ផ្អកស្មៅ គឺជាការលាយផ្សំ ផ្អាប់រក្សាទុក ស្មៅ ឬរុក្ខជាតិ រក្សាទុកនៅកន្លែងគ្មានខ្យល់ ដោយដាក់ក្នុងធុងបិទជិត ឬថង់ផ្លាស្ទិច ក្នុងគោលបំណងទុកជាចំណីសត្វគោ ក្របី ពពែ ជាដើម ហើយវិធីនេះ គឺដើម្បីធានាបាននូវ ការផ្តល់ចំណីដល់ សត្វចិញ្ចឹម បានពេញ មួយឆ្នាំ ។
ផលប្រយោជន៍ផ្អកស្មៅ
- បង្កើននៅគុណភាព សារធាតុចិញ្ចឹម ជួយឲ្យគោ ក្របី ពពែ លូតលាស់លឿន
- អាចរក្សាទុក បានយូរ ជាពិសេស សម្រាប់រដូវខ្សត់ចំណី
ការផលិតទឹកមេផ្អកស្មៅ
- យើងអាចផលិត ទឹកមេផ្អកស្មៅបាន ដោយខ្លួនឯង អាស្រ័យលើតំរូវការ ជាក់ស្តែងសម្រាប់ផលិតស្មៅ ឲ្យសត្វស៊ីតំរូវការប៉ុណ្ណា។ទឹកមេផ្អកស្មៅ អាចរក្សាទុកបាន ១សប្តាហ៍។
សមាសធាតុផលិតទឹកមេផ្អកស្មៅ
- ស្មៅស្រស់ 0,5 គ.ក
- ស្កររងូ 0,2 គ.ក
- ទឹកសុទ្ធ 0,5 លីត្រ
- ដបទឹកចំនុះ 1 លីត្រ
- ប្រដាប់វាស់ pH 1
របៀបធ្វើទឹកមេផ្អកស្មៅ
- បុកស្មៅស្រស់ 0,5 គ.ក នោះឲ្យម៉ត់ ពូតយកទឹកចេញ រួចច្រោះយកទឹកថ្លា ជាមួយស្បៃ ឬតំរងក្រណាត់ស្អាត
- យកទឹកស្មៅ ដែលបានច្រោះរួចទៅ លាយជាមួយស្កររងូ 0,២ គ.គ និងទឹកសុទ្ធ0,5 លីត្រនោះ
- ច្រកវាក្នុងដបស្អាត បិទគំរបឲ្យជិត កុំឲ្យមានខ្យល់ចេញចូល
- ទុករយៈពេល៣ថ្ងៃ បន្ទាប់មកត្រួតពិនិត្យគុណភាព និងវាស់កំរិតpH របស់វា កំរិតល្អនៅចន្លោះ ៣ – 4,5 ។
- ទឹកមេផ្អកស្មៅ១ដប មុននឹងប្រើត្រូវលាយជាមួយទឹកស្អាត ១០លីត្រ
ដំណើរការធ្វើផ្អកស្មៅ
- ច្រូតស្មៅស្រស់រួចដាក់ហាលឲ្យស្រពាប់
- ហាន់ ឬកាប់ចិញ្ច្រំាឲ្យល្អិតៗ
- ប្រោះ ឬបាញ់ទឹកមេផ្អកស្មៅដែលលាយទឹករួចក្នុងបរិមាណ ទឹក0,5 លីត្រ សំរាប់ស្មៅ ២០ គ.ក
- ច្រកស្មៅចូលក្នុងថង់ប្លាស្ទិច ឬធុងដែលច្រកថង់ប្លាស្ទិចខាងក្នុង បង្ហាប់ស្មៅបន្តិចម្តងៗ ឲ្យហាប់ណែនល្អ
- ចងមាត់ថង់ប្លាស្ទិចឲ្យជិតកុំអោយមានខ្យល់ចូល ឬបឺតខ្យល់ចេញពីថង់ឲ្យអស់មុនចងមាត់ថង់
- រក្សាទុក ៣សប្តាហ៍ឡើងទៅ ទើបអាចឲ្យសត្វស៊ីបាន
- ផ្អកស្មៅល្អ គឺមានពណ៌លឿងចាស់ មានក្លិនឈួល មិនមានផ្សិត ប៉ុន្តែបើផ្អកស្មៅ មានពណ៌ក្រម៉ៅ ឬប្រផេះ ហើយមានផ្សិត មិនត្រូវដាក់ឲ្យសត្វស៊ីទេ។
ការផ្តល់ផ្អកស្មៅឲ្យសត្វគោក្របី
យើងអាចផ្តល់ផ្អក ស្មៅឲ្យសត្វគោ ក្របី ពពែ ស៊ីជារៀងរាល់ថ្ងៃ ក្នុង១ក្បាល ១ គ.ក លាយជាមួយ ស្មៅ ចំបើង។ គួរផ្តល់ផ្អកស្មៅ ឲ្យសត្វមេកំពុងបំបៅដោះ សត្វដែលភ្ជួររាស់អូសទាញ សត្វគោក្របីបំប៉ន យកសាច់ជាដើម។