វិធីដាំដុះ ពោតបារាំង ដោយខ្លួនឯង

ពោតបារាំង (Okra) អាចយកមកធ្វើជា អាហារប្រចាំថ្ងៃបាន ប៉ុន្តែគេអាច ចាត់ទុកវា ជាប្រភេទផ្លែឈើដែរ ហូបស្រស់មាន រសជាតិឆ្ងាញ់។ លើសពីនេះ ពោតបារាំង សម្បូរ សារធាតុចិញ្ចឹម មានប្រយោជ​ន៍សម្រាប់ សុខភាពដូចជា៖ ពោតបារាំង មានផ្ទុកនូវ វីតាមីន A , C, K , B6, កាឡូរី, កាប៊ូអ៊ីដ្រាត, ប្រូតេអ៊ីន, ជាតិខ្លាញ់, ជាតិសរសៃ, ម៉ាញ៉េស្យូម, អាស៊ីតហ្វូលិក (Folate)។ ក្រៅពីនេះ ពោតបារាំង គឺជាប្រភពដ៏ល្អ នៃវីតាមីន C និង K1 ដែលវីតាមីន C មានមុខងារជួយដល់ប្រព័ន្ធភាពស៊ាំ រីឯវីតាមីន K1 អាចជួយក្នុងការធ្វើកំណកឈាម។

ម្យ៉ាងវិញទៀត ពោតបារាំង ក៏ផ្ទុកនូវសារធាតុប្រឆាំង អុកស៊ីតកម្ម, កាត់បន្ថយហានិភ័យនៃ ជំងឺបេះដូង, អាចប្រឆាំង ជំងឺមហារីក, កាត់បន្ថយ ជាតិស្ករក្នុងឈាម, មានប្រយោជន៍ដល់ ស្រ្តីមានផ្ទៃពោះ ជាដើម។

តោះមកដឹងពី វិធីសាស្ត្រក្នុងការដាំដុះ ពោតបារាំង ដូចខាងក្រោម៖

វិធីដាំដុះ ដំណាំផ្សេងៗ អាចចុចចូលមើល តាមតំណរនេះបាន

លក្ខណៈទូទៅរបស់ ពោតបារាំង

  • ពោតបារាំង មានដើម បែកមែកធាង
  • វាមានកម្ពស់ ១២០សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ
  • ស្លឹករបស់វា មានរាងដូចជាម្រាមដៃ ដែលមានរាងឆែកៗ ចាប់ពី ៥ ទៅ ៧ឆែក
  • ផ្ការបស់វា មានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ
  • នៅប្រទេសយើង ពោតបារាំង ដែលគេនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជ ដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង
  • ពោតបារាំងមាន ២ពណ៌គឺ ពណ៌បៃតង និងពណ៌ក្រហម

ការជ្រើសរើសគ្រាប់ពូជ ពោតបារាំង

  • ជ្រើសរើស គ្រាប់ពូជ ពោតបារាំង ដែលធំ ថ្លោស និងមានសុខភាពល្អ
  • មុនដាំមួយថ្ងៃ ត្រូវយកគ្រាប់ពូជ ពោតបារាំង ទៅត្រាំទឹកទុកមួយយប់

ការរៀបចំដី ពោតបារាំង

  • ត្រូវភ្ជួរដីឲ្យបាន ម៉ដ្ឋល្អ រើសសម្អាតស្មៅចេញឲ្យអស់
  • មុនដាំចាំបាច់ត្រូវ កាប់រណ្តៅជម្រៅ ២០ស.ម ទំហំ ២៥ស.ម គម្លាតពីរណ្ដៅ១ ទៅរណ្ដៅ១ ចាប់ពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ
  • យកជីកំប៉ុស្តដែលមាន ប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី
  • បើមិនចង់ប្រើជីគីមី ដាំពោតបារាំងត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច

ការដាំដុះ ពោតបារាំង

  • គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន
  • ការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ
  • មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន
  • ក្រោយមកយកគ្រាប់ ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅ ដោយក្នុងមួយរណ្ដៅ ដាក់គ្រាប់ពោតបារាំង ១គ្រាប់
  • ត្រូវជ្រើសរើសយក គ្រាប់ណាដែលណែនល្អ
  • បើដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ
This image has an empty alt attribute; its file name is 611.jpg
ចំការពោតបារាំង

ការថែទាំ ពោតបារាំង

  • ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំ ច្រើននោះទេ។
  • ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើម ពោតបារាំង ជាការស្រេច។
  • ជាងនេះទៀត បើខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នា យកទៅស្រោចក្បែរ ចន្លោះដើមវារឹតតែល្អ

ការស្រោចស្រព

  • នៅពេលកូន ពោតបារាំង ធំលូតលាស់ នៅក្នុងខែវស្សា អាចស្រោចទឹក ១សប្តាហ៍ម្តង បានហើយ
  • នៅរដូវប្រាំង ត្រូវស្រោចញឹកញាប់ មួយថ្ងៃ ២ដង ស្រោចពេលព្រឹកម្តង ល្ងាចម្តង
  • ត្រូវការប្រើជីកំប៉ុស្តធម្មជាតិ ដូចជាទឹកនោមគោ និងលាមកគោ លាយច្របល់ចូលគ្នា ហើយយកទៅស្រោចក្បែរ ដើមពោតបារាំង

ការគ្រប់គ្រងដំណាំ ពោតបារាំង

  • ពោតបារាំង ជាដំណាំប្រភេទថ្មី មិនសូវមានសត្វចង្រៃបំផ្លាញទេ
  • អ្នកដាំដុះ គួរចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់
  • ការដាំមិនដូរមុខបន្លែ វាបណ្ដាលឲ្យស៊ាំដី កើតសត្វល្អិត
  • ក្រោយពីដាក់ដាំយើងត្រូវស្រោចទឹកព្រឹកល្ងាច ក្នុងដំណាក់កាលលូតលាស់យើងត្រូវមើលថែទាំជាពិសេសព្រោះវាងាយទទួលរងការយាយីពីសត្វល្អិតមួយចំនួនដូចជាស្រមោច ដង្កូវជាដើម។
  • ដើម្បីកំចាត់សត្វល្អិត ដោយគ្រាន់តែយក ស្លឹកស្តៅដាក់ត្រាំជាមួយស្លឹកគ្រៃ និងផ្លែម្ទេសលាយជាមួយ ល្បាយទឹកទុកផ្អាប់ចោល១យប់ ហើយបាញ់ស្រោចទៅ លើដំណាំជាការស្រេច
This image has an empty alt attribute; its file name is 612.jpg
https://irenamacri.com/what-is-okra/

ការប្រមូលផល ពោតបារាំង

ជាទូទៅ ពោតបារាំងនឹង ផ្តល់ផលក្នុងរយៈពេល ពី៥០ ទៅ ៦០ថ្ងៃ។ ពោតបារាំងនឹងចេញផ្លែ ក្រោយចេញផ្កា ពី៥ទៅ៧ថ្ងៃ

ចំណាប់អារម្មណ៍ ពីការដាំដុះ ពោតបារាំង

បងប្អូនអាចពិចារណាក្នុងការដាំដុះ ពោតបារាំង នេះបាន ព្រោះវាមិនទាមទារ នូវបច្ចេកទេសដាំដុះ និងថែទាំ ស្មុគស្មាញនោះទេ  អាចទទួលទានបានជាប្រចាំថ្ងៃ ហើយវាក៏អាចជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារបានមួយផ្នែកផងដែរ ។

កុំភ្លេចជួយតាមដាន វីដេអូ ក្នុងយូធូបរបស់យើងផង

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts