បច្ចេកទេសដាំដុះ ខ្ទឹមបារាំង

ខ្ទឹមបារាំង ជាដំណាំមើម មួយប្រភេទ ដែលមើមរបស់វា អាចយកមកធ្វើជា ម្ហូបបានយ៉ាងច្រើនមុខ។ វាជាអត្ថប្រយោជន៍ ជាច្រើនសម្រាប់ សារពាង្គកាយ មនុស្សយើងដូចជា៖

  • មានសារធាតុចិញ្ចឹមខ្ពស់
  • អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង­
  • ផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម­
  • ផ្ទុកសមាសធាតុប្រឆាំងនឹងជំងឺមហារីក­
  • ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម­
  • ជួយសុខភាពឆ្អឹង­
  • មានគុណសម្បត្តិប្រឆាំងនឹងបាក់តេរី­
  • អាចបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ­
  • ងាយស្រួលកែច្នៃក្នុងមុខម្ហូប

ការជ្រើសរើសពូជ

ត្រូវជ្រើសរើសពូជ​ ណាដែលមាន គុណភាព និងសុខភាពល្អ ព្រមទាំងមាន​ អត្រាដុះចាប់ពី ៨០ ទៅ ៩៥ ភាគរយ។ ជាទូទៅ ប្រជាកសិករខ្មែរ យើងនិយមដាំពូជ GRANEX F1 និង RED CREOL ព្រោះពូជនេះ ដាំបានល្អនៅ ប្រទេសខ្មែរយើង។

ការរៀបចំដីនិងការបណ្តុះគ្រាប់

  • ភ្ជួរដីឲ្យបាន ២ ទៅ ៣ដង និងមានជម្រៅ ពីប្រមាណពី ១៥ ទៅ ២០ សង់ទីម៉ែត្រ
  • ធ្វើដីអោយម៉ត់ល្អ ដើម្បីអោយខ្យល់ ចេញចូលបានល្អ ទឹកងាយជ្រាប រក្សាសំណើមដីបានយូរ និងធ្វើអោយឬស ចាក់ចូលជ្រៅ ងាយស្រូប យកជីជាតិ បានស្រួល។
  • ថ្នាលសាបត្រូវមានទទឹង ១ ម៉ែត្រ និងបណ្តោយ អាស្រ័យលើដី
  • កំពស់ថ្នាលសាប ចាប់ពី ២ ទៅ ៣ តឹក។
  • ត្រូវដាក់ជី លាមកគោចំនួន ៣ គីឡូក្រាម ក្នុងដី ១ម៉ែត្រការ៉េ និង ជី ២០-២០-១៥ ចំនួន ៣០ ក្រាម ក្នុងដី ១ម៉ែត្រការ៉េ។
  • ត្រូវក្រាលចំបើង ស្តើងៗនៅពីលើថ្នាល បន្ទាប់មកយក គ្រាប់ខ្ទឹមបារាំងទៅលាយ ជាមួយដីខ្សាច់ម៉ត់ ឬផេះ (គ្រាប់មួយភាគ លាយដីខ្សាច់ ឬផេះបួនភាគ) រួចយកទៅសាប ឲ្យស្តើងៗលើថ្នាល់ ។
  • គ្រាប់ខ្ទឹមបារាំងចំនួន ៣ ក្រាមលាយ ជាមួយដីខ្សាច់ម៉ត់ ឬផេះ ១២ ក្រាម អាចសាបលើថ្នាល ១ ម៉ែត្រការ៉េបាន។
  • ក្នុងករណីសាបផ្ទាល់ លើរងតែម្តង តែត្រូវសាបអោយស្មើរ ហើយស្តើងៗ បើធ្វើរបៀបនេះ ត្រូវដក កូនខ្ទឹមបារាំងដែលអន់ គុណភាព មានជម្ងឺ និងសត្វល្អិត បំផ្លាញចេញ ហើយគេទុកកូនតែមួយដើម ក្នុងមួយគុម្ព នៅពេលដែល កូនខ្ទឹមដុះបានពី ៧ ទៅ ១០ថ្ងៃ។

ការដាំដុះ

  • ដកកូនខ្ទឹមបារាំង ដែលសាបហើយនោះ យកទៅស្ទូងលើរង
  • កូនខ្ទឹមបារាំង អាចយកទៅដាំបាននៅ ពេលវាមានអាយុពី ៣០ ទៅ ៣៥ ថ្ងៃ គឺនៅពេលវាមានស្លឹក ៣ ទៅ ៤។
  • ត្រូវជ្រើសយកកូនណាដែលល្អ ដើមរឹងមាំ គ្មានជំងឺ និងសត្វល្អិតបំផ្លាញ។
  • ក្រោយពេល ដាំរួចភ្លាម ត្រូវស្រោចទឹក អោយបានទៀងទាត់ ដើម្បីផ្ដល់សំណើមដល់ដី។
  • ត្រូវដាក់ ដាំកូនខ្ទឹមបារាំង ក្នុងចន្លោះជួរ ១៥ សង់ទីម៉ែត្រ និងចន្លោះគុម្ពនីមួយៗ ប្រមាណ ១០ សង់ទីម៉ែត្រ។

ការថែទាំនិងដាក់ជី

  • បោចសម្អាតស្មៅជាប្រចាំ
  • ស្រោចទឹក អោយសព្វល្អ និងរក្សាសំណើមដី កុំស្ងួតខ្លាំងពេក។
  • ជៀសវាង ការស្រោចទឹកពេលល្ងាច ឬស្រោចទឹកជោគជាំពេក ដែលធ្វើអោយ មើមខ្ទឹមរលួយ។
  • ការដាក់ជីគឺមាន ២ ដំណាក់កាល៖
  • លើកទី ១៖ មុនពេលដាំ ត្រូវដាក់ជីលាមកសត្វប្រមាណ ៣០០ ក្រាម និងជីគីមី ២០-២០-១៥ ចំនួន ៥០ ក្រាម។
  • លើកទី ២៖ ក្រោយពេលដាំបាន ១ខែ ត្រូវប្រើជីគីមី ២០-២០-១៥ ចំនួន ៣០ លាយជាមួយជី ០-០-៦០ ចំនួន ៥០ ក្រាម ដាក់រៀងរាល់ ១៥ ម្តង។

បញ្ហាប្រឈម​ ​មួយចំនួនរបស់ខ្ទឹមបារាំង

ខ្ទឹមបារាំង មានរសជាតិហិល ដូច្នេះហើយទើប ពុំសូវមានពពួកសត្វល្អិតយាយី ប៉ុន្ដែវាត្រូវបាន យាយីដោយពពួកសត្វដង្គូវ ស៊ីស្លឹក និងមាន ជម្ងឺមួយចំនួន កើតនៅលើវា ដោយជម្ងឺទាំងនោះ ភាគច្រើនបណ្តាលមកពី ផ្សិត បាក់តេរី ណេម៉ាតូត និងវីរុស។ ដើម្បីកំចាត់ជម្ងឺ ទាំងនោះ ត្រូវបាញ់ថ្នាំ ពពួកផ្សិតការពារ ពេលមានសំណើមខ្ពស់ ឬមានធ្លាក់ភ្លៀង ញឹកញាប់ ដូចជាថ្នាំដែលមាន ធាតុសកម្មរួមមាន មេតាឡាក់សីល, ម៉ងកូសេប, ក្លរូលតាឡូនីលជាដើម។ ដើម្បីជួយកាត់ បន្ថយបញ្ហាមួយចំនួន គេអាចដំណាំឆ្លាស់  ប្រមូលដើម ដែលមាន ការបំផ្លាញពី ជម្ងឺ ទៅដុតចោល ឬកប់ជាដើម។

ការប្រមូលផល

ខ្ទឹមបារំាង នៅពេលចាប់ផ្តើម ងាប់ស្លឹក សំបកមើមចាប់ផ្តើម​ មានពណ៌ក្រហម ឬស មើមលេចចេញពីដី អាចប្រមូលលផលបាន រយៈពេលពី ១២០ថ្ងៃ ទៅ ១៧០ថ្ងៃ ក្រោយសាបគ្រាប់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts