ត្រីតុកកែ ជាប្រភេទត្រីទឹកប្រៃ ដែលប្រជាជនខ្មែរយើង ចិញ្ចឹមនៅតំបន់ទឹកប្រៃ នៃប្រទេសកម្ពុជា។ ត្រីតុកកែ ជាត្រី មានរសជាតិឆ្ងាញ់ គេនិយមយកវា ទៅធ្វើជាមុខម្ហូប សម្រាប់កម្មវិធីផ្សេងៗ ក៏ដោយជាមុខម្ហូប នៅតាមភោជនីយដ្ឋាន អាហារដ្ឋានធំៗជាដើម។ ត្រីតុកកែត្រូវបានគេទទួល ស្គាល់ថាជាត្រីដែលតម្លៃខ្ពស់ជាងគេ ក្នុងចំណោមត្រីសមុទ្រជាង ៥០០ ប្រភេទនៅប្រទេសកម្ពុជា។ ជាងនេះរបរចិញ្ចឹមត្រីតុកកែនេះហាក់មិន ទាន់មានអ្នកចិញ្ចឹមច្រើន នៅឡើយក្នុងប្រទេសកម្ពុជាយើង។
ត្រីតុកកែ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ ប្រូតេអីន កាបូអីដ្រាត ជាតិខ្លាញ់ ជាតិដែក ថាមពល អូម៉េហ្គា៣ ម៉ាញ៉ែស្យូម សូដ្យូម វីតាមីន A, D, B-Complex ជាដើម។ ក្រៅពីនេះ ការទទួលទាន ត្រីកុកកែ ជួយសុខភាពបេះដូងឲ្យរឹងមាំ ជួយការពារជំងឺបេះដូង ជួយការពារភាពស្លេកស្លាំងដោយសារវាផ្ទុកជាតិដែក។
ខាងក្រោមនេះ គឺជាបច្ចេកទេសក្នុង ការចិញ្ចឹមត្រីតុកកែ ដែលបងប្អូនគួរសិក្សាស្វែងយល់៖
លក្ខណៈរូបសាស្រ្ត
- ត្រីតុកកែ រស់នៅតាមតំបន់ឆ្នេរ ជុំវិញកោះ តំបន់មានថ្ម និងផ្កាថ្ម
- វារស់នៅរាយប៉ាយ ជម្រៅទឹក ១០-៣០ម៉ែត្រ
- រដូវក្តៅវាឡើងមកលើផ្ទៃទឹកជម្រៅ២-៣ម៉ែត្រ រដូវត្រជាក់វារស់នៅកម្រិតជម្រៅ ៤០-៨០ម៉ែត្រ
- វាអាចធន់នឹងមជ្ឈដ្ឋានក្នុងកំហាប់អំបិល ពី១១-៣៤ភាគពាន់
- សីតុណ្ហភាពទឹកសមស្រប ពី២៦-៣២ºC បើសីតុណ្ហភាព ក្រោម១៨ ºC វាចាប់ផ្តើមស៊ីចំណីតិច
- វាស៊ីត្រីចម្រុះ ពេលនៅតូចស៊ីសត្វល្អិតតូចៗ ជាចំណីសំខាន់ ដល់ពេលវាធំ វាស៊ីប្រភេទត្រី និងមឹកតូចៗ
ការជ្រើសរើសពូជ
ត្រីតុកកែមានច្រើនប្រភេទដូចជា៖
- ត្រីតុកកែអុជខៀវ
- ត្រីតុកកែក្រហម
- ត្រីតុកកែអុជក្រហម
- ត្រីតុកកែថ្ម ត្រីតុកកែខ្មៅនិង
- ត្រីតុកកែជ្រូកជាដើម
ពូជដែលគេពេញនិយម ចិញ្ចឹមជាងគេគឺពូជ ត្រីតុកកែជ្រូក និងតុកកែខ្លា ហើយកសិករនិយមពូជទិញ ត្រីនេះមកពីបណ្ដាល ប្រទេសជិតខាងយើង។
បរិស្ថានរស់នៅរបស់ត្រីតុកកែ
- ត្រីតុកកែជាប្រភេទត្រីដែលរស់នៅតាមតំបន់ឆ្នេរនៅជាប់កោះ និងនៅតាមតំបន់ដែលមានថ្ម ឬផ្កាថ្មជាដើម។
- វារស់នៅរប៉ាតរប៉ាយក្នុងជម្រៅទឹកប្រវែងពី ១០ ទៅ ៣០ ម៉ែត្រ
- នៅរដូវក្ដៅត្រីនេះនឹងឡើងលើផ្ទៃទឹកក្នុងជម្រៅ ពី ២ ទៅ ៣ ម៉ែត្រ ហើយនៅរដូវត្រជាក់វារស់នៅក្នុងជម្រៅទឹកពី ៤០ ទៅ ៨០ ម៉ែត្រ។
- ត្រីតុកកែអាចនៅធន់នឹងកំហាប់អំបិលពី ១១ ទៅ ៣៤ ភាគពាន់
- សីតុណ្ហភាពទឹកសមស្របពី ២៦ ទៅ ៣២ សង្សាសេ ហើយសីតុណ្ហភាពទាបជាង ១៨ សង្សាសេ ត្រីនឹងចាប់ផ្ដើមស៊ីចំណីតិច។
- ត្រីតុកកែជាប្រភេទត្រីដែលមានពងពេញមួយឆ្នាំ
ការរៀបចំបែចិញ្ចឹម
បែរត្រូវដាក់បណ្ដែតទឹក ដោយជ្រើសរើសកន្លែងណាដែលលក្ខណៈដូចខាងក្រោម៖
- ជាតំបន់ទឹកប្រៃដែលអាចជៀសវាសនូវខ្យល់ព្យុះនិងរលកធំៗបាន
- កម្ពស់ទឹកមានជម្រៅខ្ពស់ជាងបែ ហើយបែរត្រូវដាក់ឲ្យផុតពីបាតសមុទ្រយ៉ាងតិច ៣ ម៉ែត្រ។
- កន្លែងដាក់ចិញ្ចឹមត្រូវធានាថាតំបន់ដែលមិនសម្បូរអាគីង
- ទីតាំងដាក់បែត្រូវនៅឲ្យឆ្ងាយពីតំបន់បំពុលបរិស្ថាន
- បាតសមុទ្រជាប្រភេទដីខ្សាច់គ្រួសនិងមានដីខ្សាច់ច្រើនជាងភក់
របៀបធ្វើបែចិញ្ចឹម
- ទូទៅវារីវប្បកម្ម ចិញ្ចឹមត្រី ខេត្តព្រះសីហនុ និងខេត្តកោះកុង ប្រើបែរាងការ៉េ
- បែត្រីតុកកែ ប្រើអួនក្រឡា ២ស.ម មានរាងការ៉េ
- មានទំហំ ៣ម X៣មX៣ម
- មានទំហំ ២,៥ម X២,៥មX២,៨ម
- មានទំហំ ៥ម X៥មX៣ម
ដង់ស៊ីតេដាក់ចិញ្ចឹម
- កូនត្រីពូជដែលគេទិញមកចិញ្ចឹម មានទំហំចន្លោះ ពី ១៤-២២ស.ម
- ជាទូទៅគេដាក់កូនត្រីចិញ្ចឹមក្នុងបែចំនួនពី ២០ ទៅ ២៥ ក្នុង ១ ម៉ែត្រគូទឹក
- ពេលវេលា សម្រាប់ដាក់ចិញ្ចឹម គេអាចដាក់ចិញ្ចឹមត្រីតុកកែ បានពេញមួយឆ្នាំ
ការផ្ដល់ចំណីនិងថែទាំ
- ចំណីត្រីតុកកែអាចជាប្រភេទត្រីល្អិត និងចំណីស្រេចក៏បាន
- ចំពោះត្រីល្អិតត្រូវកាត់ជា ៣ ឬ ៤ កង រួចចាំដាក់ឲ្យត្រីស៊ី
- ចំណីត្រីត្រូវដាក់ ២ ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹកម៉ោង ៨ និងនៅពេលល្ងាចម៉ោង ៥។
- បរិមាណចំណីត្រីសរុបក្នុងមួយថ្ងៃគឺ ១០ ភាគរយនៃទម្ងន់ត្រីសរុប សម្រាប់ត្រីដែលដាក់ចិញ្ចឹមក្នុង ១ខែដំបូង
- នៅពេលត្រីមានអាយុចាប់ពី ២ ខែឡើងទៅ ត្រូវបន្ថែមចំណី មកនៅត្រឹម ១ ដងក្នុងមួយថ្ងៃវិញ គឺដាក់នៅពេលល្ងាច ហើយដាក់ ៥ ភាគរយ នៃទម្ងន់ត្រីសរុបក្នុងបែ។
- ពេលឲ្យចំណី ត្រូវតាមដានការស៊ីចំណីរបស់ត្រី
- ពិនិត្យមើលសកម្មភាព របសត្រី មានការប្រែប្រួលប្លែកឬអត់?
- តាមដានការលូតលាស់របស់ត្រី
- ត្រួតពិនិត្យមើល ជុំវិញបែ ខ្សែយុថ្កា និងពោង
ជម្ងឺត្រី និងការព្យាបាល
ជម្ងឺបង្កដោយបាក់តេរីវីប្រូស៊ីស
- ត្រីមិនសូវស៊ីចំណី
- ដូរពណ៌ដងខ្លូនពី ប្រផេះ ទៅខ្មៅ
- ត្រីហែលមកខាងលើ
- រលាក ព្រមទាំងមានដំបៅ មានឈាម
- វាកើតមានជម្ងឺនៅពេលកើនឡើងកំហាប់អំបិល ពី៣០-៣៥ភាគពាន់
- វាឆ្លងចូលកន្លែងមានរបួសតាមរយៈទឹក និងចំណី
វិធានការណ៍ការពារនិងព្យាបាល
- កាន់លើកដាក់ត្រីថ្នមៗ ចៀសវាងដាក់ត្រីក្នុងដង់ស៊ីតេខ្ពស់ពេក ត្រូវរក្សាគុណភាពទឹកឲ្យបានល្អ
- លាងទឹកសាប ១០-១៥នាទី
- ត្រីដែលឈឺយកថ្នាំអូសាលីនីក អាស៊ីត(Oxalinic acid) លាយជាមួយចំណី ក្នុងបរិមាណ ២០ម.ក្រ/គ.ក្រ
- ដាក់បន្ថែមថ្នាំតេរ៉ាមីស៊ីន(Terramicin)លាយជាមួយចំណី៧,៥ក្រាម/គ.ក្រ ក្នុងរយៈពេល៥ថ្ងៃ
ជម្ងឺបង្កដោយបាក់តេរីស្រ្តេបតូកូគូស
- ត្រីមានកំលាំងខ្សោយ និងហែលវិលចុះឡើងគ្មានទិសដៅ
- ត្រីលៀនភ្នែក និងមានហូរឈាមនៅត្របកស្រកី ជុំវិញមាត់រន្ធបន្តពូជ
- នៅលើស្បែកមានរាងជាពពុះពណ៌ក្រហម
- វាមាននៅក្នុងបិរស្ថានធម្មជាតិ និងត្រី
- វារាលត្បាតដោយសារត្រីមានប៉ារ៉ាស៊ីត ពុល ឬ ខ្សោយ ស្រ្តេស និងទឹកមានគុណភាពអន់
វិធានការណ៍ការពារនិងព្យាបាល
- រក្សាទឹកឲ្យបានល្អ ចៀសវាងធ្វើឲ្យត្រី ពុល ឬ ខ្សោយ ស្រ្តេស និងមានប៉ារ៉ាស៊ីត
- លាងជាមួយ ភឺហ្វូរ៉ាន់(Perfuran) ២ppm រយៈពេល១ម៉ោង
- ត្រីដែលឈឺ ត្រូវយកអូសាលីនីក អាស៊ីត(Oxalinic acid) លាយជាមួយចំណី ក្នុងបរិមាណ២០ម.ក្រ/គ.ក្រ
ជម្ងឺបង្កដោយបាក់តេរីស្រកី
- មិនសូវស៊ីចំណី និងមានពណ៌ខ្មៅ
- ស្រកីបញ្ចេញរំអិលច្រើន ហើយសរសៃស្រកីស្អិតជាប់គ្នា
- មានស្នាមលើត្របកស្រកី
- ត្រីហែលមកខាងលើ
- កើតឡើងដោយសារ គុណភាពទឹកមិនល្អ បន្ទាប់ពីមានភ្លៀងធ្នាក់ខ្លាំង
- ភក់ និងបំណែកតូចៗ នៃសារធាតុសរីរាង្គ ធ្វើឲ្យរំខានដល់មុខងារស្រកី
- អុកស៊ីសែនរលាយក្នុងទឹកទាប និងមានកម្រិតអាម៉ូញ៉ាក់ខ្ពស់
- ពុល ឬខ្សោយ កើតឡើងនៅពេល រំលែកត្រី ជាមូលហេតុធ្វើឲ្យត្រីងាយរងជម្ងឺ
វិធានការណ៍ការពារនិងព្យាបាល
- រក្សាទឹកឲ្យបានល្អ ចៀសវាងធ្វើឲ្យត្រី ពុល ឬ ខ្សោយ
- បង្កើនកម្រិតអុកស៊ីសែន និងបន្ថយកម្រិតអាម៉ូញ៉ាក់
- អាចប្រើវ៉ាក់សាំងការពារ
- យកត្រីដែលឈឺដាក់ទៅក្នុងធុង ឬអាង ដែលមានទឹកស្អាត
- លាងជាមួយ ភឺហ្វូរ៉ាន់(Perfuran) ២ppm រយៈពេល១ម៉ោង
- ត្រីដែលឈឺ ត្រូវយកអូសាលីនីក អាស៊ីត(Oxalinic acid) លាយជាមួយចំណី ក្នុងបរិមាណ២០ម.ក្រ/គ.ក្រ និងដាក់ អុកស៊ីតេត្រាស៊ីឃ្លីន(Oxytetracycline) ក្នុងបរិមាណ ៧៥ម.ក្រ/គ.ក្រ
ជម្ងឺបង្កដោយផ្សិត អីឈីយូហ្វូនីយ៉ូស៊ីស(Ichyophoniosis)
- ត្រីមិនសូវស៊ីចំណី ស្គម ដូរពណ៌ ឬមិនសូវកំរើក
- ដំបៅលើស្បែក
- ចំណីដែលមានផ្ទុកជម្ងឺនេះ
- សម្បូរប្លង់តុងសត្វ(Zooplankton)ក្នុងទឹក
វិធានការណ៍ការពារ
- ប្រុងប្រយ័ត្ន ក្នុងការឲ្យចំណីត្រីស្រស់ ឬត្រីល្អិត
ប៉ារ៉ាស៊ីតចៃស គ្រីបតូការីយ៉ុណូស៊ីស(Cryptocaryonosis)៖
- ត្រីមិនសូវស៊ីចំណី ហែលខុសធម្មតា
- ពណ៌ខ្មៅលើដងខ្លួន
- ចេញឈាមលើដងខ្លួន
- លៀនភ្នែក និងហូរឈម
- ដដុះខ្លួននិងបែ
- ត្រីពិបាកដកដង្ហើម
- ដោយសារដង់ស៊ីតេចិញ្ចឹមខ្ពស់
- សីតុណ្ហភាពចុះទាប កម្រិតសារធាតុសរីរាង្គខ្ពស់
- ត្រីពុល ឬខ្សោយ
វិធានការណ៍ការពារនិងព្យាបាល
- លាងទឹកសាប១ម៉ោង សម្រាប់រយៈពេល ២-៣ថ្ងៃ
- ប្រើទង់ដែងស៊ុលផាត ០,៥ ppm និងដាក់ខ្យល់ជាប់រហូត
ប៉ារ៉ាស៊ីតស្បែកម៉ូណូសែន(Monogenans)
- ត្រីមិនសូវស៊ីចំណី ហែលខុសធម្មតា
- ចេញឈាមលើដងខ្លួន
- លៀនភ្នែក និងហូរឈម
- ដដុះខ្លួននិងបែ
វិធានការណ៍ការពារនិងព្យាបាល
- ដាក់កូនត្រីក្នុងដង់ស៊ីតេខ្ពស់
- លាងទឹកសាប ៥-៣០នាទី សម្រាប់រយៈពេល ២-៣ថ្ងៃ
- ប្រើអីដ្រូសែនប៉េរ៉ូស៊ីដ ១០-៣០នាទី
- ដាក់ខ្យល់ជាប់រហូត
ប៉ារ៉ាស៊ីតស្រកីម៉ូណូសែន(Monogenans)
- ត្រីមិនសូវស៊ីចំណី ហែលខុសធម្មតា
- ចេញឈាមលើដងខ្លួន
- លៀនភ្នែក និងហូរឈម
- ដដុះខ្លួននិងបែ
វិធានការណ៍ការពារនិងព្យាបាល
- ប្រើអីដ្រូសែនប៉េរ៉ូស៊ីដ ២០០ ppm រយៈពេល ១ម៉ោង
- ដាក់ខ្យល់ជាប់រហូត
ការប្រមូលផល
រយៈពេលចិញ្ចឹម ៦-៨ខែ ក្នុងបែរ ត្រីតុកកែ មានទម្ងន់ពី ៤០០-៦០០ក្រាម/ក្បាល
ចំណាប់អារម្មណ៍
មុខរបរចិញ្ចឹមត្រីតុកកែនេះ នៅប្រទេសយើង ពុំទាន់មានអ្នកចិញ្ចឹមច្រើននោះទេ ដោយសារត្រីនេះ មានតម្លែថ្លៃ ហើយមជ្ឍដ្ឋានរស់នៅរបស់វា គឺទឹកប្រៃ។ សម្រាប់ទីផ្សារត្រីនេះ លក់ក្នុងស្រុកផង និងនាំចេញទៅលក់ប្រទេសជិតខាងបានទៀតផង។ សម្រាប់បងប្អូនដែលមានដីតំបន់ទឹកប្រៃ ឬរស់នៅតាមឆ្នេរសមុទ្រ មិនគួររំលងមុខរបរមួយនេះទេ។