ស្រកានាគ ជាផ្លែឈើដែលមានរសជាតិ មិនសូវផ្អែម នោះទេ ប៉ុន្តែវាជាប្រភេទផ្លែឈើ ដែលអ្នកចង់ស្រកទម្ងន់ និយមទទួលទានផងដែរ។ ផ្លែស្រកានាគ មានផ្ទុកនៅសារធាតុចិញ្ចឹមជាច្រើនដូចជា៖ សម្បូរជាតិសរសៃ កាឡូរី ប្រូតេអីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីនC ជាតិដែក ម៉ាញ៉េស្យូម។
លើសពីនេះ វាមានផ្ទុកទៅដោយសារធាតុអង់ទីអ៊ុកស៊ីន, ជួយសម្រួលការរំលាយអាហារ, ប្រឆាំងនិងជម្ងឺទឹកនោមផ្អែម, ជម្រុញប្រព័ន្ធភាពស៊ាំ, ការពារបេះដូង រក្សាសំណើមស្បែកបានថែមទៀតផង។
ខាងក្រោមនេះ គឺជាបច្ចេកទេស ដាំដុះស្រកានាគ៖
លក្ខណៈរបស់ដំណាំស្រកានាគ
- ឈ្មោះវិទ្យាសាស្រ្ត Hylocereus spp
- មានដើមកំណើត នៅភាគកណ្តាលអាមេរិកខាងជើង
- អាកាសត្រូពិច និងស៊ុបត្រូពិច
- មិនសូវរើសដី ដីមិនដក់ទឹក និងសោះទឹកបានល្អ
- សីតុណ្ហភាពមធ្យម ២៨ºC (២០-៣០ ºC)
- កម្ពស់ទឹកភ្លៀង ចាប់ពី ៦៥០ -១២០០ម.ម
- ត្រូវការពន្លឺអាទិត្យ
ការជ្រើសរើសពូជ
ដំណាំស្រកានាគ មានច្រើនពូជដូចជា៖
- សម្បកក្រហម សាច់ក្រហម (តៃវ៉ាន់)
- សម្បកក្រហម សាច់ស
- សម្បកលឿងសាច់ស
ក្នុងការជ្រើសរើសពូជនីមួយៗ មកដាំដុះត្រូវរើសដូចខាងក្រោម៖
- ជ្រើសរើសដើម ណាដែលថ្លោសល្អ ស្រឡូនល្អ
- មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក មកកាត់ជាកង់ៗ ប្រវែង ៣០-៤០ស.ម
ការរៀបចំដី
- មុនពេលដាំ ត្រូវភ្ជួរ ២-៣ដង ដើម្បីឲ្យដីផុសល្អ
- ភ្ជួរលើកទី១ ដើម្បីកំចាត់ស្មៅ ដោយមុនភ្ជួរ បាញ់ថ្នាំកំចាត់ស្មៅ
- ទុករយះពេល ៣-៧ថ្ងៃ ទើបភ្ជួរលើកទី២ ហើយរាស់អោយរាបស្មើរតែម្ដង
- បន្ទាប់មកកាប់រណ្តៅ ឬខួងរណ្តៅ ដែលមានទំហំ៤០ស.ម បួនជ្រុង ជម្រៅ ៥០ស.ម និងចន្លោះ ពីរណ្តៅ១ទៅ១ប្រ វែង១ម៉ែត្រ ហើយដាំបង្គោល កំពស់ ២.៥ម៉ែត្រ
ការរៀបចំជន្លង់ស្រកានាគ
- ជ្រើសរើស ជន្លង់ដែលរឹងមាំ ប្រើប្រាស់បានយូរ
- ជន្លង់ពីថ្ម ឈើគ្រាក់ និងជន្លង់ឡើងដើមឈើ តាមផ្ទះ
- ភ្ជាប់សម្បកកង់ម៉ូតូចាស់ៗ ឬខ្វែងជើង នៅចុងបង្គោលខាងលើ ដើម្បីឲ្យទងស្រកានាគ វាគងពីលើ
- ជន្លង់ត្រូវ មានកម្ពស់ពី ១,៥-២,៥ ម៉ែត្រ
- ចន្លោះពីជន្លង់ នីមួយៗ ពី១,៥-៣,៥ម៉ែត្រ
ការដាំដុះ
- ជ្រើសរើសមែក ប្រវែង ៣០-៤០ស.ម សម្រួចជើងមុនដាំ
- ជ្រើសរើសកំណាត់មែកពូជ ដែលនៅជិតគល់
- ទុកបន្សាំក្នុងម្លប់រយៈពេល ៧ថ្ងៃមុនដាំ
- ដាំនៅដើមរដូវវស្សា និងចុងរដូវវស្សា
- កាប់រណ្តៅ៣ជ្រុង ជុំវិញជន្លង់
- ដាក់ជីលាមកគោ ឬលាមកសត្វផ្សេងៗ ជាមួយថ្នាំផ្សិត ទ្រីកូដឺម៉ា
- ដាំជម្រៅ ពី១០-២០ស.ម
- មួយជន្លង់ ដាំ២-៣ដើម
- ស្បៃគ្របពីលើ
- គ្របគល់ដោយចំបើង កាកសំណល់រុក្ខជាតិផ្សេងៗ
- កាយក្រវាត់ជុំវិញចម្ការ ដើម្បីរំដោះទឹកនាខែវស្សា
ការថែទាំ
- បន្ទាប់ពីដាំរួច ត្រូវចងផ្អោបដើម ទៅនឹងជន្លង់ ៣-៤កន្លែង ដើម្បីកុំឲ្យដើមដួល និងឆាប់ចាប់ឬស
- ពិនិត្យមើលចុងជន្លង់ ឲ្យស្មើល្អ កុំឲ្យធ្លាក់ម្ខាង
- កាត់ស្មៅដោយប្រើ ម៉ាស៊ីនកាត់ស្មៅ
- ជ្រោយដីពូនគល់
- អាចប្រើអំពូលភ្លើងជំនួយពេលយប់ ដើម្បីបំពេញតម្រូវការ
- ស្រោចស្រព នៅពេលគ្មានភ្លៀងធ្លាក់
ការតាក់តែងមែក
- ពេលវេលាតាក់តែងមែក ធ្វើនៅក្រោយពេលប្រមូលផល និងពេលលូតលាស់មែកថ្មី
- តាក់តែងមែកទម្រងដូចឆ័ត្រ (តុល្យភាពមែកគ្រប់ជុំ)
- មែកដែលធ្លាក់ចុះក្រោម
- មែកតូចៗ និងវែងៗ
- មែកដែលឲ្យផ្លែហើយ កាត់ធ្វើពូជ
- ខ្នែងដែលមានជម្ងឺ
ការថែទាំដំណើរលម្អង
- ផ្កាញីមានកម្ពស់ខ្ពស់ ជាងផ្កាឈ្មោល រីកពេលយប់ មានក្លិនក្រអូបទាក់ទាញ
- ប្រើជក់ទន់ល្មើយ ដើម្បីជួយដល់ដំណើរលម្អង
- ប្រមូលលម្អងពីដើមដទៃ ដើម្បីធានាទំហំផ្លែ
- អនុវត្តនៅពេលព្រឹក ឬល្ងាចមុនពេលផ្កាបិទ
ការប្រើជី៖
- រយះពេល៧ទៅ១៥ទៅ២៥ថ្ងៃយើងប្រើជី PNម្តងជា
- លើកទីមួយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា
- លើកទីពីរយើងដាក់១៥ ទៅ២៥ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា
- លើកទី៣យើងដាក់១៥ ទៅ២៥ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា
- លើកទី៤យើងដាក់១៥ទៅ២៥ ថ្ងៃ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិច
សត្វល្អិត និងជម្ងឺបំផ្លាញ
ជម្ងឺដំបៅដើម៖
- ជាជម្ងឺធ្ងនធ្ងរ លើដំណាំស្រកានាគ
- វាបង្កដោយផ្សិត ដោយសារសំណើម សីតុណ្ហភាព ពី២០-៣៥ºC
- ដំបូងមានស្នាម សំលាកពណ៌ក្រហម ជារង្វង់មូល បន្ទាប់មកឡើងកន្ទួល ពណ៌ក្រហមប្រផេះ ឡើងក្រម៉ដុំៗ ព័ទ្ធជុំវិញ
- វាវិវត្តឡើងពណ៌លឿងជុំវិញដំបៅ ដំបៅរីករាលដាលធំៗ ផ្នែកដែលរងការបំផ្លាញរលួយ ដាច់ធ្លាក់ចុះមកក្រោម
វិធានការណ៍៖
- ធ្វើអនាម័យចម្ការ គំទេចចោលប្រភពមេរោគ
- ជ្រើសរើសពូជស្អាត គ្មានជាប់មេរោគ
- តាក់តែងមែកដែលមានជម្ងឺ
- ប្រើថ្នាំផ្សិត ការពារ Mancozeb, Copper ការពារមេរោគលើផ្ទៃដើម មុនពេលជ្រាបចូលក្នុងកោសិកា
- ប្រើថ្នាំ Bordeaux, Streptomycine sulphate
ជម្ងឺអង់ត្រាក់ណូស៖
- វាកើតនៅគ្រប់ដំណាក់កាលលូតលាស់ វាធ្វើឲ្យផ្លែឆាប់ខូច
- មេរោគលូតលាស់ តាមរយៈកាកសំណល់ដី សំណើមខ្ពស់ ទឹកភ្លៀងបាចសាច ជម្ងឺតាមខ្យល់ និងកំណាត់ពូជដែលមានជម្ងឺ
- មែកលេចចេញពណ៌លឿង និងប្រែជាពណ៌ត្នោត រលួយចេញពីខាងចុង
- នៅលើផ្កាកើតមាន លើផ្កាពេញវ័យ ធ្វើឲ្យផ្កាក្រពុំប្រែជាពណ៌ត្នោត ជ្រុះយ៉ាងលឿន
- ចំពោះផ្លែ ដំបូងលេចចេញអ៊ុចពណ៌លឿងតូច បន្ទាប់មកទៀត វិវត្តជាពណ៌ត្នោតចាស់ ស្នាមបំផ្លាញនោះ មានទម្រង់ជារង្វង់
វិធានការណ៍៖
- ជីកប្រឡាយរំដោះទឹក ជម្រៅ៣០ -៤០ម៉ែត្រ
- ទុកចន្លោះក្នុងចម្ការ ការពារកុំឲ្យមែកលូតលាស់ប៉ះគ្នា
- ប្រើជីធម្មជាតិ លាយជាមួយផ្សិតTrichoderma ដាក់គល់ឬរោយជុំវិញគល់ ដើម្បីសម្លាប់មេរោគ ដែលជាប់និងកាកសំណល់
- តាក់តែងមែកដែលមានជម្ងឺ ដោយកន្ត្រៃដែលបានសម្លាប់មេរោគដោយអាល់កុល ឬរោលភ្លើង បន្ទាប់មកបាញ់ថ្នាំផ្សិត Propineb, Defenoconazole
- ប្រើថ្នាំទង់ដែង ពេលប្រមូលដើមពូជដំបូង
- ពេលភ្លៀងសំណើមខ្ពស់ បាញ់Copper hydroxide វាអាចកាត់បន្ថយការឆ្លងបានមួយកម្រិត
ការប្រមូលផល
- ក្រោយពីដាំបានរយះពេល២ឆ្នាំ អាចប្រមូលផលបានហើយ
- រយៈពេលទុំ ពី៣៥-៤៥ថ្ងៃ ក្រោយចេញផ្កា
- សម្គាល់ផ្លែទុំ ដល់អាយុ ផ្លែរលោង ពណ៌ផ្លែ
ចំណាប់អារម្មណ៍
បងប្អូនដែលមានដីទំនេរ អាចពិចារណាក្នុងការដាំដុះដំណាំស្រកានាគនេះបាន ព្រោះវាឆាប់ទទួលបានផល មានតម្លៃសមរម្យនៅលើទីផ្សារ។ មុនធ្វើការដាំដុះ បងប្អូនត្រូវចេះជ្រើសរើស ពូជដាំដុះ ដែលមានតម្រូវការទីផ្សារខ្ពស់ មកដាំដុះ ដើម្បីងាយស្រួលក្នុងការលក់ដូរ។