ខ្ញីជាបន្លែមើម មួយប្រភេទ ដែលបងប្អូន និយមទទួលទាន ជាប្រចាំថ្ងៃ ហើយវាត្រូវ បានដាំដុះច្រើន តាមតំបន់មាត់ទន្លេ តំបន់ទំនាប ស្ទើរគ្រប់កន្លែង ក្នុងប្រទេសយើង។ មើមខ្ញី វាមានរសជាតិហឹរ និងមានក្លិនឈ្ងុយឆ្ងាញ់ គេយកវាទៅ ធ្វើជាម្ហូប បានជាច្រើនមុខ ហើយកែច្នៃ ធ្វើជាតែ ធ្វើជាឳសថធម្មជាតិ សម្រាប់ព្យាបាល អាការៈមួយចំនួនថែមទៀតផង។
មិនត្រឹម តែជាបន្លែមួយមុខទេ ខ្ញី មានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព ដូចជា៖ វាសមាសធាតុប្រឆាំង នឹងការរលាកដ៏មានឥទ្ធិពល ដែលអាចជួយកាត់បន្ថយការឈឺចាប់ ដែលបណ្តាលមកពីជំងឺរលាកសន្លាក់។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំ ការពារប្រឆាំងនឹង ជំងឺមហារីកពោះវៀនធំ និងជម្រុញការសម្លាប់ របស់កោសិកាមហារីកអូវែ។
វាមានសារធាតុទង់ដែង ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ប៉ូតាស្យូម និងវីតាមីន B6 ថែមទៀតផង។ លើសពីនេះ វាត្រូវបានគេប្រើ ដើម្បីបំបាត់រោគសញ្ញា នៃជំងឺក្រពះពោះវៀន។ វាមានសុវត្ថិភាពសម្រាប់ ស្ត្រីមានផ្ទៃពោះ ដែលកំពុងចង្អោរ និងក្អួត។
ដើម្បីដាំដុះ ខ្ញីបានតាមរបៀបសាមញ្ញៗនេះ សូមតាមដាន ពីបច្ចេកទេស ដាំដុះដូចខាងក្រោម៖
សម្ភារៈត្រូវមានសម្រាប់ការដាំដុះក្នុងបាវ
- មើមពូជខ្ញី
- បាវចំណីសត្វប្រភេទ ៣០ ឬ៥០គ.ក្រ សម្រាប់ដាំដុះ
- ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត ជីលាមកសត្វពុកផុយ ជីអង្កាមដុត និងកំទេចស្លឹកឈើ
- ចបសម្រាប់ច្របល់ដី
- កូនចបឬប៊ែលតូច សម្រាប់កាយដាំមើមខ្ញី
- ធុងស្រោចទឹក
ការជ្រើសរើស និងរៀបចំដី
- វាលូតលាស់ល្អ ចំពោះប្រភេទដីឥ្ឋមធ្យម និងសម្បូរសារធាតុសរីរាង្គ
- ប្រភេទដីដែលក្តៅមធ្យម និងមានសំណើម
- ជ្រើសរើសទីតាំងដីដាំដុះ ដែលផ្តល់មានពន្លឺព្រះអាទិត្យដោយផ្ទាល់ ពី២-៥ ម៉ោង/ថ្ងៃ
- ដីដែលស្រស់ទឹកបានល្អ មិនជាំទឹក ត្រូវជ្រើសដី ដែលអាចការពារ ពីខ្យល់បក់ខ្លាំង គ្រប់ចំបើងស្តើងៗពេលដាំ អាចផ្តល់នូវសារធាតុចិញ្ចឹម ជួយរក្សាទឹក និងជួយកាត់បន្ថយស្មៅ
វិធីដាំដុះ
- លាយច្របល់ដីជាមួយ ជីអោយសព្វ
- យកប៉ាវចំណីសត្វ ៣០ ឬ៥០គ.ក្រនោះ យកមកបត់វាយកត្រឹមពាក់កណ្តាល
- ចាក់ល្បាយដី និងជីចូលក្នុងបាវចំណី កម្ពស់៣០ស.ម
- ដាក់បាវល្បាយដីគំលាត កន្លះម៉ែត្រពីគ្នា ឬអាចដាក់ជាប់គ្នាក៏បាន
- យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់ មកកាយដីដាំចំកណ្តាលជម្រៅ៥ស.ម រួចយកចំបើងគ្របពីលើ
- ដាក់បាវដែលដាំខាងល់ នៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក
ការថែទាំ៖
- ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្ត រាល់២អាទិត្យម្តង
- ធ្វើការសំអាតស្មៅចេញចេញជាប្រចាំ
- បន្ថែមដី ពូនគល់ ដើម្បីឲ្យមើមខ្ញីបែកគុម្ពល្អ
ការប្រមូលផល៖
- អាយុចាប់៤-៥ខែ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ
- ជាមធ្យម ចំពោះ បាវចំណី ទំហំ ៥០ គ.ក្រ អាចប្រមូលផល បាន ពី ២-៥គ.ក្រ/បាវ