បច្ចេកទេសបណ្តុះ កូនទំពាំងបារាំង

ប្រជាជនទូទៅច្បាស់ជាស្គាល់ ឬស្សីហើយមែនទេ? ចុះទំពាំងវិញ ប្រកដជាស្គាល់ហើយ! រីឯទំពាំងបារាំងវិញ?

ប្រជាជនយើង មួយចំនួន ប្រហែលមិនបានស្គាល់ ទំពាំងបារាំង ព្រោះវាជា បន្លែមួយប្រភេទ ដែលនាំចូលមកពីបរទេស មកដាំដុះនៅលើទឹកដី ប្រទេសកម្ពុជាយើង។ បន្លែមួយប្រភេទនេះ ដែលមានរសជាតិ សំបូរទៅដោយ សារធាតុចិញ្ចឹម ជាច្រើនមុខដូចជា៖ វីតាមីន A, C, E, B1, ជាតិ​ដែក, កាល់ស្យូម, កាបូអីដ្រាត, ជាតិសរសៃ ដែលអាចជួយទប់ទល់ បញ្ ហាជាតិខ្លាញ់ ក្នុងឈាមមិនឲ្យឡើងខ្លាំង កាត់បន្ថយ​សារធាតុ​ខ្លាញ់​ក្នុង​រាងកាយ ជួយសម្រួលដល់ការបន្ទោរបង់ ជួយ ឲ្យសក់មានសុខភាពល្អ ជួយសុខភាពភ្នែក ជួយដល់សុខភាពបេះដូង ជម្រុញ​ការ​បញ្ចេញ​ទឹក​នោម បន្ថយជាតិអាស៊ីត ក្នុងពោះវៀន ព្យាបាលអាការអាហារមិនរំលាយ   ជាដើម។ល។

តើអ្នកទំាងអស់គ្នា ចាប់អារម្មណ៍ ពីបន្លែប្រភេទនេះ ដែរឬទេ? ចង់ដឹងថា តើគេបណ្តុះកូនទំពាំងបារាំងនេះ ដោយវិធីណា?
មកតាមដាន អំពីបច្ចេកទេស បណ្តុះកូនទំពាំងបារាំង ទំាំងអស់គ្នា!

លក្ខណៈទូទៅទំពាំងបារាំង

  • ទំពាំងបារាំង ជាប្រភេទរុក្ខជាតិ ឯកវប្បកម្ម ដែលមានអាយុកាលវែង ពី១០-៣០ឆ្នាំ
  • គេយកទំពាំងស និងទំពាំងបៃតង មកបរិភោគ ដែលគេហៅថា ស្ពៀ (Spear) ជាផ្នែកមួយរបស់មើម និងស្លឹករបស់វា សម្រាប់យកមកតែងលម្អ
  • ឫសទំពាំងបារាំង៖ ទំពាំងបារាំង មានប្រព័ន្ធឬសចែកជា ២ ប្រភេទ គឺឬសមើម និងឬសស្ញែ
  • ដើម និងស្លឹក៖ ទំពាំបារាំង មានក្តៀង (Crown) នៅខាងលើដី មានថ្នាំង និងចន្លោះថ្នាំង ជាកន្លែងនៃការកកើត ពន្លក និងទំពាំង
  • ផ្កា៖ ផ្កាញី ឬផ្កាទ្វេភេទ នៅពេលដែលមានការបន្សំកេសរ វាបង្កើតបានជាផ្លែដែលមានទំហំតូច រាងមូល
  • ផ្លែ៖ ពេលដែលផ្លែនៅខ្ចីវាមានពណ៌បៃតង នៅពេលទុំវាមានពណ៌ក្រហម ជាទូទៅផ្លែមួយមាន៣គ្រាប់ ផ្លែខ្លះអាចមានទៅដល់៦គ្រាប់។ គ្រាប់មានពណ៌ខ្មៅ មានរាងពាក់កណ្តាលមូល ពាក់កណ្តាលជ្រុង ដែលមានអង្កត់ផ្ចិត ៣ម.ម។

ប្រភេទទំពាំងបារាំង

ទំពាំងបារាំង ដែលប្រើប្រាស់សម្រាប់បរិភោគ បែងចែកជា ២ប្រភេទ៖

  • ទំពាំងពណ៌បៃតង៖ គឺជាទំពាំង ដែលធ្វើការប្រមូលផល ក្រោយវាដុះចេញពីដី បានប្រមាណពី ២៥-៣០ស.ម ហើយប្រទេសដែលនិយម បរិភោគទំពាំងពណ៌បៃតង គឺសហរដ្ឋអាមេរិក កាណាដា អង់គ្លេស ជប៉ុន។
  • ទំពាំងពណ៌ស និសលាយស្វាយ៖ ជាទំពាំង ដែលធ្វើការប្រមូលផល មុននឹងទំាពាំងដុះចេញពីដី វាមានការលំបាកក្នុងការដាំ និងមើលថែទាំជាងការដាំបែបទំពាំងពណ៌បៃតង ព្រោះត្រូវការពូនគុម្ពលប់គល់ នៅពេលប្រមូលផល ត្រូវធ្វើការសង្កេតត្រង់ចំនុចត្រទំពាំងចេញមក ប្រសិនបើប្រមូលផលមិនទាន់ ត្រួយទំពាំងបានត្រូវពន្លឺព្រះអាទិត្យ វានឹងក្លាយទៅជាទំពាំងពណ៌បៃតង។ ភាគច្រើនប្រទេសនៅតំបន់ អឺរ៉ុបនិយមបរិភោគទំពាំងពណ៌ស លើកលែងតែអង់គ្លេស

ពូជទំពាំងបារាំង៖ ពូជដែលគេយកមកដាំសម្រាប់យកទំពាំងបៃតង ជាពូជមកពីអាមេរិក ដូចជា៖

  • ម៉ារិវ៉ាស៊ិនតោន (Mary Washington)
  • កាលីហ្វ័រញ៉ា ៣០៩(California #309)
  • កាលីហ្វ័រញ៉ា ៥០៩ (California #509)
  • យូស៊ី ១៥៧ (UC 157 F1)
  • ប្រុកអីមភើរៀល (Brock Imperial F1)
  • ប្រុកអីមប្រូ (Brock Improve)

ការបណ្តុះកូនទំពាំងបារាំងលើថ្នាលបណ្តុះ

ការរៀបចំគ្រាប់ពូជ

  • ដាស់ដំណេកគ្រាប់ មុននឹងយកទៅបណ្តុះ ដោយយកគ្រាប់ទៅត្រាំ ទឹកក្តៅឧណ្ហៗ ដោយប្រើទឹកក្តៅ១ភាគ ទឹកត្រជាក់២ភាគ ដាក់ត្រាំវា ក្នុងរយៈពេល ១៥-២០នាទី
  • បន្ទាប់មកយកគ្រាប់នោះ ទៅត្រាំក្នុងទឹកឆយៈពេល ១យប់
  • ធ្វើការផ្អាប់ដោយរុំក្រណាត់សស្តើង យកទៅទុកកន្លែងសើម
  • ត្រូវរក្សាគ្រាប់ពូជកុំឲ្យស្ងួត ដោយធ្វើឲ្យក្រណាត់មានសំណើមជាប់ជានិច្ច រហូតដល់វាចេញពន្លក
  • គ្រាប់នឹងចាប់ផ្តើមដុះពន្លក ក្នុងរយៈពេល ពី៧-១៥ថ្ងៃ
  • បន្ទាប់មក យកទៅដាំបណ្តុះនៅលើថ្នាល ឬថង់បណ្តុះ ដែលបានត្រៀមទុក យកតែគ្រាប់ដែលដុះពន្លក
  • មុនយកគ្រាប់ទៅបណ្តុះកូន ត្រូវច្របល់គ្រាប់ ជាមួយម្សៅផ្សិតទ្រីកូឌែម៉ា ប្រើម្សៅផ្សិត ១០ក្រាមសម្រាប់ គ្រាប់ពូជ ១គ.ក្រ
  • ដោយដាក់ម្សៅផ្សិតទ្រីកូឌែម៉ា ចូលទៅក្នុងថង់ រួចចាក់ទឹកស្អាតបន្តិច ដើម្បីងាយស្រួល ក្នុងការច្របល់ម្សៅផ្សិត ឲ្យជាប់ទៅនឹងគ្រាប់បានល្អ

ការរៀបចំដីសម្រាប់សាបកូន

  • ដីដែលល្អសមស្រប សម្រាប់ការបណ្តុះ កូនទំពាំងបារាំងគឺ ដែលដែលផុសល្អ ដីល្បាយខ្សាច់ ដែលមានសមាសធាតុសរីរាង្គខ្ពស់ ធ្វើឲ្យមានការលូតលាស់បានល្អ ងាយស្រួលក្នុងការដកយកទៅដាំ
  • គួរជ្រើសរើសកន្លែង សម្រាប់បណ្តុះកូន នៅក្បែរប្រភពទឹក មិនជាំទឹក ឬលិចទឹក
  • ថ្នាលបណ្តុះកូន សម្រាប់បណ្តុះកូនទំពាំងបារាំង ត្រូវរៀបចំឲ្យបានល្អ ដោយកូនទំពាំងបារាំង ត្រូវទុករហូតដល់ វាមានអាយុ៤ខែ ទើបដកយកទៅដាំ
  • ភ្ជួររាស់ដី ឲ្យបានជ្រៅបំផុត សម្អាតស្មៅ ហាលដីសម្លាប់មេរោគ មុនធ្វើការសាបបណ្តុះកូន ពី៧-១៥ថ្ងៃ
  • រាស់បំបែកដី ឲ្យតូចល្អិត លើករងកម្ពស់ ៣០ស.ម ទទឹងរង ១ម៉ែត្រ បណ្តោយរង ១០ម៉ែត្រ
  • រៀបចំរងទទឹង១ម៉ែត្រ បណ្តោយ១០ម៉ែត្រ ចំនួន៥០រង សម្រាប់ដាំផ្ទៃដី ១ហិចតា
  • ដាក់ជីសរីរាង្គ ចំនួន ៣០គ.ក្រ ជី១៥-១៥-១៥ ចំនួន ០.៥ គ.ក្រ និងកំបោរស ១គ.ក្រ ក្នុង១រង លាយច្របល់ឲ្យបានសព្វ ពង្រាបដីឲ្យស្មើល្អ
  • បន្ទាប់មកធ្វើចង្អូរ ដោយឆូតទទឹងរងជម្រៅ ពី១-២ស.ម ឃ្លាតពីគ្នាប្រវែង ២០ស.ម

ការសាបគ្រាប់

  • ដាក់គ្រាប់ពូជទៅក្នុងចង្អូរ ដែលក្នុង១រន្ធ ដាក់គ្រាប់ពូជ១គ្រាប់ និងឃ្លាតពីគ្នាប្រវែង១០ស.ម រួចគ្របដោយដីស្តើងៗ
  • ដាក់ចំបើងគ្របពីលើ ដើម្បីរក្សាសំណើម
  • ក្នុងរយៈពេល ១០-១៥ថ្ងៃ គ្រាប់ចាប់ផ្តើមដុះ គួរយកចំបើងចេញខ្លះ ដើម្បីឲ្យវាដុះស្រួល ដើមដុះត្រង់មិនកោងង

ការស្រោចស្រព

  • ទំពាំងបារាំងត្រូវការទឹកទៀងទាត់ ក្នុងការលូតលាស់ វីធីសាស្រ្តស្រោចស្រព ដែលល្អសម្រាប់រងបណ្តុះកូនទំពាំង គឺត្រូវប្រើបែបស្ព្រីងគ្ល័រ តែវិធីនេះចំណាយថវិការច្រើន
  • ដូច្នេះកសិករ និយមធ្វើការបង្ហូរទឹកតាមរង ឬប្រើទុយោភ្ជាប់ជាមួយក្បាលផ្កាឈូក
  • តាមវិធីសាស្រ្តណាក៍ដោយ គឺត្រូវធ្វើឲ្យកូនទំពាំងបារាំង បានទទួលទឹកទៀងទាត់ មិនជោគពេក មិនស្ងួតពេក និងបង្ការកុំឲ្យទឹកដែលបាញ់ស្រោចស្រព ទៅប៉ះនឹងដើមខ្លាំងពេក ព្រោះនឹងធ្វើឲ្យកូនទំពាំងរបួស ធ្វើឲ្យជម្ងឺចូលមក បំផ្លាញបានដោយងាយស្រួល

ការដាក់ជី

  • នៅដំណាក់កាលដំបូងៗ ធ្វើការដាក់ជីបែបរលាយរលាយទឹក ដោយប្រើប្រាស់ ជី២១-០-០ ចំនួន១០ក្រាម និងជី១៥-១៥-១៥ ចំនួន១០ក្រាម លាយជាមួយទឹក ២០លីត្រ ដាក់ធុងស្រោចឲ្យសព្វទោលើរង បន្ទាប់មកស្រោចទឹកឲ្យសើម ប្រមាណ១៥ថ្ងៃម្តង ដាក់ជីរបៀបនេះ ប្រមាណ ៣ដង
  • បន្ទាប់មក ចាប់ផ្តើមដាក់ជីគ្រាប់ ១៥-១៥-១៥ ចំនួន ១៥-២០ក្រាម ជាមួយជីកំប៉ុស្ត ចំនួន ២០០-៣០០ក្រាម/ម៉ែត្រការ៉េដីរង ដាក់១ខែម្តង ចំនួន ២ដង
  • ប្រុងប្រយ័ត្ន ក្នុងការដាក់ជី ក្រោយការដាក់ជីគ្រប់ពេល ត្រូវស្រោចទឹកឲ្យបានគ្រប់គ្រាន់ល្អ ដើម្បីឲ្យទឹកអាចទៅរំលាយជី ជា​ប្រយោជន៍​សម្រាប់ឲ្យទំពាំងបារាំង​ស្របយកបានល្អ
  • ដាក់ជីត្រឹមត្រូវ ត្រូវបង្កប់ក្នុងដី ក្បែឬសទំពាំងបារាំង
  • មិនត្រូវដាក់ជីឲ្យជាប់ឬសទំពាំងបារាំងទេ ព្រោះវាធ្វើឲ្យដើមក្រៀមស្វិតបាន

ការកម្ចាត់ស្មៅ

  • ក្រោយពេលកូនទំពាំងបារាំង ចាប់ផ្តើមដុះហើយ គួរសម្អាតស្មៅជាទៀងទាត់ ក្នុងកំឡុងពេលខែដំបូង
  • ត្រូវធ្វើស្មៅដោយប្រុងប្រយ័ត្ន ព្រោហកូនទំពាំងបារាំង នៅខ្ចីនៅឡើយ
  • ប្រសិនបើប៉ះពាល់ដល់កូនទំពាំងបារាំងអាចងាប់បាន
  • ការកម្ចាត់ស្មៅ មិនត្រូវប្រើថ្នាំសម្លាប់ស្មៅនោះទេ ព្រោះវាធ្វើឲ្យកូនទំពាំងបារាំងងាប់
  • ការសម្អាតស្មៅដោយដៃ ជាវិធីសាស្រ្តល្អបំផុត

ការតាក់តែងកូនទំពាំងបារាំង

  • ការតាក់តែកូនទំពាំងបារាំង ធ្វើឲ្យដើមវាស្រលះល្អ មិនមានទីជម្រករបស់ជម្ងឺ និងសត្វល្អិត
  • ក្រៅពីនេះ វាធ្វើឲ្យមាន ការប្រមូលផ្តុំ សារធាតុចិញ្ចឹមនៅត្រង់ក្តៀង និងពន្លកច្រើនឡើង ធ្វើឲ្យក្តៀងនិងពន្លកកាន់តែមានទំហំធំឡើង
  • ជាទូទៅគេ តាក់តែងកូនទំពាំងបារាំង នោពេលដែលវាមានអាយុ ២,៥ -៣ខែ
  • ការតាក់តែងកូនទំពាំងបារាំង មានសារៈសំខាន់ណាស់

ការពូនគល់កូនទំពាំងបារាំង

  • ប្រសិនបើ កូនទំពាំងបារាំង មានក្តៀង ឬឬសផុសចេញពីដី អាចបណ្តាលមកពីការសាបគ្រាប់រាក់ពេក ឬបណ្តាលមកពីការស្រោចស្រព ត្រូវពិនិត្យមើលថ្នាលបណ្តុះឲ្យបានទៀងទាត់
  • បើដើមដែលដុះបែកឡើងមកថ្មី មានទំហំតូចឆ្មារៗ ឬសនិងក្តៀងតូច ធ្វើឲ្យកូនទំពាំងមិនល្អ ត្រូវធ្វើការបំផុសដីពូនគល់កប់ក្តៀងកូនទំពាំងផង

ការកម្ចាត់ជំងឺ និងសត្វល្អិត ដំណាក់កាលកូន

ដំណាក់កាលនេះ អាចមានជម្ងឺ សត្វល្អិតផ្សេងៗ ចូលមកបំផ្លាញ ដើម្បីការពារកូនទំពាំងបារាំងត្រូវអនុវត្ត៖

  • ប្រើប្រាស់ទ្រីកូឌែម៉ា (បរិមាណ ១គ.ក្រ លាយជាមួយទឹក ២០០លីត្រ) ត្រងយកតែទឹកទៅបាញ់លើកូនទំពាំងបារាំង
  • បាញ់ស្រោចនៅពេលល្ងាច ដោយស្រោចទឹកឲ្យជោគដីមុន ឬក្រោយពេលការបាញ់ស្រោចទឹកទ្រីកូឌែម៉ា
  • ទឹកទ្រីកូឌែម៉ា ១លីត្រ បាញ់ស្រោច សម្រាប់ផ្ទៃដី ៥-១០ម៉ែត្រការ៉េ
  • ធ្វើការស្រោច ២ដង ក្រោយសាបកូន បាន១៥ថ្ងៃ និងក្រោយសាបកូន បាន៩០ថ្ងៃម្តងទៀត

ការបណ្តុះកូនទំពាំងបារាំងក្នុងថង់ប្លាស្ទិច

  • បណ្តុះកូនទំពាំង នៅក្នុងថង់ប្លាស្ទិច មានទំហំ ១០ X ១៥ ស.ម
  • ដីសម្រាប់បណ្តុះរួមមាន ដីមមោគ ធ្យូងអង្កាម ស្លឹកឈើស្ងួតពុកផុយ ស្រកីដូងម៉ដ្ឋ និងជីកំប៉ុស្ត លាយគ្នា ក្នុងកម្រិត ១:១:១:១ លាយជាមួយផ្សិតទ្រីកូដឺម៉ាដែលបន្សំរួច ២៥-៥០ក្រាម/ថង់
  • ដាក់គ្រាប់ទំពាំងបារាំង ១គ្រាប់ ក្នុង១ថង់
  • អាចយកកូនទំពាំងបារាំងទៅដាំបាន នៅពេលវាមានអាយុ ២ខែ

ការយកកូនទៅដាំ

  • បន្ទាប់ពីកូនទំពាំងបារាំង សាបក្នុងថ្នាលមាន អាយុ ៤-៦ខែ កូនទំពាំងបារាំងមានភាពរឹងមាំ មានអត្រារស់រានជីវិតតខ្ពស់ ដែលនឹងផ្តល់ផលទំពាំងមានគុណភាពល្អ ចាត់ទុក ក្រេដA ក្នុងបរិមាណច្រើន និងផ្តល់ផលបានយូរ
  • ប្រសិនបើយកកូនទំពាំងបារាំង អាយុ២-៣ខែ មកដាំ វានឹងផ្តល់ផលទាបជាង គឺក្រេដB ច្រើនជាងក្រេដA ដែលធ្វើឲ្យផលលកបានតម្លៃទាបជាង
  • កូនដែលបណ្តុះក្នុងថង់ប្លាស្ទិច មិនគួរទុកកូនក្នុងថង់យូរពេកទេ ព្រោះកូនទំពាំងបារាំងនឹងខ្សោយ ដោយសារធាតុចិញ្ចឹមមានកំណត់ និងអាចរងការបំផ្លាញដោយសត្វល្អិតផ្សេងៗ
  • តែការដំាំកូនទំពាំងបារាំង ដែលមានអាយុតិច និងក្តៀងតូច វាធ្វើឲ្យប្រើពេលវេលាយូរ ទម្រាំទទួលបានទិន្នផល ក្រេដA បើធៀបទៅនឹងការដំាំកូនទំពាំងបារាំងក្តៀងធំ

តាមរយៈអត្ថបទខាងលើនេះ  បានបង្ហាញអ្នកទាំងអស់គ្នាពី បច្ចេកទេសបណ្តុះ កូនទំពាំងបារាំង ដែលជាបន្លែ​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម ក្នុងការទទួលទានប្រចាំថ្ងៃ  ដូច្នេះបើសិនជាលោកអ្នក មានដីទំនេរ មិនដឹងថា ដាំដុះអ្វី អាចសាកល្បងជាមួយបន្លែ ទំពាំងបារាំង​នេះ​បាន ក្នុងការជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល របស់អ្នកទាំងអស់គ្នា ព្រោះវាជាប្រភេទរុក្ខជាតិមួយដែលផ្តល់អាយុកាលឲ្យផលយូរ។

សូមអរគុណ ចំពោះការ Like  សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រ គេហទំព័រ Farmer DNA របស់យើង ប្រសិន​​បើលោកអ្នក មានចំងល់ ឬចង់ដឹងពីព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះដឹង​ល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្មមកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts