បច្ចេកទេសដាំដុះ ម្រះ

ម្រះ ជាបន្លែមួយប្រភេទ ដែលមានរសជាតិល្វីង មានអ្នកចូលចិត្តរសជាតិល្វីងរបស់វា ហើយក៏មនុស្សមួយចំនួន មិនសូវនិយមទទួលទានវា ព្រោះតែរសជាតិល្វីងរបស់វាផងដែរ។ ម្រះ ត្រូវបានគេ យកមកធ្វើ ម្ហូបបានជាច្រើនមុខ ដូជជា​ ស្ងោរ ឆា ចៀន ធ្វើជាបន្លែស៊ុប បន្លែញាំ ភ្លាជាដើម។ ត្រួយម្រះ ស្លឹកម្រះ ក៏អាចយកទៅធ្វើជាបន្លែ សម្រាប់ម្ហូបអាហារបានច្រើនមុខថែមទៀត។

ក្រៅពីរសជាតិល្វីងរបស់វា ម្រះមានផ្ទុក ជាតិដែក, ប៉ូតាស្យូម, ម៉ាញ៉ែស្យូម, ម៉ង់ហ្គាណែស, ស័ង្កសី, Niacin, Pantothenic, Pyrodoxine។ លើសពីនេះទៀត ម្រះសម្បូរសារធាតុចីញ្ចឹម ជួយព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២, រំលាយគ្រួសក្នុងតម្រងនោម, កាត់បន្ថយជាតិខ្លាញ់, ជួយព្យាបាលជំងឺមហារីកលំពែង, អត្ថប្រយោជន៍ចំពោះស្បែក, សម្រកទម្ងន់, ប៉ូវថ្លើម, ជួយរំលាយសារជាតិកាបូអ៊ីដ្រាត, ប្រភពវីតាមីន K, ពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ។

សម្រាប់បងប្អូនកំពុងស្វែងរក បច្ចេកទេសក្នុងការដាំដុះ ខាងក្រោមនេះ ជាបច្ចេកទេស ដាំដុះម្រះ

https://www.pinterest.com/pin/39125090493942872/

ការជ្រើសរើសពូជ

  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធដែលមានភាគរយ ដំណុះចាប់ពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ពូជធន នឹង ជម្ងឺ សត្វល្អិត និង អាកាសធាតុ

ការបណ្តុះគ្រាប់ដាស់ដំណេក

  • មុនបណ្តុះត្រូវហាលថ្ងៃ១៥ នាទី នៅពេលថ្ងៃត្រជាក់ពេលព្រឹកម៉ោង 8 ទៅ ម៉ោង 9 ព្រឹក បើពេលល្ងាច ម៉ោង 4 ល្ងាច
  • គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាតចំពោះគ្រាប់ពូជត្រាំទឹកក្តៅតិច ៗ ទៅតាមប្រភេទគ្រាប់ពូជ
  • ផ្អាប់នឹងក្រណាត់ ១ -២ យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
  • ចំណាំ: គ្រប់មុខដំណាំទាំងអស់ត្រូវតែដាស់ដំណេក គឺមានន័យថា ត្រូវតែត្រាំទឹកក្តៅ តិចៗ

ការបណ្តុះក្នុងកន្ទោង

  • ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត ថង់បា្លស្ទិចក៏បាន
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី
  • យកដីដែល លាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោងយកដីដែលមាន ជីជាតិមក រោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ
  • បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹក ជីកំប៉ុស្ត ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យ វាថ្លោសល្អ

ដាំផ្ទាល់ដី

  • ចំពោះរងដាំ ត្រូវដាក់ជីកំប៉ុស្ត លាយដីដំបូក ច្របល់អោយសព្វ ទើបយកគ្រាប់មកដាំ
  • ត្រូវដាំអោយចន្លោះជួរ និងចន្លោះគុម្ពសមល្មម
  • បន្ទាប់គ្របចំបើង ពីលើដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី ក្រោយមកស្រោចទឹក អោយជោគ១សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
https://www.dreamstime.com/photos-images/bamboo-gourd.html

ការដាំដុះម្រះ

  • រដូវកាលសមស្រប សម្រាប់ដំណាំគឺរដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈរដូវ ប្រាំងចាប់ពីខែ ឧសភា- កក្តដា ប្រមូលផល ខែ សីហា
  • រៀបចំដី ភ្ជួរហាលដីអោយស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
  • ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ ទទឹង១ ,២ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
  • ចន្លោះជួរ ៨០ ស.ម ចន្លោះគុម្ព ៥០-៦០ ស.ម
  • មួយរងដាំជាពីរជួរ លើករងបណ្តោយថ្ងៃទើបល្អ
  • កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គ.ក្រ ក្នុងមួយរណ្តៅ
  • ទុកចន្លោះគុម្ព ៥០-៦០ ស.ម ចន្លោះជួរ ៨០ស.ម ចន្លោះរងមួយ ទៅរងមួយទៀត គឺ៥០ស.ម

ការថែទាំនិងស្រោចស្រពដំណាំ

  • ជាទូទៅ ការគ្របកូនម្រះជាការចាំបាច់ បន្ទាប់ពីគ្របកូនដំណាំការពារកំដៅ
  • អាចប្រើស្លឹកឈើ ស្ងួតចំបើងក្រណាត់
  • ការជំរះស្មៅ ពូនគល់ជំរះស្មៅ កុំអោយស្មៅដណ្តើម ជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់ សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ – ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ ប្រើចបចក់ ដើម្បីជំរះស្មៅធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្កា
  • ស្រោចស្រពម្រះជាប្រចាំ ហើយស្រោចទឹក មួយថ្ងៃ២ដង
  • នៅពេលម្រះចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវការទឹក និងជីជាតិច្រើនជាងពេលដាំ
  • រៀបចំទ្រើងឬធ្នើរ សម្រាប់ម្រះ ដោយលើករង ងាយស្រួលក្នុងការថែទាំ ស្រោចទឹកបោចស្មៅ និងដាក់ជី ងាយស្រួលក្នុងការថែទាំ
  • ក្រោយពេលម្រះផ្លែ១សប្តាហ៍ យកក្រដាស់ មកចងរុំ ផ្លែកុំឲ្យសត្វមកទិចផ្លែ ងាយស្រួលក្នុងការប្រមូលផល
  • អាចធ្វើស្រោមវា ដើម្បីការពារផ្លែម្រះពីសត្វល្អិតបាន ស្រោមម្រះ យើងអាចធ្វើពីរក្រដាស់ស រឺ ក្រដាសកាសែត យើងអាចធ្វើស្រោមពីរស្លឹកដូង រឺ ស្លឹកតោ្នតក៏បាន
  • ធ្វើជីកំប៉ុស្ត ជីកំប៉ុស្តគោ ជីកំប៉ុស្តទឹក ថ្នាំប៉ូវ ថ្នាំប៉ូវពីរុក្ខជាតិ និងថ្នាំពុលធម្មជាតិ

ការប្រើជីគីមី

  • មុនដាំ ជីលាមកសត្វ ចំនួន ១,៥ គ.ក្រ និង ជីNPK ចំនួន ១៥ ក្រាម ពង្រាយលើរង
  • ការដំាំកូន ជីNPK ចំនួន ១០ ក្រាម ជីអ៊ុយរ៉េ ចំនួន ១០ក្រាម កប់ចម្ងាយពីគល់ ៥ស.ម
  • ២សប្តាហ៍បន្ទាប់ពីដាំ ជីNPK ចំនួន ១០ ក្រាម ជីអ៊ុយរ៉េ ចំនួន ១០ក្រាម កប់ចម្ងាយពីគល់ ៥ស.ម
  • ៤សប្តាហ៍បន្ទាប់ពីដាំ ជីNPK ចំនួន ១០ ក្រាម ជីអ៊ុយរ៉េ ចំនួន ១០ក្រាម កប់ចម្ងាយពីគល់ ៥ស.ម
  • ៦សប្តាហ៍បន្ទាប់ពីដាំ ជីNPK ចំនួន ១០ ក្រាម ជីប៉ូតាស្យូម ចំនួន ៥ក្រាម កប់ចម្ងាយពីគល់ ៥ស.ម
  • ៨សប្តាហ៍បន្ទាប់ពីដាំ ជីNPK ចំនួន ១០ ក្រាម ជីប៉ូតាស្យូម ចំនួន ៥ក្រាម កប់ចម្ងាយពីគល់ ៥ស.ម
  • ១០សប្តាហ៍បន្ទាប់ពីដាំ ជីNPK ចំនួន ១០ ក្រាម កប់ចម្ងាយពីគល់ ៥ស.ម
  • ១២សប្តាហ៍បន្ទាប់ពីដាំ ជីNPK ចំនួន ១០ ក្រាម កប់ចម្ងាយពីគល់ ៥ស.ម

ការគ្រប់គ្រងលើដំណាំម្រះ

វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត៖

វិធីសាស្រ្តដំាដុះ

  • ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល ដាំចំរុះនៃរុក្ខជាតិដែលមានក្លិនឆួលខ្លាំង

វិធីសាស្រ្តកំចាត់ដោយដៃ

  • វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា
  • អនុវត្តន៍ដោយដៃ ប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង
  • សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន

វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺ

  • តាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ
  • ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម

វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ

ថ្នាំពុលគីមី

  • ការកំចាត់សត្វល្អិត ដោយប្រើថ្នាំពុលគីមី មិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វអោយងាប់ នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំង អ្នកប្រើប្រាស់ និងអ្នកហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន

ថ្នាំពុលធម្មជាតិ

វត្ថុធាតុផ្សំ

  • សំបកស្តៅ៣ គីឡូក្រាម
  • រំដេង:០,៥ គីឡូក្រាម
  • ស្លឹកផ្លែស្លែង:៣ គីឡូក្រាម
  • ថ្នាំជក់០,៥ គីឡូក្រាម
  • ម្ទេស៣ គីឡូក្រាម
  • ក្រូចឆ្មារ៥០ក្រាម
  • ទឹកនោមមនុស្ស និងសត្វ៤លីត្រ

របៀបធ្វើ

  • ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាង ដែលមានចំណុះ ៣០០លីត្រ និងទឹកនោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើប្រាស់ បាន។

របៀបប្រើប្រាស់

  • ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ
https://www.crushpixel.com/stock-photo/chinese-bitter-melon-49197.html

ការប្រមូលផល

  • ប្រមូលផលការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា
  • ម្រះ អាយុអាច ប្រមូលផល ៥០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក
  • ដោយ ប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែរបៀបទុកពូជម្រះពេលម្រះផ្លែតូចៗត្រូវរកក្តិបម្រះណាដែលមានផ្លែថ្លោសល្អ ៗ ពេលម្រះ ពេញក្តិបក ប៉ុនម្រាមដៃច្រកក្នុងឡុកក្រដាស
  • ច្រកថង់ប្លាស្ទិច នាំឲ្យជប់ញើស ធ្វើឲ្យផ្លែម្រះប្រេះក្រឡារលួយ
  • លុះដល់ផ្លែ ម្រះទុំល្មម គ្រាប់សំបុរផ្កាឈូក ទើបបេះទុកសម្រាប់ធ្វើពូជ
  • កុំទុកឲ្យម្រះទុំពេក ព្រោះពេលដាំ សារក្រោយធ្វើឲ្យពូជក្លាយ ដោយចង្អូរក្រ ឡាម្រះទៅជាញឹកពូជមានក្រឡាញឹក ជាពូជ មិនល្អ
  • ដើម្បីសំគាល់ថាផ្លែម្រះមានគា្រប់ពណ៌ផ្កាឈូក ច្របាច់ ផ្លែមើលបើលឺសូរ ប្រោះ គឺផ្លែម្រះនោះល្មមបេះធ្វើពូជតែបើ ជ្រលច្របាច់ទៅលឺ ព្រួក
  • ផ្លែម្រះដែលបេះបានមកពុះយក គ្រាប់លាងទឹក សំដិលទុកក្នុងម្លប់ ២ ទៅ ៣ ថ្ងៃ(កុំហាលថ្ងៃក្តៅ ធ្វើអោយគ្រាប់ ស្វិតដាំលែងដុះ) រួចដេរ ថង់ក្រណាត់ច្រក សំដិលទុក
  • ចំពោះគ្រាប់ម្រះដែលបេះភ្លាមយក មកដាំភ្លាម ក៏បានផលល្អដូច គ្រាប់ទុកបានយូរ តែកុំឲ្យហួសពី ១ ឆ្នាំ

ចំណាប់អារម្មណ៍

សម្រាប់បងប្អូន ដែលមានដីទំនេរ ឬមានបំណងចង់បង្កើតមុខរបរ សម្រាប់បង្កើនចំណូលបន្ថែម អាចសាកល្បង ក្នុងការដាំដុះ ដំណាំម្រះនេះបាន ព្រោះវាមិនពិបាក ក្នុងការថែទាំ ឬទាមទារបច្ចេកទេសស្មុគស្មាញ នោះទេ។ មុននឹងធ្វើការដាំដុះ សូមបងប្អូន ចេះជ្រើសរើសពូជ មានធន់ និងឆាប់បានផល យកមកដាំដុះ ដើម្បីចំណេញពេលវេលា និងការថែទាំ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts