ពងក្រួច ត្រវបានគេទទួលទាន ដូចពងមាន់ ពងទាដែរ។ ដោយតម្រូវការហូបចុកនេះ ធ្វើឲ្យការចិញ្ចឹមក្រួចយកពង កំពុងមានការចាប់អារម្មណ៍ ពីសំណាក់បងប្អូនយើងមួយចំនួន។ សម្រាប់បបងប្អូនដែល កំពុងចង់បង្កើតមុខរបរថ្មី ឬឬរកមុខរបរបន្ថែម អាចសាកល្បងជាមួយ ការចិញ្ចឹមក្រួចនេះ ជាពិសេសការចិញ្ចឹមក្រួចយកពង ឬចង់ចិញ្ចឹមមេបាក្រួច សម្រាប់លក់។
ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការចិញ្ចឹមក្រួចយកពង៖
ពូជក្រួច
- ពូជក្រួច ដែលគេនិយមចិញ្ចឹមក្នុងស្រុក គឺមានតែពូជជប៉ុនទេ វាមាន៣ពណ៌ គឺឆ្នូតខ្មៅលាយស ឬលាយក្រហម និង លឿង ហើយស៊ុតមានពណ៌ស
- ពូជនេះ ងាយស្រួលចិញ្ចឹម ការលូតលាស់លឿន ឆាប់បានស៊ុត ផ្តល់ស៊ុតច្រើន ព្រមទាំងមានភាពស៊ាំ ទៅនឹងជម្ងឺខ្ពស់
- ចាប់ផ្តើមចិញ្ចឹមដំបូង ត្រូវទិញមេបាពូជ ពីអ្នកចិញ្ចឹមផ្សេងៗ
- ត្រូវជ្រើសរើសកូនក្រួចណា ដែលមានសភាពលក្ខណៈល្អ សម្រាប់ជាពូជជំនាន់ក្រោយ
- ត្រូវការពារនូវការបង្កាត់ជាន់ឈាម
ការជ្រើសរើសភេទ
ក្រួចទើបកើតមក មិនអាចកំណត់ពីភេទ បានច្បាស់លាស់នោះទេ រហូតដល់ អាយុ ៣-៤សប្តាហ៍ ចាប់ផ្តើមជ្រើសរើសភេទបាន
ក្រួចឈ្មោល៖
- រោមនៅលើទ្រូង ពណ៌ពណ៌ក្រហមលាយត្នោត ឬពណ៌លឿងឆ្លាស់ពណ៌ត្នោតលាយស
- មានអវៈយវៈភេទ ជាក្រពេញបន្តពូជ បើច្របាច់គូទ និងមានទឹកពពុះពណ៌សចេញមក បើញីមិនមានទេ
- សម្លេងរងាវ ឈ្មោល “បូល”លឺខ្លាំង តែញីមិនបូលទេ
ក្រួចញី៖
- ពណ៌រោមដើមទ្រូង ខុសពីឈ្មោល មានចំណុចខ្មៅៗអុចៗ ជុំវិញដើមទ្រូង ឬគេហៅថា “ខ្សែក”
- កាត់ចំពុះ កុំឲ្យបក្សីចឹកគ្នា និងស្រួលស៊ីចំណី
ទីតាំងសម្រាប់ចិញ្ចឹម
- ក្រួចត្រូវការទីកន្លែងតូច មិនចាំបាច់ត្រូវមានទីធំ ដូចជាមាន់ទាឡើយ ទីតាំងអាចមានទំហំ ១ ម៉ែត្រក្រឡាអាចឱ្យ យើងដាក់ក្រួចបាន ចំនួន១០០ក្បាល
- ត្រូវជ្រើសរើសទីកន្លែងណាមួយ ដែលសមស្របបំផុតទីទួល ទីស្រឡះមានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃចូលដល់ និងមានប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឱ្យវា
រោងសម្រាប់ចិញ្ចឹមក្រួចពង
- រោងសម្រាប់ចិញ្ចឹមក្រួច អាចសង់ឡើង ឲ្យខ្ពស់ពីដីក៏បាន ឬអាចចិញ្ចឹមវានៅលើដីផ្ទាល់ ឬអាចធ្វើជាកម្រាលក្រាល ដោយសំណាញ់ភ្នែកក្រួច ទៅតាមលទ្ធភាពដែលអ្នកមាន
- ដំបូលរោងគួរប្រក់ស្លឹក ឬស្បូវដើម្បីកាត់បន្ថយកំដៅ បើប្រើស័ង្កសីសម្រាប់ប្រក់ គួរតែធ្វើដំបូលនោះឱ្យខ្ពស់បន្ដិច ដើម្បីកាត់បន្ថយកំដៅនៅខែប្រាំង
- ជញ្ជាំងទ្រុងអាចធ្វើពីសំណាញ់ យ៉ាំងកា វឬសំណាញ់ភ្នែកក្រួច ក៏បានបើមានលទ្ធភាព តែបើមិនមានលទ្ធភាព ទេអាចត្បាញជាព្រួល ដើម្បីធ្វើជាជញ្ជាំងឱ្យវាក៏បាន
ទ្រុងសម្រាប់មេពងផ្ទាល់ដី
- មេក្រួចច្រើន អាចដាក់ទ្រុងផ្ទាល់ដីបាន
- ៣-៥ថ្ងៃ ត្រូវបោសលាមកម្តង
- ត្រូវកាត់ចំបើងខ្លី ឬស្លឹកឈើស្ងួតក្រាលបាតទ្រុង
- ត្រូវក្រាលអង្កាមបាតទ្រុងឲ្យក្រាស់
- សីតុណ្ហភាពទ្រុង ចន្លោះ ពី២៨-៣២°C
ទ្រុងសម្រាប់មេពងជាទ្រុងសំណាញ់ផុតដី
- ធ្វើទ្រុងសំណាញ់ ពីឬស្សី ឈើ ដែក ផុតពីដី កម្ពស់យ៉ាងបោច ០,៥-០,៨ ម៉ែត្រ ដើម្បីងាយស្រួល
- ទ្រុង ទំហំ បណ្តោយ ២,៧ ម៉ែត្រ X ទទឹង ១,៧ម៉ែត្រ សម្រាប់ក្រួចមេ ចំនួន ១៨០-២០០ក្បាល
- ១ម៉ែត្រការ៉េ ៣៥-៤០ក្បាល ដើម្បីឲ្យក្រួច ងាយស្រួលដើរ ស៊ីចំណី
- ផ្ទៃបាតទ្រុង មានសភាពរាបស្មើល្អ ងាយស្រួលរើសពង
- សំអាតទ្រុង ១ថ្ងៃម្តង ទ្រុងសំណាញ់ ងាយបោសសំអាត
ការបង្កាត់ពូជ
- ក្រួចចាប់ផ្តើម បង្កាត់ពូជ នៅអាយុ ៤៥-១២០ថ្ងៃ ជាមធ្យម៦០ថ្ងៃ
- យកក្រួចឈ្មោល ដាក់ក្នុងទ្រុងក្រួចញី ដោយសមាមាត្រ ឈ្មោល១ ញី៣
- ស៊ុតក្រួច មានអត្រាបង្កកំណើត គឺប្រមូលមកពី មេបាពូជ មានអាយុ ៧០-១២០ថ្ងៃ
- អត្រាបង្កកំណើត មធ្យម ៧៣%
- អាយុកាល ប្រើមេបាពូជ ចន្លោះ ៦-១២ខែ ក្រោយពីថ្ងៃបង្កាត់ អាយុជាមធ្យម ៩ខែ
- បន្ទាប់ពីបង្កាត់មក ក្រួចញីអាចចិញ្ចឹមយកស៊ុតបាន មួយរយៈទៀត ឬជំរុះ លក់ក្រួចសាច់ ជាមួយក្រួចឈ្មោលតែម្តង
ការភ្ញាស់ស៊ុត
- ប្រើទូភ្ញាស់ស៊ុត សម្រាប់ភ្ញាស់ពងក្រួច
- ជ្រើសរើសស៊ុត បំបែកដាក់លើថាសថ្មមៗ មុនយកចូលទៅកាន់ទូភ្ញាស់
- ស៊ុតមានសណ្ឋានរលោង ហើយទាល ច្រើនជាក្រួចញី
- ស៊ុតមានសណ្ឋនស្រួចហើយវែង ច្រើនតែជាក្រួចឈ្មោល
- អត្រាញាស់របស់ស៊ុត អាចចន្លោះ ពី ៦៥-៨០% ជាមធ្យម ៧២%
- ការភ្ញាស់ស៊ុត រយៈពេលដំបូង ត្រូវបង្វិល ស៊ុតចុះឡើង ២-៣ដង/ថ្ងៃ បង្វិលថ្មមៗរហូតដល់រយៈពេល ១៤ថ្ងៃ ទើបឈប់បបង្វិល ដើម្បីឲ្យស៊ុតត្រៀមញាស់
- ត្រូវពិនិត្យទូរភ្ញាស់ មិនត្រូវឲ្យវាស្ងួតពេក បើស្ងួតពេក ត្រូវបាញ់សាចទឹក ឬប្រោះទឹក
- កូនក្រួច ញាស់ក្នុងរយៈពេល ១៦-១៧ថ្ងៃ
- បន្ទាប់ពីញាស់ភ្លាម ត្រូវទុកកូនក្រួច នៅក្នុងទូររយៈពេល ១ថ្ងៃ ដើម្បីឲ្យកូនក្រួចរឹងមាំ ទើបយកកូនចេញពីទូរភ្ញាស់
ការកម្តៅកូនក្រួច
- ក្រោយចេញ ពីទូរភ្ញាស់ ត្រូវបន្តកំដៅកូនបក្សី រយៈពេលចន្លោះ ពី ១០-២១ថ្ងៃ
- បើសីតុណ្ហភាពត្រជាក់ កំដៅកូនបក្សីយូរ
- ប្រើអំពូលកំដៅ ខ្នាត ៤០-៦០វ៉ាត់ សម្រាប់កូនក្រួច ១០០ក្បាល
- ត្រូវផ្តល់់កម្តៅ ឲ្យកូនក្រួចឲ្យបានគ្រប់គ្រាន់ ជាពិសេសពេលយប់ ឬពេលមានអាកាសធាតុត្រជាក់
- ត្រួតពិនិត្យមើល សកម្មភាពករបស់កូនក្រួច ដើម្បីប្រតិកម្មរបស់វា ឆ្លើយតបការផ្តល់កម្តៅរបស់យើង
- អាយុ ០-១ សប្តាហ៍ ផ្តល់កំដៅ ៣៨°C
- អាយុ ១-២ សប្តាហ៍ ផ្តល់កំដៅ ៣៥°C
- អាយុ ២-៣ សប្តាហ៍ ផ្តល់កំដៅ ៣០°C
ចំណី
- ចំណីមិនត្រូវឱ្យខ្វះឡើយ បើពុំនោះទេកូនដែលញាស់ មកវាទន់ជើងនេះ គឺបណ្ដាលមកពីការឱ្យចំណី ដល់មេវាមិនបានគ្រប់គ្រាន់
- សម្រាប់ចំណីលាយខ្លួនឯង អាចលាយកន្ទក់ម៉ត់លេខមួយ ឬប្រើពោតក្រហម ដើម្បីលាយបន្ថែម ជាមួយចំណីមាន់ទិញមកស្រាប់ នោះក្នុងអត្រា ១០ ភាគរយ។
- លាយកន្ទក់ម៉ត់ លេខមួយ១៥% ឬប្រើពោតក្រហម ១០% មកលាយបន្ថែមជាមួយចំណី មាន់ទិញមកស្រាប់
- កន្ទក់ ជួយបង្កើនសាច់ ឲ្យឆាប់ធំធាត់
- ពោតជួយបង្កើនការលូតលាស់
ការផ្ដល់ចំណី
- ក្រួចមួយក្បាល អាយុ ៥សប្ដាហ៍ស៊ីចំណី អស់ប្រមាណជា ៥០០ ក្រាម
- ក្រួច ១ក្បាល អាយុ ៥សប្តាហ៍ ស៊ីចំណីអស់ ប្រហែល ៥០០ក្រាម
- ក្រួច អាយុ ៦ខែ ស៊ីចំណី ប្រហែល ៣០-៣៥ក្រាម/ថ្ងៃ/ក្បាល
- ដើម្បីក្រួចពង បាន១២ពង ត្រូវផ្តល់ចំណីឲ្យវា ចំនួន ៤០០ក្រាម
- អាយុ ៦សប្តាហ៍ ក្រួចញី ទម្ងន់ ពី១៧៥-២០០ក្រាម/ក្បាល
- ឯក្រួចឈ្មោល មានទម្ងន់ ១៥០ក្រាម/ក្បាល
រូបមន្តធ្វើចំណីក្រួចដោយខ្លួនឯង
ពេលក្រួចញាស់រហូតដល់២១ថ្ងៃ
- ពោតក្រហម ២៧ %
- សណ្ដែកសៀង ៨ % ជំនួសដោយម្សៅ ដំឡូង ត្រាវ ថោកជាង
- កន្ទក់ធុនល្អ ៨ %
- ពោតសាឡី ១៥ % ជំនួសដោយចុងអង្ករទាំងស្រុងបាន
- ម្សៅត្រីស្ងួត ១០ %
- ព្រីម៉ិច ២.៥ %
- លាយចំណីមាន់កូន ២៧.៥ %
- ម្សៅសំបកងាវ ២ %
ចាប់ពីអាយុ ៤ទៅ៦សប្ដាហ៍
- ពោតក្រហម ៣១ %
- សណ្ដែកសៀង ៥ %
- កន្ទក់ធុនល្អ ៨ %
- ពោតសាឡី ១៤ % ជំនួសដោយចុងអង្ករបាន
- ម្សៅត្រីស្ងួត ១០ %
- ព្រីម៉ិច ២.៥ %
- ម្សៅសំបកងាវ ២ %
- លាយចំណីមាន់ធំ ២៧.៥ %
ការផ្តល់ចំណីសម្រេចរបស់ក្រុមហ៊ុន
- ចំណីក្រូច សាច់ របស់ លេខ 3810 សម្រាប់ក្រួចពង ក្រុមហ៊ុន ANT
- ចំណីសម្រេច ប្រភេទម៉ដ្ឋ សំរាប់ក្រួចពង
- ចំណីក្រួចសាច់ លេខកូដ Q9 សម្រាបក្រួចពង ក្រុមហ៊ុន Agri-Master
- ចំណីសម្រេច ប្រភេទម៉ដ្ឋ សំរាប់ក្រួចពង ផ្សំឡើងដោយរូបមន្តពិសេស មានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ងាយស្រួលរំលាយ និងស្រូបយក ថែមទំាងមានឳសថ និងជីវជាតិ ជួយថែបំប៉នមេក្រួច អោយមានសុខភាពរឹងមំា និងមានផលិតភាពក្នុងការផលិតស៊ុតច្រើន ថែមទំាងមានទំហំធំល្អ ។
ការផ្តល់ទឹក
- ចំពោះគ្រឿងសម្រាប់ដាក់ទឹក អាចប្រើ ប្រដាប់ដាក់ទឹកឱ្យកូនមាន់ ឱ្យវាផឹកបាន តែត្រូវលាងសំអាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មី ឱ្យវាឱ្យបានគ្រប់គ្រាន់ ជាប់ជាប្រចាំ
- ត្រូវប្រើទឹកស្អាតជានិច្ច បើប្រើទឹកអណ្ដូង សូមដងមករក្សាទុកក្នុងអ្វីមួយ ហើយដាក់ចំហរឲ្យបានមួយថ្ងៃ មុនយកឲ្យក្រួចផឹក
ការថែទាំ
- នៅក្នុងទ្រុងនេះយើងចាំបាច់ត្រូវសំអាតវាឱ្យស្អាតជានិច្ចមិនត្រូវឱ្យសត្វឆ្កែឆ្មាកណ្ដុរចូលបានឡើយព្រោះសត្វទាំងនេះវាអាចជាអ្នកចម្លងមេរោគទៅសត្វក្រួចបាន។
- ត្រូវដាក់កូនក្រួចដែលនៅតូចឬទើបភ្ញាស់ ដាច់ដោយឡែកពីមេក្រួចឬក្រួចធំៗ
- រូបរាងរបស់ទ្រុងមិនសំខាន់ទេតែអ្វីដែលសំខាន់គឺត្រូវធ្វើគម្របដើម្បីបើកបិទពីខាងលើគម្របទ្រុងនេះត្រូវធ្វើប្រហោងដើម្បីអាចដាក់ចង្កៀងដើម្បីកំដៅកូនក្រួចនៅពេលវានៅតូចដើម្បីផ្ដល់កំដៅឱ្យវា។មួយវិញទៀតនោះចង្កៀងនេះអាចជួយបណ្ដេញមូសនិងសត្វល្អិតនានាកុំឱ្យមកទិចឬខាំកូនក្រួចនោះផងដែរ
- ក្រួចជាសត្វដែលឈ្នះជម្ងឺយើងមិនចាំបាច់ចាក់វ៉ាក់សាំងឱ្យវាទេតែត្រូវមានការថែទាំដិតដល់
ការការពារជម្ងឺបក្សី
ជម្ងឺក្រួច ដូចគ្នាទៅនឹងជម្ងឺមាន់ គ្រាន់តែក្រួចមានភាពធន់នឹងរោគ (ស៊ាំនិងជម្ងឺ) ជាងមាន់។ ជម្ងឺដែលច្រើនកើតលើសត្វក្រួច ហើយជួបប្រទះញឹកញាប់ គឺ ជម្ងឺញូវកាស ជម្ងឺអុត ជម្ងឺផ្តាសាយ ឬកុកស៊ីឌីយ៉ូស៊ីសជាដើម។
អ្នកចិញ្ចឹម ត្រូវអនុវត្តគោលការណ៍ និងប្រើវិធីការពារដូចខាងក្រោម៖
- ត្រូវថែរក្សាសុខភាពបក្សី ឲ្យបានល្អជាប្រចាំ ដោយត្រួតពិនិត្យហ្វូងសត្វ បើជួបប្រទះបក្សីងាប់ច្រើនក្បាលក្នុង១ថ្ងៃ ឬខុសប្រក្រតីនោះ ត្រូវរកបុព្វហេតុនិងបំផ្លាញបក្សីទាំងនោះចោលភ្លាម ព្រមទាំងធ្វើការបង្អាក់សកម្មភាពមេរោគនៅកន្លែងចិញ្ចឹម
- ត្រូវធ្វើការទិញចូល ស៊ុត ឬបក្សី ពីប្រភពដែលយើងប្រាកដចិត្តថា គ្មានជម្ងឺឬមេរោគឆ្លង
- សម្រាប់ដែលនាំមកពីក្រៅ ត្រូវបង្ឃាំងទុកមួយរយៈ ដើម្បីត្រួតពិនិត្យ មុននឹងយកចូលក្នុងហ្វូង
- មុខរោងចិញ្ចឹម ត្រូវដាក់ទឹកថ្នាំសម្លាប់មេរោគ ដើម្បីជ្រលក់ជើងមនុស្ស សត្វ ឬយានយន្តផ្សេង ក្នុងការការពារការចម្លងមេរោគចូល
- ព្យាយាមការពារ បក្សី កណ្តុរ ឆ្កែ ឆ្មារ ឬសត្វផ្សេងៗ ចូលមកក្នុងរោងចិញ្ចឹម
- ត្រូវធ្វើវ៉ាក់សាំង ដល់បក្សីតាមកាលកំណត់ ដើម្បីការពារ ជម្ងឺផ្សេងៗ
- ដើម្បីសម្លាប់មេរោគ ក្នុងទូរភ្ញាស់ ការអប់ថ្នាំប្រើផ្លែទទឹម ជាទឹកក្បុងផ្សំ ជាមួយហ្វ័រម៉ាលីន (Phormaline) បង្កើតជាឧស្ម័នហ្វ័រម៉ុល(Phormol) អាចសម្លាប់មេរោគបាន បិទទ្វារទូរ បើកង្ហារបក់ផ្សែង ឲ្យសព្វប្រមាណ ២០-៣០នាទី ទើបបើកទ្វារទូរ ឲ្យខ្យល់ចេញចូល អស់ក្លិនឧស្ម័ន។
ការប្រមូលផល
- ក្រួចចាប់ផ្តើមពង ពេលវាមានអាយុ ៧សប្តាហ៍ ៤៩ថ្ងៃ វាអាចពងបាន ២៨០គ្រាប់ ក្នុងអាយុកាលរបស់វា
- ពងរបស់មេក្រួច មានទម្ងន់ ពី៩-១០ក្រាម
- អាចប្រមូលពងបាន ២ដង/ថ្ងៃ
- មេក្រួចអាយុ ៧សប្តាហ៍ឡើងទៅអាចលក់បានហើយ
ចំណាប់អារម្មណ៍
មុខរបរ ចិញ្ចឹមក្រួចយកពង ជាមុខរបរ ដែលបងប្អូនកសិករមិនគួរមើលរំលងនោះទេ ព្រោះបងប្អូន ក្រៅពីការមានកិច្ចការស្នូលហើយ អាចឆ្លៀតពេលទំនេរ ចិញ្ចឹមក្រួចនៅផ្ទះក៏បាន ដែលវាងាយស្រួល ក្នុងការគ្រប់គ្រងនៅផ្ទះ ទោះបីជាបងប្អូនមានដីទំនេរតូចល្មម ក៏អាចចីញ្ចឹមបានដែរ។ ម្យ៉ាងទៀត ការចិញ្ចឹម ក្រួចយកពង ឆាប់បានប្រមូលផល តម្លៃលក់នៅលើទីផ្សារ មានតម្លៃសមរម្យ។ ដូច្នេះសម្រាប់បងប្អូន មានបំណងចង់បង្កើតមុខរបរ ជាប្រភពចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារ អាចពិចារណា ចំពោះមុខរបរ ចិញ្ចឹមក្រួចយកពងនេះបាន ដើម្បីបង្កើនចំណូលគ្រួសារ។