តើលោកអ្នកចូលចិត្ត ទទួលទានស៊ុប ឬស៊ូគីស៊ុប ដែរទេ?បន្លែ ស្លឹកពណ៌បៃតង មួយប្រភេទ ដែលពេញនិយម សម្រាប់អាហារនេះ គឺ តាំងអោ។ តាំងអោ ជាបន្លែដែល ពេញនិយម សម្រាប់ការទទួលទាន ជាបន្លែស្រស់ ជាអន្លក់ ជាល្បោយ សម្រាប់មុខអាហារជាច្រើន និងពេញនិយម សម្រាប់បងប្អូន ដែលទទួលទានស៊ុប និងស៊ូគីស៊ុប ជាដើម។
មិនត្រឹមតែជា បន្លែដែលទទួលទានបានទាំងស្រស់ ទាំងឆ្អិននោះទេ តាំងអោមាន អត្ថប្រយោជន៍សម្រាប់សុខភាពដូចជា៖ វាប៉ូវខួរក្បាល, ការពារជំងឺហើម, ជួយការពារសួត, ការពារជំងឺទល់លាមក, ជួយឲ្យស្បែកស្អាត, ការពារសុខភាពបេះដូង, ជួយបញ្ចុះកាឡូរី ជាដើម។
ខាងក្រោមនេះ ជាវិធីសាស្រ្ត ក្នុងការដាំដុះ បន្លែតាំងអោ៖
វិធីបណ្តុះគ្រាប់ពូជតាំងអោ
ការរៀបចំគ្រាប់ពូជ៖
- ទិញគ្រាប់ពូជមកពីទីផ្សារ យកទៅសាបនៅលើរង
- មុននឹងសាប ត្រូវយកគ្រាប់ទៅត្រាំទឹក ទុករយៈពេលមួយថ្ងៃ ដើម្បីឲ្យគ្រាប់ពូជស្រូបយកទឹកបានល្អ និងឆាប់ចេញពន្លក
ការរៀបចំថ្នាលបណ្តុះគ្រាប់៖
- រងបណ្តុះ កាប់ដីហាលចំនួន៣ថ្ងៃ ហើយកាប់ត្រឡប់មកវិញ ដោយលាយជាមួយ ជីស្រេចតែម្តង
- បន្ទាប់មកយកគ្រាប់ ទៅសាបនៅលើថ្នាល ដែលបានរៀបចំរួច
- ថ្នាលបណ្តុះ មាន ទទឹង ១ម៉ែត្រ បណ្តោយ ១ម៉ែត្រ លាយជីកំប៉ុស្តគោក ធ្យូងអង្កាម និងដីដំបូកច្របល់ឲ្យសព្វ ចំនួន ២គ.ក្រ សំរាប់ទ្រាប់បាត
- ក្រោយពេលសាប កាប់កំទេចចំបើងខ្លីៗ យកមកដាក់គ្របពីលើថ្នាល ការពារការខ្ទាតគ្រាប់ នៅពេលស្រោចទឹក និងសំរាប់រក្សាសំណើមដី
- គ្របចំបើង រយៈពេល ៤ថ្ងៃ ទើបដកចំបើងចេញឲ្យវាដុះ និងត្រូវពន្លឺថ្ងៃគ្រប់គ្រាន់
- ក្រោយពេលសាបរួច ស្រោចទឹក១ថ្ងៃ ២ដង រហូតដល់កូនដំណាំធំគ្រប់អាយុ សំរាប់ដកយកទៅស្ទូង
ការរៀបចំដីដាំដុះ
- ភ្ជួរហាលដី រយៈពេល៥ថ្ងៃ បន្ទាប់មកភ្ជួរដីត្រលប់មកវិញ
- បន្ទាប់មកលាយជាមួយជីកំប៉ុស្ត ៥បង្គីនៅលើរង ដែលមាន ទទឹង១ម៉ែត្រ បណ្តោយ ១២ម៉ែត្រ
- ក្រោយមករាស់ឲ្យដីរាបស្មើ ហើយលើកជារង រួចស្រោចទឹកឲ្យសើមល្មម មុនយកកូនមកដាំ
- កូនតាំងអោមានអាយុ ១៥ថ្ងៃ ដកយកទៅស្ទូងបាន នៅលើដីរងដែលបានរៀបចំរួច
ការស្ទូងកូនតាំងអោ
- ដកយកតែកូនណា ដែលថ្លោសមកដាំ ដោយដាក់ដាំ ញឹកៗជិតគ្នា
- ដាំកូនតាំងអោ នៅពេលល្ងាច
- ដាំនៅពេលល្ងាច អាចការពារកូនតាំងអោ មិនអោយស្រពោន និងអាចជួយរក្សា សំណើមដីបានផងដែរ
- ក្រោយពេលដាំ គ្របកូនតាំងអោ រយៈពេល ២ថ្ងៃ គ្របនេះគឺចាប់ពី ម៉ោង៩ព្រឹក រហូតដល់ម៉ោង៤រសៀល មេឃត្រជាក់ល្មម ទើបបកគំរបចេញ
ការថែទាំ
- ក្រោយពេលដាំ ជ្រោយដីដកស្មៅ
- បន្ទាប់ពីដាំបាន ២០ទៅ២៥ថ្ងៃ អាចកាត់ប្រមូលផលបាន រួចដាក់បន្ថែមជីកំប៉ុស្ត ២បង្គីក្នុងមួយរង
- ស្រោចទឹក១ថ្ងៃ២ដង ពេលព្រឹកព្រលឹម និងពេលល្ងាចចាប់ពី ម៉ោង៤ល្ងាចទៅ
- តាំងអោ ប្រើប្រាស់មេជីកំប៉ុស្តទឹក គឺធ្វើឲ្យដំណាំ ដុះលូតលាស់បានលឿន និងជួយកាត់បន្ថយ ការបំផ្លាញពីពពួកសត្វល្អិតថែមទៀតផង
- ស្រោចកំប៉ុស្តទឹកលើដំណាំ ដែលមានអាយុ ៧ថ្ងៃ គឺស្រោច៧ថ្ងៃម្តង
- ទឹកជីនេះ អាចផ្សំដោយខ្លួនឯងបាន ដោយយកជីទឹក១លីត្រ លាយជាមួយទឹក១៥លីត្រ ស្រោចទៅលើដំណាំ នៅពេលល្ងាច រួចស្រោចទឹកធម្មតានៅពេលព្រឹក
ការប្រមូលផល
- ក្រោយពីដាំបាន រយៈពេល២០ថ្ងៃ តាំងអោ អាចប្រមូលផលបាន
- មុនពេលប្រមូលផល ផ្អាកស្រោចជីទឹក ៥ថ្ងៃ ដើម្បីទុកឲ្យដើម និងស្លឹកមានពណ៌ល្អ
- គេអាចប្រមូលផល បានរហូតដល់ទៅ ៤ដងក្នុងមួយ វដ្តជីវិត
- ប្រមូលផល ដោយកាត់នឹងកាំបិតមុតស្រួច ឬកន្ត្រៃ ដើម្បីឲ្យល្អ
- ប្រមូលផលនៅពេលព្រឹក រួចបន្ទាប់ មកយកទៅដាក់ក្នុងកញ្ឆេ ដែលមានទ្រាប់ស្លឹកចេក ឬស្លឹកឈូក ពីក្រោមដោយតម្រៀប ជាជួរនិងទុកឲ្យមានចន្លោះ ខ្យល់ចេញចូលផងដែរ ដើម្បីជៀសវាងការរលួយ
ចំណាប់អារម្មណ
វិធីសាស្ត្រក្នុងការដាំដុះ តាំងអោ មិនសូវមានភាពនឿយហត់ទេ ឲ្យតែមានទឹក សំរាប់ស្រោចបាន គឺអាចដាំបានហើយ។ ចំពោះបន្លែប្រភេទយកស្លឹក និងដើមបែបនេះ គឺគ្រាន់តែស្រោចទឹក ដាក់ជីកំប៉ុស្តគោក លាយជាមួយធ្យូងអង្កាម ហើយស្រោចជីកំប៉ុស្តទឹកនោះ គឺវាល្អគ្រប់គ្រាន់ហើយ ព្រោះជីធម្មជាតិប្រភេទនេះ វាអាចជួយឲ្យដី មានជីវជាតិល្អបានយូរ មិនងាយខ្សោះទឹក ហើយជាពិសេស បងប្អូនដែលមានដីចំការក៍អាចដាំបាន ឬបងប្ងូន មានទីធ្លាផ្ទះតូចៗ ឬរានហាល ក៍អាចដាំដុះបាន សម្រាប់ការទទួលទានប្រចាំថ្ងៃ។