បច្ចេកទេស ចិញ្ចឹមក្រួចយកសាច់ លក្ខណៈគ្រួសារ

ក្រៅពីការទទួលទាន សាច់មាន់ សាច់ទាមក ក្រួចជាសត្វបក្សីមួយដែល ពេញនិយមបរិភោគ ពីបងប្អូនប្រជាពលរដ្ឋយើង។ ក្រួចសាច់ ត្រូវបានប្រើប្រាស់ សម្រាប់ធ្វើម្ហូបអាហារ ជាច្រើនមុខ ទាំងនៅតាមផ្ទះ តាមអាហារដ្ឋាន ភោជនីយដ្ឋាន រមណីយដ្ឋាន កន្លែងកំសាន្តតូច ធំ ជាដើម។ ដោយសារ តម្រូវការទទួលទានប្រចាំថ្ងៃបែបនេះ ធ្វើឲ្យការចិញ្ចឹមក្រួចយកសាច់ មានកំនើនគួរឲ្យកត់សំគាល់។

ខាងក្រោមនេះ គឺជាបច្ចេកទេសក្នុងការចិញ្ចឹមក្រួចសាច់ ជាលក្ខណៈគ្រួសារ

https://www.youtube.com/watch?v=t9fyJw7p9hk

ពូជក្រួច

  • ពូជក្រួច ដែលគេនិយមចិញ្ចឹមក្នុងស្រុក គឺមានតែពូជជប៉ុនទេ វាមាន៣ពណ៌ គឺឆ្នូតខ្មៅលាយស ឬលាយក្រហម និង លឿង ហើយស៊ុតមានពណ៌ស
  • ពូជនេះ ងាយស្រួលចិញ្ចឹម ការលូតលាស់លឿន ឆាប់បានស៊ុត ផ្តល់ស៊ុតច្រើន ព្រមទាំងមានភាពស៊ាំ ទៅនឹងជម្ងឺខ្ពស់
  • ចាប់ផ្តើមចិញ្ចឹមដំបូង ត្រូវទិញមេបាពូជ ពីអ្នកចិញ្ចឹមផ្សេងៗ
  • ត្រូវជ្រើសរើសកូនក្រួចណា ដែលមានសភាពលក្ខណៈល្អ សម្រាប់ជាពូជជំនាន់ក្រោយ
  • ត្រូវការពារនូវការបង្កាត់ជាន់ឈាម
  • សម្រាប់ក្រួច ចិញ្ចឹមយកសាច់ និងក្រួច ចិញ្ចឹមយកពង ត្រូវដាក់ចិញ្ចឹម ដាច់ដោយឡែកពីគ្នា ដើម្បីងាយស្រួលក្នុងគ្រប់គ្រង វដ្តផលិតកម្ម

ទីតាំងសម្រាប់ចិញ្ចឹម

  • ក្រួចត្រូវការទីកន្លែងតូច មិនចាំបាច់ត្រូវមានទីធំ ដូចជាមាន់ទាឡើយ ទីតាំងអាចមានទំហំ ១ ម៉ែត្រក្រឡាអាចឱ្យ យើងដាក់ក្រួចបាន ចំនួន១០០ក្បាល
  • ត្រូវជ្រើសរើសទីកន្លែងណាមួយ ដែលសមស្របបំផុតទីទួល ទីស្រឡះមានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃចូលដល់ និងមានប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឱ្យវា

រោងសម្រាប់ចិញ្ចឹម

  • រោងសម្រាប់ចិញ្ចឹមក្រួច អាចសង់ឡើង ឲ្យខ្ពស់ពីដីក៏បាន ឬអាចចិញ្ចឹមវានៅលើដីផ្ទាល់ ឬអាចធ្វើជាកម្រាលក្រាល ដោយសំណាញ់ភ្នែកក្រួច ទៅតាមលទ្ធភាពដែលអ្នកមាន
  • ដំបូលរោងគួរប្រក់ស្លឹក ឬស្បូវដើម្បីកាត់បន្ថយកំដៅ បើប្រើស័ង្កសីសម្រាប់ប្រក់ គួរតែធ្វើដំបូលនោះឱ្យខ្ពស់បន្ដិច ដើម្បីកាត់បន្ថយកំដៅនៅខែប្រាំង
  • ជញ្ជាំងទ្រុងអាចធ្វើពីសំណាញ់ យ៉ាំងកា វឬសំណាញ់ភ្នែកក្រួច ក៏បានបើមានលទ្ធភាព តែបើមិនមានលទ្ធភាព ទេអាចត្បាញជាព្រួល ដើម្បីធ្វើជាជញ្ជាំងឱ្យវាក៏បាន

ចំណីក្រួច

  • ចំណីមិនត្រូវឱ្យខ្វះឡើយ បើពុំនោះទេកូនដែលញាស់ មកវាទន់ជើងនេះ គឺបណ្ដាលមកពីការឱ្យចំណី ដល់មេវាមិនបានគ្រប់គ្រាន់
  • ចំណីនិងទឹកសម្រាប់ក្រួច៖ យើងអាចប្រើប្រាស់ ចំណីសម្រាប់កូនមាន់ ឬចំណីមាន់ធំធម្មតា ដើម្បីផ្ដល់ឱ្យក្រួច ដោយប្រើគ្រឿងដាក់ ចំណីកូនមាន់ សម្រាប់ដាក់ចំណីឱ្យវាស៊ី ចំពោះគ្រឿងសម្រាប់ដាក់ទឹក វិញនោះយើងអាចប្រើ ប្រដាប់ដាក់ទឹកឱ្យកូនមាន់ ឱ្យវាផឹកបាន តែត្រូវលាងសំអាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មី ឱ្យវាឱ្យបានគ្រប់គ្រាន់ ជាប់ជាប្រចាំ
  • ត្រូវប្រើទឹកស្អាតជានិច្ច បើប្រើទឹកអណ្ដូង សូមដងមករក្សាទុកក្នុងអ្វីមួយ ហើយដាក់ចំហរឲ្យបានមួយថ្ងៃ មុនយកឲ្យក្រួចផឹក ។
  • សម្រាប់ចំណីលាយខ្លួនឯង អាចលាយកន្ទក់ម៉ត់លេខមួយ ឬប្រើពោតក្រហម ដើម្បីលាយបន្ថែម ជាមួយចំណីមាន់ទិញមកស្រាប់ នោះក្នុងអត្រា ១០ ភាគរយ។
  • កន្ទក់ជួយបង្កើនសាច់ឱ្យវាឆាប់ធាត់,
  • ពោតជួយបង្កើនការលូតលាស់
https://www.popular.com.kh/social/279818.html/

ការផ្ដល់ចំណីក្រួច

  • ក្នុងមួយថ្ងៃត្រូវដាក់ចំណី ឱ្យវាស៊ីចំនួន ៣ដង ពេលនៅតូច និងបន្ថយមកនៅត្រឹម ២ដង ពេលវាអាយុបានចំនួន ២០ថ្ងៃ ។
  • ក្រួចមួយក្បាល អាយុ ៥សប្ដាហ៍ស៊ីចំណី អស់ប្រមាណជា ៥០០ ក្រាម
  • ក្រួចអាយុ ៦ខែ ស៊ីចំណីប្រហែលជា ៣០-៣៥ក្រាម/ថ្ងៃ
  • លាយកន្ទក់ម៉ត់ លេខមួយ១៥% ឬប្រើពោតក្រហម ១០% មកលាយបន្ថែមជាមួយចំណី មាន់ទិញមកស្រាប់
  • ដើម្បីឲ្យក្រួចពងបាន ចំនួន១២ពង ត្រូវផ្ដល់ចំណីឲ្យវាចំនួន ៤០០ក្រាម
  • ក្រួចញីមានអាយុ ៦សប្ដាហ៍មានទម្ងន់ចំនួន ១៧៥ ទៅ ២០០ក្រាម
  • ក្រួចឈ្មោលវិញមាន ទម្ងន់ ១៥០ក្រាមតែប៉ុណ្ណោះ

រូបមន្តធ្វើចំណីក្រួចដោយខ្លួនឯង

ពេលក្រួចញាស់រហូតដល់២១ថ្ងៃ

  • ពោតក្រហម ២៧ %
  • សណ្ដែកសៀង ៨ % ជំនួសដោយម្សៅ ដំឡូង ត្រាវ ថោកជាង
  • កន្ទក់ធុនល្អ ៨ %
  • ពោតសាឡី ១៥ % ជំនួសដោយចុងអង្ករទាំងស្រុងបាន
  • ម្សៅត្រីស្ងួត ១០ %
  • ព្រីម៉ិច ២.៥ %
  • លាយចំណីមាន់កូន ២៧.៥ %
  • ម្សៅសំបកងាវ ២ %

ចាប់ពីអាយុ ៤ទៅ៦សប្ដាហ៍

  • ពោតក្រហម ៣១ %
  • សណ្ដែកសៀង ៥ %
  • កន្ទក់ធុនល្អ ៨ %
  • ពោតសាឡី ១៤ % ជំនួសដោយចុងអង្ករបាន
  • ម្សៅត្រីស្ងួត ១០ %
  • ព្រីម៉ិច ២.៥ %
  • ម្សៅសំបកងាវ ២ %
  • លាយចំណីមាន់ធំ ២៧.៥ %

ការផ្តល់ចំណីសម្រេចរបស់ក្រុមហ៊ុន

  • ចំណីក្រូច សាច់ របស់ លេខ 3710 សម្រាប់ក្រួចសាច់ ក្រុមហ៊ុន ANT
  • ចំណីសម្រេច ប្រភេទម៉ដ្ឋ សំរាប់ក្រួចអាយុពី​ ០ថ្ងៃ ដល់ ៣៥ ថ្ងៃ
  • ចំណីក្រួចសាច់ លេខកូដ Q8 សម្រាបក្រួច់ ក្រុមហ៊ុន Agri-Master
  • ចំណីសម្រេច ប្រភេទម៉ដ្ឋ សំរាប់ក្រួចអាយុ ពី​ ០ថ្ងៃ ដល់ ៣៥ ថ្ងៃ ផ្សំឡើងដោយរូបមន្តពិសេស មានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ងាយស្រួលរំលាយ និងស្រូបយក ថែមទំាងមានឳសថ និងជីវជាតិ ជួយថែបំប៉នកូនក្រួច អោយមានសុខភាពរឹងមំា និងផ្តល់ការលូតលាស់រហ័ស ។

ការថែទាំក្រួច

  • នៅក្នុងទ្រុងនេះយើងចាំបាច់ត្រូវសំអាតវាឱ្យស្អាតជានិច្ចមិនត្រូវឱ្យសត្វឆ្កែឆ្មាកណ្ដុរចូលបានឡើយព្រោះសត្វទាំងនេះវាអាចជាអ្នកចម្លងមេរោគទៅសត្វក្រួចបាន។
  • ត្រូវដាក់កូនក្រួចដែលនៅតូចឬទើបភ្ញាស់ ដាច់ដោយឡែកពីមេក្រួចឬក្រួចធំៗ
  • រូបរាងរបស់ទ្រុងមិនសំខាន់ទេតែអ្វីដែលសំខាន់គឺត្រូវធ្វើគម្របដើម្បីបើកបិទពីខាងលើគម្របទ្រុងនេះត្រូវធ្វើប្រហោងដើម្បីអាចដាក់ចង្កៀងដើម្បីកំដៅកូនក្រួចនៅពេលវានៅតូចដើម្បីផ្ដល់កំដៅឱ្យវា។មួយវិញទៀតនោះចង្កៀងនេះអាចជួយបណ្ដេញមូសនិងសត្វល្អិតនានាកុំឱ្យមកទិចឬខាំកូនក្រួចនោះផងដែរ
  • ក្រួចជាសត្វដែលឈ្នះជម្ងឺយើងមិនចាំបាច់ចាក់វ៉ាក់សាំងឱ្យវាទេតែត្រូវមានការថែទាំដិតដល់

ការការពារជម្ងឺបក្សី

ជម្ងឺក្រួច ដូចគ្នាទៅនឹងជម្ងឺមាន់ គ្រាន់តែក្រួចមានភាពធន់នឹងរោគ (ស៊ាំនិងជម្ងឺ) ជាងមាន់។ ជម្ងឺដែលច្រើនកើតលើសត្វក្រួច ហើយជួបប្រទះញឹកញាប់ គឺ ជម្ងឺញូវកាស ជម្ងឺអុត ជម្ងឺផ្តាសាយ ឬកុកស៊ីឌីយ៉ូស៊ីសជាដើម។

អ្នកចិញ្ចឹម ត្រូវអនុវត្តគោលការណ៍ និងប្រើវិធីការពារដូចខាងក្រោម៖

  • ត្រូវថែរក្សាសុខភាពបក្សី ឲ្យបានល្អជាប្រចាំ ដោយត្រួតពិនិត្យហ្វូងសត្វ បើជួបប្រទះបក្សីងាប់ច្រើនក្បាលក្នុង១ថ្ងៃ ឬខុសប្រក្រតីនោះ ត្រូវរកបុព្វហេតុនិងបំផ្លាញបក្សីទាំងនោះចោលភ្លាម ព្រមទាំងធ្វើការបង្អាក់សកម្មភាពមេរោគនៅកន្លែងចិញ្ចឹម
  • ត្រូវធ្វើការទិញចូល ស៊ុត ឬបក្សី ពីប្រភពដែលយើងប្រាកដចិត្តថា គ្មានជម្ងឺឬមេរោគឆ្លង
  • សម្រាប់ដែលនាំមកពីក្រៅ ត្រូវបង្ឃាំងទុកមួយរយៈ ដើម្បីត្រួតពិនិត្យ មុននឹងយកចូលក្នុងហ្វូង
  • មុខរោងចិញ្ចឹម ត្រូវដាក់ទឹកថ្នាំសម្លាប់មេរោគ ដើម្បីជ្រលក់ជើងមនុស្ស សត្វ ឬយានយន្តផ្សេង ក្នុងការការពារការចម្លងមេរោគចូល
  • ព្យាយាមការពារ បក្សី កណ្តុរ ឆ្កែ ឆ្មារ ឬសត្វផ្សេងៗ ចូលមកក្នុងរោងចិញ្ចឹម
  • ត្រូវធ្វើវ៉ាក់សាំង ដល់បក្សីតាមកាលកំណត់ ដើម្បីការពារ ជម្ងឺផ្សេងៗ
  • ដើម្បីសម្លាប់មេរោគ ក្នុងទូរភ្ញាស់ ការអប់ថ្នាំប្រើផ្លែទទឹម ជាទឹកក្បុងផ្សំ ជាមួយហ្វ័រម៉ាលីន (Phormaline) បង្កើតជាឧស្ម័នហ្វ័រម៉ុល(Phormol) អាចសម្លាប់មេរោគបាន បិទទ្វារទូរ បើកង្ហារបក់ផ្សែង ឲ្យសព្វប្រមាណ ២០-៣០នាទី ទើបបើកទ្វារទូរ ឲ្យខ្យល់ចេញចូល អស់ក្លិនឧស្ម័ន។

ការប្រមូផល

  • ក្រួចសាច់ត្រូវការពេលវេលាចិញ្ចឹមចំនួន២៨-៣០ថ្ងៃ ឡើងទៅ អាចលក់សាច់បានហើយ

ចំណាប់អារម្មណ៍

មុខរបរ ចិញ្ចឹមក្រួចសាច់ ជាលក្ខណៈគ្រួសារ ជាមុខរបរ ដែលបងប្អូនកសិករមិនគួរមើលរំលងនោះទេ ព្រោះបងប្អូន ក្រៅពីការធ្វើស្រែចម្ការ អាចចិញ្ចឹមក្រួចនៅផ្ទះបាន ដែលវាងាយស្រួល ក្នុងការគ្រប់គ្រង នៅផ្ទះ ទោះបី ជាបងប្អូន មានដីទំនេរតូចល្មម ក៏អាចចីញ្ចឹមបានដែរ។ ម្យ៉ាងទៀត ការចិញ្ចឹម ក្រួចសាច់ចំណាយ រយៈពេលខ្លី ឆាប់បានប្រមូលផល តម្លៃលក់នៅលើទីផ្សារ មានតម្លៃសមរម្យ។ ដូច្នេះ សម្រាប់ បងប្អូន មានបំណង ចង់បង្កើតមុខរបរ ជាប្រភពចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារ អាចពិចារណា ចំពោះមុខរបរ ចិញ្ចឹមក្រួចសាច់នេះបាន។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts