បច្ចេកទេសដាំដុះ ចេកពងមាន់

អ្នកទាំងអស់គ្នា ធ្លាប់ទទួលទាន ចេកពងមាន់ ដែលឬទេ? តើអ្នកចូលចិត្ត ក្លិនដ៏ឆ្ងុយឆ្ងាញ់ របស់វាទេ? ប្រជាជនយើងជាច្រើន ចូលចិត្តទទួលទាន ចេកពងមាន់នេះ ។

យើងនិង លើកយកពីអត្ថប្រយោជន៍របស់ ចេកពងមាន់ និងបច្ចេកទេសដាំដុះ របស់វា មកចែករំលែកចំណេះដឹង ដល់អ្នកទាំងអស់គ្នា!

មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ និងក្លិនឆ្អុយ គួរឲ្យទាក់ទាញប៉ុណ្ណោទេ ចេកពងមាន់ ត្រូវបានគេទទួលស្គាល់ពីអត្ថប្រយោជន៍ជាច្រើនរបស់វាផងដែរ ដូចជា៖  ជាផ្លែឈើ ជាឱសថដ៏សក្តសិទ្ធិ ក្នុងការព្យាបាលរោគជាច្រើនដូចជា  ជម្ងឺទល់លាមក រលាកក្រពះ រលាកពោះវៀន ក្អួតចង្អោរ ខ្វះឈាម ធាត់ ជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺបេះដូង និងជម្ងឺផ្សេងៗមួយចំនួនទៀត ។

ផ្លែចេកពងមាន់ ក៏អាចជួយបង្កើននូវសំណើម នៅលើស្បែក អោយស្រស់ស្អាត បំបាត់ស្នាមជ្រីវជ្រួញ និងជួយបំបាត់ស្នាមអុជខ្មៅ នៅលើស្បែក ។ សម្បករបស់វា ក៏អាចជួយបន្សាបការឈឺចាប់ រោល ឬ ហើម ពេលមានសត្វល្អិតទិច ឬ ខាំផងដែរ ដោយគ្រាន់តែយកវា មកញីពីលើកន្លែងដែលរបួស។

ក្រៅពីនេះ គល់ចេកពងមាន់ ជាប្រភពជាតិម្សៅ ( អាមីដុង) ដើមវាអាចហាន់ជា ចំណីជ្រូក គោ ក្របី ធ្វើជាខ្សែចំណងផ្សេងៗ ធ្វើជាបាយសី ក្នុងពិធីសែនព្រេននានា ។ បន្ថែមពីលើនេះ ស្លឹកប្រើ ជាសម្ភារៈវេចខ្ចប់ នំចំណី និងត្រយ៉ូង អាចធ្វើជាបន្លែស្រស់ ឬស្លជាដើម។

តោះមកដឹង ពីបច្ចេកទេសដាំដុះ ចេកពងមាន់ទំាំងអស់គ្នា

ការរៀបចំដីដាំ៖

  • រៀបចំដី ភ្ជួរចំនួន ៣សា និងរាស់ ១សា
  • ភ្ជួរលើកទី១ បន្ទាប់ពីប្រមូលផលដំណាំចាស់រួច
  • ៧ថ្ងៃក្រោយមក ធ្វើការភ្ជួរលើកទី២ និង ៧ថ្ងៃក្រោយទៀត ទើបភ្ជួរលើកទី៣
  • ប៉ុន្តែមុនភ្ជួរដីលើកទី៣ ដាក់ជីលាមកគោ និងស្លឹកឈើពុកផុយទ្រាប់បាត ទើបធ្វើការភ្ជួរលុប
  • រយៈពេល ៣ ទៅ ៤ថ្ងៃបន្ទាប់ ទើបរាស់បំបែកដី និងកៀរយកស្មៅចេញអោយអស់
  • បន្ទាប់មកលើកជារង ដែលរងចេកនីមួយៗ មានទទឹង ៨០ស.ម បណ្តោយតាមស្ថានភាពដី និងកំពស់រងប្រហែល ២០ស.ម ចន្លោះពីរងមួយទៅមួយ កន្លះម៉ែត្រ
  • បន្ទាប់មក កាប់រណ្តៅដាំដោយរណ្តៅនីមួយៗមានទំហំ ៥តឹកបួនជ្រុង និងជំរៅ ៥តឹក ហើយដាំក្នុងចន្លោះគុម្ព ១,៨ម៉ែត្រ និងចន្លោះជួរ ១,៨ម៉ែត្រ។

ការដាំដុះចេក

  • កាប់រណ្តៅដាំនៅតាមចន្លោះរង ចំងាយពីដើមមួយទៅដើមមួយ ៣ម៉ែត្របួនជ្រុង និងជីករណ្តៅទំហំ កន្លះម៉ែត្របួនជ្រុង ជម្រៅកន្លះម៉ែត្រ
  • នៅបាតរណ្តៅ ដាក់សំរាមស្លឹកឈើនៅបាតខាងក្រោម
  • បន្ទាប់មកដាក់ អាចម៍គោក្រៀមលាយជាមួយដី រួចទើបដាក់កូនចេកដាំ
  • កូនចេកដែលត្រូវដាំ កាត់ធាងចេញខ្លះ ដោយទុកតែ ២-៣ ធាងប៉ុណ្ណោះ ព្រោះ កាលណាខ្យល់បក់ខ្លាំង នាំឲ្យដើមចេកទ្រេត រលើងឫស
  • ក្រោយពីដាំហើយ ប្រមូលកំប្លោក សំរាម ចំបើងមកគ្របគល់ចេក ដើម្បីឲ្យត្រជាក់គល់ និងជប់សំណើមបានយូរ
  • គេអាចដាំចេកពងមាន់ ដោយដោយយកគល់ចេកទៅដាំក៏បាន ដោយយកគល់ចេកពុះជា២ យកមួយចំណែកដាក់ដាំក្នុងរណ្តៅ ដោយកប់គល់ផ្ងារឡើងលើ
https://www.facebook.com/sokmenglong.lifegro/photos/pcb.234774638264385/234774328264416/

ការថែទាំ

  • ក្នុងការថែទាំ ត្រូវយកចិត្តទុកដាក់ស្រោចទឹក ដកស្មៅ ចាប់សត្វល្អិតជាប្រចាំ
  • ការស្រោចស្រព ប្រើទុយយោទាញបាញ់ស្រោច លើរងដំណាំដោយក្នុង ១ថ្ងៃស្រោចចំនួន ២ ដងនៅពេលដាំដំបូង ។
  • លុះដល់ចេក ចាប់ឫសរឹងមាំ បន្ថយការស្រោចទឹកតែ ១ ថ្ងៃម្តង ព្រោះដោយសារនៅតាម គល់ដំណាំប្រមូលកំប្លោកចំបើង គ្របគល់ដែលធ្វើឲ្យជប់ សំណើមបានយូរ
  • ដាក់ជីលាមកគោរៀងរាល់ 10ថ្ងៃម្តង ព្រមទាំងកាត់ស្លឹកដែលងាប់ៗចោល
  • ក្នុងចេកមួយគុម្ព ត្រូវរក្សាតែ២ដើមប៉ុណ្ណោះ គឺមេដើម និងកូនចេកដែលថ្លោសល្អជាងគេ១ដើម ក្រៅពីនេះគាស់ ចេញទាំងអស់ ដើម្បីឲ្យចេកទទួលបានទិន្នផលខ្ពស់
  • បើធ្វើបែបនេះ ចេក១ស្ទង អាចបានផ្លែ ពី ៨-១០ស្និត
  • ចំណែកកូនចេកគាស់ចេញហើយ ជ្រើសរើសដើមល្អៗ យកទៅដាំនៅចន្លោះគុម្ពបន្តទៀត នៅពេលកាប់ ដើមមេចេញ កូនចេកដែលដាក់ដាំបន្តធំតៗគ្នា ហើយអាចទទួលបានផ្លែបន្តបន្ទាប់គ្នា
  • ឧស្សាហ៍កាប់ធាង ដែលដុះសាខាចេញ ដើម្បីឲ្យពន្លឺថ្ងៃចាំងចូលបានគ្រាប់គ្រាន់
  • បាចទឹកចេញ ពេលមានភ្លៀងធ្លាក់ច្រើន កុំឲ្យដក់ទឹកក្នុងចម្ការ

ការប្រមូលផល

  • រយៈពេលដាំ រហូតដល់ទៅ ៧-៨ ខែ ចេកចាប់ផ្លែ
  • នៅពេលទម្លាក់ស្និតអស់ យើងត្រូវកាច់ត្រយូងចោល
  • ក្រោយពេលចេកទម្លាក់ត្រយ៉ូង រយៈពេល ១ខែ ទៅ១ខែ១០ថ្ងៃ
  • មានអាយុសមស្រប ពេលផ្លែលប់ជ្រុងរបស់វា ផ្លែឡើងមូល
  • សម្បកផ្លែរបស់វាស្តើងរលោង និងឡើងម្សៅ
  • ផ្លែវាចាប់ផ្តើមប្រែពីពណ៌បៃតង ទៅលឿង

ចំណាប់អារម្មណ៍

តាមរយៈអត្ថបទខាងលើនេះ  បានបង្ហាញអ្នកទាំងអស់គ្នាពី បច្ចេកទេសដាំដុះ ចេកពងមាន់   ដែលជាឈើ ដែលទទួលបានការពេញនិយម ក្នុងការទទួលទានប្រចាំថ្ងៃ  និងការប្រើប្រាស់ សម្រាប់ពិធីផ្សេងៗ ដូច្នេះបើសិនជាលោកអ្នក មានដីទំនេរ មិនដឹងថា ដាំដុះអ្វី អាចសាកល្បងជាមួយ ដំណាំចេកពងមាន់ នេះបាន ក្នុងការជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល របស់អ្នកទាំងអស់គ្នា ព្រោះថា ចេកពងមាន់ នេះវាមានតម្លៃថ្លៃគួរសម្យ ជាពិសេសរដូវចូលឆ្នាំ ដែលបងប្អូនប្រជាពលរដ្ឋយើង ប្រារព្ធជារៀងរាល់ឆ្នាំ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts