ដោយសារកំណើនការហូបចុក កើនឡើង កំពឹសត្រូវបានគេចិញ្ចឹមជាលក្ខណៈគ្រួសារ ដើម្បីអាចបំពេញបាន នូវតម្រូវការមួយចំនួន ក្នុងការទទួលទាន ក៍ដូចជា សម្រាប់ការប្រើប្រាស់ ជាចំណីសត្វ ដែលបងប្អូនមួយចំនួនត្រូវការ។ ការចិញ្ចឹមកំពឹស មិនមានភាពស្មុគស្មាញនោះទេ មកដឹងពីវិធីងាយៗក្នុងការចិញ្ចឹមកំពឹស នៅផ្ទះ។
ការរៀបចំស្រះចិញ្ចឹម
រៀបចំជីកស្រះមានជម្រៅ បណ្តោយ៤ម៉ែត្រ ទទឹង២ម៉ែត្រ និង៧០សង់ទីម៉ែត្រ។ ដាក់ក្រាលកៅស៊ូប្លាស្ទិច រួចដាក់ល្បាយដីលាយភក់ បាតស្រះកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគ រួចទុក ចោលប្រមាណ ៧-១០ថ្ងៃ ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលប្រមាណ ៤-៥បាច់។
ដាក់ចិញ្ចឹមកំពឹសមេធំៗ មានពងស្រាប់ប្រមាណ ៥០កំពឹស និងត្រូវលាយកំពឹសឈ្មោលខ្លះ ដាក់ក្នុងអាង ក្រៅរយៈពេល ៥ថ្ងៃសិន រួចដាក់ចូលស្រះ វិធីអាចពិនិត្យកំពឹសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពឹសឈ្មោលតូចៗ។
ការរៀបចំលូស៊ីម៉ង់ត៍ចិញ្ចឹម
រៀបចំលូដែលមាន មុខកាត់១ម៉ែត្រ យកលូចាស់ៗដែល ប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹក ចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាត របស់វាកុំឲ្យ ជ្រាបទឹកចេញ អាចធ្វើនៅកន្លែង ដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក។ ដាក់ទឹកបញ្ចូលកម្ពស់ ៤តឹកនិង ដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ ។
ដាក់មេកំពឹសដែលមាន ពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ ៥ក្បាលក្នុងលូមួយ (អាចទិញ យកមកពីទីផ្សារ កំពឹសឈ្មោលមានមាឌតូចជាងកំពឹសញី និងមិនមានសំបុកពងនៅពោះវាទេ)។
ការឲ្យចំណី
ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗ ហើយយកទៅក្នុង លូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
ការថែទាំ
វីធីជួយឲ្យកំពឹសឆាប់ពងគឺ យើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹក ក្នុងលូនោះវិលចុះឡើង រយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពឹសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
ត្រូវប្តូរទឹករាល់២អាទិត្យម្តង៖ ដើម្បីឲ្យកំពឹសឆាប់ធំធាត់ ត្រូវលាយទឹក EM ១ស្លាព្រាបាយ ស្ករងូ១ស្លាព្រាបាយ លាយជាមួយទឹក១លីត្រ រក្សានៅកន្លែងម្លប់ចំនួន ១អាទិត្យ រួចចាក់កន្លះលីត្រ ចូលក្នុងលូ ដែលវាអាចជួយ សម្លាប់មេរោគ ហើយធ្វើឲ្យកំពឹស ឆាប់ធំធាត់លឿន។
ការប្រមូលផល
កំពឹសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។