ស្ពៃក្តោប ជាបន្លែមួយដែល មានភាពពេញនិយម ប្រើប្រាស់ទូទាំងប្រទេស។ វាអាចបរិភោគបានទាំងស្រស់ និងឆ្អិន ជាគ្រឿងផ្សំក្នុងមុខអាហារ ដ៏សម្បូរបែប។ លើសពីនេះទៀត ស្ពៃក្តោបផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដូច៖ សារធាតុចិញ្ចឹមមានប្រូតេអីន, ជាតិសរសៃ, វីតាមីន A, B, B6, C, K, ហ្វ័រឡាត, ម៉ង់ហ្គាណែស, កាល់ស្យូម, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, ជាតិដែក។
វាអាចជួយរក្សាការរលាកឱ្យនៅក្នុងលក្ខខណ្ឌសមស្រប ជួយធ្វើឱ្យការរំលាយអាហារប្រសើរឡើង, អាចជួយរក្សាសុខភាពបេះដូងអ្នក, អាចបន្ថយសម្ពាធឈាម, អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ជាដើម។
មកដឹងពីបច្ចេកទេសក្នុងការដាំដុះ ស្ពៃក្តោប ដូចខាងក្រោម៖
ការជ្រើសរើសពូជ
- ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
- ពូជសុទ្ធដែលមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
- ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
បចេ្ចកទេសដាំដុះស្ពៃក្តោប
ការបណ្តុះគ្រាប់ដាស់ដំណេក
មុនបណ្តុះត្រូវហាលថ្ងៃត្រជាក់ ៥ នាទី គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត ត្រាំទឹក ១៥នាទីសិន ឬច្រើនជាងនេះទើបផ្អាប់នឹងក្រណាត់ ១ -២ យប់ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
បណ្តុះក្នុងកន្ទោង
- ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត
- យកជីកំប៉ុស្ត មួយបង្គី លាយដីបី បង្គី
- យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
- យកគ្រាប់ពូជ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោងនីមួយៗ រួចយកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ
- បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
- ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
- រយៈពេល ១០ ថ្ងៃក្រោយ ត្រូវដកកូនស្ពៃ ចេញខ្លះទុកតែ ១ ដើម/កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
បណ្តុះផ្ទាល់ដី
- ចំពោះបណ្តុះផ្ទាល់ដី ត្រូវដាក់ ជីកំប៉ុស្ត លាយដីដំបូក ច្របល់អោយសព្វ ទើបយកគ្រាប់មកបណ្តុះ
- ត្រូវបណ្តុះអោយរង្វើលសមល្មម បន្ទាប់មកគ្របពីលើ ដោយចំបើង ដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
- ក្រោយមកស្រោច ទឹកអោយជោគ
- ក្នុងរយៈពេល១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
វិធីការពារកូនស្ពៃ
- គ្រាប់ពូជស្ពៃ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល ប្រើស្បៃការពារកូនស្ពៃ នូវពេលវាដុះ ពីសត្វល្អិត
- បាចផេះចង្កាន មុនពេលសាប ឬ បណ្តុះ
ការរៀបចំដីដាំដុះស្ពៃក្តោប
- ភ្ជួរហាលដីឲ្យស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
- ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត ធ្វើឲ្យដីធូរមានខ្យល់ចេញចូល
- បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ ងាយស្រួលក្នុង ការលើករង កាត់បន្ថយការកើត ជម្ងឺ បាក់តេរី វីរុស ផ្សិត
- លើករង ទទឹង ១ ម៉ែត្រ បណ្តោយ តាមស្ថានភាពដី
- លើករងបណ្តោយថ្ងៃ ទើបល្អកាប់ រណ្តៅ
- ដាក់ជីកំប៉ុស្ត ២ គ.ម/ម៉ែត្រការ៉េ
- ចន្លោះគុម្ពៈ ៥០ ស.ម ចន្លោះជួរ ៧០ ស.ម ចន្លោះរងមួយ ទៅរងមួយ ប្រមាណ៤០ ស.ម
- បន្ទាប់មក យកកូនស្ពៃដែលបណ្តុះ មកដាក់ដាំ តាមរណ្តៅដែលបានត្រៀមរួចនោះ
ការថែទាំស្ពៃក្តោប
- ការជំរះស្មៅ ពូនគល់ជំរះស្មៅ
- កុំអោយស្មៅ ដណ្តើមជីជាតិជាមួយដំណាំ
- បំបាត់ជម្រក របស់សត្វល្អិតផងដែរ
- ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ – ១០ ថ្ងៃ
- ផ្អាក់ស្រោចទឹក ១ ថ្ងៃប្រើចបចក់ ដើម្បីជំរះស្មៅ
- ធ្វើលើកទី២ នៅពេល ស្ពៃចង្កឹះកំពុងលូតលាស់
- ស្រោចទឹកមួយថ្ងៃ ២ដង
- នៅពេលស្ពៃក្តោប ចាប់ផ្តើមលូតលាស់ រហូតដល់ប្រមូលផល វាត្រូវការទឹកច្រើន
- ការប្រើប្រាស់ជីលើ
- មុនពេលដាំ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ឬប្រើ ២គ.ក្រ/ម៉ែត្រការ៉េ
- ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹក ១ លីត្រ លាយទឹកធម្មតា ១០-១៧ លីត្រ
- ពេលស្ពៃអាយុ២៥ ថ្ងៃ ប្រើជីកំប៉ុស្តទឹក១លីត្រ លាយទឹកធម្មតា ១៨លីត្រ ស្រោចលើផ្ទៃដី ១០ ម៉ែត្រការ៉េ បន្ទាប់មកស្រោចទឹកធម្មតា លាងតាមក្រោយអោយជោគ
- ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយស្ពៃក្តោប លូតលាស់បានល្អ
- ការកំចាត់សត្វល្អិត និងជម្ងឺ៖ សត្វល្អិតចង្រៃ៖ សត្វល្អិតលើដំណាំស្ពៃក្តោប
- ដង្កូវយោលទោង៖ មានពណ៌ខៀវដូចស្លឹកស្ពៃ វាស៊ីបកជាលិកាស្លឹកផ្នែកខាងក្រោម បំផ្លាញខ្លាំងនៅរដូវក្តៅ ពីខែធ្នូដល់មេសា។
- ដង្កូវហ្វូង៖ កើតពេញមួយឆ្នាំ ការបំផ្លាញរបស់វាពេល ដង្កូវទើប នឹងញស់ ។ វាស៊ីជា ក្រុមៗ ដល់ធំ វាចូលទៅជ្រកស៊ីក្នុង បណ្តូលនៅក្នុងដី។
- ទាកគូ៖ សត្វនេះមិនម៉ែនជាដង្កូវ តែវាមានស្លាបរឹងអាចលោត ឬហើរបាន។ វាស៊ីជាហ្វូងវាអាចកើតបានរហ័សលើដីស្ងួតមានកំដៅ។វិធានការ៖
- ត្រូវបាញ់ថ្នាំពុលធម្មជាតិ ១ លីត្រលាយទឹក ៥លីត្របាញ់ ១ សប្តាហ៍ម្តង បាញ់ពេលល្ងាចត្រជាក់
- ប្រើស្បៃគ្របពេញ ចំការតែម្តង ដើម្បីការពារមេអំបៅជំងឺ៖ ស្ពៃក្តោបតែងតែជួបបញ្ហាជម្ងឺដូចជា
- ជម្ងឺបាក់តេរី ភាគច្រើនធ្វើអោយរលួយក្តោបមានក្លិនស្អុយ ហើយទន់។
- ក្រុមជម្ងឺវីរុស ធ្វើអោយកោសិការួញលូតលាស់វាបណ្តាលមកពីពួកចៃ បំផ្លាញ។វិធានការ៖
- បន្ថយការស្រោចទឹក និងស្រោចជីអាសូត
- ទុកដីអោយស្ងួតដកស្មៅអោយស្អាត
- បាចកំបោរកន្លែងកើតជម្ងឺ ដើម្បីការពារកុំអោយរីករាលដាល
- ដកដើមដែលមាន កើតមានជម្ងឺចេញ លាយទឹកកំបោរ បាញ់លើដើមដែលកើតជម្ងឺ
- បាញ់ថ្នាំសម្លាប់ចៃ មមាច និងទ្រីប និងដកដើមទាំងនោះចោល
ការប្រមូផល
- ការប្រមូលផល ត្រូវធ្វើឡើងតាមប្រភេទពូជ
- ពូជធ្ងន់មានអាយុកាល ៩០-១១០ថ្ងៃ
- ពូជស្រាលពីអាយុ ៧០-៨០ ថ្ងៃ
- មុនប្រមូលផល ត្រូវផ្អាកស្រោចទឹក រយៈពេល៥ថ្ងៃ ដើម្បីអោយស្ពៃក្តោបណែនល្អ
- ពេលកាត់ រក្សាសន្លឹកខៀវ ព័ទ្ធជុំវិញក្តោបចំនួន ៣-៤សន្លឹក ដើម្បីរក្សាទុកបានយូរ និងធានាការដឹកជញ្ជូន ទៅកាន់ទីឆ្ងាយៗ
ចំណាប់អារម្មណ៍៖
នៅក្នុងប្រទេសយើង ដោយសារតែ ស្ពៃក្តោប ពិបាកក្នុងការដាំដុះ ប៉ុន្តែមានភាពងាយស្រួល ក្នុងការលក់នៅលើទីផ្សារ។
អត្ថបទខាងលើ អាចជួយដល់លោកអ្នក បង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារ តាមរយៈការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេសមួយ ចំនួនពី របៀបដាំដុះ ថែរក្សាដំណាំ រហូតដល់ទទួលបានផល។
យើងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ ពីបន្លែ ស្ពៃក្តោប នេះអាចទទួលបាន បច្ចេកទេសសាមញ្ញៗ ក៏ដូចជាចំណេះដឹង ទាក់ទងខាងផ្នែកកសិកម្ម និងមួយផ្នែកទៀត ដែលស្រលាញ់ការដាំដុះជាលក្ខណៈគ្រួសារ ក៏អាចសាកល្បងបាន។
សូមអរគុណ ចំពោះការ Like សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រគេហទំព័រ Farmer DNA របស់យើង ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពី ព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្ម មកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!