បច្ចេកទេស ចិញ្ចឹមបង្កងក្នុងស្រះ

ដើម្បីជោគជ័យ ក្នុងការចិញ្ចឹម ត្រូវយកចិត្តទុកដាក់លើ៣ចំណុចសំខាន់ៗគឺ ការរៀបចំស្រះ ការគ្រប់គ្រងគុណភាពទឹក ការផ្តល់ចំណី។

រដូវកាលចិញ្ចឹម៖ ​អាចចិញ្ចឹមបានពេញ ១ឆ្នាំ អាស្រ័យលើប្រភពទឹកគ្រប់គ្រាន់

ទីតាំងជីកស្រះ

  • គួរជីកស្រះ នៅតំបន់ដែលមានទឹកពេញ១ឆ្នាំ ជាប្រភពទឹកសាប ស្អាតល្អ គ្មានជាតិពុល
  • ជាតំបន់គ្មានថ្នាំគីមីកសិកម្ម គ្មានកាកសំណល់ពីរោងចក្រ
  • ជាតំបន់ងាយស្រួលក្នុងការផ្លាស់ប្តូរទឹក ដោយប្រើម៉ាស៊ីនប៉ូម ឬតាមរយៈរបបទឹកជោរនាច
  • ជ្រើសរើសតំបន់ចិញ្ចឹមទឹកសាប ឬទឹកភ្លាវ ដែលមានកំហាប់អំបិល មិនលើសពី ១០ភាគពាន់
  • ទីតាំង ជាប្រភេទដីល្បាយដីឥដ្ឋ ឬល្បាយដីខ្សាច់តិចតួច ដើម្បីរក្សាទឹកបានយូរ គ្មានជាតិជូរ
  • ត្រូវមានអគ្គិសនី ប្រសិនបើចិញ្ចឹមទ្រង់ទ្រាយមធ្យម ឬទ្រង់ទ្រាយធំ

លក្ខណៈស្រះចិញ្ចឹម

  • ស្រះត្រូវមានរាងចតុកោណកែង សម្រាប់ខ្នាតតូច តូចជាង១០០០ម៉ែត្រការ៉េ សម្រាប់ខ្នាតមធ្យម ចាប់ពី ១០០០ម៉ែត្រការ៉េ ឡើងទៅ
  • ស្រះត្រូវមានជម្រៅ ១,២ ទៅ១.៥ ម៉ែត្រ
  • បាតស្រះ ត្រូវមានជម្រាលទៅម្ខាង ងាយស្រួលបញ្ចេញទឹកចោល
  • បាតស្រះត្រូវមានប្រឡាយសម្រាប់នាំទឹកពីកន្លែងចូល ទៅដល់កន្លែងបញ្ចេញ
  • ប្រឡាយគួរមានទទឹង ២-៣ម៉ែត្រ ត្រូវមានជម្រៅជ្រៅជាងបាតស្រះ ១០-១៥ស.ម
  • បាតស្រះ ត្រូវមានភក់ ឬមមោកតិចៗ
  • ខ្នងភ្លឺស្រះ ត្រូវមានទំហំយ៉ាងតិច ២ម៉ែត្រ មានភាពរឹដមាំ គ្មានរន្ធសត្វ និងមិនជ្រាបទឹក
  • ស្រះត្រូវមានប្រព័ន្ធបញ្ចេញបញ្ចូលទឹក បំពង់បញ្ចេញទឹកនៅទាបបំផុត បំពង់បញ្ចូលទឹកនៅទីខ្ពស់
While most Thai prawn farmers raise postlarvae in a nursery phase, others stock postlarvae or juveniles directly into grow-out ponds.

គុណភាពទឹក

  • បង្កងទឹកសាប រស់នៅក្នុងទឹកសាប ប៉ុន្តែវាអាចរស់នៅតំបន់ទឹកភ្លាំវ រហូតដល់កំរិតអំបិល ១០ភាកពាន់ ។ វាមានចរិតរស់នៅស្រទាប់បាត ក្នុងមជ្ឈដ្ឋានទឹកស្អាត និងត្រូវមានគុណភាពទឹកសំខាន់ៗដូចខាងក្រោម៖
  • សីតុណ្ហភាពសមស្រប ចន្លោះពី ២២-៣២ºC និងល្អបំផុតចន្លោះពី ២៦-៣០ºC
  • បើសីតុណ្ហភាពទឹក ក្រោម១៦ºC ឬលើសពី៤០ºC ហើយអូសបន្លាយពេលយូរថ្ងៃ និងធ្វើឲ្យបង្កងងាប់បាន
  • កម្រិតpH​សមស្រប ចន្លោះពី ៧-៨
  • បើមជ្ឈដ្ឋានទឹក មានកម្រិតpH ក្រោម៥ វាមិនអាចរស់នៅបានទេ
  • កំហាប់អំបិលសមស្រប សម្រាប់ការលូតលាស់ មិនលើស ៥ភាគពាន់
  • វាអាចរស់នៅបាន រហូតដល់កំហាប់អំបិល ២០ភាគពាន់ ប៉ុន្តែត្រូវបង្កើនកំរិតកំហាប់សន្សឹមៗ បើមិនដូច្នេះទេ បង្កងអាចងាប់បាន.
  • បង្កងចូលចិត្តផ្ទៃទឹកធំ កម្រិតអុកស៊ីសែន លើសពី៥ ម.ក្រ/លីត្រ និងកម្រិតតិចបំផុត ៣ម.ក្រ/លីត្រ។ កម្រិតខ្ពស់ជាងអុកស៊ីសែនរបស់ត្រីទឹកសាបស្ទើរតែទាំងអស់ គឺត្រូវការតែ ២ម.ក្រ/លីត្រ។
  • បើបរិមាណអុកស៊ីសែនក្នុងទឹកទាបជាង ១,៥ម.ក្រ/លីត្រ ធ្វើឲ្យវាងើបក្បាលលើផ្ទៃទឹក
  • បើក្រោមបរិមាណ ១,២ម.ក្រ/លីត្រ ធ្វើឲ្យវាងាប់បាន
  • កំរិតរឹងនៃទឹក(CaCO3)៖ ទឹកមានកម្រិតរឹងពី ៥០-១០០ម.ក្រ/លីត្រ គឺសមស្របសម្រាប់បង្កង
  • សារធាតុរ៉ែ(លោហៈធាតុ)៖ បង្កងវាមិនអាចបន្ស៊ាំនឹងសារធាតុរ៉ែ(លោហៈធាតុ)ទេ ជាពិសេសជាតិដែក។
  • បរិមាណសារធាតុដែកមាន ០,១ – ០,២ម.ក្រ/លីត្រ គឺសមស្របសម្រាប់បង្កង
  • បរិមាណសារធាតុដែក មានលើសពី ០,៤ម.ក្រ/លីត្រ គឺបង្កគ្រោះថ្នាក់ដល់បង្កង

ការរៀបចំស្រះចិញ្ចឹមបង្កង៖

  • សម្ភារៈប្រើប្រាស់៖ត្រូវមានម៉ាស៊ីនប៉ូមទឹក សម្រាប់ផ្លាស់ប្តូរទឹកតាមពេលវេលា ឬពេលទឹកស្រះអន់គុណភាព។ ម៉ាស៊ីនគួរមានទំហំល្មម ងាយស្រួលចល័ត និងដឹកជញ្ជូន។
  • ការរៀបចំសម្អាតស្រះ៖ ជាកត្តាសំខាន់ ត្រូវយកចិត្តទុកដាក់ ដើម្បីបង្កើតមជ្ឈដ្ឋាន សមស្របការលូតលាស់របស់បង្កង ត្រូវអនុវត្តដូចខាងក្រោម៖
  • សម្អាតស្មៅ កម្ទេចកម្ទីក្នុងស្រះ សម្អាតរុក្ខជាតិជុំវិញភ្លឺស្រះ ប៉ូមពង្រីងស្រះ ចាប់សត្វល្អិត ត្រីកាច ដូចជា ត្រីរ៉ស់ ផ្ទក់ អណ្តែង ក្រាញ់ អន្ទង់ ពស់ កង្កែបចេញ។
  • ស្រះចាស់ ត្រូវស្តាល្បាប់ភក់បាតស្រះចេញ ដោយបំបាត់មេរោគ ឧស្ម័នពុល ដោយទុកល្បាប់ភក់កំរាស់ ១០-១៥ស.ម
  • ត្រូវជួសជុលភ្លឺស្រះឲ្យមាំល្អ លុបរន្ធ ឬប្រហោងភ្លឺ ភ្លឺស្រះត្រូវខ្ពស់ជាងផ្ទៃទឹក ០,៥ម៉ែត្រ
  • ក្រោយស្តារស្រះ រួចត្រូវហាលស្រះ ២-៧ថ្ងៃ ដើម្បីបំភាយឧស្ម័នពុលផ្សេងៗ ដូចជា អីដ្រូសែនស៊ុលផួ អាម៉ូញ៉ាក់ មេតាន ចេញពីស្រះ។ បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេក។
  • ការបាចកំបោរ៖ បាចកំបោរបាតស្រះឲ្យសព្វ ដើម្បីសម្លាប់មេរោគ និងកែកម្រិត pH ឬកម្រិតជាតិជូរ
  • ស្រះថ្មី បាចកំបោរ ក្នុងបរិមាណពី ៣-៥គ.ក្រ/១០០ម៉ែត្រការ៉េ
  • ស្រះចាស់ បាចកំបោរ ក្នុងបរិមាណពី ៧-១០គ.ក្រ/១០០ម៉ែត្រការ៉េ
  • ការដាក់ជី៖ ក្រោយរៀបចំស្រះរួច ត្រូវដាក់ជីបង្កើនចំណីធម្មជាតិ
  • ប្រភេទជីល្អ គឺជីលាមកសត្វ មាន់ ទា ជ្រូក បរិមាណពី ២៥-៣០គ.ក្រ/១០០ម៉ែត្រការ៉េ
  • បើគ្មាន ប្រើជីគីមី NPK បរិមាណពី ២-៤ក្រាម/ម៉ែត្រគូប ត្រំាជីក្នុងទឹកឲ្យរលាយអស់ រួចស្រោចឲ្យសព្វពេញផ្ទៃស្រះ
  • ការបញ្ចូលទឹកក្នុងស្រះ៖
  • ក្រោយដាក់ជីបាន ១ថ្ងៃ ត្រូវបញ្ចូលទឹកស្រះឲ្យបានពី ៣០-៤០ស.ម
  • ក្រោយដាក់ជីរួច រយៈពេល ២-៣ថ្ងៃ រុក្ខជាតិប្លង់តុងបានកើត ធ្វើឲ្យទឹកស្រះ មានពណ៌បៃតងខ្ចី រួចត្រូវបញ្ចូលទឹកបំពេញស្រះ។
  • ពេលបញ្ចូលទឹកស្រះ ត្រូវប្រើស្បៃក្រឡាល្អិតត្រង ការពារកុំត្រីល្អិត កំពឹស និងសត្វចង្រៃផ្សេងៗចូលស្រះបាន
  • រៀបចំមែកឈើ ឬមែកឬស្សី ចងជាបាច់ ដាក់បាតស្រះធ្វើជាជម្រកពេលបង្កងសក
  • ដាក់បន្ថែម ចក ត្រកួន ជាចំណីបន្ថែម និងជាជម្រក
Results of a breeding program for giant freshwater prawns in China provide valuable information for its commercial breeding and production. Photo by Darryl Jory.

ការជ្រើសរើសកូនបង្កងពូជ

ដើម្បីចិញ្ចឹមបង្កងឲ្យបាន គុណភាពល្អ និងមានសុខភាពល្អ ត្រូវយកចិត្តទុកដាក់៖

  • គួរទិញកូនបង្កងពី កសិដ្ឋានផលិតពូជ ដែលមានទំនុកចិត្ត និងមានលិខិតបញ្ជាក់អំពីគុណភាព
  • បើមានលទ្ធភាព យើងគួរជ្រើសរើស យកតែកូនបង្កងឈ្មោល សម្រាប់ដាក់ចិញ្ចឹម ព្រោះវាលូតលាស់លឿន
  • គួរជ្រើសរើសយកកូនបង្កងពូជ ដែលមានប្រវែង៣ស.មឡើង
  • មានទំហំប៉ុនគ្នា មានសុខភាពល្អ គ្មានស្នាមរបួស មានពុកមាត់ ជើង និងដង្គៀបគ្រប់គ្រាន់
  • មានពុកមាត់ស្របគ្នា បើពុកមាត់មានរាងអក្សរV វាមានសុខភាពខ្សោយ
  • មានសកម្មភាពរហ័សរហួន
  • ដងខ្លួនវាមានពណ៌ខៀវថ្លា

ការប្រលែងកូនបង្កង៖

  • មុនពេលលែងកូនបង្កង ត្រូវពិនិត្យមើលគុណភាពទឹកជាមុនសិន បើទឹកស្រះល្អ ក្រោយពេលរៀបចំស្រះហើយ អាចលែងកូនបង្កងបាន
  • ករណីកូនបង្កងដឹកជញ្ជូនដោយដាក់ថង់ប្លាស្ទិច និងមានបញ្ចូលខ្យល់អុកស៊ីសែន មុនប្រលែងត្រូវដាក់ត្រាំថង់កូនបង្កង ក្នុងទឹករយៈពេលពី ១០-១៥នាទីជាមុនសិន ឲ្យសីតុណ្ហភាពទឹកថង់និងស្រះសមស្របនឹងគ្នា
  • បន្ទាប់មកចាប់ផ្តើមបើកមាត់ថង់ ឲ្យកូនបង្កងហែលចេញតាមសម្រួល
  • ត្រូវប្រលែងកូនបង្កង ចម្ងាយ២ម៉ែត្រពីមាត់ស្រះ កុំឲ្យកូនបង្កង វាលោតឡើងលើមាត់ស្រះ
  • ត្រូវប្រលែងនៅពេលអាកាសធាតុត្រជាក់ នៅពេលព្រឹក
  • ដង់ស៊ីតេសម្រាប់ដាក់ចិញ្ចឹម៖
  • សម្រាប់ចិញ្ចឹមជាលក្ខណៈគ្រួសារ កូនបង្កងដាក់ពី ៣-៥ក្បាល/ម៉ែត្រការ៉េ
  • សម្រាប់ចិញ្ចឹមជាលក្ខណៈទ្រង់ទ្រាយមធ្យម កូនបង្កងដាក់ពី ៥-៧ក្បាល/ម៉ែត្រការ៉េ
  • សម្រាប់ចិញ្ចឹមជាលក្ខណៈទ្រង់ទ្រាយធំ ឬលក្ខណៈឧស្សាហកម្ម កូនបង្កងដាក់ពី ១២-១៥ក្បាល/ម៉ែត្រការ៉េ

ចំណី និងការផ្តល់ចំណី

ចំណីត្រូវផ្តល់ឲ្យ គ្រប់ល្មម កុំឲ្យលើស បើឲ្យចំណីលើសនៅសល់ក្នុងស្រះ អាចបំលែងទៅជាជាតិពុល បង្កឲ្យកើងប្លង់តុងច្រើន ធ្វើឲ្យពិបាកសក និងលូតលាស់មិនល្អ

ដើម្បីឲ្យបង្កងសាក និងមានការលូតលាស់ល្អ ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗ៖ ប្រូតេអីន ពី៣០-៤០%​, លីពីត ពី៣-៥%, កាល់ស្យូម ពី២-៣%, ផូស្វ័រ ពី១-១,៥%

សែលុយឡូស ពី៣-៥%យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុដូចខាងលើ។ ចំពោះចំណី គ្រាប់ ដែលមានបរិមាណសារធាតុបំប៉នមិនប្រែប្រួល និងងាយស្រួលប្រើប្រាស់ ប៉ុន្តែវាមានតម្លៃខ្ពស់។

ការកែច្នៃចំណី៖​ចំណីកែច្នៃ និងចំណីស្រស់មានតម្លៃថោក ជាងចំណីគ្រាប់ ព្រោះយើងអាចរកវាបាននៅតាមមូលដ្ឋាន តែចំណីប្រភេទនេះ មានបរិមាណសារធាតុបំប៉នប្រែប្រួល ដែលធ្វើឲ្យយើងចំណាយពេលច្រើនក្នុងការឲ្យចំណី។ ការផ្សំចំណី អាស្រ័យលើវត្ថុធាតុដើម ដែលមាននៅមូលដ្ឋាន និងមានរូបមន្តផ្សំចំណីផ្សេងៗគ្នា ប៉ុន្តែត្រូវធានានូវបរិមាណសារធាតុបំប៉នសំខាន់ៗដូចជា៖ ម្សៅគ្រាប់ធញ្ញជាតិ ៦៥% ម្សៅត្រី ២៥% និងប្រភេទសារធាតុផ្សេងៗទៀត ១០% ។ យើងអាចកែច្នៃ តាមរូបមន្តដូចខាងក្រោម៖

  • ម្សៅសណ្តែកសៀង ៖ ២០%
  • កន្ទក់ ៖ ៣៥%
  • ម្សៅមី ៖ ១០%
  • ម្សៅត្រី ៖ ១០%
  • ម្សៅឆ្អឹង ៖ ២%
  • ម្សៅគ ៖ ៥%
  • ព្រីម៉ិច(Premix) ៖ ២%
  • និងសារធាតុខ្លាញ់(ខ្លាញ់ត្រី,មឹក,ប្រេងដូង) ៖ ១%

របៀបផ្តល់ចំណី៖ ចំណីគ្រាប់ និងចំណីកែច្នៃ ត្រូវផ្តល់ឲ្យបង្កងនៅខែដំបូង និងខែបន្ទាប់។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្តាម ខ្យង….. ដែលមានតម្លៃថោកនៅរដូវវស្សា ក៏អាចផ្តល់ជា​​ ចំណីបង្កងបានដែរ។ ចំណីស្រស់ មានគុណភាពធ្វើ​ ឲ្យបង្កងមាន​ការលូត​លាស់លឿន និងកាត់បន្ថយលើការ ទិញចំណីគ្រាប់ ប៉ុន្តែចំណីស្រស់ ងាយធ្វើឲ្ យខូចគុណភាព ទឹកស្រះផងដែរ។

កន្រ្តងចំណី៖​ ងាយស្រួលក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណី ដែលត្រូវផ្តល់ឲ្យបង្កងស៊ី ។​ ដាក់កន្រ្តងចំណី៤ នៅតាមជ្រុងស្រះ ហើយត្រូវដាក់ឲ្យផុតពីបាតស្រះ ១០ស.ម កន្រ្តងត្រូវមានទំហំ ១ម៉ែត្រការ៉េ ពេលផ្តល់ចំណី ត្រូវបាចចំណីឲ្យពេញផ្ទៃស្រះ និងត្រូវចំណី​បន្ថែម ក្នុងកន្រ្តង ប្រហែល១%នៃចំណីសរុប​។

ក្រោយផ្តល់ចំណី១ម៉ោង ត្រូវពិនិត្យមើលកន្រ្តងចំណី បើស៊ីអស់ បញ្ជាក់ថា ចំណីគ្រប់ល្មម បើនៅសល់ ត្រូវបន្ថយចំណីពេលផ្តល់លើកក្រោយ បើស៊ីអស់លឿន ត្រូវបន្ថែមចំណីពេលឲ្យលើកក្រោយ​។​ មុនដាក់ចំណីថ្មី ត្រូវសម្អាតកន្រ្តងឲ្យស្អាតជាមុនសិន

អត្រាផ្តល់ចំណី៖ ផ្តល់ចំណី២ដងក្នុង១ថ្ងៃ នៅម៉ោង ៥ព្រឹក និងម៉ោង៥ ល្ងាច ។ ពេលព្រឹក ផ្តល់ចំណី៣០% ពេលល្ងាចផ្តល់ចំណី ៧០%​បរិមាណ​​ចំណី ត្រូវផ្តល់ឲ្យបង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់របស់វា គិតតាមទម្ងន់បង្កងសរុបនៅក្នុងស្រះ ។

ប្រការត្រូវចងចាំពេលដាក់ចំណី៖

  • ចំណីកែច្នៃ៖ ត្រូវលាយច្របល់ ចំណីបញ្ចូលគ្នាឲ្យសព្វ ត្រូវដាក់ម្សៅស្អិត(ម្សៅគ) រួចកិនជាគ្រាប់សម្រាប់ឲ្យបង្កងស៊ី ចំណីនេះ ប្រើសម្រាប់តែថ្ងៃទី១ប៉ុណ្ណោះ
  • ចំណីស្រស់៖ ត្រូវលាងចំណីស្រស់ឲ្យស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឲ្យបង្កងស៊ី មិនត្រូវយកចំណីដែលងាប់ ឬខូចគុណភាពទេ
  • ចំណីគ្រាប់៖ មិនត្រូវប្រើចំណីដែលហួសកាលបរិច្ឆេទប្រើប្រាស់ ឬដុះផ្សិតឡើយ
  • ការចាប់ចំណី៖ បង្កងចាប់ចំណីដោយស្រង់ក្លិន ចំណីកែច្នៃ ត្រូវលាយជាមួយចំណីស្រស់ ដើម្បីឲ្យចំណីកែច្នៃមានក្លិនទាក់ទាញបង្កង
  • ការប្រើប្រាស់វីតាមីន៖ ដើម្បីបង្កើនសុខភាពបង្កង និងជៀសផុតពីជម្ងឺផ្សេងៗ អាចប្រើវីតាមីន C លាយជាមួយចំណី

ការត្រួតពិនិត្យការលូតលាស់បង្កង៖ អាចកំណត់ពេល២០ ថ្ងៃម្តង ដើម្បីចាប់បង្កង​ មួយចំនួនពីកន្រ្តង ចំណីទាំង៤ មកថ្លឹង និងគិតរក ទម្ងន់មធ្យម។ ដោយផ្អែកលើអត្រារស់របស់បង្កង យើងអាចគណនាទម្ងន់បង្កងសរុបក្នុងស្រះ ហើយអាចគណនា បរិមាណចំណីឲ្យ បង្កងស៊ីនៅ ដំណាក់កាលបន្ទាប់។

ការគ្រប់គ្រងគុណភាពទឹកស្រះ៖ បង្កងលូតលាស់ និងធំធាត់ អាស្រ័យលើការសករបស់វា ដើម្បីបង្កងសកបានងាយ ត្រូវចំាបាច់គ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អ ។ វិធីសាស្រ្តមួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អមាន៖

https://www.aquaculturealliance.org/advocate/freshwater-prawn-farming-thailand/

ការផ្លាស់ប្តូរទឹក៖

  • ផ្លាស់ប្តូរទឹក ដើម្បីកាត់បន្ថយភាពកខ្វក់ នៃទឹកស្រះឲ្យថ្លាល្អ
  • បង្កើនបរិមាណអុកស៊ីសែនក្នុងស្រះ
  • បញ្ចេញចោលឧស្ម័នពុលផ្សេងៗ អីដ្រូសែនស៊ុលផួ អាម៉ូញ៉ាក់ ឧស្ម័នកាបូនិច ជាដើម
  • ចាប់ពីខែទី២ ទៅត្រូវប្តូរទឹកឲ្យបានញឹកញាប់ ឬរាលថ្ងៃ
  • បរិមាណទឹកត្រូវប្តូរ ពី១០-២០% នៃផ្ទៃទឹកស្រះ
  • ការប្តូរត្រូវប៉ូមទឹក យកលាមកបង្កង និងកាកសំណល់ផ្សេងៗចេញពីបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅលើផ្ទៃស្រះ ដោយប្រើស្បៃ​ច្រោះ​ទឹកដែលបង្ហូរចេញ

កត្តាសំខាន់ៗនៃគុណភាពទឹក៖

កម្រិត pH៖ កម្រិតpH ល្អគឺចន្លោះ ៧-៨ បើក្រោម ៧ ឬលើសពី ៩ ទៅនឹងផ្តល់ផលអាក្រក់ដល់បង្កង។ កម្រិតpH ខ្ពស់ដោយ​សារកើនឡើង​រុក្ខជាតិប្លង់តុង ត្រូវផ្លាស់ប្តូរទឹក។ បើកម្រិតpHចុះទាប ដោយសារបំភាយនៃសមាសធាតុសរីរាង្គនៅបាតស្រះ ឬដោយសារទឹកភ្លៀង ឬទឹក​ផ្សេងៗ ត្រូវប្រើកំបោរពី១-១,៥គ.ក្រ/១០០ម៉ែត្រការ៉េ លាយជាមួយទឹកឲ្យរលាយសិន ហើយស្រោចឲ្យសព្វផ្ទៃស្រះ។

កម្រិតខ្យល់អុកស៊ីសែនក្នុងទឹក៖ ខ្វះអុកស៊ីសែនក្នុងទឹកស្រះ ធ្វើឲ្យបង្កងងើបនៅលើផ្ទៃទឹក និងអាចធ្វើឲ្យបង្កងងាប់បាន។ មូលហេតុ មកពីការ​កើនឡើងសារធាតុសរីរាង្គនៅបាតស្រះ ត្រូវបន្ថែមអុកស៊ីសែន ឬផ្លាស់ប្តូរទឹក។

កម្រិតថ្លានៃទឹក៖ ត្រូវរក្សាកម្រិតថ្លានៃទឹក ពី២៥-៤០ស.ម។ បើទាបជាង២៥ស.ម បានន័យថាទឹកល្អក់ ត្រូវបន្ថែមទឹក បើលើសពី ៤០ស.ម ត្រូវ បន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើនពណ៌ទឹកស្រះ។ ត្រូវរក្សាទឹក ឲ្យមានពណ៌បៃតងខ្ចីជានិច្ច។

កម្រិតរឹងនៃទឹក៖ ទឹកស្រះមានកម្រិតរឹងនៃទឹក ៥០-១០០ម.ក្រ/លីត្រ គឺសមស្រប។ បើកម្រិតរឹងនៃទឹក ក្រោម៥០ម.ក្រ/លីត្រ ត្រូវបាចកំបោរស ឬម្សៅសម្បកងាវ ដើម្បីឲ្យបង្កងងាយសក និងងាយកើតសម្បកថ្មី។

ការថែទាំបង្កងក្នុងស្រះ

ត្រូវពិនិត្យតាមដានសកម្មភាពបង្កង បើឃើញបង្កងងើបនៅលើផ្ទៃទឹកខុសធម្មតា ត្រូវពិនិត្យមើលគុណភាពទឹកស្រះ និងមានវិធាន​ការណ៍ឲ្យ​ទាន់ពេល

ព្រឹកព្រលឹម បើឃើញបង្កងហែលខុសធម្មតា ប្រមូលផ្តុំគ្នា នៅជ្រុងស្រះ បញ្ជាក់ថាទឹកស្រះខ្វះអុកស៊ីសែន ត្រូវបន្ថែមអុកស៊ីសែន ឬផ្លាស់​ប្តូរ​ទឹកបន្ទាន់

ត្រូវពិនិត្យមើល​ ស្រះជារៀងរាល់ថ្ងៃ ដូចជា មាត់ស្រះ ទ្វារទឹក ចេញចូលស្រះ និងត្រូវកំចាត់សត្វចង្រៃ ដូចជា កណ្តុរ ពស់ កង្កែប។

ការប្រមូលផលបង្កង៖ ក្រោយចិញ្ចឹមរយៈពេល ៤-៥ខែ បង្កងមានទម្ងន់មធ្យម ៣០-៥០ក្រាម/ក្បាល  អាចប្រមូលផលបានហើយ។ ការប្រមូលផលមាន២បែបគឺ ប្រមូលផលរំលោះ ឬប្រមូលផលសរុប

ប្រមូលផលរំលោះ៖ ក្រោយចិញ្ចឹមបានរយៈពេល ៤ខែ យើងអាចប្រមូលផលរំលោះ ដោយចាប់យកតែបង្កងដែលធំ និងបង្កងមេ ចំណែក​បង្កង​ឈ្មោល ត្រូវររក្សាទុកចិញ្ចឹមប្រមូលផលនៅចុងរដូវ។ ការប្រមូលផលរបៀបនេះ ធ្វើឲ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោល មានការ​ លូតលាស់លឿន នៅដំណាក់កាលចុងក្រោយ។

ប្រមូលផលទាំងស្រុង៖ នៅពេលបង្កងភាគច្រើន មានទំហំធំ ក្លាយជាបង្កងសាច់ ហើយអាចប្រមូលផល ទាំងស្រុងបាន។ ដើម្បីងាយស្រួល ត្រូវបញ្ចេញទឹកពាក់កណ្តាលស្រះ រួចអូសអួន ៣-៤ដង ចំណែកបង្កង​ នៅសល់តិចតួច ត្រូវប៉ូមពង្រីងស្រះ និងប្រមូលចាប់ទាំងអស់។ ក្រោយប្រមូលផល ត្រូវប្រោះបង្កង ក្នុងអាងទឹក ឬធុងទឹក ដែលមានអុកស៊ីសែន ដោយរើសចេញនូវបង្កងតូច ឬត្រីល្អិតៗ មុនពេលលក់។ ត្រូវដឹកបង្កងដោយដាក់ខ្យល់អុកស៊ីសែន ដើម្បីឲ្យបង្កងរស់បានយូរ និងមានតម្លៃថ្លៃ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts