ត្រសក់ផ្អែម ឬមីឡុងជាដំណាំ មិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ។ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយម ចូលចិត្តបរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ ផ្លែនេះមានរសជាតិផ្អែម និងមានសារធាតុចិញ្ចឹមច្រើនដែលមានប្រយោជន៍ដល់រាងកាយ សារធាតុចិញ្ចឹម កាឡូរី, កាបូអ៊ីដ្រាត, ជាតិសរសៃ, ប្រូតេអ៊ីន, ជាតិខ្លាញ់, វីតាមីនC, B6, K, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, Folate។ លើសពីនេះ ត្រសក់ផ្អែម មានគុណតម្លៃក្នុងការបន្ថយសម្ពាធឈាម, ជួយសុខភាពឆ្អឹង, ជួយរក្សាលំនឹងជាតិស្ករក្នុងឈាម, ជួយសុខភាពស្បែក, ពង្រឹង ប្រព័ន្ធភាពស៊ាំ, ជួយសម្រួលដល់ការរំលាយអាហារ, ជួយសុខភាពភ្នែក។
ដើម្បីដាំដុះ ដំណាំត្រសក់ផ្អែម បានជោគជ័យ ទទួលបានទិន្នផលល្អ យើងខ្ញុំបានលើកយក បច្ចេកទេស ក្មុងការដាំដុះ ដំណាំត្រសក់ផ្អែម មកបង្ហាញជូនបងប្អូនដូចខាងក្រោម៖
ការជ្រើសរើសពូជ
ពូជត្រសក់ផ្អែមចែក ៣ ប្រភេទ៖
- ពូជសាច់ពណ៌លឿង (សូវ៉ិត) នាំមកពីប្រទេសថៃ
- ពូជសំបកលឿង សាច់ពណ៌ខៀវ (ពូជស៊ីថង) នាំមកពីប្រទេសថៃ
- ពូជសំបកខៀវ សាច់ខៀវ (ពូជតាខាយ) នាំមកពីប្រទេសចិន។ ត្រសក់ទាំង ៣ពូជ នេះមានការនិយមចូលចិត្តច្រើននៅតាមទីផ្សារ
ការជ្រើសរើសដី និងការរៀបចំដី
- ដីដែលត្រូវដាំត្រសក់ផ្អែម ត្រូវជ្រើសរើសដីខ្ពស់ មិនលិចទឹកនៅរដូវវស្សា
- ចំពោះរដូវប្រាំង គេអាចដាំនៅលើដីស្រែ តែត្រូវនៅជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព
- មុនដាំត្រូវភ្ជួរដីហាលចោល ១សប្តាហ៍
- បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី
- ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើ
- កាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣០ស.ម
ការបណ្តុះកូន
ការរៀបចំគ្រាប់ពូជ៖
- ថ្នាលបណ្តុះកូន ត្រូវដាក់នៅកន្លែង មានកំដៅថ្ងៃល្អ
- រៀបចំល្បាយដីផ្សំ ដូចជា ស្រកីដូងម៉ដ្ឋ ដីស្រទាប់លើ ជីកំប៉ុស្តគោក និងធ្យូងផេះអង្កាម ដោយលាយបរិមាណស្មើគ្នា (១ភាគៗ) ច្របល់ចោលគ្នា ហើយចំអិនសម្លាប់មេរោគ
- ដាស់ដំណេកគ្រាប់សិន ដោយត្រាំទឹកក្តៅឧណ្ឌៗ
- យកដីខ្សាច់លាងទឹកឲ្យស្អាត រួចហាលថ្ងៃឲ្យស្ងួត ឬលីងដីខ្សាច់ឲ្យស្ងួត រួចទុក១ឡែក
- ចាក់ទឹកក្តៅ១កូនកែវ សម្រាប់ដីខ្សាច់១គ.ក្រ ផ្សើមដីតិចៗ
- ដាក់ក្រណាត់ដែលមានពង្រាយគ្រាប់ពូជ នៅលើដីខ្សាច់នោះ រួចរុំក្រណាត់ឲ្យជិតល្អ ហើយដាក់ដីខ្សាច់គ្របពីលើ ផ្អាប់ក្នុងធុងទឹកកក ដាក់ហាលថ្ងៃរយៈពេល ២៤ម៉ោង ទើបយកគ្រាប់ចេញពន្លក ទៅដាក់លើថាសបណ្តុះ
- ដាក់ថាសបណ្តុះ ក្នុងរោងបណ្តុះ ដាក់ឲ្យត្រូវពន្លឺថ្ងៃ ស្រោចទឹកពេលព្រឹក១ដង/ថ្ងៃ
រោងបណ្តុះកូន៖
- ធ្វើពីសំណាញ់ល្អិត ពណ៌ស វាមិនសូវទាក់ទាញសត្វល្អិត
- រោងទំហំ ១,៥ម៉ែត្រ X ២ម៉ែត្រ X កម្ពស់ ១,៥ម៉ែត្រ
- ធ្វើរោងឲ្យផុតពីដី ហើយអាចចល័តបាន
- បន្ថយការស្រោចទឹក ២ថ្ងៃមុនដាំ
- កូនត្រសក់ អាយុ ១០-១២ថ្ងៃ អាចដកយកទៅដាំបាន
ការរៀបចំដីដាំដុះ
- ភ្ជួរហាលដី មុនដាំកូន ១៥ថ្ងៃ
- រាស់បំបែកដីឲ្យបានល្អ មុនលើករង
- លើករងដោយដាក់ជីទ្រាប់បាត និងរៀបចំប្រព័ន្ធស្រោចស្រព
- ដីរង ១០០ម៉ែត្រការ៉េ ដាក់ជីទ្រាប់បាត ជីកំប៉ុស្តគោក២០០-៣០០គ.ក្រ ជី២០-២០-១៥ ចំនួន ១,៥គ.ក្រ និងកំបោរស ៣-៤គ.ក្រ
- លើករង កម្ពស់ ២០-៤០ស.ម ទទឹងរង ១ម៉ែត្រ បណ្តោយតាមសណ្ឋានភាពដី
- រួចហើយស្រោចទឹកឲ្យជោគ គ្របរងដាំ ដោយកៅស៊ូគ្របដី មុនដាំ ៧ថ្ងៃ
- មុនដាំត្រូវចោះ កៅស៊ូគ្របដី ដោយទុកចន្លោះពីគុម្ពនីមួយៗ ៥០ស.ម និងចន្លោះជួរនីមួយ ៦០ស.ម
ការដាំដុះកូន
- ដាំកូនត្រសក់នៅពេលរសៀលត្រជាក់
- ដាក់រាយជីកំប៉ុស្តសម្រាប់ទាប់បាតរណ្តៅកូន នៅលើរងក្បែររណ្តៅ
- កាយដីរណ្តៅចេញបន្តិច រួចកាយជីកំប៉ុស្តចូលបន្តិច ច្របល់ឲ្យសព្វ
- ដកកូនចេញពីកន្ទោង ឬថាសបណ្តុះ ដោយថ្នមៗ រួចដាក់កូនត្រសក់ក្នុងរណ្តៅ រួចកាយជីកំប៉ុស្តលុបរណ្តៅ ត្រឹមគល់ដីបណ្តុះកូនត្រសក់
- ស្រោចទឹកល្មម ដើម្បីឲ្យដីចូលកប់ជិតជុំវិញឬស បានល្អ
ការរៀបចំទ្រើង
- ប្រើខ្សែវេញចងក្រវាត់ ស្រាក់លើបង្គោលទ្រើង ជា៣ជាន់ ខ្សែខាងក្រោមជាប់និងថង់គ្រប ខ្សែកណ្តាលកម្ពស់ ១ម៉ែត្រ ខ្សែទី៣ កម្ពស់ ១,៥ម៉ែត្រ ពីដី
- ប្រើខ្សែអំបោះវេញតូច ចងប្រទាក់នឹងខ្សែបង្គោលទ្រើង ៣ជាន់តាមដើមនីមួយៗ សម្រាប់ឲ្យដើមត្រសក់តោងវាឡើង
ការថែទាំ
ការតាក់តែងមែក៖
- ត្រសក់ចាប់ចេញផ្កា តាំងពីធាងស្លឹកដំបូង ប៉ុន្តែគេត្រូវកាត់ចេញ ដើម្បីឲ្យដើម និងក្តិបទុកយកផ្លែ ថ្លោសល្អ និងលូតលាស់ឆាប់រហ័ស
- កាត់ដោយប្រើ កន្ត្រៃ មានសាប៊ូ/អាល់កុល សម្លាប់មេរោគ
- បន្ទាប់ពីកាត់ខ្នែងនីមួយៗ ត្រូវជ្រលក់កន្ត្រៃនិងសាប៊ូ/អាល់កុល
- ខ្នែង ស្លឹកដែលកាត់ចេញ ត្រូវប្រមូលដាក់ថង់ កប់ឬដុតចោល កុំឲ្យឆ្លងជំងឺ
- ស្លឹកក្រោមៗ ស្លឹកជាប់នឹង កៅស៊ូគ្រប ត្រូវកាត់ចោលឲ្យស្រលះគល់ ដើម្បីកុំឲ្យឆ្លង
- ខ្នែងដែលត្រូវទុកយកក្តិប (ផ្លែ) ចាប់ពីខ្នែងទី៨-១២
- បន្ទាប់ពីក្តិបផ្លែកាន់ហើយ ត្រូវកាត់ក្រៀវ ត្រួយខ្នែងទុកក្តិប ត្រឹមថ្នាំងទី២ បន្ទាប់ពីថ្នាំងមានក្តិបចោល ដើម្បីឲ្យដើមចិញ្ចឹមក្តិប ទុកយកផ្លែនោះបានល្អ
ការចងផ្លែ៖
- បន្ទាប់ពីទុកផ្លែហើយ ក្តិបផ្សេងៗ ត្រូវកាត់ចោល
- ផ្លែដែលត្រូវទុក ចងបន្តោងវាទៅនឹងខ្សែទ្រើង
- ចងផ្លែ ជួយទប់លំនឹងដើម និងការពារកុំឲ្យវាប៉ះនិងដី ឬកៅស៊ូគ្រប ដែលធ្វើឲ្យផ្លែរលួយ ក្រិនគូថ ឬសត្វចោះ
- ចងបន្តោងផ្លែ ដោយប្រើខ្សែប៉ៃ ចងសម្លាប់មុខ កុំឲ្យរអិលរឹតរួត កណ្តង់ទងផ្លែ
- ទុកចន្លោះ ឲ្យរលុង រវាងខ្សែ និងទងផ្លែ
- ប្រើខ្សែពណ៌ខ្មៅ ទឹកប្រាក់ ប្រផេះ ឬស ដែលមិនសូវទាក់ទាញសត្វល្អិត សម្រាប់ចងផ្លែ
- បន្ទាប់ទុកក្តិបយកផ្លែហើយ ត្រូវបន្តកាត់ខ្នែង ផ្កា ក្តិប ដែលមិនត្រូវការចោល
- ពេលត្រសក់ចេញស្លឹក ២៤ហើយ ត្រូវក្រៀវដើមមេចោល
- កាត់ចោលត្រួយ ខ្នែង ផ្កា ចោលដើម្បីសន្សំជី សារធាតុចិញ្ចឹម និងកាត់បន្ថយសត្វល្អិត
ការស្រោចស្រព៖
- វិធីស្រោចស្រពល្អ គឺប្រើប្រាស់ ប្រព័ន្ធស្រោចស្រពដំណក់ទឹក ដែលអាចជួយគ្រប់គ្រងបរិមាណទឹក និងការបំប៉នជីទឹក ដែលដំណាំនេះ ត្រូវការសម្រាប់លូតលាស់ និងជម្រួញផ្លែឲ្យផ្អែម
- មិនត្រូវស្រោចទឹក ដោយបាញ់ស្រោចទឹក ពីលើដើមឡើយ ព្រោះវាងាយបង្កជំងឺផ្សិតលើស្លឹកនិងដើម
- ស្រោចទឹកស្អាត នៅពេលព្រឹក និងស្រោចលាយទឹកជំកំប៉ុស្តទឹកពេលល្ងាច
- ស្រោចទឹកអាចធ្វើ១ថ្ងៃ ឬ២ថ្ងៃម្តង អាស្រ័យប្រភេទដី
ការប្រើប្រាស់ជីបំប៉នទឹក៖
- ការស្រោចស្រព ធ្វើឡើងតាមរយៈប្រព័ន្ធស្រោចស្រពដំណក់ទឹក
- ប្រើជីបំប៉នទឹក នៅពេលកូនត្រសក់ពេល អាយុ៧ថ្ងៃ ក្រោយដាំរហូត ដល់អាយុ៤៥ថ្ងៃ ឬរហូតដល់ទុកក្តិបល្អ១ សម្រាប់យកផ្លែធំ
- ប្រើជីកំប៉ុស្តទឹក១លីត្រ លាយទឹក២០លីត្រ ប្រើរយៈពេល ៥-៧ថ្ងៃម្តង
- រយៈពេលស្រោច ២០នាទី សម្រាប់ផ្ទៃដីថ ៣០០ម៉ែត្រការ៉េ
ការប្រមូលផល
- ត្រសក់ផ្អែម អាចប្រមូលផលបាន នៅអាយុ ៦៥-៧៥ថ្ងៃ ក្រោយពីដាំ
- មុនប្រមូលផល ២ថ្ងៃ ត្រូវឈប់ស្រោចទឹក ដើម្បីឲ្យផ្លែមានរសជាតិផ្អែម
ចំណាប់អារម្មណ៍៖
តាមរយៈអត្ថបទខាងលើនេះ នឹងជួយដល់អ្នក ពីវិធីសាស្ត្រក្នុងការដាំដុះ ត្រសក់ផ្អែម ឲ្យទទួលបានទិន្នផលល្អ។ ចំពោះដាំដំណាំនេះ ក៏អាច ដាំក្នុងផើងបានដែរ សម្រាប់អ្នកដែលទីធ្លាផ្ទះតូច ដីចង្អៀត ដាំឲ្យវារតោងតាមរបងផ្ទះក៏បាន។
ដូច្នេះបងប្អូន អាចពិចារណាក្នុងការដំាំដុះ ត្រសក់ផ្អែម នេះបាន តែវាទាមទារ នូវបច្ចេកទេសដាំដុះ និងថែទាំយកចិត្តទុកដាក់ ដើម្បីអាចទទួល បានទិន្នផល និងរសជាតិផ្អែមឆ្ងាញ់ ហើយវាក៏អាចជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារបានមួយផ្នែកផងដែរ ។
សូមអរគុណ ចំពោះការ Like សូមជួយ Share ចែករំលែក អត្ថបទខាងលើនេះបន្ត ដើម្បីគាំទ្រគេហទំព័រ Farmer DNA របស់យើង ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពី ព័ត៌មានបន្ថែម ឬបច្ចេកទេសល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរក ចំណេះដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្ម មកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!