ការចិញ្ចឹមមាន់ យកពង

ការចិញ្ចឹមមាន់យកពង ត្រូវបានបងប្អូន ប្រជាកសិករ កសិដ្ឋាន ក៏ដូចជាក្រុមហ៊ុន បានយកចិត្ត ទុកដាក់ក្នុង ការថែទាំ  ដើម្បីទទួលបាន ពងមាន់ស្រស់ៗ ល្អៗ និងប្រកប ដោយគុណភាព ខ្ពស់ មកចែកចាយលើទីផ្សារ!
ដើម្បីជាចំណេះដឹង សំរាប់បងប្អូនដែលមាន ចំណាប់អារម្មណ៍ លើវិស័យចិញ្ចឹមមាន់យកពង សូមបង ប្អូនស្វែងយល់ពី បច្ចេកទេសសំខាន់ៗដូចតទៅ៖

ចំណុចទី១៖ ការជ្រើសរើសទីតាំង សំរាប់ចិញ្ចឹមមាន់

  • ការជ្រើសរើស ទីតាំងសម្រាប់ សង់រោងចិញ្ចឹម មាន់យក ពងត្រូវធ្វើ ឡើងនៅ លើដីទីទួល ដែល មិនលិចទឹក ហើយមានប្រភពទឹកគ្រប់គ្រាន់សំរាប់ឲ្យាមាន់ផឹក ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃ។
  • ជាទីតាំងនៅឆ្ងាយពីផ្ទះពលរដ្ឋ ដើម្បីបញ្ចៀសបញ្ហារស់នៅប្រចាំថ្ងៃ។
  • ជាទីតាំងដែលមានបរិយាសល្អ មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។

ចំណុចទី២៖ការជ្រើសរើសពូជមាន់យកចិញ្ចឹម៖

ការជ្រើសរើសពូជយកមាន់ យកមកចិញ្ចឹម មានសារៈសំខាន់ណាស់ ក្នុងផលិតកម្មរបស់បងប្អូន។ ពូជមាន់យកពងដែលល្អ គឺនាំមកនូវងអត្រាពងច្រើន មានទម្ងន់ធន់ល្អ ពងធំល្អ ធន់ទ្រាំនឹងជម្ងឺ ធន់ទ្រាំនឹងអាកាសធាតុ មាន់មានអាយុច្រើន​ តែអត្រា ពងធ្លាក់ទាប ។ល។

សម្រាប់ប្រទេសកម្ពុជាយើង បងប្អូនប្រជាកសិករ កសិដ្ឋាន ក៏ដូចជាក្រុមហ៊ុន និយមជ្រើសរើស ពូជមាន់យកពងមួយប្រភេទ គឺ ISA BROWN យកមកចិញ្ចឹម ដែលមាន់យកពងប្រភេទនេះ វាផ្តល់ទិន្នផលពងច្រើន ជាមធ្យមគឺ300 គ្រាប់ក្នុង១ឆ្នាំ។

វាធន់ទ្រំាទៅនឹងអាកាសធាតុប្រទេសយើង មានភាពធន់ទ្រាំទៅនឹងជម្ងឺ មានអាយុកាលវែង ហើយមានសម្បុរពងពណ៌ក្រហមត្នោតល្អ មានទម្ងន់ធ្ងន់ល្អ ពងធំល្អ សបកក្រាស់។

ក្នុងការចិញ្ចឹមមាន់យកពងនេះ បងប្អូន អាចចិញ្ចឹមកូនមាន់ពីតូចក៏បាន ឬដើម្បីចំណេញ ពេល វេលា បងប្អូនអាចទិញមេមាន់ ដែលមាន់អាយុ ១៦ ទៅ១៧សប្តាហ៍ យកមកចិញ្ចឹម ក៍បាន ដើម្បីឆាប់ទទួលបានទិន្នផល។

នៅពេលបងប្អូនទិញមាន់អាយុពី១៦ ទៅ១៧សប្តាហ៍ បងប្អូនគ្រាន់តែថែបំប៉នវារយៈពេល៣ ទៅ៤សប្តាហ៍ គឺបងប្អូនអាច ប្រមូលផល ពងមាន់ បានហើយ ព្រោះថាអាយុ១៦-១៧ សប្តាហ៍ ហ្នឹងគឺមាន់វាផ្តល់ពងជាបណ្តើរៗហើយ។ ធ្វើដូច្នេះគឺវាចំណេញ ពេលវេលា ការថែទាំ របស់បងប្អូន។

ចំណុចទី៣៖ការផ្តល់ចំណីសម្រាប់មាន់ពង៖

ការផ្តល់ចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងត្រឹមត្រូវតាម តំរូវការរបស់ មាន់យកពង ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញតំរូវការប្រចាំថ្ងៃ ហើយនិងរក្សាតុល្យភាព រាងកាយ របស់មាន់និងធ្វើឲ្យអត្រាពងមានស្ថេរភាព។

ចំណីសម្រាប់មាន់យកពងបងប្អូនអាចរកទិញបានពីក្រុមហ៊ុនផលិតចំណីក្នុងស្រុកយើងក៏បាន ឬក្រុមហ៊ុនដែលនាំចំណីចូល ពីបរទេសដែលមានស្តង់ដាផលិតត្រឹមត្រូវ។ ខាងក្រោមនេះ គឺជា តារាងសម្រាប់ ផ្តល់ចំណីឲ្យមាន់យកពងស៊ី ទៅទាមអាយុ របស់មាន់តាំងពីតូច រហូតដល់ មាន់ជំទង់ត្រៀមពង។

កាលវិភាគផ្តល់ចំណីសម្រាប់មាន់ជំទង់៖

អាយុមាន់ (សប្តាហ៍)បរិមាណចំណី (ក្រាម/ក្បាល/ថ្ងៃ)
1875-80
1985-90
2095-100
21100-105
22105-110
23110-115
24115 -120 ថេរ

ចំណុចទី៤៖ការថែទាំមាន់ពង៖

ដើម្បីថែទាំមាន់ពងរបស់បងប្អូនឲ្យទទួលបានទិន្នផលខ្ពស់ត្រូវអនុវត្តតាមការណែនាំពីលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

  • ផ្ទេរមាន់ជំទង់ចូលទ្រុងពងនៅអាយុ១៧សប្តាហ៍
  • ចិញ្ចឹមមាន់ពងដែលអាយុតែមួយ
  • ជ្រើសរើសខ្នាតមាន់ពងដូចៗយកមកចិញ្ចឹម
  • សប្តាហ៍ដំបូងនៅលើទ្រុងពង ត្រូវផ្តល់ពន្លឺ២២ម៉ោង ក្នុង១ថ្ងៃ
  • រើសមាន់ដែលមានជំពុះល្អ កាត់ជំពុះបន្តិចដើម្បីកុំឲ្យចឹកគ្នា
  • ត្រួតពិនិត្យមើលប៉ារ៉ាស៊ីតខាងក្រៅ
  • មើលចៃមាន់មាននៅតាមរោមឬទេ?
  • បាញ់ថ្នាំសម្លាប់ប៉ារ៉ាស៊ីតខាងក្រៅ

ការផ្តល់ចំណី៖

  • ឲ្យចំណី២ដងក្នុង១ថ្ងៃ ពេលព្រឹក និងពេលល្ងាច
  • ឲ្យមាន់ស៊ីចំណីអស់ពីទរ ដើម្បីកុំឲ្យចំណីសល់យូរអាចប៉ះពាល់សុខភាពមាន់
  • ពេលដាក់ចំណីហើយត្រូវគាចំណីតាមទរឲ្យស្មើគ្នាដើម្បីឲ្យមាន់បានស៊ីស្មើៗគ្នា
  • សំអាតទរចំណីជាប្រចាំ

ការផ្តល់ទឹកនិងសារធាតុចិញ្ចឹម៖

  • បង្ហាត់មាន់ឲ្យផឹកទឹក និងផ្តល់ទឹកស្អាតឲ្យវាផឹកបានគ្រប់គ្រាន់
  • ត្រូវផ្តល់ វីតាមីន និងសារធាតុរ៉ៃ ដើម្បីជំនួយដល់មាន់ជាប្រចាំ
  • ផ្តល់ពន្លឺឲ្យបានគ្រប់គ្រាន់

ការធ្វើអនាម័យជាប្រចាំ៖

  • សំរាករោងយ៉ាងតិច១៤ សប្តាហ៍
  • ហាមចិញ្ចឹមសត្វដទៃក្នុងកសិដ្ឋាន
  • បាញ់ថ្នាំសម្លាប់មេរោគលើរថយន្ត
  • លាងសម្អាតនិង បាញ់ថ្នាំសម្លាប់មេរោគថាសដាក់ពង
  • ត្រូវប្រមូលលាមកមាន់ចេញជារៀងរាល់ថ្ងៃ
  • បាញ់ថ្នាំសម្លាប់រុយ
  • សម្អាតទរចំណីឲ្យស្អាត
  • បោសសម្អាតកំរាលផ្លូវដើរ
  • សម្អាតបរិវេណររោងចិញ្ចឹម
  • បាញ់ទឹកលាងសម្អាតរោង
  • សម្អាតខ្សែទឹក
  • បាញ់ថ្នាំសម្លាប់មេរោគលើឧបករណ៍
  • ជ្រលក់ជើងនិងទឹកថ្នាំសម្លាប់មេរោគមុនចូល -ចេញពីរោង
  • ប្តូរទឹកថ្នាំសម្លាប់មេរោគអោយបានញឹកញាប់
  • កំចាត់ភ្នាក់ងារចម្លងរោគចេញពីកសិដ្ឋាន
  • បាំងសំណាញ់ជុំវិញការពារសត្វចូល

បញ្ហាប្រឈមផ្សេងៗមាន៖

យើងត្រូវតាមដានបញ្ហាសុខភាពរបស់មាន់ជាប្រចាំដូចជា៖

  • អត្រាពងធ្លាក់ចុះ
  • ទម្ងន់មាន់ទាប
  • មាន់មានខ្នាតមិនស្មើគ្នា
  • មាន់ស៊ីចំណីតិចជាងធម្មតា ឬមិនសូវស៊ីចំណី
  • មាន់ឈឺ ឬសំកុក
  • បញ្ហាប៉ារ៉ាស៊ីតខាងក្រៅ
  • បញ្ហាប៉ារ៉ាស៊ីតខាងក្នុង
  • មាន់ចឹកគូទគ្នា

ចំណុចទី៥៖ទីផ្សារពងមាន់បច្ចុប្បន្ន៖

នៅពេលដែលយើងទទួលផលពងមាន់បានត្រូវរៀបចំប្រមូលទុកដាក់ពងឲ្យបានល្អដើម្បីរក្សាគុណភាពរបស់វា

ការរើសប្រមូលពងមាន់៖

  • ត្រូវរើសពងជាប្រចាំចេញពីរោង ដើម្បីកុំឲ្យពងនៅក្នុងរោងយូរខូច
  • រើសពងដាក់លើថាសពង ដើម្បីងាយស្រួលរាប់ចំនួន និងតាមដានអត្រាពង
  • ត្រូវរក្សាពងមាន់ទុកនៅកន្លែងត្រជាក់ ម្លប់ កុំឲ្យត្រូវកំដៅថ្ងៃ ដើម្បីរក្សាគុណភាពពងមាន់

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts