កសិករម្នាក់ដែលជា កសិករជំនាញ ផ្នែកចិញ្ចឹមកង្កែប រស់នៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកមានបទពិសោធន៍ ចាប់ផ្តើមចិញ្ចឹមកង្កែប តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ ការងារផលិត របស់លោកមានការ រីកចម្រើនឡើងបន្តិចម្តងៗ ដោយសារបាន ដកពិសោធន៍ ពីការងារផ្ទាល់ និងការសិក្សាផ្នែក បច្ចេកទេសបន្ថែម។
ការជ្រើសរើស មេបាពូជ
ការសម្គាល់មេបាសម្រាប់ការជ្រើសរើសយកមកបង្កាត់ពូជ
កង្កែបញី៖ មានរូបរាងធំ ជាងកង្កែបឈ្មោល ពេលយើងស្ទាប ក្រោមក្លៀកវា ទាំងសងខាង គឺមានសភាពគ្រើម មានមាឌធំ អាយុចាប់ ពី១ឆ្នាំ ឡើងទៅ យើងអាចជ្រើសរើស ធ្វើមេពូជបាន មានទម្ងន់ចាប់ពី ០.៣ ទៅ០.៨ គ.ក្រ។
កង្កែបឈ្មោល៖ មានរូបរាង តូចជាងកង្កែបញី នៅក្រោមថ្គាម មានស្នាមខ្មៅ មេដៃរីកធំ ពេលសកម្រាមដៃ២ ចូលក្រោមពោះវា វាមាន កំលាំងរើ ខ្លាំងអោបដៃ យើងជាប់បានន័យថា ស្ពែមវាខ្លាំងអាច បង្កាត់ពូជបាន ហើយសម្បុរវាមាន ពណ៌លឿង ជាងកង្កែបញី។ វាមានទម្ងន់ចាប់ពី០.២៥ គ.ក្រឡើងទៅ។
រដូវកាលបង្កាត់ពូជ
- ពេលវេលាបង្កាត់៖ ពេលវេលា សម្រាប់បង្កាត់ពូជ គឺចាប់ពីខែ៣ រហូតដល់ខែ១០ អាចបង្កាត់ពូជ បានរាល់ថ្ងៃ។ ចំណែកខែ ដែលផ្តល់ ទិន្នផលល្អជាងគេ ចន្លោះពីខែ៣ ទៅដល់ខែ៦ ព្រោះវាមាន កំដៅល្អគ្រប់គ្រាន់ ប្រសិនបើខែត្រជាក់ធ្វើឲ្យទិន្នផលធ្លាក់ចុះបន្តិច ព្រោះកូន កង្កែបចាញ់ អាកាសធាតុត្រជាក់។
- ការគ្រប់គ្រងទឹក៖ ការគ្រប់គ្រងទឹក មានសារៈសំខាន់ណាស់ ដោយសារកង្កែបវា អាចរស់នៅ ក្នុងទឹកបាន នៅលើគោកបាន ព្រោះការងារ ផលិតកូនកង្កែប ត្រូវការទឹកជាចាំបាច់ ដោយសារកូនកង្កែបញាស់រស់នៅក្នុងទឹក មិនដូចកូនកង្កែបធំដែលអាចផ្លាស់ទីមកលើគោកបាន វាត្រូវរស់នៅ ក្នុងទឹករហូត ដល់រយៈពេល ១ខែទៅ១ខែកន្លះ។ ដូច្នេះទឹកដែល ត្រូវយកមកប្រើប្រាស់ មានដូចជា ទឹកបឹង ទឹកទន្លេ ឬទឹក អណ្តូង។ ចំពោះទឹកអណ្តូង ត្រូវតែមានគុណភាពល្អ កុំឲ្យមានជាតិច្រេស ជាតិដែក ជាតិកំបោរខ្ពស់ពេក ជាតិអាសូនិចខ្ពស់ពេកទេ។
បច្ចេកទេសបង្កាត់ពូជ
សម្រាប់អាងបង្កាត់ពូជ ត្រូវធ្វើឡើងដោយ មាននៅផ្ទៃទឹក ៨០%នៃអាង និង២០%ទៀតជាទីគោក សម្រាប់វាឡើង ពីទឹកបានមក ហាលស្បែក បានដោយ ធ្វើព័ទ្ធជុំវិញ ផ្ទៃទឹកនៃ អាងបង្កាត់។
ចំណែកកំពស់ទឹក ចន្លោះពី១.៥តឹក ទៅ២តឹក អាស្រ័យទំហំខ្លួនវា។ នៅលើអាងយើងត្រូវ ធ្វើដំបូលប្រក់ ដើម្បីការពារ អត្រាធ្លាក់ ពងដោយសារ ទឹកភ្លៀង។
ការផ្តល់ចំណីសម្រាប់មេបាពូជ
ចំណីដែល គួរផ្តល់អោយមេបាពូជ មានដូចជាចំណីគ្រាប់ កូនត្រីស្រស់ ជន្លេនក្រហម ខ្យង បើចំណីសម្រេចមានប្រូតេអីន៣០%។ បរិមាណ ផ្តល់ចំណីឲ្យ មេពូជ ប្រហែល១/៣ នៃទម្ងន់ខ្លួនរបស់វា។
ការថែបំប៉នមេបាពូជ គឺថែទាំដូចគ្នា គ្រាន់តែបំបែកមេ និងបាដាក់អាងផ្សេងគ្នា។
អ័រម៉ូនដែលប្រើ សម្រាប់ការផលិតគឺ Superfact E + ម៉ូទីនីយ៉ូម អិម លាយបញ្ចូលគា្ន សម្រាប់ចាក់ទាំងមេទាំងបា។
បន្ទាប់ពីចាក់ហើយ យកមេបាទៅ ទុកដោយឡែកសិន មិនទាន់ដាក់បង្កាត់ទេ រង់ចាំដល់ម៉ោង៥ល្ងាចមេឃចាប់ផ្លើមត្រជាក់ ទើបយើងយក កង្កែបទៅ ប្រលែងក្នុងអាងបង្កាត់ ដែលបានត្រៀមទុករួច។
ប្រលែងមេបាចូល ក្នុងអាងរយៈពេល ១-២ម៉ោង វាចាប់ផ្តើមបង្កាត់គ្នា។ រយៈពេល២៤ម៉ោងក្រោយ ពងកង្កែបញាស់ហើយ។
ក្នុងការបង្កាត់១លើក ប្រើមេបា ២០គូ បានកូនកង្កែប លក់ប្រហែលជា ៨០០០ កូនក្នុង១លើក។
ការថែទាំកូនក្អុក
បន្ទាប់ពីញាស់ បាន៣ថ្ងៃ យើងចាប់ផ្តើម ឲ្យចំណីកូនក្អុក ដោយប្រើពងទាពងមាន់ស្ងោរ យកតែពងក្រហម មកច្របល់វាឲ្យ បែកលាយទឹក បន្តិច ផ្តល់ឲ្យវាស៊ីជាចំណី ក្នុងថ្ងៃ៣ដង។
ក្នុង១អាង ដាក់កូនក្អុកពី ៤០០-៦០០ក្បាល នៅពេលដែល វាស៊ីចំណីនេះហើយ យើងឃើញពោះ វាឡើងពណ៌លឿងៗ ដូចពងក្រហមនេះដែរ បញ្ជាក់ថា វាបានស៊ីចំណី។ យើងបំប៉នកូនកង្កែបឬកូនក្អុក នេះនៅក្នុងអាងតូចរយៈពេល១៥ថ្ងៃ។ ទឹកសម្រាប់អាងនេះ ត្រូវផ្លាស់ប្តូរជាប្រចាំ ដើម្បីឲ្យទឹកអាង ស្អាតល្អជានិច្ចុ។ សម្រាប់អាងនេះ រៀបចំជាប្រព័ន្ធ បញ្ចេញបញ្ចូលទឹក ដើម្បីងាយស្រួល ក្នុងការផ្លាស់ប្តូរទឹក ឲ្យបានស្អាត។ រយៈពេល២សប្តាហ៍ នេះអត្រារស់បាន ប្រហែល៧០%។
ផ្ទេរកូនកង្កែបពីអាង បំប៉នកូនក្អុក ទៅអាងផ្សំកូន។ ការបំប៉នក្នុងអាងនេះ ប្រើរយៈ១៥ថ្ងៃ ទៀតដើម្បីឲ្យកូនក្អុក លូតលាស់ទៅជា កូនកង្កែប ពេញលក្ខណៈ។ កូនកង្កែបអាយុពី១ខែ ទៅឆខែកន្លះ គឺអាចចាប់លក់ កូនបានហើយ។ ចំពោះចំណីដែលផ្តល់ឲ្យវាស៊ី មានដូចជា៖ ចំណីគ្រាប់ មាន០.៥លី ១លី និង១.២លី ទំហំគ្រាប់ចំណី កើនឡើងទៅតាម អាយុរបស់កូនកង្កែប។
ចំណីផ្តល់ឲ្យ ២ដង ឬ៣ដង ក្នុង១ថ្ងៃ អាស្រ័យទៅ តាមអាកាសធាតុ។ ចំពោះអាងផ្សំកូននេះ មិនមានគែមអាងទេ គឺជាអាងទឹកពេញ កំពស់ទឹកពី១-៣តឹក ហើយយើងដាក់ដុំស្នោរ ក្នុងអាងដើម្បីឲ្យវា លោតឡើងលេង។ អត្រារស់របស់កូនកង្កែប ប្រហែល៦០%។