សាឡាដហ្សង ប្រហែលជាបងប្អូនមួយចំនួន មិនស្គាល់សាឡាដនេះទេ ។ វាជាប្រភេទ បន្លែមានសណ្ឋាន ស្រដៀងទៅនឹងបន្លែ ក្រសំាងទាប ។ ដែលអាចទទួលទានស្រស់ បន្លែអន្លក់របស់យើងដែរ ធ្វើជាញុំាសាលាដ ឆា និងជាពិសេស គេទទួលទានជាបន្លែដាក់ស៊ុបគោ រឺស៊ុប មាន់ខ្មៅ ។
សាឡាដហ្សង ជារុក្ខជាតិដែលសម្បូរណ៍ដោយកាល់ស្យូម, ប្រូតេអីន, ជាតិខ្លាញ់, កាបូអីដ្រាត, ជាតិដែក,ជាតិសរសៃ ព្រមជាមួយសារជាតិរ៉ែមួយចំនួនផ្សេងទៀត ម៉ាញ៉េស្យូម, ម៉ង់ហ្គាណេស, ប៉ូតាស្យូម និង វីតាមីនA, B, B-6, B-12, C, E, K ជាដើម។ លើសពីនេះ វាជួយការពារនិងព្យាបាលជម្ងឺមហារីក, បន្ថយបញ្ហាសម្ពាធឈាម, ជួយថែរក្សាឆ្អឹងឲ្យមាន សុខភាពល្អ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជួយផ្តល់សារជាតិនីត្រាតក្នុងរបបអាហារ
សាឡាដហ្សង
- សាលាដ៍ហ្សង ជារុក្ខជាតិមួយបែបមានដុះដោយឯកឯង និងដោយការដាំនៅទ្វីបអ៊ឺរ៉ុប និងនៅអាមេរិក។
- ភាគច្រើនរុក្ខជាតិនេះ ច្រើនមានដុះតាមមាត់អូរ ជ្រោះ និងទីដែលមានទឹកលិចហើយហូរតិចៗផង ។
- សាឡាដហ្សងមានឈ្មោះវិទ្យាសាស្ត្រហៅថា Nasturtium Officinale L.
- បច្ចុប្បន្នត្រូវគេដាំច្រើននៅភាគខាងលិចទ្វីបអាស៊ី និង នៅប្រទេសមួយចំនួនទៀតក្នុងតំបន់ត្រូពិកដូចជា ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងនៅភាគខាងជើងទ្វីបអាហ្វ្រិក
លក្ខណៈជីវសាស្ត្រ
- សាឡាដហ្សងមានសណ្ឋានខ្ចី ផុយ និងទន់
- ដើមរបស់វាមាន ប្រវែង ពី២០-៦០ស.ម
- ចន្លោះថ្នាំងពីមែកស្លឹក មួយទៅមែកស្លឹកមួយទៀត មានប្រវែងពី១-៥ស.ម
- រុក្ខជាតិនេះចំណុចខ្លាំង ធន់ទៅលើកត្តាអាកាសធាតុ និងសំណើមនៅក្នុងខ្យល់
- តាមគល់មែករបស់វាមាន ឬអាចដុះចេញជាខ្នែងមួយៗស្ទើរគ្រងធាងទាំងអស់។
- មែក ឬធាងរបស់ស្លឹកមានដុះស្លឹកបីទៅប្រាំបួន
- ស្លឹកដែលនៅចុងគេមានទំហំធំជាងគេ
- ស្លឹកទាំងឡាយរបស់វាសឹងមានរាងមូល មានពណ៌ខៀវចាស់
- ឯចំណែកគែមរបស់ស្លឹកវិញ មានសណ្ឋានដូចជាធ្មេញរណា
- រុក្ខជាតិនេះមានឫសស្ញែដុះ តាមគល់មែកត្រង់ផ្នែកណា ដែលមានប៉ះជាមួយដីឬទឹក
- ឫសទាំងនោះមានមុខងារ បឺតស្រូបយកសារជាតិផ្សេងៗ មកចិញ្ចឹមដើមរបស់វា
- បើគេកាត់យកមែកនេះ មកដាំវាដុះ ក្លាយទៅជាដើមមួយផ្សេង ដោយខ្លួនឯង
ការលូតលាស់
- សាឡាដហ្សង ចូលចិត្តដុះបំផុតត្រង់កន្លែងណា ដែលមានភក់ច្រើន
- វាអាចដុះនៅតាមទី ដែលមានទឹករាក់ៗ ជម្រៅពី ៤-៥ស.ម មានចរន្តទឹកហូរ
- នៅកន្លែងខ្លះ ដែលមានទឹកជ្រៅ វាអាចដុះលូតលាស់វែង វារលើទឹក ឬដុះងើបផុតពីទឹក
- ប្រភេទដីដែលអាច ដាំសាឡាដហ្សងល្អបំផុតនោះ ត្រូវមាន PH របស់ដីក្នុង ចន្លោះ ៦-៧
- តែវាមិនអាចរស់ ឬដុះលូតលាស់បានជាមួយដីដែលមាន PH ទាប (ដីជូរមាន ឬ អាស៊ីដច្រើន) ដីប្រៃ ឬជាប្រភេទដីខ្សាច់ឡើយ ជាពិសេសការលូតលាស់របស់វា និងចុះអន់ខ្សោយនៅរដូវក្តៅ
ការជ្រើសរើសពូជសម្រាប់ដាំ
- ពូជសាឡាដហ្សង ដែលមានដាំដុះនៅអាស៊ីយើងនេះ គឺជាពូជនៅក្នុងតំបន់
- វាត្រូវស៊ាំជាមួយអាកាស ធាតុនៅទីនេះ ធន់ជាមួយការបំផ្លាញរបស់សត្វដង្កូវ ធន់ជាមួយសីតុណ្ហភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងអាចផ្តល់ផលបានល្អគួរសម
- វាមិនសូវមានដើមធំល្អ ដូចនៅតំបន់ដែលមាន អាកាសធាតុត្រជាក់នោះឡើយ
- ជារុក្ខជាតិដែលអាចដុះ លូតលាស់បានគ្រប់រដូវកាល
- នៅក្នុងតំបន់អាស៊ីយើងនេះ និយមដាំវានៅក្នុងរដូវរងា (រដូវត្រជាក់) ព្រោះជាពេលដែលមានខ្យល់ត្រជាក់ ធ្វើឲ្យវាអាចដុះលូតលាស់បានល្អ ផ្តល់ទិន្នផលខ្ពស់ ជាងរដូវផ្សេងទៀត
- ពូជដែលជ្រើសរើស យកមកដាំ គឺត្រូវទិញពូជមកពីទី ដែលគេមានដាំដំណាំនេះ ឬទិញមកពីទីផ្សារ រើសមើលរកដើមណាដែលធំ ជាងគេ មាននៅជាប់ជាមួយឫសតិចតួច
ការបណ្តុះផ្សាំកូន
- រៀបចំឡាំងឈើមួយ ដាក់ដីផុកៗសុទ្ធក្នុងឡាំងនោះ
- រួចយកដើមសាឡាដហ្សងដែលយើងបានរើសពូជមកនោះដាក់ដោត (ស្ទូង) ក្នុងដីភក់នោះ
- យកថង់ប្លាស្ទីកថ្លា មកគ្របពីលើឲ្យជិត
- យកវាទៅដាក់ត្រង់ទីដែលមានម្លប់ និងត្រជាក់
- ត្រូវធ្វើបែបនេះឲ្យបានច្រើនឡាំង បើសិនជាត្រូវការវាច្រើន
- ជារៀងរាល់ថ្ងៃត្រូវបាញ់ទឹកស្រោចវា កុំឲ្យវាស្ងួតដើមឲ្យសោះ រហូតវាអាចចាប់ឫសថ្មី ដុះលាស់ចេញខ្នែងថ្មី ល្អត្រឹមត្រូវ ហើយទើបបានយើងរៀបចំកន្លែងសម្រាប់ដាំវា
បច្ចេកទេសដាំដុះ
ការរៀបចំរងប្រឡាយ
- ត្រូវជ្រើសរើស យកទីតាំងណាមួយ ដែលមានសំណើមច្រើនសើម ជានិច្ចគ្រប់រដូវកាល
- លើកភ្លឺ ឬទំនប់ឲ្យមានកំពស់ ៥០ស.ម មានបណ្តោយ ១៥-២០ម៉ែត្រ ចន្លោះភ្លឺឬទំនប់ម្ខាងទៀត ត្រូវមានគម្លាត ១ម៉ែត្រកន្លះពីគ្នា
- បើយើងមានបំណងដាំឲ្យបានច្រើន គួរធ្វើទំនប់បែបនេះឲ្យបានច្រើនជួរ (ប្រឡាយ) ដោយទុកចន្លោះពីប្រឡាយមួយទៅប្រឡាយមួយទៀតចំនួន ៧០ស.ម ឬត្រឹម ៥០ស.មក៏បាន
- នៅក្នុងប្រឡាយនេះ ត្រូវកើបយកដីផុកមកទីផ្សេង មកដាក់ឲ្យបានកម្រាស់ ៣០ស.ម ស្មើពាក់កណ្តាលជម្រៅរបស់ប្រឡាយ
- រួចប្រើរនាស់ កាយកៀរភក់នោះឲ្យស្មើ
- បន្ទាប់មកបង្ហូរទឹកស្អាត ដាក់បញ្ចូលឲ្យបាន កំពស់ ២០ស.ម ពីផ្ទៃលើរបស់ភក់
- ទឹកដែលបានបង្ហូរដាក់នេះ វានឹងជ្រាបចូលក្នុងភក់ខ្លះ ហួតតាមខ្យល់ខ្លះ
- បន្ទាប់ពី រយៈពេល ពីរ បីថ្ងៃក្រោយមក ត្រូវបូមទឹកបញ្ចូលបន្ថែម រហូតមានកំពស់ ២០ស.ម ជាថ្មីលើកទី២នេះ
- ត្រូវទុកឲ្យទឹក ហួតអស់នៅសល់ត្រឹម តែ ៥ស.មបានហើយ
ការរៀបចំប្រព័ន្ធស្រោចស្រព
- ត្រូវរៀបចំធ្វើដំបូល គ្របពីលើប្រឡាយនេះ តាមបណ្តោយជួរប្រឡាយ តាំងពីក្បាលទីរហូតចុងទី ដោយប្រើស្បៃប្រក់ដំបូលយកមកធ្វើជាដំបូល នៅចន្លោះប្រឡាយនីមួយៗ
- មិនចាំបាច់ធ្វើជា ទំនប់ពីរក៏បាន ដោយប្រើបំពង់ទីបជ័រ សម្រាប់ធ្វើជាប្រព័ន្ធបង្ហូរទឹក ដាក់នៅតាមក្បាលប្រឡាយ ឯនៅចុងក្បាលប្រឡាយ ត្រូវបង្ហូរទឹក នោះចូលមកក្នុងអាងមួយ
- ទឹកក្នុងអាងនោះ ត្រូវបូមមកបង្ហូរតាម ក្បាលប្រឡាយជាថ្មី ដោយមានបង្ហូរ មកជាមួយនូវ ជីសរីរាង្គទឹក ដើម្បីជំនួយឲ្យដល់ ការលូតលាស់របស់វា
- ដើម្បីចៀសវាង ការចំណាយសម្រាប់ បូមទឹកស្រោច គួរគប្បីប្រើម៉ូទ័របូម ដើរដោយពន្លឺព្រះអាទិត្យ
- ដោយប្រើប្រាស់ប្រព័ន្ធនេះ អាចបង្កើតឲ្យមានប្រព័ន្ធទឹក ហូរតិចៗនៅក្នុងប្រឡាយ ដោយគ្រាន់តែ ប្រើប្រាស់ទឹកចាស់ដដែល
- ត្រូវមានកូនអាងមួយ សម្រាប់ចម្រោះទឹកនោះផង ដោយប្រើធ្យូងធ្វើជាគោល សម្រាប់សំអាតទឹកនោះ
- ដាក់ធ្យូងចូលក្នុងអាងចម្រោះឲ្យបាន ៥០គីឡូក្រាម
- ធ្វើប្រព័ន្ធស្រោចពីលើមួយ ដែលអាចបាញ់ចេញ ជាលំអងទឹកស្រោច ពីលើដោយប្រើម៉ូទ័របូម ប្រើពន្លឺព្រះអាទិត្យដូចគ្នា
- បើគ្មានលទ្ធភាព អាចប្រើធុងមានផ្កាឈូក ក៏បានតែការធ្វើបែបនេះ ត្រូវចំណាយពេលច្រើនណាស់ ព្រោះត្រូវស្រោច វារាល់មួយម៉ោង ម្តងឯណោះ
ការដាក់ដាំ
- បន្ទាប់ពីអ្វីៗបានរៀបចំរួចត្រឹមត្រូវ ស្រួលបួលហើយអាចដាំបានហើយ
- យកមែកសាឡាដហ្សង ដែលបានផ្សាំនៅក្នុងឡាំង នោះមកដាំបាន
- ក្នុងការដាំ គ្រាន់តែប្រើរបស់អ្វីម្យ៉ាង ចូកវាចេញពីក្នុងឡាំង ឬទម្លាយបាតឡាំង ដាក់វាដាំតែម្តងក៏បាន តែត្រូវយកឡាំងចេញ
- នៅក្នុងរយៈពេលនេះ ត្រូវយកចិត្តទុកដាក់ ថែវាឲ្យបានម៉ត់ចត់បំផុត ជាពិសេសគឺទឹក
- ទឹកសម្រាប់ស្រោចវា មិនត្រូវឲ្យដាច់ជាដាច់ខាត
ការថែទំាំ
- សាឡាដដុះលូតលាស់ល្អបំផុត បើសិនជាទីកន្លែង ដែលដាំវានោះមានសីតុណ្ហភាព ត្រឹម១៥-២០ºC
- វាចូលចិត្តទីដែលមាន កម្រិតសំណើមខ្ពស់បំផុត
- ដូច្នេះអ្នកដាំដុះ ត្រូវមានប្រព័ន្ធបាញ់ទឹក បែបផ្សែងក្រូច ឲ្យបានច្រើនដងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ ឲ្យបាន១០-១៥ដងដែរ ដោយរួមទាំងពេលយប់ផង បើមានធាតុអាកាសក្តៅស្អុះស្អាប់ ឬស្ងួត
ការប្រមូលផល
- យើងអាចប្រមូលផល វារាល់១០ថ្ងៃម្តង បើសិនជាការដុះលូតលាស់របស់វាល្អ
- ពេលប្រមូលផលគឺត្រូវកាត់វាយកតែផ្នែកខាងចុងប្រហែល១០ ទៅ ១៥ សង្ទីម៉ែត្រ ក្រៅពីនេះគឺត្រូវទុកឲ្យវាលាស់ចេញជាត្រួយ និងមែកថ្មីតាមខ្នែងរបស់វា
- នៅក្នុងទីផ្សារ អ្នកត្រូវការសាឡាដហ្សង មានច្រើនជារបស់កម្រក្នុងផ្សារ
- ជួនកាលថែមទាំងពិបាក រកទិញទៀតផង វាជាបន្លែ ដែលមានសេចក្តីត្រូវការ ច្រើនក្នុងទីផ្សារ
- សព្វថ្ងៃនេះ សាឡាដហ្សងមាន លក់នៅតាមផ្សារនានា ប៉ុន្តែវាមានដើមតូចល្អិតៗ សឹងមិនដែលបានឃើញ ដើមសោះគឺគ្មានទេ
ចំណាប់អារម្មណ៍
របៀបដាំសាឡាដហ្សង អាចធ្វើតាមវិធី ច្រើនយ៉ាងណាស់ តែសម្រាប់ស្ថានភាពអាកាសធាតុក្តៅ ដូចនៅប្រទេសយើង គឺចាំបាច់ណាស់ ត្រូវមានដំបូលប្រក់ ឲ្យវាជាដាច់ខាត បើពុំនោះទេ ការដុះលូតលាស់របស់វា នឹងមិនសូវបានល្អឡើយ បើទោះបីជា វាដុះក៏មានដើមតូចល្អិត មិនសូវធំដែរ។
បើសិនជាលោកអ្នក អាចធ្វើបានត្រឹមត្រូវស្រួលបួល វានឹងជាមុខរបរមួយ ដែលអាចរកចំណូល បានច្រើនគួរសម៕ បន្ទប់ពីបានអាន អត្ថបទខាងលើ លោកអ្នកមានចំណាប់អារម្មណ៍ យ៉ាងណានេះចំពោះ បន្លែសាឡាដហ្សង នេះ?
សូមអរគុណ ចំពោះការ Like សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រ គេហទំព័រ Farmer DNA របស់យើង ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពី ព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះ ដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិកម្ម មកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!