បច្ចេកទេសដាំ ត្រសក់ចំណារ (ត្រសក់ទ្រើង)

ត្រសក់ គឺជាប្រភេទដំណាំឡើងទ្រើង ដែលកសិករនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែ ប្រើបា្រស់ជាអាហារ ដូចជា បរិភោគ ស្រស់ ជ្រក់ និងស្ល ។នៅក្នុងផ្លែ ត្រសក់មានផ្ទុក នូវសារធាតុចិញ្ចឹម ច្រើនយ៉ាងដូចជា៖ ថាមពល ជាតិទឹក ប្រូតេអ៊ីន ខ្លាញ់ សែលុយ ឡូស កាល់ស្យូម ផូស្វ័រ ដែក ប៉ូតាស្យូម និងវីតាមីនផ្សេងៗ ដូចជា B, B1, B2, B3 និង C ។

លើសពីនេះ ត្រសក់មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម, ជួយផ្តល់សណើមដល់ស្បែក, ជួយក្នុងការសម្រកទម្ងន់, កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម, សម្រួលដល់ដំណើរការពោះវៀន, ជួយជំរុញដល់សុខភាពសន្លាក់ បន្ថយការឈឺចាប់ពីជំងឺសន្លាក់, កម្ចាត់ជាតិពុលចេញពីរាងកាយ ជាដើម។

ដើម្បីដាំដុះ ដំណាំត្រសក់ទទួលបានទិន្នផលល្អ សូមតាមដានពីបច្ចេកទេស ក្មុងការដាំដុះ ដំណាំត្រសក់ចំណាដូចខាងក្រោម៖

https://hosstools.com/product/mercury-cucumber/

លក្ខណៈទូទៅរបស់ត្រសក់

  • ឈ្មោះជាភាសារខ្មែរ៖ ត្រសក់ចំណារ ឬត្រសក់ទ្រើង ឬត្រសក់ផ្អរ
  • ឈ្មោះភាសារអង់គ្លេស៖ Cucumber
  • ឈ្មោះវិទ្យាសាស្ត្រ៖ Cucumis sativus
  • ស្ថិតក្នុងលំដាប់ Cucrbits គ្រួសារ Cucurbitaceae
  • គេចែកចេញជាពីរប្រភេទ គឺប្រភេទសំបក រលោង និងសំបកគ្រើម
  • ដំណាំលប្រភេទនេះ គេចាត់បញ្ចូលទៅក្នុងដំណាំ ត្រូវការអាកាសធាតុ ក្តៅមធ្យមចន្លោះ ១៨- ៣០%
  • ត្រសក់មានផ្កាញី និងផ្កាឈ្មោលនៅ លើដើមតែមួយ ជាទូទៅផ្កាឈ្មោលចេញមុន បន្ទាប់មកផ្កាញីចេញតាមក្រោយ ពេលមានសត្វឪម៉ាល់ ឬ ខ្យល់បក់ ធា្លក់ផ្កាឈ្មោល មកលើផ្កាញីវាក៏អាចបង្កកំណើតបាន

ការជ្រើសរើសពូជ

ការជ្រើសរើសពូជ ជាកត្តាសំខាន់ នៅក្នុងការដាំដុះ ព្រោះពូជមានលក្ខណៈផ្សេងៗ ពីគ្នាហើយត្រូវបានចែកចេញជា ៣ប្រភេទ ដូចតទៅ៖

  • ពូជស្រាលៈពូជនេះមានអាយុកាលលូតលាស់ខ្លីគឺប្រមាណពី ៣៥-៤០ ថ្ងៃក្រោយដាំ
  • ពូជកណ្តាលៈពូជនេះមានអាយុកាលលូតលាស់មធ្យោម គឺប្រមាណពី ៤០-៥០ថ្ងៃ ក្រោយដាំ
  • ពូជធ្ងន់ៈពូជនេះមានអាយុកាលលូតលាស់វែងប្រហែលពី ៥០-៧០ ថ្ងៃក្រោយដាំ

ការជ្រើសរើសដី

  • ត្រសក់ត្រូវការដី ប្រភេទដីល្បប់មាត់ ស្ទឹង បឹង ទន្លេ និង ដីល្បាយខ្សាច់មិនដក់ទឹក
  • វាអាចលូតលាស់ល្អដែរនៅលើប្រភេទដី ក្រហម និងដីខ្មៅក្នុងតំបន់ខ្ពង់រាប
  • ដីដែលធ្លាប់ដាំត្រសក់ជាច្រើនលើករួចមក ត្រូវបន្ថែមជីលាមកសត្វ ចន្លោះពី ២០-៣០តោន/ហិចតា
  • ដីដែលសមស្របខ្លាំងមាន PH ៦,៥-៧,៥ កាលណា PH ទាបជាង ៤ ត្រូវផ្អាកការដាំត្រសក់

ការរៀបចំដី

  • ត្រូវរាស់ប្រមូលយកស្មៅ និងដំនាំផ្សេងៗ ពីរដូវមុនចេញ
  • ភ្ជួរហាលដី លើកទី១ឲ្យជ្រៅ ត្រឡប់ស្រទាប់ដីពីក្រោមឡើងលើ
  • ភ្ជួរត្រូវធ្វើឲ្យបាន ២-៣ លើក មុននឹងលើករងដំាដុះ
  • ដាំដោយដោត ចំណារបញ្ឈរ ទទឹងរង ប្រវែង១២០ ស.ម កម្ពស់ រង ២៥-៣០ស.ម

ការដាំដុះ

  • មុននឹងដាំ ត្រូវយកគ្រាប់ពូជ មកដាក់ហាលថ្ងៃឲ្យក្តៅ រយៈពេល ១-២ម៉ោង
  • បន្ទាប់មក យកទៅត្រាំទឹក រយៈពេល ៤-៥ម៉ោង
  • រួចហើយត្រូវលាងសំអាតគ្រាប់អោយស្អាត ចំនួន ៣-៤ លើមុនពេលផ្អាប់តំា្រគ្រាប់ពូជ
  • ផ្អាប់គ្រាប់ពូជ ត្រូវយកក្រណាត់ ជ្រលក់ទឹកឲ្យជោគ យកមកខ្ចប់គ្រាប់នោះ ហើយកប់ទៅក្នុងដីសើមៗ រយៈពេល ១យប់
  • មុនដាំត្រូវយកគ្រាប់ពូជ មកលាយជាមួយ នឹងថំា្នសំលាប់ផ្សិតប្រភេទ Captan, Zinneb, Mancozeb ក្នុងកំរិត ២% ឬ ១គ.ក្រនៃគ្រាប់ពូជ ឬបរិមាណកន្លះស្លាបព្រាបាយ ច្របល់ឲ្យសព្វ
  • យកគ្រាប់ពូជនោះ ទៅដាំដោយប្រើចន្លោះគុម្ព ២៥ស.ម ចន្លោះជួរ ៦០ស.ម ជម្រៅពី ២-៣សម ដាក់ចំនួន ២-៣គ្រាប់/គុម្ព
  • បន្ទាប់មកគ្របពីលើដោយ កំណាត់ចំបើងខ្លីៗ ឬជីធម្មជាតិពុករលួយល្អ
  • ក្រោយពីដាំភ្លាម ត្រូវពិនិត្យមើលសំណើមដី ដើម្បីអោយត្រសក់ដុះ ស្មើគ្នាងាយថែទាំ
  • ក្រោយពីដាំរយៈពេល ៣-៤ ថ្ងៃក្នុងលក្ខខណ្ឌ អាកាសធាតុ ពេលថ្ងៃ៣០ºC និងពេលយប់១៨-២០ºC ធ្វើអោយត្រសក់លូតលាស់លឿន

ការថែទាំ

ការស្រោចស្រព៖

**ពេលលូតលាស់៖**ចាប់ពីត្រសក់ដុះ រហូតដល់ត្រសក់បោះដៃ និងមានផ្កាក្រពុំវាត្រូវការ សំណើមដីជា មធ្យោមប្រមាណពី៥០-៦០%

  • របៀបស្រោច ដោយបាញ់ទឹកពីលើល្អជាង ការស្រោចដោយបញ្ចូលតាមចន្លោះជួរគឺ១ថ្ងៃម្តង ឬ២ដងទៅតាមប្រភេទដី និងអាកាសធាតុ បរិមាណទឹកក្នុងវគ្គនេះមានប្រមាណពី ១៤០០-១៦០០ ម3/ហត

**ពេលបន្តពូជនិងផ្លែ៖**ចាប់ពីត្រសក់មានអាយុពី១៥ថ្ងៃឡើងទៅ វានិងមានផ្កាឈ្មោល ចេញតាមថ្នាំង ប៉ុន្តែមិនទាន់រឹង វគ្គនេះវាត្រូវការសំណើមដីពី ៦០-៧០% គឺជាវគ្គដែលត្រូវការទឹកច្រើនជាងគេ រហូតដល់ត្រសក់មានអាយុ ៣០-៤០ថ្ងៃក្រោយដាំ

  • ស្រោចដោយបញ្ចូលទឹក តាមចន្លោះរង១អាទិត្យ ២-៣លើក ជាការល្អ ព្រោះការស្រោចដោយបាញ់ ទឹកពីលើធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជ បរិមាណទឹកសរុប ក្នុងវគ្គនេះមានពី ១៨០០-២០០០ ម3 /ហត

ពេលចេញផ្លែ១០០%៖ ចាប់ពីការប្រមូលផលបាន ១-២ លើកត្រសក់ត្រូវការសំណើម ដីទាបមកវិញ គឺពី ៥០-៦៥%

  • កាលណាបញ្ចូលទឹក លើសពីនេះធ្វើ ឲ្យត្រសក់ចាប់ប្រែពណ៌ពីបៃតង ទៅលឿង

ការសម្អាតស្មៅ និងជ្រំជ្រោយដី

  • ជ្រំជ្រោយដី ត្រូវធ្វើឡើងនៅពេលត្រសក់មានសន្លឹកពិតចំនួន២ គឺនៅពេលទង របស់វាលូតវែង ពី១០-១៥ថ្ងៃ ក្រោយដាំ
  • ត្រូវជ្រំបំបែកដីសើរៗ ហើយកៀរយកដីពីបាតរង មកលប់គល់ឲ្យជិត
  • ដីដែលដុះស្មៅ ត្រូវដកយកស្មៅចេញមុនជ្រំដី
  • ចំពោះការដាំ ដោយគ្របនឹងកៅស៊ូខ្មៅ មិនចាំបាច់ជ្រំជ្រោយដីឡើយ
  • ការជ្រំជ្រោយដី គឺប្រយោជន៍ធ្វើឲ្យដីធូរ ជ្រាបទឹកបានល្អរក្សាសំណើមបានយូរ ធ្វើឲ្យខ្យល់ចេញចូលបានល្អ បន្ថយការលូត លាស់របស់ស្មៅ

ការដោតចំណារ៖

  • ដោតចំណារ ដើម្បីបង្កើនទិន្នផល និងបន្ថយការរាតត្បាត ជម្ងឺនិងសត្វល្អិត
  • ចំណារត្រូវយកមែកឈើក្រៀមៗ គ្មានស្លឹក មកដោតបញ្ឈរក្បែរៗ គុម្ពឲ្យញឹកហើយចងអោយជាប់ ការពារដួលរលំ
  • ដោតចំាណារ ធ្វើឡើយក្រោយពីដាំ រយៈពេល ១០-១៥ ថ្ងៃ គឺក្រោយពីជំ្រជ្រោយដី

ការប្រើប្រាស់ដី

  • មុនពេលដាំដុះ ដាក់ជីធម្មជាតិ ឲ្យបានច្រើន ពី១៥-២០តោន/ហិចតា និងជី១៥-១៥-១៥ ចំនួន១៥០ គ.ក្រ/ហិចតា ជីទាំងនោះ ត្រូវដាក់ទៅក្នុងបាតរណ្តៅ ហើយជ្រំដីលប់ អោយជិតពីលើ ទើបធ្វើការដាំដុះពីក្រោយ
  • ក្រោយពេលដាំ រយៈពេល ១០-១៥ ថ្ងៃ ប្រើជីអ៊ុយរ៉េ ចំនួន២៥-៣០ គ.ក្រ/ហិចតា មកលាយទឹកស្រោចចំៗគុម្ព បន្ទាប់ស្រោចទឹកលាងតាមក្រោយ
  • នៅក្នុងវគ្គ ត្រសក់ចេញផ្កា ១០០% ប្រើជី១៥-១៥-១៥ ចំនួន ១០០គ.ក្រ/ហិចតា មកដាក់ចន្លោះគុម្ព ហើយលុបដីអោយជិត បន្ទាប់មកស្រោចទឹកឲ្យជោគ

ជំងឺនិងសត្វល្អិតបំផ្លាញ

ជំងឺ៖

  • **ជំងឺរលាក់គល់កូនដំណាំ៖**វាបង្កឡើងដោយក្រុមផ្សិតច្រើនប្រភេទរោគសញ្ញាគឺ ចាប់ ផ្តើមរលាកគល់ដំណាំ ក្នុងដំណាក់កាល ៥-៧ថ្ងៃ ក្រោយដុះធ្វើឲ្យរលាកជំាៗគល់ ក្រោយ មកក៏ចាប់ផ្តើមដួលរលំ ហើយរីករាលដាលកាន់តែច្រើនឡើងៗ លើរងកូនដំណាំ
  • ជំងឺស្ងួតស្លឹកពណ៌ត្នោត៖ ដំបូងស្លឹកត្រសក់ ឡើងលឿងផ្ទាំងៗ ក្រោយមកទៅជាស្ងួត ហើយប្រែពណ៌បៃតងទៅត្នោតប្រផេះ ពីស្លឹកក្រោម ហើយឡើងមកលើ ធ្វើឲ្យស្លឹកដំណាំស្ងួត ពីដើមមួយទៅ ដើមមួយ ហើយរីករាលដាលយ៉ាងរហ័ស
  • ជំងឺរលួយឫស និងស្ងួតបណ្តូលនៃដើម៖ ដំណាក់កាលកូនដំណាំខ្ចីៗ ធ្វើឲ្យស្វិតរញម តែមិនដួលឡើយ។ ពេលដំណាំចំនាស់គឺ នៅពេលថ្ងៃក្តៅខ្លាំង ធ្វើឲ្យរញមស្រពោនឡើងៗ ដើមរបស់ដំណាំស្ងួតបន្តួល ឫសរបស់វា ប្រះហើយជំាៗ
  • ជំងឺក្រាម្សៅលើស្លឹក៖ សង្កេតឃើញលេចចេញ ចំណុចពណ៌លឿងតូចៗ លើស្លឹក ក្រោយមកមានស្នាមម្សៅកញ្ចុំៗ រាងរង្វង់រយៈពេល ២-៣ថ្ងៃ រង្វង់ម្សៅនេះ រីករាលដាលពេញស្លឹក ទាំងស្លឹកខ្ចី ក៏ដូចជាស្លឹកចាស់
  • ជំងឺរួញស្លឹកខ្មួរចុះក្រោម៖ ដំបូងវាលេចចេញចំណុចខ្លះនៅលើស្លឹក គឺសភាពរួញជាពិសេសស្លឹកខ្លីៗ ក្នុងដំណាក់កាលលូតលាស់ធ្វើឲ្យមិនអាចរីកធំធាត់បាន ព្រមទាំងធ្វើឲ្យផ្លែងពកៗ ក្រឡាៗ ហើយរឹងសំបក សាចត្រសក់គ្មានរសជាតិ វារីកនិងរាលដាល ចម្លងដោយក្រុមចៃ

វិធានការ៖

  • ជ្រើសរើសពូជគ្មានជម្ងឺ
  • កំចាត់ស្មៅអោយស្អាត
  • ការពារចៃកុំឲ្យបំផ្លាញត្រសក់

សត្វល្អិតចង្រៃ៖

  • **ចៃបៃតង៖**វារោមជញ្ជក់ស្លឹក ធ្វើឲ្យត្រសក់រួញស្លឹក ហើយខ្មួរចុះក្រោម
  • **មមាចជញ្ជក់ស្លឹក៖**វាមានពីប្រភេទ មាឌតូចនិងមាឌធំ តែងជញ្ជួក់ស្លឹកធ្វើឲ្យស្លឹក ត្រសក់ស្ងួតគែម ហើយកោងស្លឹកឡើងលើ
  • **រុយស៖**វាមានមាឌតូចៗពណ៌ស ហើយមើលនឹងភ្នែកទទេ ស្ទើរមើលមិនឃើញ គេសង្កេតវាបាន ដោយត្រូវពិនិត្យ មើលក្រោមស្លឹកពេលថ្ងៃក្តៅ

វិធានការ៖

  • ដើម្បីការពារទៅនឹងកត្តាចង្រៃទាំងនេះគេត្រូវអនុវត្តន៍វិធីសាស្រ្តច្រើនយ៉ាងដូចជា
  • ជ្រើសរើសរដូវដាំដុះ
  • ផ្លាស់ប្តូរមុខដំណាំ
  • ជ្រើសរើសពូជធន់ទ្រាំ
  • រៀបចំដីឲ្យបានត្រឹមត្រូវ សំអាតស្មៅក្នុងចំការ
  • គ្រប់គ្រងវត្តមានសត្វល្អិត កំចាត់ឲ្យទាន់ពេល

ការប្រមូលផល

  • ប្រមូលផល គឺធ្វើឡើងក្រោយពីដាំ រយៈពេលខុសគ្នា ទៅតាមប្រភេទពូជ៖
  • ពូជស្រាល៖ អាចប្រមូលផលដំបូង ក្រោយពីការដាំរយៈពេល ៣៥ ទៅ៤០ថ្ងៃ ប្រភេទពូជនេះទិន្នផលមធ្យម ចន្លោះពី៨-១០តោន ១/ហត
  • **ពូជកណ្តាល៖**អាចប្រមូលផល ដំបូងក្រោយពីដាំបាន រយៈពេល ៤៥-៥០ថ្ងៃ ការបេះយកផ្លែស្រស់ៗមានចំនួន ពី ៥-៧លើក ហើយទិន្នផលជាមធ្យោម១០-១២តោន/ហិចតា
  • ពូជធ្ងន់៖ អាចប្រមូលផល ដំបូងក្រោយពីដាំបាន រយៈពេល ៥០-៧០ថ្ងៃ បេះបានច្រើនលើកពី ៥-១០លើក ហើយទិន្នផលជាមធ្យោមពី ១០ទៅ១៥តោន/១ហត
  • បេះផ្លែស្រស់ ដោយយកកន្ត្រៃ កាត់ត្រឹមទងនៃផ្លែ
  • ហាមប្រលេះយកតែផ្លែ បណ្តាលអោយផ្លែត្រសក់ ឆាប់ក្រហមប្រែពណ៌

ចំណាប់អារម្មណ៍

តាមរយៈអត្ថបទខាងលើនេះ  នឹងជួយដល់អ្នក ពីវិធីសាស្ត្រក្នុងការដាំដុះ ត្រសក់ទ្រើង   ឲ្យទទួលបានទិន្នផលល្អ និងចំណាយថវិការតិច។ ចំពោះបន្លែនេះ ក៏អាចដាំក្នុងផើងបានដែរ សម្រាប់អ្នកដែលទីធ្លាផ្ទះតូច ដីចង្អៀត ដាំឲ្យវារតោងតាមរបងផ្ទះក៏បាន។

ដូច្នេះបងប្អូន អាចពិចារណាក្នុងការដំាំដុះ ត្រសក់ទ្រើង នេះបាន ព្រោះវាមិនទាមទារ នូវបច្ចេកទេសដាំដុះ និងថែទាំ ស្មុគស្មាញនោះទេ  អាចទទួលទានបានជាប្រចាំថ្ងៃ ហើយវាក៏អាចជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារបានមួយផ្នែកផងដែរ ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts