បច្ចេកទេសដាំដុះ ក្រូចឆ្មារក្នុងលូស៊ីម៉ង់ត៍

ក្រូចឆ្មារ ជាបន្លែមួយប្រភេទ ដែលពេញនិយមប្រើប្រាស់បំផុត។ ក្រូចឆ្មារ មានត្រូវបានប្រើប្រាស់ ជាគ្រឿងផ្សំក្នុងមុខម្ហូបជាច្រើន ដើម្បីបន្ថែមរសជាតិ ដល់ម្ហូបអាហារ។ លើសពីនេះ វាត្រូវបានគេច្នៃ ធ្វើជាភេសជ្ជៈបានជាច្រើនមុខ។ មិនត្រឹមតែ ជាគ្រឿងផ្សំ សម្រាប់ម្ហូបអាហារប៉ុណ្ណោះទេ ក្រូចឆ្មារ មានគុណតម្លៃ ជាច្រើន សម្រាប់សុខភាពថែមទៀតផង។

សាច់របស់ក្រូចឆ្មារ វាសម្បូរទៅដោយ វីតាមីនសេ ច្រើនជាងគេ គឺដល់ទៅ ៥៣មីលីក្រាម/១០០ក្រាម ប៉ុន្តែវាមានប្រូតេអីនតិច វាមានវីតាមីនដទៃទៀត ដូចជាវីតាមីនA, B1, B2, B3, B5, B6, E មានជាតិសរសៃ លីពីត ក្លុយស៊ីតជាដើម។ ទឹកក្រូច១០០ក្រាម អាចផ្តល់ថាមពលប្រមាណ ២៩កាឡូរី និងក្លុយស៊ីតពី៨-៩%។ លើសពីនេវាអាចយកស្លឹក និងសម្បក ដើមធ្វើជាវត្ថុធាតុដើម សម្រាប់ឧស្សាហកម្មទឹកអប់ សាប៊ូ និងស្រា។

ខាងក្រោមនេះ គីជាបច្ចេកទេស ក្នុងការដាំក្រូចឆ្មារ ក្នុងលូស៊ីម៉ង់ត៍

https://www.123rf.com

ការជ្រើសរើសដី

  • ក្រូចឆ្មារទាមទារ ត្រូវការលូតលាស់សមស្រប ដូចជា ដីស្រទាប់ទីមួយធូរ ជ្រៅ ស្រោះទឹកល្អ មានជីជាតិល្អ និងមានភ្លៀងធ្លាក់ច្រើន
  • ជាដីទួលតាមដងទន្លេ និងខ្ពង់រាបជាដើម ដូចជាខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្តាល និងព្រៃវែង
  • ដីមានជីជាតិល្អ ដីមានpH ៦,៥
  • ដីមិនដក់ទឹក ឬជាំទឹក។

ការពង្រីកពូជ

ការពង្រីកពូជក្រូចឆ្មារ អាចធ្វើឡើងតាមរបៀបជាច្រើនដូចជា៖

  • ការបណ្តុះគ្រាប់
  • ការតភ្ជាប់មែក
  • ការសៀតមែក
  • ការផ្សាំ ឬតមែក

នៅប្រទេសកម្ពុជាយើង កសិករចូលចិត្តដាំក្រូចឆ្មារ ដោយវិធីផ្សាំមែក។

https://www.123rf.com/

បច្ចេកទេសដាំដុះក្នុងលូ

គេអាចដាំក្រូចតាមវិធី៣យ៉ាង

  • ការបណ្តុះដោយគ្រាប់ (Seed Progation)
  • ការបំបៅមែក (Microstting)
  • ការផ្សាំភ្ជុលមែកដើមមួយ និងបណ្តុះដើមមួយទៀត (Grafting)

ការផ្សំដីដាក់ក្នុងលូ

  • ដីស្រទាប់លើ ៧០%
  • អង្កាមដុតរោលៗកុំឲ្យខ្លោច ១០%
  • ស្លឹកឈើ ស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមៗ ចិញ្ច្រាំឲ្យខ្លីៗ ៧០%
  • ជីលាមកប្រចៀវ ១គ.ក្រ/គុម្ព
  • ត្រូវលាយច្របល់ចូលគ្នាឲ្យសព្វ

វិធីដាំ

  • ជ្រើសរើសលូដែលមាន កម្ពស់០,៨-១ម៉ែត្រ មានអង្កត់ផ្ចិត១ម៉ែត្រ
  • បាតលូត្រូវបិទ និងទុកប្រលោះទំហំ២តឹកបួនជ្រុង ហើយចោះរន្ធខាងៗ មួយចំនួនផង
  • ដាក់លូដាំគម្លាតពី គ្នា ៤-៥ម៉ែត្រ
  • ដាក់ល្បាយដែលបានលាយខាងលើ ចូលក្នុងលូប្រមាណ៨០%
  • ជ្រើសរើសកូនក្រូចពូជល្អ ដែលបានផ្សំរួចយកទៅដាំ
  • ដាក់កូនក្រូចដាំ ឲ្យដីនៅត្រឹមគល់វា
  • ពេលដាំរួចត្រូវយកកំប្លោក មកគ្របឲ្យពេញផ្ទៃលូ ដើម្បីរក្សាសំណើមដី

ការថែទាំ

  • ដាក់ជីកំប៉ុស្តទឹក កន្លះលីត្រក្នុង១ដើម ដាក់១ខែម្តង
  • ពេលដាក់ជី ដាក់ចម្ងាយពី គល់៣ស.ម
  • ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លេ សម្រាប់ស្រោចស្រព
  • ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង
  • ដកស្មៅចេញ និងតាមដានពី ការបំផ្លាញពីសត្វល្អិត
  • រយៈពេល១ឆ្នាំ យើងអាចទទួលផលបាន អាស្រ័យលើពូជដែលយើងដាំ

សត្វល្អិតចង្រៃ និងជម្ងឺលើក្រូចឆ្មារ

សត្វល្អិតចង្រៃ

  • ដង្កូវផែនទី៖ ដង្កូវញាស់ចេញពីពង ហើយចោះស៊ីរូងចូលក្នុង ស្រទាប់នៃស្លឹក បង្កើតស្នាមកាច់កុង ដូចផែនទី។
    វិធានការណ៍៖ កាត់ស្លឹកដែលមានការបំផ្លាញចោល បាញ់ទឹកពីលើស្លឹកឲ្យច្រើន ដើម្បីបំផ្លាញដង្កូវ ប្រើថ្នាំពុលផ្សំពីធម្មជាតិ ប្រើវិធានការជីវសាស្រ្ត និងវិធានការគីមី។
  • ដង្កូវក្រូច៖ ដង្កូវញាស់ ស៊ីតែស្លឹកខ្ចីៗ ខាំដាច់តែគៀមៗ ឯដង្កូវធំស៊ីទាំងត្រួយ និងមែកខ្ចីៗ។ វាច្រើនតែបំផ្លាញ ពេលក្រូចនៅតូចៗ។ វិធានការណ៍៖ ត្រូវឧស្សាហ៍ត្រួតពិនិត្យមើល ញិចពងមេអំបៅ ចាប់ដង្កូវនិងឌុកឌឿលើមែកក្រូច   អាចប្រើសត្វអង្រ្កង ក្នុងការចាប់ដង្កូវក្រោយបាន។
  • ចៃបំផ្លាញក្រូច៖ ទាំងកូនចៃ និងចៃពេលវ័យ ចុចបឺតជញ្ជក់រុក្ខរសលើស្លឹក និងលើមែកខ្ចី ធ្វើឲ្យការលូតលាស់យឺត និងស្លឹកប្រែជាកោងរួញ។ វាធ្វើឲ្យផ្លែទុំមុនអាយុ ហើយគុណភាពផ្លែថយចុះ។
    វិធានការណ៍៖ ប្រើពពួកប្រ៊ីដាក់ទ័រ ទៅបំផ្លាញចៃ ប្រើថ្នាំគីមីកសិកម្ម ប្រើថ្នាំសម្លាប់សត្វល្អិតជាដើម។
  • ចៃម្សៅ៖ ចៃនេះបំផ្លាញលើ ខ្នែងខ្ចីៗ ត្រួយ ផ្លែខ្ចីៗ ចុចបឺតជញ្ជក់រុក្ខរស បណ្តាលឲ្យមែកក្រៀម ហើយធ្វើឲ្យដើមស្វិត តូចងាយងាប់។ វិធានការណ៍៖ ប្រើថ្នាំពុលលាយ ជាមួយប្រេង ដើម្បីសម្លាប់ចៃ។
  • ចៃក្រមួន៖ ទាំងកូនញាស់ និងពេញវ័យវាជញ្ជក់បឺត ជ័រលើស្លឹក លើផ្លែខ្ចីៗ បណ្តាលឲ្យខ្នែង ត្រួយត្រូវស្ងួតក្រៀម ស្លឹកខាងផ្នែកក្រោម ប្រែជាលឿងនិងរួញ។
    វិធានការណ៍៖ ជម្រុញឲ្យក្រូចចេញផ្កាស្រុះគ្នា ប្រើថ្នាំកម្ចាត់មមាច១-២ដង នៅដំណាក់កាលក្រូចលាស់ត្រួយ ត្រួតពិនិត្យជាប្រចាំ និងកម្ចាត់ឲ្យទាន់ពេលវេលា។
  • ស្រឹងបៃតង៖ កូនញាស់ចាប់ផ្តើម បំបែកគ្នាទៅរកផ្លែខ្ចី ហើយអុចប៊ឺតជ័រ បណ្តាលឲ្យផ្លែជ្រុះទាំងខ្ចី។ វាអុចផ្លែចាស់ៗ បណ្តាលឲ្យផ្លែស្អុយហើយជ្រុះ។
    វិធានការណ៍៖ ប្រើតម្រងចាប់ស្រឹងបៃតង នៅពេលព្រឹកឬពេលល្ងាច ត្រួតពិនិត្យចម្ការជាប្រចាំ ដោយចាប់ស្រឹងញេចចោល អាចប្រើអង្រ្កងដើម្បីកម្ចាត់ស្រឹង ប្រើថ្នាំពុលសម្លាប់សត្វល្អិត ពេលផ្លែក្រូចនៅខ្ចី  បើស្រឹងច្រើនអាចប្រើម្តងទៀត ក្រោយបាញ់លើកទី១ ពីចន្លោះ៧-១០ថ្ងៃ។
  • ពពួកពីងពាងបំផ្លាញ៖ ពួកវាបំផ្លាញលើស្លឹក ផ្លែ ស្នាមអុចលើស្លឹក បង្កើតជាស្នាមអុចឆ្មារៗ ហើយរាលដាលធំ ធ្វើឲ្យស្ងួតក្រៀម ស្លឹកប្រែពណ៌ ទំហំតូច ឆាប់ជ្រុះ។ ពួកខ្លះ អុចជញ្ជក់ផ្លែក្រូចក្តឹប ធ្វើឲ្យខូច កោសិការសម្បកក្រូច បង្កើតជាស្នាមពណ៌ទឹកប្រាក់ លើសម្បកក្រូច ។ ពពួកខ្លះទៀត ស្លឹកខ្ចីៗ ធ្វើឲ្យស្លឹកតូច កោងរួញ គៀមស្លឹករមូរចូលក្នុង។
    វិធានការណ៍៖ ប្រើថ្នាំកម្ចាត់ពីងពាង ៣ដងក្នុង១រដូវផ្លែក្រូច ប្រើថ្នាំកម្ចាត់នៅក្រោយពេល មានក្តឹបពី៧-១០ថ្ងៃ។
  • ទ្រីប៖ វារស់នៅលើស្លឹកក្បែរផ្លែ ហើយចុចជញ្ជក់ផ្លែក្រូចក្បែរទង លុះផ្លែធំឡើងមានស្នាម ជុំវិញទងផ្លែពណ៌ត្នោតស្រាល ប្រែជាពណ៌ប្រផេះ ឬទឹកប្រាក់។
    វិធានការណ៍៖ ធ្វើអានាម័យសម្អាតចម្ការ ដើម្បីកម្ចាត់ជម្រកទ្រីប ប្រើជីអាសូតឲ្យសមស្រប ប្រើអន្ទាក់ស្អិតពណ៌លឿង ប្រើវិធានជីវសាស្រ្ត ប្រើថ្នាំពុលធម្មជាតិ ប្រើថ្នាំសម្លាប់សត្វល្អិត ២ដងក្នុង១រដូវ ផ្កាប្រើលើកទី១ ក្រោយចេញផ្កាស្រុះ និងលើកទី២ ពី៧-១០ថ្ងៃក្រោយលើកទី១។

ជម្ងឺ

  • ជម្ងឺម៉ាល់ស៊ីតូ៖ វាបង្កឡើងដោយផ្សិត ធ្វើឲ្យស្លឹកក្រូចឡើងលឿងដុំៗ ហើយជ្រុះ។ ស្លឹកក្រូចស្រពោនតិចៗ ហើយរមូរ ជ្រុះជាបន្តបន្ទាប់ ទីបំផុតដើមក្រូច គ្មានសល់ស្លឹកទេ។
    វិធានការណ៍៖ ប្រើពូជនិង កូនក្រូចដែលគ្មានជម្ងឺ ជ្រើសរើសពូជដែលធន់ ប្រមូលដុតចោល ផ្នែកដែលមានជម្ងឺ ប្រើជីអាសូតឲ្យសមស្រប និងប្រើថ្នាំគីមីកសិកម្ម។
  • ជម្ងឺហូរជ័រឬរលួយពណ៌ត្នោត៖ វាបង្កដោយមេរោគផ្សិត កើតឡើងនៅ ឬស កឬស ដើម ស្លឹក ក្តឹប និងផ្លែក្រូច។ វាធ្វើឲ្យសរីរាង្គនោះ មានស្លាកស្នាម មានបំបៅ រលួយ ស្អុយរហូតដល់ងាប់។
    វិធានការណ៍៖ ជ្រើសរើសកន្លែងដាំដុះ កន្លែងបណ្តុះកូន កន្លែងផ្សាំ ដីចម្ការឲ្យបានត្រឹមត្រូវ មុនយកកូនក្រូចទៅដាំ ត្រូវធ្វើការសម្លាប់មេរោគ ឬស និងកឬសជាមុន កំចាត់ចោលនៅសរីរាង្ គដែលមានជម្ងឺ បាញ់សូលុយស្យុង Bordeaux Mixture លើកឬស ឬស និងគល់ក្រូច។

ការប្រមូលផល

  • ចម្ការក្រូចដែលដាំដោយកូនផ្សំ អាចចាប់ផ្តើមប្រមូលផល បានពេលដើមមានអាយុ ៣-៤ឆ្នាំ បន្ទាប់ពីដាំ។
  • លក្ខណៈសម្គាល់ ផ្លែអាចប្រមូលផលបាន គឺពេលផ្លែក្រូចឆ្មារ ប្រែពណ៌ពីបៃតង មកបៃតងភ្លឺរលោង និង កើនរសជាតិជូរ។
  • ការប្រមូលផល ជៀសវាការបេះទម្លាក់ ដែលធ្វើឲ្យក្រូចជាំ ឬរលួយ ដែលមិនអាចទុកបានយូរ
  • គេអាចរក្សាទុកក្រូចឆ្មារ បាន២សប្តាហ៍ បើបេះដោយទងនិងស្លឹក
  • ក្នុង១ហិចតា អាចដាំក្រូចបានចំនួន ៤០០ ទៅ៦០០ដើម

ចំណាប់អារម្មណ៍

ក្រូចឆ្មារ ជាដំណាំមួយមានតម្លៃ និងមានតម្រូវការប្រើប្រាស់ច្រើនណាស់សម្រាប់ទីផ្សារ ។ សម្រាប់បងប្អូនមានដីចំការ ឬដីទំនេរទុកចោល មិនគួរមើលរំលង ដំណាំមួយប្រភេទនេះទេ។ ក្រៅពីការងារស្នូលរបស់បងប្អូនអាចឆ្លៀតពេលដាំក្រូចឆ្មារបន្ថែម ដើម្បីបង្កើនចំណូល សម្រាប់គ្រួសារ ក៏ដូចជា ជួយកាត់បន្ថយការនាំចូលបន្លែមួយចំនួនពីប្រទេសជិតខាងបានផងដែរ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts