដំណាំ

ត្រូវកាត់យកទាំងទង បញ្ជូនទៅលក់ជារៀងរាល់ថ្ងៃ

យកទៅទាំងទងអ្នកទិញមានចំណូលចិត្តជាង

ផ្លែដែលមានរសជាតិផ្អែម ហើយអាចកាត់លក់បានជាបណ្ដើរៗ ដោយកុំទុកអោយវាឡើងពណ៌លឿងៗ ទាន់ នាំកកកុញលក់មិនទាន់៕

ចំណាប់អារម្មណ៍

ក្រូចឃ្វិច ជាក្រូចដែល មានការពេញនិយមទទួលទាន ក៍ដូចជាប្រើប្រាស់ សម្រាប់ជាគ្រឿងរណ្តាប់ផ្សេងៗ សម្រាប់ថ្វាយទេវតា របស់បងប្អូន ក៏ដូចជា សម្រាប់រៀបចំ ពិធីមង្គលផ្សេងៗ។ ដូច្នេះ បងប្អូន មានដីទំនេរ ឬដីចម្ការ មិនទាន់ដឹង ថាចង់ដាំដុះអ្វី អាចដាំដុះ ដំណាំក្រូចឃ្វិចនេះបាន។ មុនដាំដុះ សូមបងប្អូន ធ្វើការជ្រើសរើសពូជ ដែលមានការពេញនិយម សម្រាប់ពីផ្សារ ព្រោះក្រូចឃ្វិច មានច្រើនពូជ ។ ក្រៅពីការធ្វើស្រែ បងប្អូន គួរដាំដំណាំណា ដែលមានភាពពេញនិយម ក្នុងទិផ្សារ ដើម្បីជាប្រភពចំណូលបន្ថែម សម្រាប់គ្រួសារផងដែរ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts