បច្ចេកទេសផលិត ផ្សិតចំបើង ក្នុងរោងចំហុយ

តើបងប្អូន ធ្លាប់ទទួលទាន ផ្សិតចំបើង ដែលឬទេ? តើរសជាតិរបស់វាយ៉ាងមិចដែរ?

បងប្អូន ប្រាកដជាធ្លាប់បានទទួលទាន ផ្សិតចំបើង ហើយក៏ទទួលស្គាល់រសជាតិឆ្ងាញ់របសវាដែរ។ ចង់ដឹងថាតើ ផ្សិត ចំបើង ដែលបងប្អូនទទួលទាន ប្រចាំថ្ងៃ ត្រូវបានគេផលិតវា ដោយរបៀបណា សូមមកតាមដាន អំពី បច្ចេកទេស ផលិតផ្សិតចំបើង ទំាំងអស់គ្នា!

មិនត្រឹមតែជាបន្លែ ដែលមានឳជារស ប៉ុណ្ណោះទេ ផ្សិតចំបើង ត្រូវបានគេ ជ្រើសរើសធ្វើជា អាហារប្រចាំថ្ងៃដ៏ពេញនិយម មិនថាការទទួលទាន ក្នុងក្រុមគ្រួសារ ការប្រើប្រាស់ជាបន្លែ ក្នុងកម្មវិធីផ្សេងៗ។

លើសពីនេះ  វាថែមទំាងផ្តល់ អត្ថប្រយោជន៍ដ៏ច្រើនដល់ សុខភាពរាងកាយ ក៏ព្រោះតែផ្សិតចំបើង មានផ្ទុកនូវ ប្រូតេអ៊ីន សារធាតុជាច្រើន ដូចជាកាបូអ៊ីដ្រាត ជាតិដែក ជាតិកាកសរសៃ ផូស័្វរ វីតាមីន C និង សារធាតុដទៃផ្សេងៗដែលសុទ្ធសឹងតែមានសារៈសំខាន់ សម្រាប់សុខភាព, វាមានផ្ទុកកូលេស្តេរ៉ុលទាប, សម្រាប់អ្នកជំងឺទឹកនោមផ្អែម, ទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក, ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ, ល្អសម្រាប់សុខភាពបេះដូង, កាត់បន្ថយរ៉ាឌីកាល់សេរី។ល។

សូមមកមើលពី បច្ចេកទេសផលិតផ្សិតចំបើងក្នុងរោងចំហុយ ដែលវាអាចប្រមូលផលបានគ្រប់រដូវកាល មិនថារដូវប្រាំង ឬរដូវវស្សា!

បច្ចេកទេស ទាំងនោះ មាននៅអត្ថបទ ខាងក្រោមនេះ៖

វដ្តនៃការបណ្តុះផ្សិតចំបើង

  • វដ្តនៃការលូតលាស់ របស់ផ្សិតចំបើង ចាប់ផ្តើមពីដាក់ មេផ្សិត(ស្ព័រ)នៅលើល្បាយ រហូតដល់ប្រមូលផលដំបូង មានរយៈពេល ពី១៤ទៅ១៥ថ្ងៃ ដែលរួមមាន៖
  • ចាប់ពីដាក់ស្ព័រ ដល់ចេញសរសៃស្ព័រពេញលេញ លើធ្នើបណ្តុះ មានរយៈពេល ពិ៣-៤ថ្ងៃ ត្រូវធ្វើការបាញ់ទឹកផ្តាច់សរសៃស្ព័រ នៅដំណាក់កាលនេះ
  • ចាប់ពីបាញ់ទឹកផ្តាច់សរសៃស្ព័រ ដល់ចេញពងត្រីសៗ មានរយៈពេល៣ថ្ងៃ
  • ចាប់ពីចេញពងត្រីសៗ រហូតដល់ផ្សិតក្រពុំ អាចធ្វើការប្រមូលផលបាន មានរយៈពេល៧ថ្ងៃ ការប្រមូលផលអាចធ្វើឡើង ក្នុងរយៈពេល ៥-៦ថ្ងៃ

វត្ថុធាតុដើមសំខាន់ៗសម្រាប់បណ្តុះផ្សិតចំបើង

វត្ថុធាតុដើមសម្រាប់បណ្តុះផ្សិតចំបើងក្នុងរោងចំហុយមានពីរប្រភេទ គឹវត្ថុធាតុដើមផ្សំជា កំប៉ុស្តិ (ចំណីបំប៉ន)និងវត្ថុធាត់ដែលផ្សំជាទ្រនាប់៖

  • ចំបើង ជញ្ជ្រាំង
  • កាកអំពៅ
  • ដើមកំប្លោក
  • ដើមចេក
  • កាកសណ្តែកបាយ
  • កាកសណ្តែកសៀង
  • អាច់រណា (អាច់រណាកៅស៊ូ, គរ, ស្វាយជូរ)
  • កន្ទក់ម៉ដ្ឋល្អ
  • ស្រូវ សំដីស្រូវ ចុងអង្ករ
  • កំបោរស
  • ជីអ៊ុយរ៉េ
  • វត្ថុធាតុដើមទាំងនេះ ប្រើប្រាស់ធ្វើជាទំរ និងកំប៉ុស្តិ(អាហារបំប៉ន) គេហៅថា Substrate

វត្ថុធាតុដើមផ្សំធ្វើកំប៉ុស្តិ(អាហារប៉ប៉ន)

វត្ថុធាតុដើម និងរបៀបផ្សំដែលអនុវត្ត តាមការធ្វើបង្ហាញរបស់គម្រោង TSSD ដែលគិតក្នុងទំហំធ្នើរបណ្តុះ ទំហំ ៥០ ម៉ែត្រការ៉េ រួមមានដូចខាងក្រោម៖

  • អាចម៍រណាដើមកៅស៊ូ ចំនួន ២៥០ គ.ក្រ
  • បើប្រើសម្បកសណ្តែកបាយ ឬ សំដីស្រូវ ចំនួន ១១០-១២០ គ.ក្រ
  • កន្ទក់ម៉ដ្ឋលេខ១ ចំនួន ៤០ គ.ក្រ
  • ចុងអង្ករ ចំនួន ២០ គ.ក្រ
  • ជីអ៊ុយរ៉េ ចំនួន ២ គ.ក្រ
  • ម្សៅម៉ាស្ទិច ចំនួន ២ គ.ក្រ
  • កំបោរស ចំនួន ២ គ.ក្រ
  • ទឹក បរិមាណ ១០០-១១០លីត្រ

របៀបលាយកំប៉ុស្តិ

ជំហានទី១៖

  • ថ្លឹងអាចម៍រណា ឬសំបកសណ្តែកបាយ តាមបរិមាណខាង ដោយដាក់លើកម្រាលកៅស៊ូ ឬផ្លាស្ទិចដោយពង្រាយវាឲ្យស្តើង
  • ពង្រាយកំបោរ ជីអ៊ុយរ៉េ ពីលើអាចម៍រណា រួចស្រោចទឹកឲ្យជោគ។ ច្របល់សារចុះឡើងឲ្យបានសព្វល្អ ។ សំណើមសមស្របក្នុងគំនរល្បាយគឺ ៧០%។ ដើម្បីដឹងពីសំណើម គេត្រូវពូតល្បាយ ហើយបើសិនជាល្បាយអាចពូតជាដុំ និងមិនបែក បានន័យថាល្បាយមានសំណើមសមស្រប។
  • ប្រមូលល្បាយជាពុំនូក រួចគ្របឲ្យជិតល្អ ហើយផ្អាប់ល្បាយទុករយះពេល ២ ថ្ងៃ
  • នៅថ្ងៃទី៣ ត្រូវធ្វើការជ្រោយត្រឡប់ចុះឡើង ដើម្បីឲ្យឧស្ម័នអាម៉ូញាក់ភាយចេញ និងវត្ថុធាតុផ្សំលាយគ្នាបានល្អ រួចផ្អាប់ទុករយះពេល ២ថ្ងៃបន្ថែមទៀត។

ក្នុងដំណាក់កាលនេះ ផ្អាប់កំប៉ុស្តិទុកកាន់តែយូរកាន់តែមានប្រសិទ្ធភាពល្អ

ជំហានទី២៖

  • បន្ទាប់ពីផ្អាប់ល្បាយចំណី រយៈពេល៤ថ្ងៃរួចមក ត្រូវពង្រាយល្បាយទាំងនោះម្តងទៀត រួចបាចកន្ទក់ ចុងអង្ករ និងជីទឹក រួចច្របល់ឲ្យសព្វ និងផ្អាប់ទុករយៈពេល ២ថ្ងៃ បន្ថែមទៀត។
  • ក្រោយផ្អាប់រយៈពេល ៦ថ្ងៃ ត្រូវកាយពង្រាយគំនរកំប៉ុស្តិ ឲ្យស្តើងៗ សារជាថ្មី រួចរោយម្សៅម៉ាស្ទិចឲ្យសព្វ ផ្អាប់ទុករយៈពេល១យប់ ទើបអាចយកទៅដាក់លើធ្នើបណ្តុះបាន
  1. វត្ថុធាតុដើមសម្រាប់ទ្រនាប់ និងរបៀបផ្សំ៖ វត្ថុធាតុដើមសម្រាប់ទ្រនាប់ ដោយគិតក្នុងទំហំធ្នើបណ្តុះ ៥០ម៉ែត្រការ៉េ មានដូចខាងក្រោម៖
    • ចំបើង ចំនួន ៣០០ គ.ក្រ
    • កំបោរស ចំនួន ៤ គ.ក្រ
    • ជីអ៊ុយរ៉េ ចំនួន ២ គ.ក្រការរៀបល្បាយទ្រនាប៖
    • ដាក់ទឹកចូលក្នុងអាង កម្ពស់ប្រហែល ២០ស.ម រួចហើយ ដាក់កំបោរ និងជីអ៊ុយរ៉េចូល កូរឲ្យសព្វ
    • ដាក់ចំបើង និងដាក់ទឹកចូលបន្តិចម្តងៗ ហើយជាន់ចំបើង លុះត្រាតែអស់ចំបើង តាមតម្រូវការ
    • ត្រាំទឹករយៈពេល ២៤-៤៨ម៉ោង ចំបើងចាស់ត្រាំ ២៤ម៉ោង បើចំបើងថ្មីត្រំា ៤៨ម៉ោង
    • ផ្អាប់ល្បាយចំបើង រយៈពេល ៥ថ្ងៃ ទើបយកទៅដាក់លើធ្នើបណ្តុះ

ការរបៀបចំទ្រនាប់ និងកំប៉ុស្តិលើងធ្នើបណ្តុះ

  • មូរល្បាយចំបើងដុំ រួចបត់ជា២ ដែលមានដ្យាម៉ែត្រប្រវែងពី ៨-១០ស.ម រួចយកទៅដាក់លើធ្នើបណ្តុះ ត្រូវដាក់ផ្នែកខាងបត់ (ក្បាល) មកខាង និងចុង ចូលទៅខាងក្នុង
  • រាយកំប៉ុស្តិ១ធុង ប៉េត្រូ ក្នុង១ម៉ែត្រការ៉េធ្នើ កម្រាស់ប្រហែល៥ស.ម
  • ក្រោយពីដាក់វត្ថុធាតុខាងលើហើយ ត្រូវទុកចោលរយៈពេល១ថ្ងៃ ទើបចំហុយ

ការស្ទីមកម្តៅ ឬបាញ់ចំហុយទឹកចូលរោង

  • ការបាញ់ចំហាយទឹក ឬស្ទីមជាការកំណត់ភាពជោគជ័យ ឬបរាជ័យ នៃផលិតកម្ម ផ្សិតចំបើង ក្នុងរោងចំហុយ
  • ការងារនេះត្រូវធ្វើឲ្យម៉ត់ចត់ ដើម្បីសម្លាប់មេរោគ និងស្ព័រផ្សិតផ្សេងៗ នៅក្នុងរោងបណ្តុះ ដែលក្រោយពីដាក់ទ្រនាប់ និងកំប៉ុស្តិហើយ ត្រូវបិទរោងឲ្យជិត ជៀសវាងមានការលិចធ្លាយ អំឡុងពេលស្ទីមកំដៅ
  • ត្រូវប្រើទែម៉ូម៉ែត្រវាស់កម្តៅ និងវាស់សំណើម ដែលមានខ្នាត១០០ºC ចំនួន១ ដាក់ចូលក្នុងរោងស្ទីម ដើម្បីតាមដានកម្តៅ និងសំណើមក្នុងរោងចំហុយ
  • ដុតចំហុយរហូតដល់សីតុណ្ហភាព ៦០ ºC ទើបចាប់ផ្តើម កំណត់ម៉ោង ដោយចំនួន ៤-៥ម៉ោងទើបឈប់ដុត
  • ពេលដុតស្ទីម កម្តៅអាចកើនឡើង ដល់៧០-៨០ ºC ប្រសិនបើកម្តៅថេរកម្រិតនេះ ការដុតប្រើរយៈពេលត្រឹម ៣ម៉ោង

ការរោយមេផ្សិតលើកំប៉ុស្តិ

មេផ្សិត ដែលយកមកប្រើ ត្រូវស្គាល់ប្រភពច្បាស់លាស់ ហើយមិនគួរយកមេដែលផលិតពីអង្កាមមកប្រើនោះទេ។ មេផ្សិតល្អ គឺជាមេផ្សិត ដែលផលិតពី ស្រូវ ស្នូលគរ/គ្រាប់គរ និងកាកសំណល់កប្បាស។ ជៀសវាង ប្រើមេផ្សិតខ្ចី ឬចាស់ពេក។ ការដាក់មេផ្សិតលើកំប៉ុស្តិ ត្រូវអនុវត្តដូចខាងក្រោម៖

  • ក្រោយចំហុយរយៈពេល ១២ម៉ោង ត្រូវពិនិត្យកម្តៅក្នុងរោង ប្រសិនបើកម្តៅធ្លាក់មកនៅត្រឹម ៣២-៣៥ ºC នោះទើបអាចដាក់មេផ្សិតបាន
  • គួរដាក់មេផ្សិត នៅពេលព្រឹក ឬនៅពេលល្ងាចត្រជាក់
  • ឧបករណ៍សម្រាប់ដាក់មេផ្សិត ត្រូវសម្អាតឲ្យបានស្អាត
  • អ្នកដាក់មេផ្សិត ត្រូវសម្អាតខ្លួនឲ្យបានស្អាត និងផ្លាស់ប្តូរសំលៀកបំពាក់ថ្មី
  • មុននិងចូលដាក់មេផ្សិត មិនគួរដើរទៅកន្លែងកខ្វក់ ឬជាន់កាកសំណល់ផ្សេងៗជាដាច់ខាត
  • ប្រើមេផ្សិត១កញ្ចប់ ទម្ងន់០,៥ គ.ក្រ សម្រាប់ផ្ទៃធ្នើ១ម៉ែត្រការ៉េ
  • ប្រើម្សៅអង្ករដំណើប លាយជាមួយមេផ្សិត ក្នុងកម្រិតម្សៅដំណើប១០០ក្រាម លាយជាមួយមេផ្សិត១០កញ្ចប់
  • ក្រោយពីលាយរួច ត្រូវរោយពីលើល្បាយកំប៉ុស្តិ ឲ្យបានស្មើរល្អ
  • ក្រោយពីដាក់មេផ្សិតរួច ត្រូវបិទរោងប្លាស្ទិចឲ្យជិតល្អ កុំឲ្យមានពន្លឺចាំងចូលផ្ទាល់ ក្នុងរោងបណ្តុះ ដែលធ្វើឲ្យល្បាយងាយស្ងួត

ការបាញ់ទឹកផ្តាច់សរសៃស្ព័រ

  • ក្រោយពីដាក់មេបាន៣-៤ថ្ងៃ ត្រូវពិនិត្យមើលក្នុងរោងនោះ និងឃើញមានសរសៃផ្សិតសៗ ដុះពេញលើធ្នើ
  • ដើម្បីឲ្យផ្សិតដុះល្អ ត្រូវស្រោចទឹក ដើម្បីផ្តាច់សរសៃស្ព័រទាំងនោះ
  • ការផ្តាច់សរសៃទាំងនេះត្រូវស្រោច ឬបាញ់ទឹកលក្ខណៈផ្សែងក្រូច ដើម្បីឲ្យសរសៃស្ព័រក្រាប
  • ករណីក្រោយពីបាញ់ហើយ សរសៃផ្សិតសៗដុះឡើងវិញ នោះត្រូវស្រោច ឬបាញ់ផ្តាច់សរសៃស្ព័របន្ថែមទៀត
  • ក្នុងកំឡុងពេលនេះ កម្តៅដែលសមស្រប គឺពី ៣២-៣៥ ºC និងសំណើមពី ៧៥-៨០%។

ការថែទាំ

  • រយៈពេលបាញ់ទឹកផ្តាច់ស្ព័រ បានពី៣-៤ថ្ងៃក្រោយមក គឺមានកូនផ្សិតតូចៗ ឬហៅថាពងត្រីបានចាប់ផ្តើមដុះ
  • កំឡុងពេលនោះ ផ្សិតត្រូវការសីតុណ្ហភាព ពី៣០-៣២ ºC និងសំណើមពី ៦៥-៧៥%
  • បើកំដៅនិង សំណើមខ្ពស់ពេក ត្រូវបើទ្វារនិងបង្អួច បញ្ចុះសីតុណ្ហភាព និងសំណើម
  • ពេលសីតុណ្ហភាព និងសំណើមចុះមក សមស្របហើយ ត្រូវបិទទ្វារ និងបង្អួចវិញ
  • បើសំណើមទាប ឬធ្លាក់ក្រោម ៦០% ត្រូវបាញ់ទឹក ចូលក្នុងរោង លើដំបូល និងសងខាងរោង ដើម្បីបង្កើនសំណើម
  • រយៈពេល៣ថ្ងៃក្រោយមក ត្រូវបើទ្វារ និងបង្អួច ដោយបើកត្រឹមពាក់កណ្តាល ឬបើកទាំងអស់ អាស្រ័យលើសំណើមក្នុងរោង ដើម្បីឲ្យផ្សិតទទួលបានអុកស៊ីសែន និងពន្លឺគ្រប់គ្រាន់ ហើយដុះលូតលាស់បានល្អ
  • ការបើកបង្អួចនេះ មិនត្រូវឲ្យកម្តៅថ្ងៃ ចាំងចូលក្នុងរោងនោះទេ ព្រោះវាធ្វើឲ្យកូនផ្សិតស្រពោន និងរលួយងាប់

ការប្រមូលផល

  • ការបណ្តុះផ្សិតក្នុងរោងស្ទីម អាចប្រមូលផលបាន ក្នុងរយៈពេល ១០-១៥ថ្ងៃ គិចចាប់ពីរោយមេផ្សិត
  • ប្រមូលផល២ដង/ថ្ងៃ គឺពេលព្រឹក និងរសៀល
  • ប្រមូលផលពេលព្រឹក ម៉ោង៣ព្រឹក ទៅជាការល្អ ពេលព្រឹកប្រមូលផលបានច្រើនជាងពេលរសៀល
  • ប្រសិនបើផ្សិតដុះជាកញ្ចុំ ត្រូវប្រើកំាបិតចុងស្រួច ដើម្បីចៀរយកតែផ្សិតណាដែលធំចេញ
  • ប្រើសិនបើផ្សិតដុះទោល ប្រើម្រាមដៃថ្នមៗ ដោយធ្វើការមូលដុំផ្សិតពីឆ្វេងទៅស្តាំ និងមូលមកឆ្វេងវិញដើម្បីដកផ្សិត
  • ប្រមូលផលផ្សិត ត្រូវចៀសវាងប៉ះពាល់ដល់កូនផ្សិតផ្សេងទៀត ដែលអាចឲ្យរលួយខូច

ការប្រមូលផលផ្សិត ធ្វើឡើង២លើក

  • លើកទី១ ប្រមូលផលរយៈពេល ៥-៦ថ្ងៃ
  • លើកទី២ ក្រោយពីប្រមូលផលលើកទី១រួច
  • ប្រសិនបើពិនិត្យឃើញ ល្បាយសំណើមស្ងួតខ្លាំង ត្រូវបាញ់ទឹកក្នុងកម្រិតសំណើម ៦៥-៧៥% តែបើសំណើមនៅល្អ មិនត្រូវបាញ់ទឹកនោះទេ គ្រាន់តែបិទទ្វារ និងបិទបង្អួចឲ្យជិត រយៈពេល១ថ្ងៃ រួចហើយបើកឡើងវិញ
  • ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់មក ត្រូវធ្វើការប្រមូលផលលើកទី២ ដែលទិន្នផលទទួលបាន ប្រហែល២០% នៃលើកទី១
  • រាល់សម្ភារៈដាក់ចូលក្នុងរោងផ្សិត សម្រាប់ប្រមូលផល ត្រូវសម្អាតឲ្យបានស្អាត
  • ក្រោយប្រមូលផលហើយ ត្រូវកាត់ជើងផ្សិត និងសម្អាតឲ្យបានស្អាតល្អ
  • ជៀសវាងការប្រមូលផល ដាក់ផ្សិតគលើគ្នាច្រើនពេក ដែលធ្វើឲ្សផ្សិតជាំ និងអន់គុណភាព៕

តាមរយៈអត្ថបទខាងលើនេះ  បានបង្ហាញអ្នកទាំងអស់គ្នាពី បច្ចេកទេសបណ្តុះផ្សិតចំបើងក្នុងរោងចំហុយ   ដែលអាចប្រមូលផលបានគ្រប់រដូវ  រីឯតម្លៃរបសវា គឺមានតម្លៃបើធៀបជាមួយប្រភេទបន្លែជាច្រើន។  ដូច្នេះបើសិនជា មានចំណាប់អារម្មណ៍ មានដីទំនេរ មិនចង់ទុកចោល អាចសាកល្បងជាមួយបន្លែ ផ្សិតចំបើង នេះបាន ក្នុងការជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល របស់អ្នកទាំងអស់គ្នា ព្រោះវាជាបន្លែមួយប្រភេទ ដែលមានតម្លៃថ្លៃគួរ បើធៀបជាមួយបន្លែមួយចំនួនធំ។

សូមអរគុណ ចំពោះការ Like  សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រគេហទំព័រ Farmer DNA របស់យើង ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពី ព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះ​ដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្ម មកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts