បច្ចេកទេសដាំដុះ ប៉េងប៉ោះ

ប៉េងប៉ោះជាប្រភេទបន្លែដែលមានភាពពេញនិយមទទួលទានទាំងផ្លែខ្ចី និងផ្លែទុំ។ប៉េងប៉ោះជាប្រភេទរុក្ខជាតិដែលមានដើមវល្លិ។ វាអាចអាចមានកំពស់ពី១-៣ម៉ែត្រ គេអាចដាំវានៅទីវាលក៏បាន ឬដាំនៅក្នុងផ្ទះកញ្ចក់ក៏បាន។ បើយើងដាំនៅក្នុងផ្ទះកញ្ចក់ គឺអាចដាំបានគ្រប់រដូវ។

ផ្លែប៉េងប៉ោះមានផ្ទុកទៅដោយសារធាតុចីញ្ចឹមជាច្រើនដូចជា៖ ជាតិទឹក ជាតិសរសៃ ថាមពល ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិខ្លាញ់ ជាតិស្ករ ប៉ូតាស្យូម វីតាមីនC អាស៊ីតFolate ជាដើម។ លើសពីនេះ ប៉េងប៉ោះជួយដល់សុខភាពបេះដូង សុខភាពភ្នែក សុខភាពស្បែក សម្រួលការទល់លាមក កាត់បន្ថយកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម កាត់បន្ថយសម្ពាធអុកស៊ីតកម្មលើជំងឺទឹកនោមផ្អែមប្រភេទទី២បាន។

ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះប៉េងប៉ោះ ដើម្បីទទួលបានទិន្នផលខ្ពស់៖

https://vilee.fi/eng/tomato-growing-tips/

ការរៀបចំដី

  • សំអាតដីចំការ និងរើសស្មៅចេញឲ្យអស់
  • ភ្ជួរដីឲ្យបានម៉ដ្ឋល្អ និងហាលដីឲ្យបានពី១០-១៥ថ្ងៃ
  • ភ្ជួរដីដោយគោ ឬគោយន្ត ឬត្រាក់ទ័រ ជំរៅពី១៥-២០សម

ការលើករងដាំ

កសិករត្រូវចាប់ផ្តើមលើករងដាំ បន្ទាប់ពីកូនប៉េងប៉ោះដុះបាន៧-១០ថ្ងៃទើបល្អ។របៀបធ្វើរងប៉េងប៉ោះមានដូចខាងក្រោម៖

  • ទទឹងរង៖ ប្រវែង ១ម៉ែត្រ
  • បណ្តោយរង៖ អាស្រ័យទៅតាមស្ថានភាពដី ប៉ុន្តែមិនគួរលើសពី២៥ម៉ែត្រឡើយ។បើរងវែងពេកកសិករពិបាកចូលស្រោចទឹក ធ្វើស្មៅ ដាក់ជី បាញ់ថ្នាំ និងប្រមូលផល
  • កំពស់រង៖ នៅរដូវវស្សាគួរលើករងកំពស់៣០-៥០សម
  • ចន្លោះគុម្ព៖ ចន្លោះគុម្ពមួយទៅមួយប្រវែង ៥០សម
  • ចន្លោះជួរ៖ ចន្លោះជួរមួយទៅមួយប្រវែង ៥០សម
  • ជីទ្រាប់បាត៖ ច្របល់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត១-២គ.ក្រ លាយជីNPK 20-20-15 ចំនួន១០ក្រាម (ស្លាបព្រាបាយ)សម្រាប់ដាំប៉េងប៉ោះ១ដើម ឬជី NPK 20-20-15ចំនួន៦.៤គ.ក្រ សម្រាប់ផ្ទៃដី៥០០ម៉ែត្រការ៉េ។កុំដាក់ជីលាមកសត្វដែលមិនពុកផុយទ្រាបបាតពីព្រោះវាបង្កឲ្យកូនប៉េងប៉ោះរលួយ។

ផលប្រយោជន៍នៃការដាក់ជីទ្រាប់បាត៖

  • ដាក់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស្តទ្រាប់បាត ជួយឲ្យដីធូរ ហើយឬសដុះងាយលូតលាស់
  • ដាក់ជីNPKទ្រាប់បាត ជួយឲ្យកូនប៉េងប៉ោះទើបដាំដុះលូតលាស់ឬសបានច្រើននិងរឹងមាំ ហើយដើមនិងស្លឹកដុះបានឆាប់រហ័ស។
  • ស្រោចទឹកលើរងឲ្យជោគដល់ខាងក្នុងរងមុនគ្របប្លាស្ទិច ឬចំបើង។វាជួយឲ្យដីត្រជាក់ល្អ ជួយកូនបន្លែងាយដុះលូតលាស់ កាត់បន្ថយចំនួនកូនប៉េងប៉ោះសន្លប់ឬងាប់ ក្រោយដាំហើយ។
  • គ្របរងដាំ៖ បន្ទាប់ពីដាក់ជីទ្រាបបាត និងស្រោចទឹករងហើយ កសិករអាចចាប់ផ្តើមគ្របរងដាំបានហើយ។សម្ភារៈសម្រាប់គ្របរងដាំមាន២ប្រភេទដែលអាចប្រើសម្រាប់គ្របរងបានមាន៖

ប្លាស្ទិចគ្របដី៖

  • ទាញដុំប្លាស្ទិចតាមបណ្តោយរង យកស្រទាប់ពណ៌សដាក់ខាងលើ និងស្រទាប់ពណ៌ខ្មៅដាក់ខាងក្រាម
  • ខ្ទាស់បន្ទះឬស្សីពីលើប្លាស្ទិចជាប់នឹងដីខាងគល់និងខាងចុងដីឲ្យញឹក
  • យកបន្ទះឬស្សីខ្ទាស់តាមគែងរងលើប្លាស្ទិចប្រវែងពី១ទៅ១ចន្លោះ៣-៤តឹក
  • ប្រើខ្នាត់វាស់ប្រវែងចន្លោះគុម្ពនិមួយៗ រួចយកកំប៉ុងក្តៅមកចោះពីលើប្លាស្ទិចតាមគុម្ពនិមួយៗ
  • ប្រើមុចកាត់កំប៉ុង១.៥តឹកដើម្បីចោះរណ្តៅគុម្ពមានរាងធំបន្តិចដែលវាមិនក្តៅឆួលធ្វើឲ្យស្លោកកូនប៉េងប៉ោះ
  • មិនត្រូវគ្របប្លាស្ទិចលើរងធូរពេកទេ វាអាចបណ្តាលឲ្យខ្យល់ក្តៅចេញចូលក្នុងរងធ្វើឲ្យកូនប៉េងប៉ោះងាប់ និងធ្វើឲ្យប្លាស្ទិចឆាប់រហែក

ការបណ្តុះគ្រាប់ប៉េងប៉ោះ

  • យកដីមានជីជាតិ ១ភាគ លាយជាមួយជីលាមកសត្វ ឬជីកំប៉ុស ២ភាគ និងផេះអង្កាម២-៣ភាគអាស្រ័យប្រភេទដី
  • យកល្បាយទៅលីង ឬចំហុយរហូតក្តៅសព្វ តែត្រូវទុកដីនោះសើមតិចៗ ដើម្បីកុំឲ្យខូចគុណភាព
  • យកដីដាក់ក្នុងតេ្របណ្តុះ ឬកន្ទោង
  • ស្រោចទឹកដីបណ្តុះ ឲ្យជោកបន្តិច មុនដាក់គ្រាប់
  • ដាក់គ្រាប់ប៉េងប៉ោះ ១គ្រាប់ ក្នុងមួយប្រឡោះ ឬមួយកន្ទោង រួចរោចដីលុបពីលើបន្តិច
  • បន្ទាប់មកស្រោចទឹក ឲ្យជោគ នៅពេលព្រឹក និងពេលថ្ងៃ
  • មិនត្រូវស្រោចទឹក ពេលល្ងាច ដែលធ្វើឲ្យដីសើមពេលយប់ បណ្តាលឲ្យកូនប៉េងប៉ោះរលួយ
  • កូនប៉េងប៉ោះ អាយុបាន ១០-១៥ថ្ងៃ ត្រូវស្រោចទឹកជី ផូស្វ័រ មានជី ១៨-៤៦-០ ឬជី ១៦-២០-០
  • យកជី១ ស្លាបព្រា លាយទឹក ១០លីត្រកូរឲ្យរលាយ ស្រោចលើកូនប៉េងប៉ោះ រួចស្រោចទឹកធម្មតាលាងវាបន្លែពីស្រោចទឹកជី
https://www.richfarmkenya.com/2021/05/5-smart-moves-in-tomato-farming-to.html

ការដាំដុះ

  • កូនប៉េងប៉ោះ អាយុ ២២ -២៥ថ្ងៃ មានស្លឹក ២ ៣ អាចយកវាទៅដាំបានហើយ
  • ត្រូវពង្រឹងកូនប៉េងប៉ោះ ចំនួន ៥-៧ថ្ងៃមុនដាំ
  • ដាក់កូនឲ្យត្រូវថ្ងៃ តែចៀសវាងពេលថ្ងៃត្រង់
  • កាត់បន្ថយការស្រោចទឹក ដល់ពេលយកកូនទៅដាំ
  • ដាំកូនប៉េងប៉ោះត្រឹម ដីកំណើត

ការថែទាំ

ការដាក់ជីបំប៉នសម្រាប់ផ្ទៃដី ៥០០ម៉ែត្រការ៉េ ចំនួន ១២៧៤ដើម

  • ដាក់ជីទ្រាប់បាត ជី ២០-២០-១៥ ចំនួន ៥ក្រាម/ដើម (៦,៤ គ.ក្រ) ពង្រាយលើរង
  • ១០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ៤៦-០-០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១០ស.មពីគល់
  • ២០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ៤៦-០-០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១០ស.មពីគល់
  • ៣០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១០ស.មពីគល់
  • ៤០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
  • ៥០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
  • ៦០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
  • ៧០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
  • ៨០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ជាមួយជី ០-០-៦០ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់
  • ៩០ថ្ងៃបន្ទាប់ពីដាំ ដាក់ជី ២០-២០-១៥ ចំនួន ២,៥ក្រាម/ដើម (៣,២គ.ក្រ) ដាក់ចំងាយ ១៥ស.មពីគល់

ការស្រោចស្រព

  • បន្ទាប់ពីដាំកូនប៉េងប៉ោះរួច រហូតដល់កូនប៉េងប៉ោះអាយុ ២អាទិត្យ ត្រូវស្រោចទឹកកូនប៉េងប៉ោះ រាល់ថ្ងៃដើម្បីឲ្យកូនអាចដុះឬសបានរហ័ស
  • បញ្ចូលទឹកក្នុងរង ឲ្យជោគនៅពេលព្រឹក
  • ពិនិត្យមើលគល់ប៉េងប៉ោះបើសើមខ្លាំង ត្រូវកាត់បន្ថយការស្រោចទឹក ប៉ុន្តែបើគល់ប៉េងប៉ោះស្ងួតខ្លាំង ត្រូវប្រញាប់ស្រោចទឹកភ្លាម
  • ការខកខានស្រោចទឹក ធ្វើឲ្យដើមប៉េងប៉ោះក្រិន ទិន្នផលធ្លាក់ចុះដូចជាជ្រុះផ្លែ ផ្លែមិនភ្លឺជាដើម
  • ចៀសវាងការស្រោចទឹកនៅពេលល្ងាច ធ្វើឲ្យដីសើមពេលយប់ រហ័សរលួយឬស និងងាប់ដើម

ការតាក់តែងមែកនិងដោតចំណារ

  • កាត់ស្លឹកផ្នែកខាងក្រោមជិតគល់ និងស្លឹកចាស់ចេញពីដើម
  • កាត់ខ្នែងនៅតាមដើម រហូតដល់ខ្នែងចេញផ្កាថ្វាយព្រះ ឬក្រពុំ
  • បន្ទាប់ពី ១០ ទៅ ១៥ថ្ងៃ ត្រូវដាក់ជន្ទល់តាមដើមនីមួយៗ ឬចងខ្សែ
  • ធ្វើដូច្នេះដើម្បីឲ្យដើមស្រលះ មានខ្យល់ មានពន្លឺចេញចូលគ្រាប់គ្រាន់ កាត់វបន្ថយជំងឺ និងសត្វល្អិតក្នុងចម្ការ ហើយដើមប៉េងប៉ោះមិនដួល ពេលប្រមូលផល
  • សម្អាតស្មៅជាប្រចាំ ដើម្បីកម្ចាត់ជម្រកសត្វល្អិតចង្រៃ និងជំងឺរាតត្បាត និងកាត់បន្ថយការបឺតស្រូបជីជាតិពីដំណាំ

សត្វល្អិតចង្រៃ និងជំងឺ

សត្វល្អិតចង្រៃ

  • រុយស៖ ជាអ្នកចម្លងជំងឺ ដែលបានជញ្ជក់យកពពីដើមដំណាំមុនៗ រួចហើយវាផ្ទេរមេរោគ (វីរ៉ុស) ទៅដំណាំបន្ទាប់នៅពេលវាជញ្ជក់។ វានឹងធ្វើការចម្លងពីដើមមួយ ទៅដើមមួយពេញចម្ការ

វិធានការ៖

  • គួរដាំប្រើគម្របថង់ប្លាស្ទិច គ្របដី និងដាំប៉េងប៉ោះឲ្យរង្វើល
  • កម្ចាត់ស្មៅ និងដំណាំជ្រករបស់វានៅក្នុងចម្ការ
  • ស្រោចទឹកបាញ់ពីលើស្លឹក ដើម្បីបណ្តេញរុយចេញពីចម្ការ
  • ស្រោចទឹកថ្នាំ ថ្យាមេថូហ្សាម នៅនឹងកូនប៉េងប៉ោះមុនយកទៅដាំ
  • កប់ចោលកាកសំណល់សេស នៅក្រោយពេលប្រមូលផល
  • ដកដើមដែលមានជំងឺយកទៅកប់ចោល
  • ជ្រើសរើសប្រើថ្នាំសម្លាប់សត្វល្អិត
  • ដង្កូវចោះផ្លែ និងកាត់ស្លឹក៖ វាចោះបំផ្លាញផ្លែ និងកាត់ស្លឹកដំាណាំ

វិធានការ៖

  • ភ្ជួរដីឲ្យជ្រៅ ដើម្បីកម្ចាត់ដង្កូវក្នុងដី
  • គួរដាំ ប្រើប្លាស្ទិចគ្របដី និងដាំប៉េងប៉ោះឲ្យរង្វើល
  • បេះកូនដង្កូវ និងពងដង្កូវដោយដៃ
  • បេះផ្លែ ដែលដង្កូវស៊ី ចេញពីចម្ការ
  • ជ្រើសរើសប្រើថ្នាំកម្ចាត់សត្វល្អិត

ជំងឺ

  • បាក់តេរីវីល៖ ជំងឺនេះចាប់ផ្តើមស្រពោន ចេញពីស្លឹកនៅខាងក្រោមដើម។ ចំពោះកូនប៉េងប៉ោះ វាចាប់ស្រពោនពីដើមចុះមក។

វិធានការ៖

  • ជ្រើសរើសដីបណ្តុះដែលគ្មានជម្ងឺ
  • ប្រើពូជធន់នឹងជំងឺនេះ
  • ដាំដំណាំឆ្លាស់លើដីតែមួយ
  • មិនត្រូវដាក់ថាសបណ្តុះ ឬកន្ទោងបណ្តុះជាប់ៗគ្នាទេ
  • ប្រមូលកាកសំណល់ដំណាំដែលកើតជំងឺទៅដុតចោល
  • រងដាំដែលកើតជំងឺ មិនត្រូវបង្ហូរទឹកទៅរងផ្សេងទៀតទេ

ជំងឺរលួយផ្លែ៖ ជំងឺនេះ វាមិនឆ្លង ទៅដើមផ្សេងៗទេ វាកើតឡើងដោយសារកង្វះកាល់ស្យូមក្នុងដី

វិធានការ៖

  • បេះផ្លែដែលមានជំងឺចេញ
  • ស្រោចជីកាល់ស្យូមក្លរ៉ាយ ចំនូន ៦ស្លាបព្រាលាយទឹកធម្មតា ១៦លីត្រ
https://www.goodhousekeeping.com/home/gardening/g19574760/planting-tomatoes/

ការប្រមូលផល

នៅពេលផ្លែចាប់ផ្តើមប្រែពណ៌ទៅជាក្រហមបាន ១០-២០% ឬនៅរយៈពេល ២០-២៥% ក្រោយចេញផ្លែអាចប្រមូលផលបាន

ប្រមូលផលនៅពេលស្រគាល កាត់បន្ថយការខូចខាតពេលដឹកជញ្ជូន

ចំំណាប់អារម្មណ៍

ដំំណាំប៉េងប៉ោះ គឺជាបន្លែមួយ ពេញនិយមទទួលទាន និងមានតម្រូវការប្រើប្រាស់ច្រើននៅលើទីផ្សារ។ បងប្អូនដែលមានបំណងចង់ដាំដុះ គួរសាកល្បងដាំដុះបន្លែមួយនេះ ព្រោះវាមានតម្រូវការគ្រប់រដូវកាល។ មុនធ្វើការដាំដុះ បងប្អូនគប្បីជ្រើសរើសពូជដែលធន់មកដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងជ្រើសរើសពូជណាដែលមានតម្រូវការទីផ្សារខ្ពស់ មកធ្វើការដាំដុះ ងាយស្រួលក្នុងការលក់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts