ប្រជាជនទូទៅច្បាស់ជាស្គាល់ ឬស្សីហើយមែនទេ? ចុះទំពាំងវិញ ប្រកដជាស្គាល់ហើយ! រីឯទំពាំងបារាំងវិញ?
ប្រជាជនយើង មួយចំនួន ប្រហែលមិនបានស្គាល់ ទំពាំងបារាំង ព្រោះវាជា បន្លែមួយប្រភេទ ដែលនាំចូលមកពីបរទេស មកដាំដុះនៅលើទឹកដី ប្រទេសកម្ពុជាយើង។ បន្លែមួយប្រភេទនេះ ដែលមានរសជាតិ សំបូរទៅដោយ សារធាតុចិញ្ចឹម ជាច្រើនមុខដូចជា៖ វីតាមីន A, C, E, B1, ជាតិដែក, កាល់ស្យូម, កាបូអីដ្រាត, ជាតិសរសៃ ដែលអាចជួយទប់ទល់ បញ្ ហាជាតិខ្លាញ់ ក្នុងឈាមមិនឲ្យឡើងខ្លាំង កាត់បន្ថយសារធាតុខ្លាញ់ក្នុងរាងកាយ ជួយសម្រួលដល់ការបន្ទោរបង់ ជួយ ឲ្យសក់មានសុខភាពល្អ ជួយសុខភាពភ្នែក ជួយដល់សុខភាពបេះដូង ជម្រុញការបញ្ចេញទឹកនោម បន្ថយជាតិអាស៊ីត ក្នុងពោះវៀន ព្យាបាលអាការអាហារមិនរំលាយ ជាដើម។ល។
តើអ្នកទំាងអស់គ្នា ចាប់អារម្មណ៍ ពីបន្លែប្រភេទនេះ ដែរឬទេ? ចង់ដឹងថា តើគេបណ្តុះកូនទំពាំងបារាំងនេះ ដោយវិធីណា?
មកតាមដាន អំពីបច្ចេកទេស បណ្តុះកូនទំពាំងបារាំង ទំាំងអស់គ្នា!
លក្ខណៈទូទៅទំពាំងបារាំង
- ទំពាំងបារាំង ជាប្រភេទរុក្ខជាតិ ឯកវប្បកម្ម ដែលមានអាយុកាលវែង ពី១០-៣០ឆ្នាំ
- គេយកទំពាំងស និងទំពាំងបៃតង មកបរិភោគ ដែលគេហៅថា ស្ពៀ (Spear) ជាផ្នែកមួយរបស់មើម និងស្លឹករបស់វា សម្រាប់យកមកតែងលម្អ
- ឫសទំពាំងបារាំង៖ ទំពាំងបារាំង មានប្រព័ន្ធឬសចែកជា ២ ប្រភេទ គឺឬសមើម និងឬសស្ញែ
- ដើម និងស្លឹក៖ ទំពាំបារាំង មានក្តៀង (Crown) នៅខាងលើដី មានថ្នាំង និងចន្លោះថ្នាំង ជាកន្លែងនៃការកកើត ពន្លក និងទំពាំង
- ផ្កា៖ ផ្កាញី ឬផ្កាទ្វេភេទ នៅពេលដែលមានការបន្សំកេសរ វាបង្កើតបានជាផ្លែដែលមានទំហំតូច រាងមូល
- ផ្លែ៖ ពេលដែលផ្លែនៅខ្ចីវាមានពណ៌បៃតង នៅពេលទុំវាមានពណ៌ក្រហម ជាទូទៅផ្លែមួយមាន៣គ្រាប់ ផ្លែខ្លះអាចមានទៅដល់៦គ្រាប់។ គ្រាប់មានពណ៌ខ្មៅ មានរាងពាក់កណ្តាលមូល ពាក់កណ្តាលជ្រុង ដែលមានអង្កត់ផ្ចិត ៣ម.ម។
ប្រភេទទំពាំងបារាំង
ទំពាំងបារាំង ដែលប្រើប្រាស់សម្រាប់បរិភោគ បែងចែកជា ២ប្រភេទ៖
- ទំពាំងពណ៌បៃតង៖ គឺជាទំពាំង ដែលធ្វើការប្រមូលផល ក្រោយវាដុះចេញពីដី បានប្រមាណពី ២៥-៣០ស.ម ហើយប្រទេសដែលនិយម បរិភោគទំពាំងពណ៌បៃតង គឺសហរដ្ឋអាមេរិក កាណាដា អង់គ្លេស ជប៉ុន។
- ទំពាំងពណ៌ស និសលាយស្វាយ៖ ជាទំពាំង ដែលធ្វើការប្រមូលផល មុននឹងទំាពាំងដុះចេញពីដី វាមានការលំបាកក្នុងការដាំ និងមើលថែទាំជាងការដាំបែបទំពាំងពណ៌បៃតង ព្រោះត្រូវការពូនគុម្ពលប់គល់ នៅពេលប្រមូលផល ត្រូវធ្វើការសង្កេតត្រង់ចំនុចត្រទំពាំងចេញមក ប្រសិនបើប្រមូលផលមិនទាន់ ត្រួយទំពាំងបានត្រូវពន្លឺព្រះអាទិត្យ វានឹងក្លាយទៅជាទំពាំងពណ៌បៃតង។ ភាគច្រើនប្រទេសនៅតំបន់ អឺរ៉ុបនិយមបរិភោគទំពាំងពណ៌ស លើកលែងតែអង់គ្លេស
ពូជទំពាំងបារាំង៖ ពូជដែលគេយកមកដាំសម្រាប់យកទំពាំងបៃតង ជាពូជមកពីអាមេរិក ដូចជា៖
- ម៉ារិវ៉ាស៊ិនតោន (Mary Washington)
- កាលីហ្វ័រញ៉ា ៣០៩(California #309)
- កាលីហ្វ័រញ៉ា ៥០៩ (California #509)
- យូស៊ី ១៥៧ (UC 157 F1)
- ប្រុកអីមភើរៀល (Brock Imperial F1)
- ប្រុកអីមប្រូ (Brock Improve)
ការបណ្តុះកូនទំពាំងបារាំងលើថ្នាលបណ្តុះ
ការរៀបចំគ្រាប់ពូជ
- ដាស់ដំណេកគ្រាប់ មុននឹងយកទៅបណ្តុះ ដោយយកគ្រាប់ទៅត្រាំ ទឹកក្តៅឧណ្ហៗ ដោយប្រើទឹកក្តៅ១ភាគ ទឹកត្រជាក់២ភាគ ដាក់ត្រាំវា ក្នុងរយៈពេល ១៥-២០នាទី
- បន្ទាប់មកយកគ្រាប់នោះ ទៅត្រាំក្នុងទឹកឆយៈពេល ១យប់
- ធ្វើការផ្អាប់ដោយរុំក្រណាត់សស្តើង យកទៅទុកកន្លែងសើម
- ត្រូវរក្សាគ្រាប់ពូជកុំឲ្យស្ងួត ដោយធ្វើឲ្យក្រណាត់មានសំណើមជាប់ជានិច្ច រហូតដល់វាចេញពន្លក
- គ្រាប់នឹងចាប់ផ្តើមដុះពន្លក ក្នុងរយៈពេល ពី៧-១៥ថ្ងៃ
- បន្ទាប់មក យកទៅដាំបណ្តុះនៅលើថ្នាល ឬថង់បណ្តុះ ដែលបានត្រៀមទុក យកតែគ្រាប់ដែលដុះពន្លក
- មុនយកគ្រាប់ទៅបណ្តុះកូន ត្រូវច្របល់គ្រាប់ ជាមួយម្សៅផ្សិតទ្រីកូឌែម៉ា ប្រើម្សៅផ្សិត ១០ក្រាមសម្រាប់ គ្រាប់ពូជ ១គ.ក្រ
- ដោយដាក់ម្សៅផ្សិតទ្រីកូឌែម៉ា ចូលទៅក្នុងថង់ រួចចាក់ទឹកស្អាតបន្តិច ដើម្បីងាយស្រួល ក្នុងការច្របល់ម្សៅផ្សិត ឲ្យជាប់ទៅនឹងគ្រាប់បានល្អ
ការរៀបចំដីសម្រាប់សាបកូន
- ដីដែលល្អសមស្រប សម្រាប់ការបណ្តុះ កូនទំពាំងបារាំងគឺ ដែលដែលផុសល្អ ដីល្បាយខ្សាច់ ដែលមានសមាសធាតុសរីរាង្គខ្ពស់ ធ្វើឲ្យមានការលូតលាស់បានល្អ ងាយស្រួលក្នុងការដកយកទៅដាំ
- គួរជ្រើសរើសកន្លែង សម្រាប់បណ្តុះកូន នៅក្បែរប្រភពទឹក មិនជាំទឹក ឬលិចទឹក
- ថ្នាលបណ្តុះកូន សម្រាប់បណ្តុះកូនទំពាំងបារាំង ត្រូវរៀបចំឲ្យបានល្អ ដោយកូនទំពាំងបារាំង ត្រូវទុករហូតដល់ វាមានអាយុ៤ខែ ទើបដកយកទៅដាំ
- ភ្ជួររាស់ដី ឲ្យបានជ្រៅបំផុត សម្អាតស្មៅ ហាលដីសម្លាប់មេរោគ មុនធ្វើការសាបបណ្តុះកូន ពី៧-១៥ថ្ងៃ
- រាស់បំបែកដី ឲ្យតូចល្អិត លើករងកម្ពស់ ៣០ស.ម ទទឹងរង ១ម៉ែត្រ បណ្តោយរង ១០ម៉ែត្រ
- រៀបចំរងទទឹង១ម៉ែត្រ បណ្តោយ១០ម៉ែត្រ ចំនួន៥០រង សម្រាប់ដាំផ្ទៃដី ១ហិចតា
- ដាក់ជីសរីរាង្គ ចំនួន ៣០គ.ក្រ ជី១៥-១៥-១៥ ចំនួន ០.៥ គ.ក្រ និងកំបោរស ១គ.ក្រ ក្នុង១រង លាយច្របល់ឲ្យបានសព្វ ពង្រាបដីឲ្យស្មើល្អ
- បន្ទាប់មកធ្វើចង្អូរ ដោយឆូតទទឹងរងជម្រៅ ពី១-២ស.ម ឃ្លាតពីគ្នាប្រវែង ២០ស.ម
ការសាបគ្រាប់
- ដាក់គ្រាប់ពូជទៅក្នុងចង្អូរ ដែលក្នុង១រន្ធ ដាក់គ្រាប់ពូជ១គ្រាប់ និងឃ្លាតពីគ្នាប្រវែង១០ស.ម រួចគ្របដោយដីស្តើងៗ
- ដាក់ចំបើងគ្របពីលើ ដើម្បីរក្សាសំណើម
- ក្នុងរយៈពេល ១០-១៥ថ្ងៃ គ្រាប់ចាប់ផ្តើមដុះ គួរយកចំបើងចេញខ្លះ ដើម្បីឲ្យវាដុះស្រួល ដើមដុះត្រង់មិនកោងង
ការស្រោចស្រព
- ទំពាំងបារាំងត្រូវការទឹកទៀងទាត់ ក្នុងការលូតលាស់ វីធីសាស្រ្តស្រោចស្រព ដែលល្អសម្រាប់រងបណ្តុះកូនទំពាំង គឺត្រូវប្រើបែបស្ព្រីងគ្ល័រ តែវិធីនេះចំណាយថវិការច្រើន
- ដូច្នេះកសិករ និយមធ្វើការបង្ហូរទឹកតាមរង ឬប្រើទុយោភ្ជាប់ជាមួយក្បាលផ្កាឈូក
- តាមវិធីសាស្រ្តណាក៍ដោយ គឺត្រូវធ្វើឲ្យកូនទំពាំងបារាំង បានទទួលទឹកទៀងទាត់ មិនជោគពេក មិនស្ងួតពេក និងបង្ការកុំឲ្យទឹកដែលបាញ់ស្រោចស្រព ទៅប៉ះនឹងដើមខ្លាំងពេក ព្រោះនឹងធ្វើឲ្យកូនទំពាំងរបួស ធ្វើឲ្យជម្ងឺចូលមក បំផ្លាញបានដោយងាយស្រួល
ការដាក់ជី
- នៅដំណាក់កាលដំបូងៗ ធ្វើការដាក់ជីបែបរលាយរលាយទឹក ដោយប្រើប្រាស់ ជី២១-០-០ ចំនួន១០ក្រាម និងជី១៥-១៥-១៥ ចំនួន១០ក្រាម លាយជាមួយទឹក ២០លីត្រ ដាក់ធុងស្រោចឲ្យសព្វទោលើរង បន្ទាប់មកស្រោចទឹកឲ្យសើម ប្រមាណ១៥ថ្ងៃម្តង ដាក់ជីរបៀបនេះ ប្រមាណ ៣ដង
- បន្ទាប់មក ចាប់ផ្តើមដាក់ជីគ្រាប់ ១៥-១៥-១៥ ចំនួន ១៥-២០ក្រាម ជាមួយជីកំប៉ុស្ត ចំនួន ២០០-៣០០ក្រាម/ម៉ែត្រការ៉េដីរង ដាក់១ខែម្តង ចំនួន ២ដង
- ប្រុងប្រយ័ត្ន ក្នុងការដាក់ជី ក្រោយការដាក់ជីគ្រប់ពេល ត្រូវស្រោចទឹកឲ្យបានគ្រប់គ្រាន់ល្អ ដើម្បីឲ្យទឹកអាចទៅរំលាយជី ជាប្រយោជន៍សម្រាប់ឲ្យទំពាំងបារាំងស្របយកបានល្អ
- ដាក់ជីត្រឹមត្រូវ ត្រូវបង្កប់ក្នុងដី ក្បែឬសទំពាំងបារាំង
- មិនត្រូវដាក់ជីឲ្យជាប់ឬសទំពាំងបារាំងទេ ព្រោះវាធ្វើឲ្យដើមក្រៀមស្វិតបាន
ការកម្ចាត់ស្មៅ
- ក្រោយពេលកូនទំពាំងបារាំង ចាប់ផ្តើមដុះហើយ គួរសម្អាតស្មៅជាទៀងទាត់ ក្នុងកំឡុងពេលខែដំបូង
- ត្រូវធ្វើស្មៅដោយប្រុងប្រយ័ត្ន ព្រោហកូនទំពាំងបារាំង នៅខ្ចីនៅឡើយ
- ប្រសិនបើប៉ះពាល់ដល់កូនទំពាំងបារាំងអាចងាប់បាន
- ការកម្ចាត់ស្មៅ មិនត្រូវប្រើថ្នាំសម្លាប់ស្មៅនោះទេ ព្រោះវាធ្វើឲ្យកូនទំពាំងបារាំងងាប់
- ការសម្អាតស្មៅដោយដៃ ជាវិធីសាស្រ្តល្អបំផុត
ការតាក់តែងកូនទំពាំងបារាំង
- ការតាក់តែកូនទំពាំងបារាំង ធ្វើឲ្យដើមវាស្រលះល្អ មិនមានទីជម្រករបស់ជម្ងឺ និងសត្វល្អិត
- ក្រៅពីនេះ វាធ្វើឲ្យមាន ការប្រមូលផ្តុំ សារធាតុចិញ្ចឹមនៅត្រង់ក្តៀង និងពន្លកច្រើនឡើង ធ្វើឲ្យក្តៀងនិងពន្លកកាន់តែមានទំហំធំឡើង
- ជាទូទៅគេ តាក់តែងកូនទំពាំងបារាំង នោពេលដែលវាមានអាយុ ២,៥ -៣ខែ
- ការតាក់តែងកូនទំពាំងបារាំង មានសារៈសំខាន់ណាស់
ការពូនគល់កូនទំពាំងបារាំង
- ប្រសិនបើ កូនទំពាំងបារាំង មានក្តៀង ឬឬសផុសចេញពីដី អាចបណ្តាលមកពីការសាបគ្រាប់រាក់ពេក ឬបណ្តាលមកពីការស្រោចស្រព ត្រូវពិនិត្យមើលថ្នាលបណ្តុះឲ្យបានទៀងទាត់
- បើដើមដែលដុះបែកឡើងមកថ្មី មានទំហំតូចឆ្មារៗ ឬសនិងក្តៀងតូច ធ្វើឲ្យកូនទំពាំងមិនល្អ ត្រូវធ្វើការបំផុសដីពូនគល់កប់ក្តៀងកូនទំពាំងផង
ការកម្ចាត់ជំងឺ និងសត្វល្អិត ដំណាក់កាលកូន
ដំណាក់កាលនេះ អាចមានជម្ងឺ សត្វល្អិតផ្សេងៗ ចូលមកបំផ្លាញ ដើម្បីការពារកូនទំពាំងបារាំងត្រូវអនុវត្ត៖
- ប្រើប្រាស់ទ្រីកូឌែម៉ា (បរិមាណ ១គ.ក្រ លាយជាមួយទឹក ២០០លីត្រ) ត្រងយកតែទឹកទៅបាញ់លើកូនទំពាំងបារាំង
- បាញ់ស្រោចនៅពេលល្ងាច ដោយស្រោចទឹកឲ្យជោគដីមុន ឬក្រោយពេលការបាញ់ស្រោចទឹកទ្រីកូឌែម៉ា
- ទឹកទ្រីកូឌែម៉ា ១លីត្រ បាញ់ស្រោច សម្រាប់ផ្ទៃដី ៥-១០ម៉ែត្រការ៉េ
- ធ្វើការស្រោច ២ដង ក្រោយសាបកូន បាន១៥ថ្ងៃ និងក្រោយសាបកូន បាន៩០ថ្ងៃម្តងទៀត
ការបណ្តុះកូនទំពាំងបារាំងក្នុងថង់ប្លាស្ទិច
- បណ្តុះកូនទំពាំង នៅក្នុងថង់ប្លាស្ទិច មានទំហំ ១០ X ១៥ ស.ម
- ដីសម្រាប់បណ្តុះរួមមាន ដីមមោគ ធ្យូងអង្កាម ស្លឹកឈើស្ងួតពុកផុយ ស្រកីដូងម៉ដ្ឋ និងជីកំប៉ុស្ត លាយគ្នា ក្នុងកម្រិត ១:១:១:១ លាយជាមួយផ្សិតទ្រីកូដឺម៉ាដែលបន្សំរួច ២៥-៥០ក្រាម/ថង់
- ដាក់គ្រាប់ទំពាំងបារាំង ១គ្រាប់ ក្នុង១ថង់
- អាចយកកូនទំពាំងបារាំងទៅដាំបាន នៅពេលវាមានអាយុ ២ខែ
ការយកកូនទៅដាំ
- បន្ទាប់ពីកូនទំពាំងបារាំង សាបក្នុងថ្នាលមាន អាយុ ៤-៦ខែ កូនទំពាំងបារាំងមានភាពរឹងមាំ មានអត្រារស់រានជីវិតតខ្ពស់ ដែលនឹងផ្តល់ផលទំពាំងមានគុណភាពល្អ ចាត់ទុក ក្រេដA ក្នុងបរិមាណច្រើន និងផ្តល់ផលបានយូរ
- ប្រសិនបើយកកូនទំពាំងបារាំង អាយុ២-៣ខែ មកដាំ វានឹងផ្តល់ផលទាបជាង គឺក្រេដB ច្រើនជាងក្រេដA ដែលធ្វើឲ្យផលលកបានតម្លៃទាបជាង
- កូនដែលបណ្តុះក្នុងថង់ប្លាស្ទិច មិនគួរទុកកូនក្នុងថង់យូរពេកទេ ព្រោះកូនទំពាំងបារាំងនឹងខ្សោយ ដោយសារធាតុចិញ្ចឹមមានកំណត់ និងអាចរងការបំផ្លាញដោយសត្វល្អិតផ្សេងៗ
- តែការដំាំកូនទំពាំងបារាំង ដែលមានអាយុតិច និងក្តៀងតូច វាធ្វើឲ្យប្រើពេលវេលាយូរ ទម្រាំទទួលបានទិន្នផល ក្រេដA បើធៀបទៅនឹងការដំាំកូនទំពាំងបារាំងក្តៀងធំ
តាមរយៈអត្ថបទខាងលើនេះ បានបង្ហាញអ្នកទាំងអស់គ្នាពី បច្ចេកទេសបណ្តុះ កូនទំពាំងបារាំង ដែលជាបន្លែដែលកំពុងទទួលបានការពេញនិយម ក្នុងការទទួលទានប្រចាំថ្ងៃ ដូច្នេះបើសិនជាលោកអ្នក មានដីទំនេរ មិនដឹងថា ដាំដុះអ្វី អាចសាកល្បងជាមួយបន្លែ ទំពាំងបារាំងនេះបាន ក្នុងការជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល របស់អ្នកទាំងអស់គ្នា ព្រោះវាជាប្រភេទរុក្ខជាតិមួយដែលផ្តល់អាយុកាលឲ្យផលយូរ។
សូមអរគុណ ចំពោះការ Like សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រ គេហទំព័រ Farmer DNA របស់យើង ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពីព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្មមកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!