ម្ទេសហាវ៉ៃ ជាប្រភេទបន្លែដែលមានគុណប្រយោជន៍ សម្រាប់សុខភាព និងអាចច្នៃជាមុខម្ហូបបានច្រើនបែប។ម្ទេសហាវ៉ៃ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ មានថាមពល ជាតិខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិស្ករ បេតាការ៉ូទែន ប៉ូតាស្យូម អាស៊ីតហ្វូរឡាត មានវីតាមីនA, B6, C, E ជាដើម។ លើសពីនេះ ម្ទេសហាវ៉ៃ ជួយកាត់បន្ថយសម្ពាធឈាម ជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជួយសុខភាពរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជួយសុខភាពភ្នែក ជួយការពារភាពស្លេកស្លាំង
ម្ទេសហាវ៉ៃ វាមានពណ៌ច្រើនដូចជា៖ពណ៌បៃតង ពណ៌លឿង ពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ស និងពណ៌ស្វាយ។ ប៉ុន្តែនៅប្រទេសកម្ពុជាយើង ប្រជាកសិករនិយមដាំជាងគេគឺពណ៌បៃតង។
ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះម្ទេសហាវ៉ៃ ដើម្បីទទួលបានទិន្នផលល្អ៖
លក្ខខ័ណ្ឌបរិស្ថាន
លក្ខខ័ណ្ឌដី
ជាទូទៅម្ទេសហាវ៉ៃ អាចលូតលាស់ស្ទើរគ្រប់ប្រភេទដី ប៉ុន្តែប្រភេទដីអាស៊ីដ ឬបាសមិនសមស្របសម្រាប់ការដាំដុះម្ទេសឡើយ។វាអាចធន់ទ្រាំទៅលើដីមានកំរិតអាស៊ីដខ្សោយនិងដីល្បាយខ្សាច់ មានpH ៦ – ៦.៥ ប៉ុន្តែវាត្រូវការសារាធាតុសរីរាង្គបន្ថយជាស្អិត និងងាយស្រួលរក្សាសំណើម។កាលណាសំណើមដីចាប់ពី៥៥.៦ ទៅ ៥៧.៤% វាធ្វើឲ្យក្តឹបជ្រុះតែ២០ -៣០% ប៉ុណ្ណោះ។
- ម្ទេសហាវ៉ៃ ជាប្រភេទដំណាំដែលអាចដុះលូតលាស់បានល្អលើដីឥដ្ឋស្រាលដែលសំបូរសារធាតុចិញ្ចឹម ជាពិសេសដីមានជាតិកំបោរជ្រាបទឹករហ័សនិងសំបូរសារធាតុខនិជ។
- បើដីល្បាយខ្សាច់កូនម្ទេសអាចលូតលាស់ល្អនិងចាក់ឬសបានជ្រៅ ប៉ុន្តែត្រូវការផ្តល់ទឹកនិងជីតាមវិធីសាស្រ្តណែនាំដើម្បីបានទិន្នផលខ្ពស់។
- បើលើប្រភេទដីខ្មៅហើយស្អិតមធ្យម ត្រូវមានប្រលាយបញ្ចេញទឹកទើបល្អ ដើម្បីការពារកុំឲ្យរលួយកូនម្ទេស។
លក្ខខ័ណ្ឌអាកាសធាតុ
ដំណាំម្ទេសហាវ៉ៃ អាចលូតលាស់ក្នុងលក្ខខ័ណ្ឌអាកាសធាតុក្តៅ និងត្រជាក់ចន្លោះ២០-២៥ ºC ក្នុងអត្រាសំណើមបរិយាកាសមធ្យម ដែលដែលធ្វើអោយផ្លែម្ទេសទុំក្រហម និងមានក្លិនឆួលខ្លាំង។
អំពីសីតុណ្ហភាព
ការបំរែបំរួលសីតុណ្ហភាព បណ្តាលឲ្យប្រែប្រួលខ្លាំងដល់រសជាតិម្ទេស ដែលធ្វើឲ្យម្ទេសហិល ឬមិនហិល ហើយវាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ដើម ស្លឹក ការចេញផ្កា ចំនួនផ្កា និងការលូតលាស់នៃផ្លែ។
សីតុណ្ហភាពពេលថ្ងៃ
- ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះនៅ១៧ ºC វាធ្វើឲ្យដើមលូតលាស់ល្អ ប៉ុន្តែប្រព័ន្ធឬសយឺត។
- បើសីតុណ្ហភាពមធ្យមពេលថ្ងៃចន្លោះពី២០ -២៤ ºCហើយមានពន្លឺមិនគ្រប់គ្រាន់រយៈពេលវែងវាធ្វើឲ្យផ្លែ និងក្តឹបខ្ចីៗជ្រុះច្រើន។
- បើសីតុណ្ហភាពមធ្យម កើនដល់៣០ ºC វាធ្វើឲ្យផ្លែម្ទេសធំល្អ មានទម្ងន់ធ្ងន់ ផ្លែមានរូបរាងល្អ។
- សីតុណ្ហភាពមធ្យម កើនដល់៣៦ ºC វាធ្វើឲ្យផ្លែរួញខ្លី មិនសមស្របសម្រាប់លក់លើទីផ្សារ។
សីតុណ្ហភាពពេលយប់
- សីតុណ្ហភាពពេលយប់ចុះទាបពី១៥ មក ៨ ºC វានិងធ្វើឲ្យជ្រុះលំអង។
- សីតុណ្ហភាពពេលយប់មធ្យម ២០ºC វាជាលក្ខខ័ណ្ឌល្អមួយដែលធ្វើឲ្យផ្លែលូតលាស់បានវែងល្អ និងមានរូបរាងល្អ។
- សីតុណ្ហភាពពេលយប់មធ្យម លើសពី២៥ ºC វាធ្វើឲ្យប៉ះពាល់ការលូតលាស់របស់ផ្លែ។
ពន្លឺ
ឥទ្ធិពលនៃពន្លឺធ្វើឲ្យផ្លែ ស្លឹក បន្លាតត្រង់ល្អ ហើយមានពណ៌បៃតងច្បាស់។ ការបន្ថយពន្លឺព្រះអាទិត្យ៥០% ធ្វើឲ្យទងផ្កា និងផ្លែ មានទម្ងន់ហើយវាបានបង្កើនអាស៊ីតអាស្កូប៊ិចអាស៊ីដ (បន្តុំនូវវីតាមីន)ក្នុងផ្លែបានល្អ។ ប៉ុន្តែការបន្ថយឲ្យត្រូវពន្លឺព្រះអាទិត្យត្រឹមតែ៣០% វាធ្វើឲ្យទិន្នផលកើនទ្វេដង ដោយសារផ្លែម្ទេសរីកធំល្អ។
ការជ្រើសរើសពូជ
ម្ទេសហាវ៉ៃ ប្រភេទដំណាំមានអាយុកាលវែង ហើយក៏ឆាប់ទទួលរងកត្តាចង្រៃផ្សេងៗពីធម្មជាតិដូចជា ជម្ងឺ សត្វល្អិតចង្រៃ និងលក្ខខ័ណ្ឌបំរែបំរួលអាកាសធាតុ។ការជ្រើសរើសេពូជមានសារៈសំខាន់ណាស់ គឺធ្វើឲ្យយើងយល់ដឹងច្បាស់ពីប្រភពរបស់គ្រាប់ពូជដែលមាន២ប្រភេទ៖
- ប្រភេទពូជលូតលាស់តំបន់ត្រជាក់ៈ វាលូតលាស់បានក្នុងលក្ខខ័ណ្ឌអាកាសធាតុត្រជាក់ពូជនេះច្រើនមកពីទ្វីបអឺរ៉ុបដូចជា បារាំង សហរដ្ឋអាមេរិក ហូឡង់ កាណាដា ហើយភាគច្រើនជាប្រភេទពូជធ្ងន់។
- ប្រភេទពូជលូតលាស់ក្នុងតំបន់ក្តៅមធ្យមៈ វាលូតលាស់ក្នុងលក្ខខ័ណ្ឌអាកាសធាតុក្តៅ ពូជនេះច្រើនមកពីប្រទេសចិន ជប៉ុន កូរ៉េ ។ពូជនេះមានភាពសមស្របសម្រាប់ធ្វើការដាំដុះ គឺជាពូជដែលបន្សាំល្អទៅនឹងលក្ខណៈតំបន់ ធន់ទ្រាំជម្ងឺ និងសត្វល្អិត ទទួលបានទិន្នផលខ្ពស់សមស្របទៅនឹងទីផ្សារ។
ការរៀបចំដី
ដីសម្រាប់ដាំម្ទេសហាវ៉ៃ ត្រូវមានប្រភពទឹកគ្រប់គ្រាន់ ហើយជាដីដែលសំបូរជីជាតិ ជ្រាបទឹកបានរហ័ស មិនដក់ទឹក ដូចជាប្រភេទល្បប់ ដីល្បាយខ្សាច់ ឬដីក្រហមភ្នំភ្លើងដែលវាសំបូរទៅដោយគ្រប់សារធាតុចិញ្ចឹម។
- ត្រូវភ្ជួររាស់ដីឲ្យបានជ្រៅ ដើម្បីបន្ថយនូវការដុះស្មៅ ភ្នាក់ងារចង្រៃផ្សេងៗ
- ធ្វើឲ្យដីធូរល្អ មានបន្ធុកខ្យល់អុកស៊ីសែនគ្រប់គ្រាន់
- ត្រឡប់ដីជីជាតិ និងពង្រាយជីជាតិឲ្យស្មើល្អ
- កៀរដីឲ្យស្មើល្អងាយស្រួលស្រោចស្រព បន្ទាប់មកលើករងឲ្យខ្ពស់
របៀបលើករង
- លើករងទទឹង១២០សម កំពស់២០-២៥សម បណ្តោយអាស្រ័យស្ថានភាពដី
- ក្រោយលើករងត្រូវពង្រាបដីតាមរងនិមួយៗឲ្យស្មើ
- កាប់រណ្តៅគុម្ពសម្រាប់ដាំកូនម្ទេសជម្រៅពី៥-៨សម ជាជួរ ចំនួន២ជួរ ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ៦០សម
- ដាក់ជីកំប៉ុស ឬជីលាកមកសត្វពុកផុយល្អ ដូចជាលាមកគោ លាមកមាន់ ចំនួន១៥ ទៅ២០តោន/ហិចតា
- បន្ទាប់មករោយជី១៥-១៥-១៥ ៥ក្រាមតាមរណ្តៅនិមួយៗ
- បាញ់ថ្នាំប្រឆាំងគ្រាប់ស្មៅ ឈ្មោះAlachlor កំរិត៥០ CC លាយទឹក១៨-២០លីត្រ បាញ់ឲ្យជោគលើរង ទើបដាំតាមក្រោយ។
ការបណ្តុះគ្រាប់ពូជ
គ្រាប់ម្ទេសអាចដុះពន្លកបានក្នុងលក្ខខ័ណ្ឌធម្មតារយៈពេល៩-១១ថ្ងៃ ក្រោយបណ្តុះ ប៉ុន្តែដើម្បីឲ្យគ្រាប់ឆាប់ដុះគេអាចប្រើវិធីរំញោច ដោយត្រាំគា្រប់ម្ទេសក្នុងទឹកក្តៅកំរិត ៥០ ºC រយៈពេល២០ -៣០នាទី។
- បន្ទាប់មកត្រាំទឹកធម្មតារយៈពេល១យប់ រួចលាងសំអាតទឹកធម្មតា ២-៣ដង
- រួចផ្អាប់រយៈពេល២-៣យប់ ឲ្យកូនម្ទេសហាវ៉ៃដុះពន្លកបន្តិច រួចយកទៅត្រាំនិងសូលុយស្យុងថ្នាំផ្សិត Captan ២ ក្រាម/គ.កគ្រាប់ពូជរយៈពេល៦ម៉ោងមុនយកទៅបណ្តុះ។
ការបណ្តុះកូនម្ទេសមានវិធីសាស្រ្ត៣យ៉ាង៖
- វិធីបណ្តុះថ្នាលធម្មតាៈ សាបលើថ្នាលធម្មតា ការលូតលាស់យឺត កូនម្ទេសមានអាយុ២៨ -៣៥ ថ្ងៃទើបអាចដកយកទៅដាំបាន។
- វិធីបណ្តុះកេះដីខ្សាច់ៈ ដុតដីខ្សាច់ឲ្យក្តៅដើម្បីសម្លាប់មេរោគ បន្ទាប់មកចាក់ចូលកេះ ឬឡាំងកំរាស់៥-៧សម កាយឲ្យស្មើ រួចស្រោចទឹកឲ្យជោគ។បន្ទាប់មកយកគ្រាប់ពូជមករោយតាមចង្អូរដែលឆូតជម្រៅ២សម ហើយលប់ទៅវិញក្រោយមកយកចំបើងស្ងួតមកគ្របពីលើឲ្យជិតរួចស្រោចទឹកព្រឹកល្ងាច ២ ថ្ងៃក្រោយបកចំបើងចេញ។ក្រោយបណ្តុះ៥-៨ថ្ងៃអាចដកកូនទៅស្ទូងក្នុងកន្ទោង ដែលបានច្រកដីមានជីជាតិពេញក្រោមជំរកការពារពន្លឺ កំដៅថ្ងនៅពេលថ្ងៃ។ដីដែលច្រកចូលក្នុងកន្ទោងបណ្តុះឬ កញ្ច្រែងផ្សាំផ្សំឡើងដោយកំទេចដីស្ងួតហ្មត់១ភាគ ស្រកីដូងហ្មត់២ភាគ ផេះអង្កាម២ភាគ អង្កាម១ភាគ លាយបញ្ចូលគ្នាបន្ទាប់មកលាយជីP2O5 ២០% ចំនួន ១% និងកំបោរ ១%
- វិធីបណ្តុះកន្ទោងស្លឹកចេកឬកញ្ច្រែងបណ្តុះ (Tray) ត្រូវបំពេញដោយដីផ្សំដូចខាងលើ បន្ទាប់មកយកគ្រាប់ពូជដែលមានពន្លកបន្តិចៗទៅ ដាក់ចូលចំនួន ២-៣គ្រាប់ ជម្រៅ១-២សម ហើយគ្របចំបើងស្ងួតពីលើ ស្រោចទឹកឲ្យជោគព្រឹកល្ងាច។ក្រោយបណ្តុះ បាន២-៣ថ្ងៃយកចំបើងចេញ ក្រោយពីពិនិត្យឃើញថាគ្រាប់ពូជចេញពន្លកដំបូងពីដី។ ដើម្បឲ្យកូនម្ទេសដុញលូតលាស់ល្អ ត្រូវដកកូនម្ទេសចេញរក្សាទុកតែ១ដើមក្នុង១កន្ទោងបន្ទាប់ពីវាមានអាយុ១០ថ្ងៃក្រោយសាប ឬបណ្តុះ។បន្ទាប់ពីអាយុ១៥ថ្ងៃ។អាចយកជីអ៊ុយរ៉េចំនួន១០ក្រាម ថ្នាំសម្លាប់ផ្សិត១០ក្រាម និងថ្នាំសម្លាប់សត្វល្អិត ១៥ CC លាយទឹក១៨-២០លីត្របាញ់ឲ្យជោគនៅពេលល្ងាចត្រជាក់ ដើម្បីឲ្យកូនម្ទេសដុះលូតលាស់បានលឿន ព្រមទាំងការពារសត្វល្អិតនិងជម្ងឺផ្សេងៗ។ការសាបក្នុងកេះដីខ្សាច់ ឬកន្ទោងធ្វើឲ្យកូនម្ទេសលូតលាស់បានរហ័ស អាចដាំបានក្នុងរយៈពេល២៥-២៨ថ្ងៃប៉ុណ្ណោះ។
ការដាំដុះ
ដើម្បីដាំដុះក្នុងផ្ទៃដី១ហិចតា ត្រូវការគ្រាប់ពូជពី៣០០ -៣២០ក្រាម។
- មុននឹងដាំរយៈពេល៥-៧ថ្ងៃ មិនត្រូវស្រោចជីបំប៉នឡើយ ស្រោចតែទឹកធម្មតា
- មុនយកកូនម្ទេសទៅដាំមួយថ្ងៃ ត្រូវយកថ្នាំការពារជម្ងឺផ្សិតដូចជាប្រភេទ Zineb, Mancozeb, Captan ចំនួន២៥CCឬ២០ក្រាម លាយជាមួយថ្នាំសម្លាប់សត្វល្អិតដូចជាMonocrotophos ឬ Cabary ចំនួន២៥CCឬ២០ក្រាម លាយជាមួយទឹក១៨-២០ លីត្របាញ់ឲ្យជោគ ដើម្បីការពារសត្វល្អិត និងជម្ងឺពេលយកទៅដាំនៅចំការ
- មុនដាំ១-២ម៉ោងត្រូវស្រោចទឹកឲ្យជោគ
- ត្រូវដកភ្លាមយកទៅដាំភ្លាម ដាំនៅពេលល្ងាចពេលដែលកំដៅថ្ងៃថយចុះ
- ត្រូវជ្រោយជីដែលដាក់ក្នុងរណ្តៅឲ្យជីធ្លាក់ទៅក្រោម
- ត្រូវដាំ១គុម្ព១ដើម ដាំហើយត្រូវស្រោចទឹកឲ្យជោគដើម្បីការពាររំហួត
- ត្រូវដាំជាជួរចន្លោ៦០សម X ៦០សម
ការថែទាំ
ការជ្រួយដី
ការកជ្រួយដីក្នុងចំការម្ទេស គឺដើម្បីពន្យាពេលលូតលាស់ស្មៅ ធ្វើឲ្យដីធូរ រក្សាសំណើមបានល្អ ជីជាតិរលាយបានលឿន សម្រួលដល់ការលូតលាស់ប្រព័ន្ធឬស និងស្រូបយកជីជាតិទៅចិញ្ចឹមសរីរាង្គ។
- អាចជ្រុំដីនិងចប ឬដោយម៉ាស៊ីនក្រោយពេលដាំបាន១៥-១៧ថ្ងៃ
- មុនជ្រុំដីត្រូវផ្អាកស្រោចទឹក១ថ្ងៃ
- ត្រូវជ្រុំឲ្យផុសដីពេញផ្ទៃរងរាក់ៗ បន្ទាប់មកពូនរងឡើងវិញ
- បន្ទាប់មកយកចំបើងស្ងួត ឬកំប្លោកក្រៀមៗមកគ្របឲ្យពេញផ្ទៃរង ដើម្បីកុំឲ្យដីឆាប់ហាប់និងបន្ថយការលូតលាស់របស់ស្មៅ
- មិនត្រូវជ្រុំជ្រួយដី នៅពេលម្ទេសចេញផ្កា ឬផ្លែឡើយ
ការដាក់ជី
ដំណាំម្ទេសត្រូវការសារធាតុចិញ្ចឹមច្រើនយ៉ាង ដើម្បីការលូតលាស់គ្រប់សរីរាង្គ។ក្នុង១វដ្តជីវិតរបស់វាសារធាតុដែលចាំបាច់ ហើយមានបរិមាណច្រើនជាងគេ គឺអាសូត និងប៉ូតាស្យូម
ដើម្បីផលិតម្ទេសស្រស់បាន១តោន វាត្រូវស្រូបយកសារធាតុសំខាន់ៗរួមមាន៖
- អាសូត ៣,៣៤ គ.ក្រ
- ផូស្វាត ០,៧៦ គ.ក្រ
- ប៉ូតាស្យូម ៤,៧៩ គ.ក្រ ការដាក់ជីដែលសមស្របគឺប្រើជីទោល (ធាតុសកម្មដាច់ៗពីគ្នា)ជាពិសេសគឺជីផូស្វាត និងជីប៉ូតាស្យូមត្រូវដាក់ចំនួន៥០%នៃជីអាសូតដែលត្រូវប្រើក្នុង១វដ្តជីវិត ប្រភេទជីនេះ គេប្រើទ្រាប់បាទមុនពេលដាំ ហើយចំនួននៃជីផូស្វាតនិងប៉ូតាស្យូមដែលនៅសល់ត្រូវដាក់លើកទី២ ពេលម្ទេសចេញផ្លែ១០០% ។ ដើម្បីឲ្យម្ទេសផ្លែច្រើន និងលូតលាស់បានយូរ គេត្រូវប្រើបរិមាណជីនីមួយៗដូចខាងក្រោម៖ ជីអាមូនីញូមស៊ុលហ្វាត ៣៥០ គ.ក្រ និងជីស៊ុបពែផូស្វាត ១៧៥ គ.ក្រ/ហ.ត វាស្មើនិងកំរិតជីអាសូត ១៦០គ.ក្រ ជីផូស្វាត ៣៦ គ.ក្រ ជីប៉ូតាស្យូម១០០គ.ក្រ /ហ.ត ដូចនេះដើម្បីឲ្យសមស្របទៅតាមរូបមន្តនៃតម្រូវការនៅប្រទេសកម្ពុជាយើងមានការកង្វះជីទាំងនោះគេអាចប្រើប្រភេទជីផ្សេងៗក្នុងការជំនួយ និងបំពេញបន្ថែមខ្លះៗគឺ៖
- ដាក់មុនពេលដាំ៖ ជី ១៥-១៥-១៥ ចំនួន១៥០ គ.ក្រ/ហ.ត បាចឬដាក់តាមបាតរណ្តៅ
- ក្រោយដាំ ៧-១០ថ្ងៃ៖ជីអ៊ុយរ៉េ ចំនួន៦៥-៧០ គ.ក្រ/ហ.ត លាយទឹកស្រោច
- ក្រោយដាំ ៣៥-៤០ថ្ងៃ៖ជីផូស្វាតសុទ្ធ ចំនួន៧២ គ.ក្រ ជីប៉ូតាស្យូមក្លរួ ចំនួន១៣០ គ.ក្រ និងជីអ៊ុយរ៉េសុទ្ធចំនួន១០០ គ.ក្រ-ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន
- ក្រោយដាំ៥៥ថ្ងៃ៖ ជីអ៊ុយរ៉េសុទ្ធ ៦០ គ.ក្រ/ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន
- ក្រោយដាំ៧០ថ្ងៃ៖ ជីអ៊ុយរ៉េសុទ្ធ ៦០ គ.ក្រ/ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន
- ក្រោយដាំ៨៥ថ្ងៃ៖ ជីអ៊ុយរ៉េសុទ្ធ ៦០ គ.ក្រ/ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន
ការស្រោចស្រព
- ត្រូវស្រោចទឹកឲ្យសើមខ្លាំងពេលដាំហើយភ្លាមៗ រយៈពេលមួយសប្តាហ៍
- បន្ទាប់មកស្រោចទឹកធម្មតា
- ដល់ពេលម្ទេសចេញផ្កា និងក្តឹបត្រូវបង្កើនការស្រោចទឹកឡើងវិញ ចំពោះបរិមាណទឹកដែលប្រើប្រាស់សម្រាប់ស្រោចស្រពអាស្រ័យទៅតាមប្រភេទដី និងធាតុអាកាស។គេអាចស្រោចស្រពដោយប្រើប៉ោត ដោយបាញ់ម៉ាស៊ីនជាចំហាយទឹក ឬជាបន្សាចនៃដំណក់ទឹកដែលហៅថាភ្លៀងនិម្មិតជារៀងរាល់ថ្ងៃ។ប៉ុន្តែចំពោះការស្រោចជ្រាបគឺត្រូវធ្វើអំឡុង៣-៥ថ្ងៃម្តងទៅតាមសភាពដីនិងវគ្គលូតលាស់
ជម្ងឺនិងសត្វល្អិត
ជម្ងឺ
ម្ទេសហាវ៉ៃ រងការបំផ្លាញដោយជម្ងឺជាច្រើនប្រភេទ និងច្រើនក្រុមដូចជា៖
ក្រុមជម្ងឺផ្សិត
- ដំណាក់កាលកូនសំណាប៖ ច្រើនកើតជម្ងឺរលាកគល់និងធ្វើឲ្យកូនម្ទេសស្វិតគល់
- ដំណាក់កាលលូតលាស់និងផ្លែ៖ គេសង្កេតឃើញកើតជម្ងឺផ្សិត ដែលធ្វើឲ្យគល់និងឬសដុះផ្សិតហើយមានគ្រាប់ល្អិតៗ
- ផ្លែ៖ ជម្ងឺធ្វើឲ្យផ្លែ ស្រលាកស្ងួតបណ្តាលមកពីមេរោគ៤ប្រភេទColletotrichum, Glocosporiodes, C.Capsici. C.acutatum និងcoccodes.
- ស្លឹក៖ ជម្ងឺធ្វើឲ្យស្លឹកស្រលាកអ៊ុចៗ ពណ៌ត្នោតហើយសនៅចំណុចកណ្តាល
ក្រុមជម្ងឺវីរ៉ុស ម្ទេសហាវ៉ៃ មានជម្ងឺវ៉រ៉ុស ៤ សំខាន់ៗ៖
- វីរ៉ុសធ្វើឲ្យស្លឹកស្តើងពណ៌លឿង
- វីរ៉ុសធ្វើឲ្យស្លឹកខ្មូររួញ
- វីរ៉ុសធ្វើឲ្យស្លឹកខ្មូររមូលឡើងលើ
- វីរ៉ុសធ្វើឲ្យស្លឹកមានស្នាមអ៊ុចលឿងៗ
ក្រុមជម្ងឺបាក់តេរី
- បាក់តេរីធ្វើឲ្យទន់រលួយដើម ធ្វើឲ្យផ្លែទន់ហើយរលួយពីក្នុងផ្លែ
- បាក់តេរីធ្វើឲ្យប្រជ្រុយស្លឹក ផ្លែ ធ្វើឲ្យមានចំណុចតូចស្លឹក ផ្កា ដើមប្រែជាពណ៌ត្នោត ឲ្យម្ទេសជ្រុះស្លឹក
- បាក់តេរីធ្វើឲ្យស្រពោន មិនប្រែពណ៌ ហើយគ្មានស្នាមរបួសឬសឬគល់ ជាពិសេសក្នុងវគ្គក្តិប ឬផ្លែ។
សត្វល្អិត
សត្វល្អិតជាភ្នាក់ងារបង្កជម្ងឺមាន
- ដង្កូវស៊ីរូងផ្លែៈ ខ្លួនមានរោមពណ៌បៃតងខ្ចី ចោះចូលក្នុងផ្លែម្ទេស
- ដង្កូវចោះផ្លែៈ ខ្លួនវាគ្មានរោម វាចោះស៊ីផ្លែ ដើម ផ្កា និងស្លឹកខ្ចី
- ដង្កូវកាត់ដើមៈវាកាត់ដើមម្ទេសខ្ចីនៅពេលយប់ រួចជ្រកក្នុងដីនៅពេលថ្ងៃ។
- ក្រៅពីនេះមាន៖
- អណ្តើកមាសពណ៌ក្រហមស្លាទុំ១២ ចំណុចវាស៊ីជាលិកាពណ៌បៃតងស្លឹក
- រុយចោះផ្លែ វាចូលចិត្តអុចទិចផ្លែម្ទេស ហើយបញ្ចូលពងទៅក្នុងផ្លែ ធ្វើឲ្យផ្លែម្ទេសស្អុយមានដង្កូវក្នុងផ្លែ។
ការការពារជម្ងឺ និងសត្វល្អិត៖
- ត្រូវជ្រើសរើសរដូវរៀបចំដីសឲ្យបានល្អ
- សម្ងាតស្មៅឲ្យបានស្អាត
- ដាំឲ្យមានចន្លោះគុម្ពត្រឹមត្រូវ
- កាត់មែកក្រោមៗចោល
- ជ្រើសរើសពូជធន់
- អនុវត្តគ្របដីមុនពេលដាំបន្ថយសំណើម
- ដើមដកដុតចោលដើម្បីកម្ចាត់សត្វល្អិតចង្រៃជាភ្នាក់ងារចម្លងរោគ
- ឆ្លាស់មុខដំណាំ ផ្អាកការដំដុះ
- ត្រាំគ្រាប់ពូជជាមួយសូលុយស្យុងទឹកក្តៅ និងថ្នាំសម្លាប់ផ្សិតរយៈ៦ ម៉ោងមុនពេលបណ្តុះ
- សម្លាប់មេរោគលើថ្នាលបណ្តុះជាមួយថ្នាំការពារផ្សិតដូចជា៖ Zineb, Mancozeb, Captan, Mancb ៣-៥ មុនពេលចេញរោគសញ្ញា។
ចំណាំ៖ ចំពោះសត្វល្អិត ត្រូវយល់ដឹងពីលក្ខណៈរបស់សត្វល្អិតនិមួយៗជាពិសេសដំណាក់កាលពង ឬទើបនិងញាស់។ការប្រើប្រាស់ថ្នាំពុលមានប្រសិទ្ធល្អ មានថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលអាចយកមកប្រើបាន ប៉ុន្តែត្រូវដឹងពីប្រសិទ្ធភាពនិងរយៈពេលពុលរបស់វា គួបផ្សំនឹងវិធីសាស្រ្តប្រើប្រាស់ប្រកបដោយសុវត្ថិភាព។
ការប្រមូលផល
- ជាធម្មតាម្ទេសហាវ៉ៃ គេបេះយកផ្លែដែលចាស់សមស្របទៅនឹងទីផ្សារ ព្រោះម្ទេសនេះភាគច្រើនគេធ្វើជាបន្លែ។លក្ខណៈផ្លែដែលអាចបេះបានគឺមានពណ៌បៃតងក្រម៉ៅរលោងរឹង។
- ការរក្សាទុកកន្លែងត្រជាក់៣-៤សប្តាហ៍ វានិងប្រែទៅជាពណ៌ក្រហមស្រស់ ប៉ុន្តែបើរក្សានៅកន្លែងក្តៅវាឆាប់ប្រែពណ៌លឿនជាងនេះ។
- ចំពោះម្ទេសហិរវាធ្វើឲ្យបាត់បង់សារធាតុផ្អែមចំនួន ៣២% ក្រោយពីរក្សាទុកនៅកន្លែងត្រជាក់រយៈពេល៧-៨សប្តាហ៍ក្រោយពេលប្រមូលផល។
- អាយុកាល និងទិន្នផលវា អាស្រ័យទៅលើប្រភេទពូជ និងលក្ខខ័ណ្ឌដំណុះ ក្រោយពេលដាំគឺ៖
- ពូជស្រាលពី ៥៥ – ៦០ថ្ងៃ
- ពូជកណ្តាលពី ៦៥ -៧០ថ្ងៃ
- ពូជធ្ងន់ពី ៧៥ – ៩០ ថ្ងៃ
ចំណាប់អារម្មណ៍
ម្ទេសហាវ៉ៃ ជាបន្លែមួយដែលពេញនិយម ប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការ ក៏ដូចជាមានតម្លៃថ្លៃគួរសម្យនៅលើទីផ្សារ។ សម្រាប់បងប្អូន ដែលចង់បង្កើតមុខរបរបន្ថែម ស្រលាញ់ការដាំដុះ មិនគួរមើលរំលងបន្លែមួយនេះឡើយ។ មុនធ្វើការដាំដុះ សូមបងប្អូនត្រូវចេះ ជ្រើសរើសពូជដែលមានភាពធន់នឹងការបំផ្លាញ មកធ្វើការដាំដុះដើម្បីទទួលបានទិន្នផលខ្ពស់។ ម្យ៉ាងវិញទៀត ត្រូវចេះស្វែងយល់ពី ពូជដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារ មកដាំដុះដើម្បីងាយស្រួលលក់។