អន្ទង់ ជាសត្វដែលនិយម សម្រាប់ប្រជាជនខ្មែរ យកមកធ្វើជាអាហារ ដោយសារសាច់របស់វាមានរស់ជាតិឆ្ងាញ់ និងអាចចំអិនជាម្ហូបបានច្រើនមុខ។ តែអ្វីដែលជាលក្ខណៈពិសេស ជាងនេះទៅទៀតនោះគឺ សាច់អន្ទង់មាន កម្រិតប្រូតេអីន ១៨,៦% មានជាតិខ្លាញ់ ៩,១% និង សម្បូរវីតាមីន A, B1, B2, B12, D និង E ដែលជាសារធាតុ ចាំបាច់សម្រាប់សុខភាព។ សាច់អន្ទង់ មិនមានជាតិស្ករទេ ដែលជាហេតុអំណោយផល ដល់អ្នកដែល មានជាតិស្ករលើសកំណត់។
ការបរិភោគសាច់អន្ទង់ អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បន្ថយសម្ពាធឈាម ជំនួយដល់ភ្នែក ជួយការអភិវឌ្ឍន៍ ផ្នែកខួរក្បាល ។
ដោយសារតែ ការនិយមបរិភោគ ធ្វើអោយសាច់អន្ទង់ មានតម្រូវការខ្ពស់ ធ្វើអោយអន្ទង់ធម្មជាតិ កាន់តែខ្សត់ពិបាករក ទើបមានការលើកទឹកចិត្ត អាចកសិករដែលមានចំណាប់អារម្មណ៍ពីរបររកអន្ទង់ បែរមកចាប់ផ្តើមការចិញ្ចឹមវិញ ដោយសារតែអន្ទង់មិនសូវពិបាកចិញ្ចឹម និងអាចចាប់ផ្តើមពីចំនួនតិចតួចបាន ។ ដើម្បីយល់អោយច្បាស់ពី បច្ចេកទេសចិញ្ចឹមអន្ទង់ យើងបានដកស្រង់ចំនុចសំខាន់ៗ មកចែកជូនអ្នកទាំងអស់គ្នាដូចខាងក្រោម
លក្ខណៈជីវសាស្រ្តរបស់អន្ទង់
- អន្ទង់ជាប្រភេទសត្វចូលចិត្តច្មុល និងរស់នៅក្រោមភក់
- វាចូលចិត្តរស់នៅក្នុងសាកសព សរីរាង្គកប់នៅក្រោមដី
- អាចរកចាប់វាបាន នៅគំនរស្មៅ តាមស្រែ តាមជើងទេភ្លឺស្រែ
- វាចូលចិត្តបន្តពូជ នៅតាមជើងទេភ្លឺស្រែ ដែលជាកន្លែងស្ងប់ស្ងាត់ សម្រាប់ការបង្កកំណើត
- វាចូលចិត្តស៊ីសាច់ដែលស្អុយរលួយ
- ពេលអត់ចំណីវាស៊ីគ្នាវា
- អន្ទង់ពេញវ័យ អាយុ១ឆ្នាំ អាចមានប្រវែងពី ១៨- ៣៨ស.ម ជាអន្ទង់មេ
- បើមានប្រវែងលើសពី ៣៨ស.ម មានទាំងអន្ទង់មេ អន្ទង់ឈ្មោល និងអន្ទង់ខ្ទើយ
- អន្ទង់ធ្វើសកម្មភាពខ្លាំងនៅពេលយប់
- កម្លាំងបន្តពូជវា មានគ្រាប់ពង ពី១០០-១៥០០គ្រាប់/ក្បាល
- អន្ទង់បង្កកំណើត នៅខែ កក្កដា -សីហា ពេលនេះសមស្របទិញអន្ទង់ពូជមកចិញ្ចឹម
- សីតុណ្ហភាពសមស្រប សម្រាប់អន្ទង់ គឺ២៣-២៨ºC
- បើសីតុណ្ហភាពក្រោម ១៨ ºC អន្ទង់មិនស៊ីចំណី
- វាស៊ីចំណីច្រើន នៅចន្លោះ ខែឧសភា -សីហា
- លក្ខខ័ណ្ឌសមស្រប pH ពី៦,៥ – ៨
- កំហាប់អំបិល ៦ ភាគពាន់
- បរិមាណអុកស៊ីសែន រលាយក្នុងទឹក ២ម.ល/លីត្រទឹក
- អន្ទង់ធម្មជាតិ ជាមធ្យមមានទម្ងន់ ពី ២០០-៣០០ក្រាម/ក្បាល មានធំជាងនេះ អាចមានរហូតដល់ ១.៥គ.ក្រ/ក្បាល
ប្រភេទពូជអន្ទង់ អន្ទង់មាន៣ ប្រភេទ ដែលគេនិយម យកមកចិញ្ចឹម
- ប្រអន្ទង់ដំណើប
- អន្ទង់ត្រាវ
- អន្ទង់ព្រ័ត្រ
ការរៀបចំកន្លែងចិញ្ចឹមអន្ទង់
- ការរៀបចំអាងស៊ីម៉ង់ត៍ចិញ្ចឹម ត្រូវមានជម្រៅសមស្រប ធានាកុំឲ្យអន្ទង់វាចេញបាន
- ជម្រៅអាងដែលសមស្រប ត្រូវគិតពីបាតអាងខាងក្រោម វែងជាង ២/៣នៃ ប្រវែងដងខ្លួនអន្ទង់
- ត្រូវរៀបអាងអន្ទង់សមល្អ កុំឲ្យធំពេកដែលធ្វើឲ្យពិបាកថែទាំ
- ប្រវែងបណ្តោយអាង ២ម៉ែត្រ ទៅ៥ម៉ែត្រ
- ទទឹងអាង ១ម៉ែត្រ
- ជម្រៅអាង ១,២ – ១,៥ ម៉ែត្រ
- ផ្ទៃក្រឡាអាង ពី ៦ម៉ែត្រការ៉េ ទៅ ៦០ម៉ែត្រការ៉េ គឺសមស្របបំផុត
- គួរធ្វើអាង កប់ចូលក្នុងដី ពី២០ – ៤០ស.ម
- ដាក់ស្រទាប់ដី ក្រាលចែកថ្នាក់
- នៅផ្នែកអាងខាងលើបំផុត ដាក់ល្បាយដីឥដ្ឋ កម្រាស់ពី ៥០ – ៦០ស.ម ឬតិចបំផុត ៤០-៥០ស.ម ដើម្បីឲ្យអន្ទង់ធ្វើសម្បុក
- បាតអាងក្រាលភក់ពីកម្រាស់ពី ២០-៤០ស.ម
- បញ្ចូលទឹកឲ្យខ្ពស់ពីភក់ ពី១០-២០ស.ម
- ផ្នែកខាងលើមាត់អាង ដាំឬស្សីឲ្យវាត្រជាក់ ឬប្រក់ស្បៃជាដំបូល
- ដាក់កំប្លោក ១/២ នៃផ្ទៃអាង មាត់អាងត្រូវខ្ពស់ជាងផ្ទៃទឹក ៣០ស.ម
- ផ្នែកខាងលើ ធ្វើគម្រប ដោយប្រើសំណាញ់ក្រលាញឹក ដើម្បីជៀសវាងអន្ទង់វាចេញ
ការប្រលែងកូនអន្ទង់
- មុនពេលលែងកូនអន្ទង់ពី ៧-១០ថ្ងៃ ត្រូវប្រើកំបោរស ២គ.ក្រ/ម៉ែត្រគូបនៃដី ដើម្បីសម្លាប់មេរោគ
- បន្ទាប់មកប៉ូមទឹកបញ្ចូល ទុកទឹករយៈពេល ២-៣ថ្ងៃ ក្នុងអាងខ្ពស់ជាងដី ១០-២០ស.ម
- មុនលែងកូនអន្ទង់២ថ្ងៃ ត្រូវប៉ូមទឹកដាក់ក្នុងអាងវិញ ឲ្យបានកំពស់ពីភក់ ១០-២០ស.ម ដូចដើម
- មុនទិញកូនពូជមកត្រូវជ្រើសរើសដោយមានការប្រុងប្រយ័ត្ន
- ចំនួនកូនពូជ ជាមធ្យម ៣០-៤០ក្បាល/គ.ក្រ
- ដងខ្លួនត្រូវមានសុខភាពល្អ មិនមានស្នាមរបួស
- កុំទិញអន្ទង់បង្កៃមកធ្វើជាអន្ទង់ពូជ
- មុនពេលលែងអន្ទង់ចូលទៅក្នុងអាង ត្រូវយកវាទៅត្រំាំទឹកអំបិល ដែលមានកំហាប់ ២-៣% ឬបរិមាណពី ២-៣ក្រាម /១០លីត្រទឹក ត្រំារយៈពេល ២-៣នាទី ដើម្បីសម្លាប់មេរោគ ដែលនៅលើដងខ្លួន
- ដង់ស៊ីតេ ប្រលែងអន្ទង់ ដែលមានប្រវែង ១០-១៥ស.ម លែងពី ៥០-៦០ក្បាល/ម៉ែត្រការ៉េ មានទម្ងន់ ពី១០-១៥ក្រាម
ការឲ្យចំណី និងការថែទាំ
- ជន្លេន ជន្លេនក្រហម ត្រីល្អិត កំពឹស ខ្យងលឿង ប្លង់តុង សត្វល្អិតដែលមានក្នុងភក់ និងចំណីបំប៉ន
- ដាច់ខាតកុំឲ្យចំណីដែលទុកយូរ ហើយមានក្លិនស្អុយ
- ក្នុងរយៈពេលពី ២-៣ថ្ងៃ ដំបូងនៃការលែង មិនចាំបាច់ផ្តល់ចំណីឲ្យវាស៊ីទេ ដើម្បីឲ្យវាបន្សាំទៅនឹង មជ្ឈដ្ឋានរស់នៅរបស់វា
- អន្ទង់ពេលនៅតូច ស៊ីសត្វល្អិតប្លង់តុង សត្វល្អិតដែលរស់នៅក្នុងភក់
- អន្ទង់មានសុខភាពល្អ ដោយសារអាកាសធាតុសមស្រប បរិមាណចំណីឲ្យស៊ី ១៥% នៃទម្ងន់ដងខ្លួន
- អន្ទង់ទ្រំាំអត់ចំណីបានយូរ ប៉ុន្តែវាស្រកទម្ងន់ដែរ
- អន្ទង់វាឆាប់ស្គាល់ចំណី ដែលយើងឲ្យវាស៊ីណាស់ កាលណាវាស្គាល់ចំណីដែលធ្លាប់ស៊ីហើយ ពិបាកប្តូរចំណីផ្សេងណាស់
- ទំហំចំណីឲ្យវាស៊ី ត្រូវធ្វើយ៉ាងណា ឲ្យសមស្របទៅនឹងទំហំមាត់ របស់វាដែលអាចចាប់ចំណីបាន
- បរិមាណចំណីឲ្យវាស៊ី ពី៥-៧% នៃទម្ងន់ដងខ្លួនអន្ទង់សរុបអាង
- ចំណីត្រូវស្រស់ និងមានគុណភាពថេរជានិច្ច
- ប្រសិនបើផ្តល់ចំណី ឲ្យស៊ីច្រើនពេកសល់ ធ្វើឲ្យស្អុយទឹក អន្ទង់អាចងាប់បាន
- បើផ្តល់ចំណីឲ្យខ្វះ មិនគ្រប់គ្រាន់ ធ្វើឲ្យអន្ទង់ធំយឺត
- ពេលវេលាឲ្យស៊ីចំណី ពីម៉ោង៣-៥ល្ងាច ក្រោយរយៈពេល ១-២ម៉ោង បើវាឈប់ស៊ីចំណី ត្រូវយកចំណីដែលសល់ចេញ
- អន្ទង់ត្រូវការទឹកអាងល្អស្អាត
- នៅពេលទឹកអាងមានក្លិនមិនល្អ ត្រូវផ្លាស់ប្តូរចេញភ្លាម ដើម្បីឲ្យគុណភាពទឹកបានល្អ ពី២-៣ថ្ងៃ ត្រូវប្តូរទឹក ៧០%
- គួរដាំដើមឈើ ដែលមានប្រយោជន៍ ជួយធ្វើទឹកអាងស្អាត ឬធ្វើរោងដោយប្រក់ស្បៃ ដើម្បីឲ្យអន្ទង់ធ្វើការបន្តពូជបានល្អ
- នៅរដូវភ្លៀងខ្លាំង ត្រូវប៉ូមទឹកចេញ ដើម្បីកុំឲ្យអន្ទង់វាចេញ
ជម្ងឺនិងការព្យាបាល
- ជម្ងឺរលាកស្បែក៖ អន្ទង់មានស្នាមជាំមូលៗ ពណ៌ក្រហម ហើយមានរលាត់ស្បែកត្រង់កន្លែងជាំ បញ្ហាបណ្តាលមកពីគុណភាពទឹក។ ការព្យាបាល៖ ប្រើ Streptomycin កម្រិត ២៥០ ០០០UI (គ្រាប់ល្អិត)/ម៉ែត្រគូប ដាក់ក្នុងអាង ត្រាំរយៈពេល ៥-៦ថ្ងៃ
- ជម្ងឺរលាកពោះវៀន៖ អន្ទង់មានស្នាជាំពណ៌ក្រហម នៅត្រង់បរិវេណគូទ និងពោះវៀនហើមពណ៌ក្រហម និងមានឈាមហូរតាមគូទ មូលហេតុ មកពីមានដង្កូវមួយចំនួនក្នុងចំណី និងក្នុងអាងទឹកស្អុយ។ ការព្យាបាល៖ ប្រើ Tetracycline ឬ Flume-quine ក្នុងកំរិត៥០-៦០មីលីក្រាម លាយជាមួយចំណី១គ.ក្រ ដាក់ឲ្យអន្ទង់ស៊ី ៥-៦ថ្ងៃ។
ការប្រមូលផល
- រយៈពេលចិញ្ចឹមសមស្រប ពី ៦-១២ខែ
- អាស្រ័យទៅតាមទំហំ ឬខ្នាតអន្ទង់ដែលដាក់ចិញ្ចឹម ពេលវេលាប្រមូលផល
- ទំហំកូនពូជ ដែលលែងពី ៥០-៦០ក្បាល/គ.ក្រ រយៈពេលចិញ្ចឹម ៥-៦ខែ អន្ទង់អាចមានទម្ងន់ ពី ១៥០-២២០ក្រាម/ក្បាល
- សម្ភារៈសម្រាប់ចាប់អន្ទង់មាន ថ្នងដង, ធុង, ចានដែក ធុងដាក់អន្ទង់ត្រូវមានទឹកស្អាត
- ប្រមូលសំរាម ឬស្មៅចេញពីអាងឲ្យបានស្អាត
- ប៉ូមទឹកដីក្នុងអាងចេញក្រៅ រួចប្រមូលដីដែលនៅសេសសល់ ដាក់ជ្រុងអាង អាចប្រមូលផលបានស្រួលរបៀបប្រមូលផល៖
- ប្រមូលផលនៅពេលព្រឹក ឬពេលល្ងាចត្រជាក់
- លើកសំណាញ់ ឲ្យលឿន
- លាងអន្ទង់ឲ្យបានស្អាត ហើយយកទៅដាក់ក្នុងធុងមានទឹកស្អាត
- ដឹកជញ្ជូនទៅកន្លែងលក់ ដោយមិនត្រូវដឹកជញ្ជូនក្នុងដង់ស៊ីតេច្រើនពេកទេ ហើយឲ្យអន្ទង់មានស្លាកស្នាម ឬថប់ដង្ហើមងាប់
- បរិមាណអន្ទង់អាចប្រមូលបាន ពី៤-៨គ.ក្រ/ម៉ែត្រការ៉េ
- ក្នុង១ឆ្នាំអាចចិញ្ចឹមអន្ទង់បាន២ដង