ការភ្ញាស់ស៊ុត និងការថែទាំ​កូនទាកាប៉ា​​ តាមធម្មជាតិ

ទាកាប៉ា ក្រាបភ្ញាស់ស៊ុត ដោយខ្លួនឯង ដូច្នេះសំបុក ត្រូវត្រៀមរៀបចំឲ្យបានត្រឹមត្រូវ និងមានភាពកក់ក្តៅ មុនពេល ទាកាប៉ាចាប់ផ្តើមពង។

ការរៀបចំសំបុកពងទាកាប៉ា៖

ជុំរុញមេទាកាប៉ាឲ្យ ចេះក្រាបពងក្នងសំបុក ព្រោះវាជួយឲ្យ ស៊ុតស្អាតល្អ និងការពារស៊ុតប្រេះ ដូច្នេះសំបុកទាកាប៉ាត្រូវ៖

  • រៀបចំរួចជាស្រេចមុន ពេលទាចាប់ផ្តើមពង
  • សំបុកធ្វើពីចំបើង ហើយមាត់សំបុក ត្រូវរុំចំបើងជារមូ
  • ស៊ុតក្នុងសំបុកមិនត្រូវដាក់ ឲ្យត្រូវកំដៅថ្ងៃ ឬសំណើមឡើយ
  • សំបុកត្រូវស្អាត ស្ងួត កក់ក្តៅ និងមានទំហំគ្រប់គ្រាន់សម្រាប់ទាក្រាបពង

ការធ្វើសំបុកទាកាប៉ាពីប្រអប់ឈើ

  • យកបន្ទះឈើ ទទឹង៣តឹក X បណ្តោយ៣,៥តឹកXកំពស់២តឹក
  • យកក្តាក្រាលបាតក្រោម មាត់ច្រកទុកឲ្យទាចូល កំពស់ ០,៥ តឹក វាយវាផ្គុំចូលគ្នាចេញជាប្រអប់ចំហ
  • បាតសំបុកប្រអប់ឈើ គួរក្រាល ចំបើង ស្លឹកចេក អង្កាម ឬស្មៅស្ងួត ដើម្បីឲ្យសំបុកមានភាពកក់
  • កន្លែងសម្រាប់ដាក់ សំបុកទាកាប៉ាចូលចិត្ត ក្រាបពងលើកម្រាលទ្រុងផ្ទាល់ដី នៅកន្លែងដែលមិនសូវមានពន្លឺ ស្ងប់ស្ងាត់ និងមានសុវត្ថិភាព។ សំបុកត្រូវដាក់ តាមបណ្តោយជញ្ជាំង តែត្រូវបិទបាំងការពារទឹកភ្លៀង ការពារសត្វ និងអាកាសធាតុមិនល្អ។
  • ទាកាប៉ាជាទូទៅទម្លាក់ពង នៅព្រឹកព្រលឹម និងពេលយប់។

ការភ្ញាស់ស៊ុតតាមលក្ខណៈធម្មជាតិ

  • មេទាកាប៉ា អាចក្រាបភ្ញាស់ស៊ុត និងចេះមើលថែរក្សា កូនល្អ។ មេទាកាប៉ា អាចក្រាប ភ្ញាស់ស៊ុតបានពី១២ – ១៨គ្រាប់។
  • មេទាកាប៉ាក្រាបភ្ញាស់ស៊ុត រយៈពេល ៣៥ ថ្ងៃ ហើយវាក៏អាច ក្រាបភ្ញាស់ទាផ្សេងៗទៀតបានក្នុងពេលជាមួយគ្នា។
  • គេអាចយក មេមាន់ក្រាបភ្ញាស់ ជំនួសមេទាកាប៉ាក៏បាន ហើយអាចយកមេទាកាប៉ាក្រាបភ្ញាស់ជំនួសមេមាន់ ក៏បានដូចគ្នា ប៉ុន្តែមេមាន់អាចក្រាប ភ្ញាស់ពងទាកាប៉ា បានច្រើនបំផុត ៨ -១១គ្រាប់ ព្រោះពងទាកាប៉ាធំ ជាងពងមាន់។
  • ពេលកំពុងក្រាបភ្ញាស់ ត្រូវដាក់ចំណីនិងទឹកឲ្យ ជិតមេទាកាប៉ាឲ្យ បានគ្រប់គ្រាន់។ បើមេទាកាប៉ាចេញរកចំណី រកទឹក យូរពេកវានិងធ្វើឲ្យពងត្រជាក់ និងញាស់មិនបានច្រើន។
  • ត្រូវឲ្យកូនទាកាប៉ា ញាស់ចេញ ពីសំបកដោយខ្លួនឯង បន្ទាប់មកយក សំបកចេញពីសំបុក
  • កូនទាកាប៉ា ត្រូវការពេលវេលា ២-៣ថ្ងៃដើម្បីចោះសំបកញាស់ ចេញមកក្រៅ។

វិធីសាស្រ្តថែទាំកូនទាកាប៉ាឲ្យមានសុខភាពល្អ៖

កូនទាកាប៉ា ញាស់តាមលក្ខណៈធម្មជាតិ ត្រូវការការថែទាំយ៉ាងត្រឹមត្រូវ។ កូនទាកាប៉ាទើប ញាស់ត្រូវការផ្តល់កំដៅបន្ថែម ទឹក ចំណី និងត្រូវការខ្យល់អាកាសចេញចូលល្អ។

បង្កើនជម្រកមានសុវត្ថិភាព សម្រាប់ថែរក្សាកូនទាកាប៉ា អាយុក្រោម ២សប្តាហ៍៖

កូនទាកាប៉ា ចាប់ពីញាស់រហូតដល់អាយុ ២សប្តាហ៍ ត្រូវការថែរក្សាឲ្យមានសុវត្ថិភាព និងមានការកក់ក្តៅ ដូច្នេះត្រូវរៀបចំទ្រុងដើម្បីកំដៅកូនទាកាប៉ាតូចៗ។

ជំហានទី១៖របៀបចំទ្រុងកំដៅសម្រាប់កំដៅកូនទាកាប៉ា

  • ទ្រុងកំដៅកូនទាកាប៉ា អាចធ្វើពីផ្ទាំកៅស៊ូ ឬបន្ទះក្តាកុងប្លាកេ ឬសន្លឹកបន្ទះស័ង្កសី។ ទ្រុងកំដៅល្អ គឺដែលងាយស្រួលបត់ជារាងរង្វង់បាន។
  • ពង្រាយអង្កាម ឬកំទេចអាច់រណា នៅបាតទ្រុងកំដៅកំរាស់ ២-៣ស.ម
  • ត្រូវផ្លាស់ប្តូរកំរាលឲ្យបានញឹកញាប់ ដើម្បីកូនទាកាប៉ាមានផាសុកភាព
  • កុំក្រាលកំរាលធ្វើពីជ័រកៅស៊ូ ឬសម្ភារៈរអិល ព្រោះកូនទាកាប៉ាអាយុក្រោម ២-៣ សប្តាហ៍ជើងវានៅទន់ ដែលងាយរអិលដួលនិងមានរបួស។

ជំហានទី២៖ផ្តល់ចំណី ទឹកគ្រប់គ្រាន់ដល់កូនទាកាប៉ា

  • កូនទាកាប៉ាចាប់ផ្តើមស៊ីចំណីបន្ទាប់ពីញាស់បានរយៈពេល១២ម៉ោង
  • ត្រូវផ្តល់ចំណីសំរេច(ចំណីកូនមាន់ ឬកូនទា)ដែលមានប្រតេអ៊ីន ២០-២១%
  • ត្រូវផ្តល់ទឹកស្អាតឲ្យផឹកបានគ្រប់គ្រាន់។

ជំហានទី៣៖ផ្តល់កំដៅឲ្យកូនទាបានគ្រប់គ្រាន់៖

  • ទ្រុងកំដៅគ្រប ពីលើដោយ ក្រណាត់គ្របពីលើ ឬប៉ាវក្រចៅក្រាស់ ដើម្បីផ្តល់កំដៅដល់កូនទាកាប៉ាក្នុងពេលយប់ត្រជាក់
  • បើត្រជាក់ខ្លាំងជាងធម្មតា ត្រូវបន្ថែមកំដៅដោយប្រើ ក្អមធ្យូង ឬប្រើអំពូលរ៉េស៊ីស្តង់
  • ប្រសិនបើក្តៅខ្លាំងពេលថ្ងៃ ត្រូវបើកគំរបក្រណាត់ ឬបាវក្រចៅចេញ
  • ត្រូវថែរក្សាកូនទាកាប៉ាឲ្យបានត្រឹមត្រូវ ព្រោះទ្រុងនេះងាយរងការបំផ្លាញពីសត្វនានា ដូចជា៖ កណ្តុះ ឆ្មារ និងសត្វពស់ជាដើម។

វីធីកំដៅកូនទាកាប៉ា៖

****កូនទាកាប៉ាអាយុ ក្រោមសប្តាហ៍ត្រូវថែរក្សានៅកន្លែងមានកំដៅល្មម

  • ដាក់អំពូលរ៉េស៊ីស្តង់កំដៅ ៤០ -៧០ វ៉ាត់ ត្រូវដាក់អំពូលទៅតាមតម្រូវការកំដៅ
  • មិនត្រូវដាក់អំពូលកំដៅ នៅទាបជិតកូនទាកាប៉ា អាចបណ្តាលឲ្យក្តៅជ្រុលពេក ឬរលាកកូនទាកាប៉ាពេលប៉ះនិងអំពូល
  • ត្រូវត្រួតពិនិត្យមើលកំដៅ ទៅតាមសកម្មភាពរបស់កូនទាកាប៉ា

ប្រតិកម្មតបរបស់កូនទាកាប៉ាពេលកំដៅ៖

  • ពេលត្រជាក់ជ្រុល កូនទាកាប៉ា ប្រមូលផ្តុំគ្នាដោយកន្លែង ឬផ្តុំគ្នាជិតប្រភពកំដៅ
  • ពេលក្តៅពេក កូនទាកាប៉ា ឃ្លាតឆ្ងាយពីប្រភពកំដៅ
  • ពេលកំដៅគ្រប់គ្រាន់ កូនទាកាប៉ា នៅរាយប៉ាយពេញបន្ទប់កំដៅ

ការថែទាំកូនទាកាប៉ាអាយុពី២-៤ សប្តាហ៍

****កូនទាកាប៉ាអាចចិញ្ចឹមក្នុងទ្រុងកំដៅមានក្រាលអង្កាម ឬអាច់រណានៅពេលយប់ និងអាចប្រលែងឲ្យស៊ីចំណីក្នុងទីធ្លាព័ទ្ធសំណាញ់នៅពេលថ្ងៃបាន។

ការថែទាំកូនទាកាប៉ាអាយុពី៤សប្តាហ៍ឡើង

****កូនទាកាប៉ា អាយុ៤សប្តាហ៍ ឡើងអាចប្រលែង ដើរស៊ីចំណីតាមវាលបាន ហើយនៅពេលយប់ត្រូវដាក់ចំណី ឲ្យកូនទាកាប៉ាស៊ី នៅក្នុងទ្រុងដេក។ កូនទាកាប៉ាត្រូវផ្តល់ ទឹកស្អាត  ចំណី និងចំណីចម្រុះជារៀងរាល់

បរិមាណដង់ស៊ីតេកូនទាកាប៉ាដាក់ចិញ្ចឹម

អាយុទាដង់ស៊ីតេ (ចំនួនក្បាលក្នុង១ម៉ែត្រការ៉េ)​​
ក្រោម១សប្តាហ៍៥០
ក្រោម៤សប្តាហ៍២០
ក្រោម៨សប្តាហ៍
មេបា

គួរប្រុងប្រយ័ត្ន៖

  • មិនត្រូវឲ្យកូនទាកាប៉ា នៅក្រោមទឹកភ្លៀង ព្រោះវាបណ្តាល ឲ្យកូនទាកាប៉ា ងាប់ដោយសាររងារ។
  • ផ្ទេរកូនទាកាប៉ាអាយុ១ខែ ទៅដាក់ទ្រុងចិញ្ចឹមបំប៉នយកសាច់(ទ្រុងទាធំ) ត្រូវឲ្យចំណីឲ្យបានគ្រប់គ្រាន់ និងធ្វើថ្លុកទឹកសម្រាប់ពួកវាលេង
  • មិនត្រូវដាក់ទាកាប៉ាតូចៗ លាយជាមួយទាកាប៉ាធំនោះទេ ព្រោះទាធំអាចជាន់កូនទាតូចៗពន្លិចទឹកងាប់ ឬវាចឹក(ត្អួរ) កូនទាកាប៉ាតូចងាប់បាន។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts