បើនិយាយពី ការប្រើជីអាច់សត្វ គឺថាអាច់មាន់ ត្រូវបានប្រើសម្រាប់ដាំដំណាំផ្សេងៗរបស់ បងប្អូនកសិករខ្មែរយើង ។ អត្ថបទនេះយើង លើកយក ការណែនាំក្នុងការផលិត និងប្រើប្រាស់ជីអាច់មាន់ សម្រាប់បន្លែ អោយបានត្រឹមត្រូវ ។
ជីអាច់មាន់ គឺមានសារធាតុ អាសូតខ្ពស់ រួមទាំងមានសារធាតុ ប៉ូតាស្យូម និងផូស្វ័រ ក្នុងកំរិតល្អ ធ្វើអោយជីកំប៉ុស ធ្វើពីអាច់មាន់គឺជា ជំរើសដ៏ល្អបំផុត សម្រាប់ប្រើដាក់ដំណាំ ប៉ុន្តែអាសូត កំរិតខ្លាំង វាប៉ះពាល់ដល់បន្លែ ប្រសិនបើយើង កែច្នៃកំប៉ុសមិនបានត្រឹមត្រូវ ។ អាច់មាន់ នៅស្រស់ (ឆៅ) អាច ធ្វើអោយដំណាំខ្លោចឆេះ និងអាចងាប់បាន ដូច្នេះការធ្វើកំប៉ុស គឺជាវិធីកាត់បន្ថយ អាសូតក្នុងជីអាច់មាន់ ដើម្បីអាចប្រើលើដំណាំបន្លែបាន។
ការធ្វើកំប៉ុសពីអាច់មាន់ គឺងាយស្រួលណាស់ តាមវិធីខាងក្រោម៖
ប្រមូលអាច់មាន់ពីក្នុងទ្រុង រៀបចំកន្លែងទុកដាក់ ជាគំនរ រឺប្រើធុងក៏បាន រួចស្រោចទឹកថាអោយ ជោគល្អ និងត្រូវច្របល់គំនរ អាច់មាន់ មួយសប្តាហ៍ម្តង ដើម្បីអោយផ្លាស់ប្តូរខ្យល់ ធ្វើដូចនេះ ប្រមាណជា 6ខែ ទៅ 9ខែ នោះអ្នកនឹងទទួលបាន កំប៉ុសអាច់មាន់ដ៏ល្អសម្រាប់ ដំណាំបន្លែ ដែល ជួយកាត់បន្ថយ ថ្លៃចំណាយលើជី និងទទួលបានទិន្នផលខ្ពស់ ។