មុខរបរ ចិញ្ចឹមឃ្មុំ អាចជាការរក ចំណូលបន្ថែម

ទឹកឃ្មុំ ផ្តល់នូវអត្ថប្រយោជន៍​ ជាច្រើនដូចជា ផ្តល់វីតាមីន ថាមពល ធ្វើឪសថព្យាបាល ជំនួយសារពាង្គកាយ និងប្រើប្រាស់ជា​ គ្រឿងផ្សំ ធ្វើបង្អែម ធ្វើម្ហូប ជាដើម។

ការចិញ្ចឹមឃ្មុំ គឺទោះបីយើងរវល់ខ្លាំង តែយើងក៏អាចធ្វើវាបាន យើងមានតែទីតាំង​ ឲ្យវាសម្រាប់ រកប្រភពទឹកដម បានហើយ យើងយក ទៅដាក់ វាទៅ ហើយយើងមានបច្ចេកទេស ក្នុងការថែទាំវា  ហើយមួយទៀត គុណប្រយោជន៍ ដ៏លើសលុបរបស់ឃ្មុំមានច្រើន ព្រោះថា​ឃ្មុំជាធម្មតាវា រស់នៅ ជាមួយធម្មជាតិ កាលណាមានឃ្មុំ គឺមានធម្មជាតិ កាលណាមានធម្មជាតិ គឺមានសុខភាព​ល្អ ព្រោះ ឃ្មុំវារស់នៅ ធម្មជាតិ គ្មានឃ្មុំណា ប្រាស់ចាក ពីធម្មជាតិបានទេ ហើយឃ្មុំផ្តល់អត្ថប្រយោជន៍ ជាទឹកដមមកឲ្យយើងបរិភោគ ដែលជំនួយដល់ សុខភាពមនុស្សរបស់យើង។

ការជ្រើសរើសទីតាំងចិញ្ចឹម៖

ការចិញ្ចឹមឃ្មុំ មានច្រើនដំណាក់កាល ដំបូងត្រូវជ្រើសរើស ទីតាំងដែលល្អ ដូចជាកន្លែងដែល សំបូរផ្កាព្រៃ ចំការឈើ ហូបផ្លែជាដើម ហើយ ទីតាំង នោះមិនមាន ការប្រើប្រាស់ ថ្នាំពុលកសិកម្ម ឬប្រើប្រាស់ សារធាតុគីមីផ្សេងៗ។ ជាទូទៅកសិករតែង​ តែជ្រើសរើស កន្លែងដាក់ សំបុក ឃ្មុំតាមចំការ តាង៉េន កៅស៊ូ គរ ទុរ៉េន សាវម៉ាវ ហើយមួយចំនួនទៀត ដែលមិនសូវល្អដូចជា ចន្ទី ស្វាយ។”

ការជ្រើសរើសពូជ៖

ការជ្រើសរើស​ ពូជសំខាន់ណាស់ ពូជដែលកសិករ បានជ្រើសរើស យកមកចិញ្ចឹមនោះ ជាពូជឃ្មុំនាំចូលមក ពីបរទេស គឺអាស៊ី និងអឺរ៉ុប ហើយយកមក បង្កាត់ជាមួយឃ្មុំព្រៃ គឺមានពូជម៉ាលីហ្វរ៉ា និងសេរ៉ាណា លក្ខណៈពិសេសរបស់វា ម៉ាលីហ្វរ៉ា ឃ្មុំអឺរ៉ុបវាកម្រចាកចោលសម្បុក ដងខ្លួនវាធំជាងគេ ផលិតទឹកឃ្មុំបានច្រើន ហើយបើប្រភេទឃ្មុំអាស៊ីសេរ៉ាណា ខ្មែរយើងហៅថាប្រួត ដែលវាចូលចិត្តនៅក្នុងរ៉ូង ឈើតាមផ្ទះ វាសាំងទៅនឹង អាកាសធាតុ នៅអាស៊ីស្រាប់ យើងយកបង្កាត់ចូលគ្នាល្អ។

Closeup of bees flying into beehive entrance on summer day

បច្ចេកទេសធ្វើកេស និងចិញ្ចឹមឃ្មុំ៖

កេសឃ្មុំ ឬជម្រកសម្រាប់ឃ្មុំ ស្នាក់នៅមានសារៈសំខាន់ណាស់ ព្រោះវាជាប្រភព សម្រាប់យកទឹកឃ្មុំមក។ ការធ្វើសម្បុកឲ្យឃ្មុំ គឺកសិករ អាចសិក្សា ធ្វើវាដោយខ្លួនឯង មិនចាំបាច់ទិញ ពីបរទេសដូចមុនៗទេ តែទោះជាយ៉ាងណា ការផលិត មានការ ប្រឈម ដូចជា ឧបករណ៍ ខ្លះត្រូវទិញនាំចូលពីបរទេស ដូចជាធុងផលិតចម្រាញ់យកទឹកឃ្មុំ និងផ្លិតសិប្បនិម្មិត ជាដើមដែលមិនអាច ផលិតក្នុងស្រុកបាន។ចំណែក បង្គងវិញ ក៏ធ្វើពីឈើដែរ ដោយកំណត់ទំហំ មានបណ្តោយសមស្រប ទៅតាមប្រវែងធុង ដែលអាចដាក់ចុះបាន មានកម្ពស់២៥ស.ម ទៅ ៣០ស.ម។

កសិករអាចយក ឈើបន្ទះក្តារស្ដើង ល្មមផ្សំគ្នាធ្វើបាន ដោយធុងឃ្មុំនីមួយៗ មានទំហំកម្ពស់ ៤តឹក និងបណ្ដោយ ៥ ទៅ ៦តឹក៖ «ហើយយើង ធ្វើហ្នឹងគឺ មានផ្លូវឃ្មុំចេញចូល មានពីរទន្ទឹមគ្នា ប្រហោងហ្នឹងតូចទេ កម្ពស់វាប្រហែល ២ទៅ៣សង់ទីម៉ែត្រ ទំហំ កន្លះទៅ១តឹក ផ្នែកខាងក្រោយ យើងចុះប្រហោង ត្រឹមតែ១តឹកបួនជ្រុង ប៉ុន្តែគេប្រើលួសសំណាញ់ អាចបិទបើកបាន នៅពេលវា ក្តៅយើងបើក ប្រហោងខាងក្រោយ នោះខ្យល់ ចូល។ មានន័យថា ខាងក្រោយនោះ ឃ្មុំអត់ចេញចូល បានទេ វាចេញចូលតែខាងមុខទេ…យើងធ្វើគម្របបិទពីលើ ដោយធ្វើឱ្យវា ធំខ្ពស់ជាង គែមមាត់ធុង បន្តិចដើម្បីងាយ ដាក់បង្គងកុំឱ្យវាទើស ចំពោះគម្របនោះ គេអាចប្រើ ប្លាស្ទិកគ្របពីលើ ឬស័ង្កសី ដើម្បីកុំឱ្យត្រូវភ្លៀង ឬសំណើម ធ្វើឱ្យឆាប់ពុកធុង»។

ទីតាំងដាក់កេះឃ្មុំ ឬធុងចិញ្ចឹមឃ្មុំ ត្រូវដាក់នៅឲ្យឆ្ងាយពីកន្លែង ដែលមានមនុស្សអ៊ូអរច្រើន ឬក្បែរផ្លូវធ្វើដំណើរទៅមកទេ ហើយមិនត្រូវ ដាក់ កេសកៀកគ្នាពេក និងជៀសវាងដាក់ធុងទល់មុខគ្នា។

ពេលវេលាប្រមូលផល៖

សំរាប់ការប្រមូលផល ទឹកឃ្មុំរបស់យើង អាចធ្វើការប្រមូលផលក្នុងរវាង កន្លះខែម្តង នេះបើសិនជា រដូវកាលដែល ល្អណាស់  ជាក់ស្តែង នៅពេល នេះ យើងនៅក្នុងចំការកៅស៊ូ ខែមុនៗយើងដាក់នៅក្នុងចំការតាង៉ែន   ចឹងឲ្យតែមានប្រភព ផ្កាគ្រប់គ្រាន់ មានប្រភពទឹកដមគ្រប់គ្រាន់ យើងអាចធ្វើការប្រមូលផល វាបានក្នុងរយៈពេលកន្លះខែម្តង។

ប្រៀបធៀបគុណភាពទឹកឃ្មុំ៖

  • ទី១ ប្រភេទពូជ៖ ពូជឃ្មុំសកល ដែលប្រទេសណា ក៏គេចិញ្ចឹមពូជនេះដែរ ព្រោះឃ្មុំនេះវាមាន សមត្ថភាពខ្ពស់ ក្នុងការផលិត ទឹកឃ្មុំឲ្យ មានគុណភាព ដោយវាមានក្រពេញ ទឹកមាត់ក្នុងការបំលែង ទឹកដមពីផ្កាឈើ មកឲ្យមានគុណភាព
  • ទី២ សមាសធាតុទឹក៖ ទឹកឃ្មុំសុទ្ធ យ៉ាងហោចណាស់មានសមាសធាតុទឹក១៧% -២៤% ចំណែកទឹកឃ្មុំចិញ្ចឹមរបស់យើងនេះ គឺយើង កំណត់សមាសធាតុទឹកវាក្នុងកំឡុងគឺ១៩-២០% ដើម្បីប្រមូលផល ធ្វើឲ្យទឹកឃ្មុំខាប់ល្អ ខុសពីទឹកឃ្មុំព្រៃ
  • ទី៣ អនាម័យ៖ ការប្រមូលផលធ្វើ តាមលក្ខណៈបច្ចេកទេស មានកំបិតជាត្រឹមត្រូវ រវៃក្នុងធុងចំរោះត្រឹមត្រូវ ចំរោះស្អាតច្រោះម្តង ហើយ ច្រោះ២ដង ទើបច្រកដាក់កែវ

ទិន្នផលនិងទីផ្សារទឹកឃ្មុំ៖

ជាធម្មតាក្នុង១ប្រអប់មេ យើងអាចធ្វើការទទួលទិន្នផលបានពី ៥-៦លីត្រ ជួនណាវាឡើងដល់ ៧លីត្រច្រើនចឹង  កាលដែរកម្មករវាខ្លាំង វាខ្សោយ តាមកម្មករវាច្រើន វាតិច ហើយតាមប្រភពផ្កាយើងល្អ  សម្រាប់ខែដែលទទួលទិន្នផលបាល្អ យើងឃើញថា ចាប់ខែ១១ខែ១២ រហូតដល់ខែ២ ខែ៣ ហើយខែ៥ ខែ៦អាចប្រមូលបានទៀតប្រសិនបើមានចំការមាន ចំការតាង៉ែន មានប្រភពផ្កាគ្រប់គ្រាន់  ពេលវេលាប្រមូលផលបាន៦ខែទេក្នុង១ឆ្នាំ ចំណែកខែវស្សាមិនអាចប្រមូលផលបានទេ ព្រោះវាមានភ្លៀងធ្លាក់ជោគជាំដោយសារ៖

  • ទី១៖ វាខ្វះប្រភពផ្កា
  • ទី២៖ ឃ្មុំវាសំងំតែ នៅក្នុងសំបុកមិនចេញទៅរកស៊ីទេ

ទឹកឃ្មុំ ដែលប្រជាពលរដ្ឋផលិត បាននោះលក់បាន ក្នុងតម្លៃបោះដុំ ៧ម៉ឺនរៀល(៧០,០០០) ឬ៨ម៉ឺនរៀល ស្មើ២០ដុល្លារ ក្នុងមួយលីត្រ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts