វិធីដាំ ស្ពៃខៀវលក្ខណៈគ្រួសារ

ស្ពៃខៀវ ឬ ស្ពៃខ្មៅ គឺជាប្រភេទដំណាំបន្លែ ម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់ មនុស្សដោយអាចយកវាទៅបរិភោគជាបន្លែ ឬ យកទៅស្ល។ ក្រៅពីនេះគេក៏អាចយកស្ពៃ ខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ ធ្វើឱ្យវាក្លាយជា អាហារមួយបែបទៀតសម្រាប់បរិភោគក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃ ព្រោះវាមានវិតាមីន ជាច្រើនសម្រាប់ទ្រទ្រង់សុខមាលភាព ។

ស្ពៃខ្មៅ សម្បូរដោយសារធាតុចិញ្ចឹម ច្រើនមុខដូចជា៖ ប្រូតេអីន វីតាមីន អា បេ សេ និងសារជាតិរ៉ែ កាល់ស្យូម ជាតិដែក ផូស្វ័រ និងប៉ូតាស្យូមជាដើម។ លើសពីនេះ ការទទួលទានស្ពៃនេះ ជួយដល់ប្រព័ន្ធការពាររាងកាយ, ជួយអោយមិនឆាប់ឃ្លានអាហារ ជួយរក្សារាងឲ្យបានស្អាត ជួយការពារកោសិកាចិញ្ចឹមរាងកាយឲ្យលូតលាស់ល្អ។

ខាងក្រោមនេះ ជាវីធីដាំដុះស្ពៃខ្មៅ អោយបានទិន្នផលល្អ៖

ការរៀបចំដី

  • ចំពោះដីសម្រាប់ ដាំស្ពៃខៀវ ត្រូវភ្ជួររាស់ ឲ្យរាបស្មើ និងម៉ដ្ឋល្អ
  • រើសស្មៅចេញឱ្យអស់រួច ដាក់ជីទ្រាប់បាត ដូចជា ជីអាចម៍គោ និង ជីលាមកសត្វផ្សេងៗ
  • បន្ទាប់មកកៀដី ឲ្យស្មើល្អ រួចលើកពូនជារងដើម្បីដាំ ដែលមាន ទទឹងពី១ -១.២ម៉ែត្រ កំពស់២០ស.ម បណ្តោយទៅតាមទំហំដី និងចន្លោះពីរង មួយទៅមួយ ០.៥ម៉ែត្រ
  • ចំពោះដីដាំដុះ មិនត្រូវដាំមុខបន្លែដដែលៗទេ ព្រោះវាធ្វើឱ្យ ខូចគុណភាពដី និងធ្វើឲ្យបន្លែនោះថយចុះ បរិមាណប្រមូល ជាបន្តបន្ទាប់ផងដែរ

ការដាំដុះ

  • ការដាំស្ពៃខៀវ មិនចាំបាច់យក គ្រាប់មកធ្វើការសាបកូន ហើយយកកូនមកដាំ សារជាថ្មីនោះទេ គឺយើងព្រួសគ្រាប់យកតែម្តង
  • ដោយយកគ្រាប់លាយជាមួយផេះ ហើយសាប ឱ្យបានស្មើល្អ
  • ក្រោយពីព្រួសគ្រាប់រួចហើយ ត្រូវយកចំបើងគ្របពីលើ ដើម្បីការពារសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ
  • គ្រប់រួចស្រោចទឹក មួយថ្ងៃ២ដង ព្រឹកម្តង និងល្ងាចម្តង
  • ក្រោយពីព្រួសគ្រាប់បាន ១សប្តាហ៍ ត្រូវដកចំបើងចេញវិញ
  • ពេលដែលស្ពៃ ដុះបានរយៈពេលពី ១៥-២០ថ្ងៃ ចាប់ផ្តើមធ្វើការដករំលោះ កូនស្ពៃខៀវ ដោយទុកតែកូនស្ពៃណាដែលថ្លោសល្អ និង រក្សាចម្ងាយពី ដើមមួយទៅដើមមួយទៀត ប្រវែង១៥-២០ស.ម
https://greenseeds.net/product/leaf-mustard

ការថែទាំ

  • ក្នុងការថែទាំស្ពៃខៀវ គឺមានការលំបាកខ្លះ ចំពោះការស្រោចទឹក គឺនៅតែបន្តការស្រោច ទឹកមួយថ្ងៃ២ដង ដដែល ដើម្បីជំនួយដល់ ការលូតលាស់របស់វា
  • ស្រោចទឹកពេលព្រឹក វាជាការល្អបំផុត តែបើគ្មានពេលវេលា គ្រប់គ្រាន់ទេនោះ
  • អាចស្រោច១ថ្ងៃម្តងក៏បាន គ្រាន់តែផលរបស់វា មានការថយចុះទិន្នផល និងអាចមានការយឺតយាវ ក្នុងការប្រមូលផល ជាងការស្រោចស្រពទឹកគ្រប់គ្រាន់
  • ថែទាំបែបនេះរហូតដល់ស្ពៃធំ ទើបយើងបន្ថយការស្រោចទឹក នៅមួយថ្ងៃម្តង
  • បន្ទាប់ពីធ្វើការរំលោះកូនស្ពៃរួចមក ចាប់ផ្តើមធ្វើការដកស្មៅជ្រុំគល់
  • ដាក់ជីបំប៉នបន្ថែមលើដំណាំ៖
  • មុនសាបព្រោះ គ្រាប់ពូជ ប្រើជី ១៥-១៥-១៥ បរិមាណ ១០០-១៥០ក្រាម/១០ម៉ែត្រការ៉េ
  • ក្រោយសាបបាន ៨-១០ថ្ងៃ ដោយប្រើជីអ៊ុយរ៉េ ៦៥ក្រាម/១០ម៉ែត្រការ៉េ លាយជាមួយទឹក ស្រោចបន្ថែមជួយដល់ការលូតលាស់
  • ក្រោយសាបពី ១៥-១៨ថ្ងៃ ប្រើជី ១៥-១៥-១៥ បរិមាណ ១០០-១៥០ក្រាម/១០ម៉ែត្រការ៉េ រាយតាមគល់ ហើយស្រោចទឹកឲ្យជោគ
  • ក្រោយសាបបាន ២៥-៣០ថ្ងៃ ដោយប្រើជីអ៊ុយរ៉េ ៨០-១០០ក្រាម/១០ម៉ែត្រការ៉េ លាយជាមួយទឹក ១៨លីត្រ ស្រោច បន្ទាប់មកស្រោចទឹកលាងតាមក្រោយ
  • ចំពោះជីធម្មជាតិលាមកសត្វ ដាក់ទ្រាប់បាតរងតែម្តងប៉ុណ្ណោះ

សត្វល្អិត

  • ដំណាំស្ពៃ ដូចនឹងដំណាំមួយចំនួនធំទៀត ដែរ ដែលទទួលការយាយីរបស់ពពួកសត្វល្អិត ដែលមានដូចជា សត្វទៀកគូ ដង្កូវស៊ីត្រួយ ដង្កូវ ស៊ីស្លឹក ដង្កូវយោលទោង..។
  • ក្រៅពីនេះដំណាំស្ពៃក៏ ប្រឈមនឹងជំងឺមួយចំនួន មានដូចជា ក្រាភ្លើង ក្រហមបណ្តូល និងរបួសត្រួយ
  • វិធានការកម្ចាត់
  • ឧស្សាហ៍ចុះត្រួតពិនិត្យ ចាប់ដង្កូវ និងដកដើមដែលមានជំងឺចោល
  • ជ្រើសរើសពូជធន់សត្វល្អិត និងជម្ងឺ
  • ដាំដំណាំចម្រុះ
  • ប្រើជីធម្មជាតិជាប្រចាំ
  • រក្សាសំណើមដីឲ្យបានល្អ
  • បំផ្លាញស្ពៃដែលមានជម្ងឺចោល
  • ប្រើចំបើងគ្រប ឬប្រើប្លាស្ទិចគ្របរង

ការប្រមូលផល

  • ដាំរហូតដល់ប្រមូលផលមានរយៈពេល៣០ ទៅ ៣៥ថ្ងៃ។
  • គេដកទាំងគល់ស្ពៃ ហើយប្រមូលផលតែ១លើកទាំងអស់តែម្តង ដោយមិនបានទុកពូជសម្រាប់ដាំនៅរដូវក្រោយទេ គឺទិញពូជពីផ្សារមកដាំបន្តទៀត

ចំណាប់អារម្មណ៍

សម្រាប់បងប្អូន មានដីទំនេរ មិនដឹងដាំដុះអ្វី ហើយចូលចិត្តការដាំដុះបន្លែ ក៏ដូចជាទទួលបន្លែ អាចសាកល្បងដាំដុះ បន្លែស្ពៃខៀវ ឬស្ពៃខ្មៅនេះបាន ព្រោះវាមិនពិបាកក្នុងការថែទាំទេ ហើយឆាប់បានប្រមូលផលផងដែរ។ មុនដាំដុះ សូមបងប្អូន ចេះជ្រើសរើសពូជ ដែលមានភាពធន់ទៅនឹងសត្វល្អិតបំផ្លាញ យកមកដាំដុះ ដើម្បីកាត់បន្ថយពលកម្មក្នុងការថែទាំ។ ការដាំដុះស្ពៃខៀវ ឬស្ពៃខ្មៅនេះ គឺជាមុខរបរមួយដែលអាចជួយរកចំណូលឲ្យគ្រួសារបានមួយផ្នែកផងដែរ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts