ខ្នុរ គឺជាដំណាំមួយប្រភេទ ដែលកសិករនិយមដាំដុះ ព្រោះវាអាចលូតលាស់បានស្ទើរគ្រប់ប្រភេទដី។ អត្ថប្រយោជន៍របស់ខ្នុរមានដូចជា ធ្វើជាបន្លែ ជាបង្អែម ហូបសាច់ទុំស្រស់ ធ្វើជាដំណាប់ជាដើម រីឯដើមរបស់វាអាចកែច្នៃ ជាគ្រឿងសង្ហារឹម ជារបាំង ជាម្លប់។
ការជ្រើសរើសពូជ
ពូជខ្នុរដែលនិយមដាំ នៅក្នុងស្រុកយើង សង្កេតឃើញមាន ខ្នុរចម្ប៉ាដក់ ខ្នុរណាំង។
ការបណ្តុះកូន
ថ្នាលបណ្តុះកូន៖
- ជ្រើសរើសដីទួលមិនលិចទឹក
- មានប្រភពទឹកគ្រប់គ្រាន់
- មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
- អាចការពារពីកត្តាផ្សេងៗបាន
ការរៀបចំថ្នាល៖ - ត្រូវលើករងកំពស់២តឹក ទទឹង១ម៉ែត្រ បណ្តោយតាមដីជាក់ស្តែង
- កាប់ដីឲ្យម៉ត់ ហាលរយៈពេល២-៣សប្តាហ៍ ដើម្បីសម្លាប់មេរោគ សត្វល្អិតចង្រៃ
- សំអាតស្មៅឲ្យបានស្អាតល្អ
ការបណ្តុះកូន៖ - កប់គ្រាប់ខ្នុរតាមពង្រាយលើរង ដែលបានរៀបចំរួច
- កប់គ្រាប់ខ្នុរ ចន្លោះ២តឹក ពីគ្រាប់១ទៅ១
- លុបដីម៉ត់ពីលើគ្រាប់ គ្របចំបើងពីលើរួច ហើយស្រោចទឹកឲ្យសើមជាប្រចាំ
- ការផ្សាំក្នុងថង់
- លាយល្បាយដីច្រកថង់សម្រាប់ផ្សាំកូនខ្នុរ ដោយលាយជីកំប៉ុស្ត៍១ភាគ អង្កាម១ភាគ ដីខ្សាច់១ភាគ
- រយៈពេលប្រហែល១ខែក្រោយបណ្តុះ គាស់កូនខ្នុរទៅផ្សាំក្នុងថង់
- បន្ទាប់ពីដាំកូនខ្នុរក្នុងថង់រួចហើយស្រោចទឹក
ការដំាដុះ
ទីតាំងដាំដុះ
- ត្រូវរើសដីដែលមិនលិចទឹក តែមានសំណើមល្មម
- រើសដីមានជីជាតិ ឆ្ងាយពីដើមឈើធំៗ ចម្ងាយប្រហែល១០ម៉ែត្រ
- មានប្រភពទឹកអាចស្រោចស្រពនៅរដូវប្រាំង
ការជីករណ្តៅ - ទំហំរណ្តៅ ជម្រៅ១ម៉ែត្រx ទទឹង១ម៉ែត្រx បណ្តោយ១ម៉ែត្រ
- គំលាតពីរណ្តៅមួយទៅមួយ យ៉ាងហោច៨ម៉ែត្រ
- ដាំជាជួរ ដើម្បីត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់
- ប្រមូលកំទេចកំទីរុក្ខជាតិ ផេះ លាមកសត្វ និងជីកំប៉ុស្ត៍ដាក់បាតរណ្តៅ
ការដាំកូនខ្នុរ - រើសកូនខ្នុរដែលមានអាយុ ២ខែឡើងទៅយកមកដាំ
- ដាំពេលល្ងាចត្រជាក់
- ចៀរថង់កូនខ្នុរបណ្តុះថ្មមៗ កុំឲ្យបែកដី
- បន្ទាប់ពីដាំត្រូវស្រោចទឹកឲ្យឬសថ្មីដុះល្អ
ការថែទាំ
ការដាក់ជីបំប៉ន
- ដាក់ជី២ដងក្នុង១ឆ្នាំ
- ចុងរដូវវស្សាជីករណ្តៅជម្រៅ៥តឹកព័ទ្ធជុំវិញគល់ ទំហំ២-៤តឹក ដាក់ជីធម្មជាតិ និងជីNPK
ការស្រោចស្រព - ស្រោចទឹកដើម្បីឲ្យរោមជញ្ជក់របស់ឬស ងាយស្រូបយកសារធាតុចិញ្ចឹម
- ស្រោចទឹកបំប៉ននៅពេលខ្នុរនៅតូច
- ស្រោចទឹកពេលដែលដំណាំខ្នុរត្រូវការទឹក
- ស្រោចទឹកជាប្រចាំឲ្យបានទៀងទាត់ មុនពេលខ្នុរចេញផ្កា
ការតាក់តែងមែក៖ - ការតាក់តែងមែក គឺធ្វើឲ្យដើមមានសុខភាពល្អ ទទួលពន្លឺបានគ្រប់គ្រាន់ ស្រូបយកខ្យល់បានល្អ
- ក្រោយពេលប្រមូលផល ត្រូវតាក់តែងមែក
- ត្រូវកាត់មែកចាស់មិនផ្តល់ផ្លែ
- កាត់មែកចុងសំយ៉ុងចុះ
- កាត់មែកដុះចាក់ទៅក្នុង
- កាត់មែកដែលមានជម្ងឺ
- កាត់មែកដែលដុះរុក្ខជាតិបញ្ញើក្អែក
ការការពារសត្វល្អិតចង្រៃ និងជម្ងឺ
កត្តាបំផ្លាញខ្នុរដែលសំខាន់ៗមានដូចជា ដង្កូវចោះដើម ដង្កូវចោះផ្លែ ដង្កូវស៊ីស្លឹក មេរោគផ្សិត ជម្ងឺរលួយឬស។
ដង្កូវចោះមែក ចោះដើម៖ វាកើតពីសត្វល្អិតពងលើមែក រួចញាស់ជាដង្កូវស៊ីខៃមែក ដើមរហូតធ្វើឲ្យមែក ដើមស្ងួតងាប់។
ការការពារនិងកំចាត់
- ត្រូវកាត់តែងមែកខ្លះ កុំឲ្យណែនពេក រួចយកប្រេងមកលាប
- ប្រើប្រេងលាបការពារសត្វល្អិតពងមិនបាន
- បំផ្លាញដង្កូវធំៗ មុនពេលវាញាស់ជាដង្កូវ
- ប្រើថ្នាំគីមីពពួក ថាម៉ារ៉ន បាញ់ចូលពេលល្ងាច ព្រលប់ឲ្យដង្កូវងាប់ក្នុងរន្ធ
ដង្កូវចោះមែក ចោះដើម៖ វាកើតពីសត្វល្អិតពងលើមែក រួចញាស់ជាដង្កូវស៊ីខៃមែក ដើមរហូតធ្វើឲ្យមែក ដើមស្ងួតងាប់។
ការការពារនិងកំចាត់ត្រូវកាត់តែងមែកខ្លះ កុំឲ្យណែនពេក រួចយកប្រេងមកលាប
- ប្រើប្រេងលាបការពារសត្វល្អិតពងមិនបាន
- បំផ្លាញដង្កូវធំៗ មុនពេលវាញាស់ជាដង្កូវ
- ប្រើថ្នាំគីមីពពួក ថាម៉ារ៉ន បាញ់ចូលពេលល្ងាច ព្រលប់ឲ្យដង្កូវងាប់ក្នុងរន្ធ
ដង្កូវនិងសត្វល្អិតចោះផ្លែ៖ វាកើតពីសត្វល្អិត ពងដាក់លើផ្លែហើយញាស់ជាដង្កូវរួចស៊ីបំផ្លាញផ្លែ ហើយធ្លាក់មកដីក្លាយជាឌុកឌឿ រដ្តជីវិតរបស់វាប្រហែល២១ថ្ងៃ។
- ការការពារនិងកំចាត់ យកក្រដាសកាសែត ឬថង់ក្រដាស បាវចំណីសត្វ ឬការ៉ុងស៊ីម៉ង់ ខ្ចប់ផ្លែខ្នុរដែលមិនទាន់ចាស់ គួរខ្ចប់មុន ពេលបន្លាផ្លែរីកឆ្ងាយ
- សត្វល្អិតស៊ីស្លឹក មានដូចជាអណ្តើកមាស ឌួង។ កូនដង្កូវ វាកើតពីមេដង្កូវដាក់ពងតាមគំនរស្មៅ ស្លឹកឈើខៃចូលដីដើម្បីក្លាយជាឌុកឌឿ។
- ត្រូវសម្អាតស្មៅ ស្លឹកឈើជាប្រចាំ
- ប្រើថ្នាំគីមីពពួកដើម្បីកំចាត់វា
ពពួកចៃខ្យងនិងចៃម្សៅ៖ វាស៊ីបំផ្លាញត្រួយ និងស្លឹកខ្ចី ធ្វើឲ្យស្លឹកងរ រួញស្លឹក រីឯស្លឹកនិងត្រួយខ្ចី ឃើញឡើងក្រហម ពណ៌ស តាមលើស្លឹកនិងធាង។ កន្លែងបំផ្លាញនឹងប្រែពណ៌ពីខៀវទៅលឿង ឬព្រលែតខុសធម្មតា។ការកំចាត់គឺប្រើថ្នាំគីមី បាញ់លើស្លឹកខ្ចី ទងត្រួយខ្ចី និងគល់។
ជម្ងឺផ្សិត៖ វាធ្វើឲ្យផ្កានិងផ្លែខ្ចីរលួយជាពណ៌ខ្មៅ ហើយជ្រុះ។
- ការការពារត្រូវបាញ់ថ្នាំការពារផ្សិត
- ការតាក់តែងមែកជួយឲ្យ ពន្លឺព្រះអាទិត្យចាំងចូលគ្រប់គ្រាន់ អាចជួយបានមួយផ្នែក
ជម្ងឺរលួយឬស៖ វាកើតឡើងដោយសារដើមខ្នុរជាំទឹក ឬដាំខ្នុរនៅតំបន់ទំនាបដក់ទឹក។ ការពារគឺត្រូវធ្វើ ប្រព័ន្ធរំដោះទឹកនៅខែវស្សា។
ការប្រមូលផល
- ការប្រមូលផលដែលមានគុណភាពផ្លែ និងមានតម្លៃខ្ពស់នៅលើទីផ្សារ គឺនៅពេលដែលផ្លែទុំមានក្លិនក្រអូប។
- ផ្លែស្រគាល ងាយស្រួលក្នុងការលើកដាក់ដឹកជញ្ជូនទៅឆ្ងាយ។ មិនត្រូវទុកផ្លែឲ្យទុំពេកទេ ព្រោះវាអាចបំផ្លាញពីសត្វ និងឆាប់រលួយ។
- ត្រូវកាត់ចន្តង់(ទង)ដោយកាំបិតមុត ច្រកបាវជៀសវាងជ្រុះធ្លាក់មកលើដីធ្វើឲ្យគ្រាំ ឬបែកផ្លែ។
- អាយុកាលប្រមូលផលខ្នុរអាស្រ័យពូជ ពូជខ្លះ៣ខែទុំ ពូជខ្លះរហូតដល់ទៅ៨ខែ