ទំពាំងបាយជូរ ជាផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ពិសារ និងជាផ្លែឈើដែលពេញនិយម និងមានតម្លៃផងដែរ សម្រាប់ទីផ្សារ។ ក្រៅពីការទទួលទានផ្លែស្រស់ ផ្លែទំពាំងបាយជូរ ត្រូវបានគេកែច្នៃ បានជាច្រើនមុខ ដូចជា ទឹកផ្លែឈើ ការ៉ែម យ៉ាអួរ ស្រា និងផលិតផលមួយចំនួនទៀត។
ផ្លែទំពាំងបាយជូរ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមដូចជា៖ ថាមពល កាបូអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់ ជាតិសរសៃ វីតាមីនC, K B1, B2, B6, ប៉ូតាស្យូម, ទង់ដែង, ម៉ាញ្៉ស្យូម ជាដើម។ ទន្ទឹមនឹងនេះដែរ ទំពាំងបាយជូរ មានអត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើន ដូចជា៖ ជួយដល់សុខភាពឆ្អឹង, ការពារជំងឺគាំងបេះដូង, ការពារជំងឺទឹកនោមផ្អែម, ជួយដល់ឳនភាពនៃចក្ខុវិញ្ញាណ, ព្យាបាលជំងឺទល់លាមក, ជួយដល់ប្រព័ន្ធរំលាយអាហារ, ប្រឆាំងនឹងភាពអស់កម្លាំង, ធ្វើឲ្យតំរងនោមដំណើរការបានល្អ, ប្រឆាំងជំងឺមហារីកសុដន់, ជួយដល់ប្រព័ន្ធការពារសរីរាង្គ ជាដើម។
ខាងក្រោមនេះ ជាបច្ចេកទេសដាំដុះ ទំពាំងបាយជូរ ដែលបងប្អូនគួរសិក្សាស្វែងយល់៖
លក្ខណៈនៃដំណាំទំពាំងបាយជូរ
- ទំពាំងបាយជូរ អាចដាំដុះ លូតលាស់បាន ក្នុងសីតុណ្ហភាព ចាប់ពី 15អង្សាសេ រហូតដល់ 45អង្សាសេ
- ទំពាំងបាយជូរ មាន 2ប្រភេទ គឺប្រភេទ ផលិតជាស្រាទំពាំងបាយជូរ (មានផ្លែតូចៗ ល្អិត តែផ្លែច្រើន) និង ប្រភេទ សម្រាប់មនុស្សហូបផ្លែ (ផ្លែមានគ្រាប់ធំៗ)
- ទំពាំងបាយជូរ ចែកចេញជា ៣ពណ៌ គឺ ទុំខៀវ ទុំពណ៌ស្លាទុំ និង ទុំពណ៌ស្វាយក្រម៉ៅ
- នៅប្រទេសត្រជាក់ គេអាចប្រមូលផល ពី ១ដង ទៅ ២ដង ក្នុងមួយឆ្នាំ
- នៅប្រទេសក្តៅ ហើយសើម ដូចកម្ពុជាយើង ទំពាំងបាយជូរ អាចប្រមូលផលរហូតដល់ ៣ដង
- ទំពាំងបាយជូរ មានអាយុកាល ប្រមូលផលបាន ចាប់ពី 50ឆ្នាំ រហូតដល់ 100ឆ្នាំ
- ទំពាំងបាយជូរអាចដាំ ពី គ្រាប់ ពី កាត់មែកផ្សាំអោយដុះឬសរួចយកទៅដាំ និងកាត់ត( craft)
- ទំពាំងបាយជូរ ជាដំណាំ ដាំអោយឡើងទ្រើង
ការជ្រើសរើសប្រភេទដី
- ប្រភេទដីទួល ដីមិនលិចទឹក រឺ ជាំទឹក
- ទីតាំងស្រឡះមានខ្យល់ និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់
- ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅដីស្រស់ទឹកល្អ ដីធូរខាងក្រោមដី សំបូរជាតិផូស្វ័រ
- ប្រសិនបើដីហាប់ពេក រឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះ ទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ
- ដីដែលទទួលបានទិន្នផលខ្ពស់ជាងគេ គឺដីក្រហមខ្លាញ់ក្តាម ដូចដីដាំកៅស៊ូ ឬ ដីដាំធូរេន ដែរ
- បន្ទាប់មកគឺ ដីខ្មៅ បន្ទាប់មកគឺដីលឿង បន្ទាប់មកគឺដីពណ៍ស
- PH ដី ដែលអាច ដាំទំពាំងបាយជូរបានល្អ គឺស្ថិតក្នុងចន្លោះ ពី 6 ទៅ 5
ការស្រោចស្រព
នៅប្រទេសកម្ពុជាយើង នៅរដូវក្តៅ ទំពាំងបាយជូរត្រូវការទឹក៖
- អាយុ ១ឆ្នាំ ត្រូវការទឹក ៥លីត្រ ក្នុងមួយថ្ងៃក្នងមួយដើម
- អាយុ ២ឆ្នាំ ត្រូវការទឹក ៨លីត្រ ក្នុងមួយថ្ងៃ ក្នងមួយដើម
- អាយុ ៣ឆ្នាំ ត្រូវការទឹក ១០លីត្រ ក្នុងមួយថ្ងៃ ក្នងមួយដើម
- អាយុ ៤ឆ្នាំ ត្រូវការទឹក ១២លីត្រ ក្នុងមួយថ្ងៃ ក្នងមួយដើម
- អាយុ ៥ឆ្នាំ និងឡើងទៅ ត្រូវការទឹក ១៥លីត្រ ក្នុងមួយថ្ងៃ ក្នងមួយដើម
ការផ្តល់ជីជាតិ
- ទំពាំងបាយជូរ ត្រូវការ ជីធម្មជាតិ ច្រើន ក៏ ត្រូវការ ជី NPK និងត្រូវការជី អ៊ុយរ៉េ ច្រើន នៅរដូវក្តៅខ្លាំង
- ទំពាំងបាយជូរ ចាប់ពីពេលដាំ រហូតដល់ អាយុ ៨ខែ ឬ មួយឆ្នាំ កន្លះ គឺអាចចេញផ្លែផ្កាហើយ គ្រាន់តែពុំទាន់ពេញផល ដូចអាយុ ៥ឆ្នាំ
- ទំពាំងបាយជូរ ផ្លែតាមធម្មជាតិ នៅស្រុកខ្មែរយើង គឺដំណាលគ្នា នឹងក្រូចពោធិ៍សាត់ និងស្វាយដែរ គឺចេញផ្កា នៅរដូវរងារ និងទុំ នៅកំឡុងពេលចូលឆ្នាំខ្មែរ ឬ ក្រោយពេលចូលឆ្នាំខ្មែរ យ៉ាងយូរ ១ខែ គឺតាមរបបទឹកភ្លៀងកក់ខែ។
- ចាប់ចេញផ្កាម្តងទៀត ដំណាលនឹងក្រូចពោធិ៍សាត់ ខែវស្សា គឺផ្កា ខែ ៥ ឬ ខែ ៦ ទុំនៅកំឡុងពេលភ្ជួរបិណ្ឌ ឬក្រោយភ្ជុំបិណ្ឌមួយខែ
ការរៀបចំទ្រើង
- មុននឹងដាំទំពាំងបាយជូរត្រូវភ្ជួរ រាស់ដីជាមុនសិន
- ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដី ដើម្បីរៀបចំកន្លែងសំរាប់ដាំ
- រៀបចំដី ខែ១១ រឺក៏ ខែ១២ ភ្ជួរឲ្យបានច្រើនជើង ភ្ជួរលើកទីមួយលើកទីពីរដើម្បីអោយដីកាន់តែសុះល្អ
- ទ្រើងដែលប្រើប្រាស់ អាចមាន រាង អក្សរ I (បញ្ឈរត្រង់) អាចរាងអក្សរ A និង អាចរាងអក្សរ T
- ទ្រើងដែលពេញនិយមជាងគេ នៅលើពិភពលោក គឺរាងអក្សរ I ព្រោះងាយស្រួលថែទាំ និង បេះផល
- ទំពាំងបាយជូរហូបផ្លែ កសិករភាគច្រើន ប្រើរោងដូច រាងដំបូល និង ជញ្ជាំងផ្ទះ ឬ រាងមូលកោង
- ក្រោយពីរៀបចំដីបានហើយយើងត្រូវរៀបចំទ្រើងសំរាប់ឲ្យដើមទំពាំងបាយជូរវាតោងឡើងបន្ទាប់មកត្រូវរៀបចំប្រព័ន្ធទឹកតាមរណ្តៅដែលយើងកាយដាំទំពាំងបាយជូរនោះ
- ប្រសិនបើដីយើងមិនស្រស់ទឹករឺក៏ដក់ទឹក អាចពួនជារងរឺក៏ដុំៗបន្តិច
- ប្រសិនបើដីយើងជាលក្ខណៈដីខ្សាច់ រឺក៏ដីថ្ម មិនពិបាកទេយើងអាចដាំវាបានធម្មតា
ការដាំដុះទំពាំងបាយជូរ
- ត្រូវដាំកូនទំពាំងបាយជូរ គំលាត ពីគុម្ពបួយទៅគុម្ពមួយប្រវែង ១,២ ម៉ែត្រ និងពីរងមួយទៅរងមួយទៀត មានប្រវែង ២ ម៉ែត្រ
- បន្ទាប់ពីទុកគំលាតដាំ រៀបចំជារងរួច ត្រូវរៀបចំបណ្តាញទឹក តាមគល់រឺគុម្ព ដែលបំរុងដាំកូនទំពាំងបាយជូរ អោយបានគ្រប់រណ្តៅ
- បណ្តាញទឹករៀបចំ សំរាប់បន្តក់ទឹកតាមគុម្ព ដែលបានដាំរួច ពីព្រោះកូនទំពាំងបាយជូរ ដែលបានដាំរួច ត្រូវបន្តក់ទឹកវាឲ្យ បានរាល់ថ្ងៃនិងទៀងពេល
- ទំពាំងបាយជូរខុសពី ដំណាំដ៏ទៃព្រោះ ទំពាំងបាយជូរ មិនត្រូវការយកទឹក រឺក៏រែកទឹក ទៅស្រោចវានោះទេ តែវាត្រូវការបន្តក់ទឹកបន្តិចម្តងៗ
- ក្នុងមួយគុម្ពប្រសិនបើ ដីកណ្តេងវាត្រូវការដំណក់ទឹក ១០ លីត្រ
- ប្រសិនបើដីខ្សាច់វិញវាត្រូវការទឹក ១៥ លីត្រ
- បន្ទាប់ពីរៀបចំទឹករួច ហើយត្រូវរៀបចំរងជាធ្វើរាងបញ្ឈរ ដើម្បីអោយកូនទំពាំងបាយជូរ វាតោងឡើង ប្រវែងទ្រើងគឺ ១,៩០ ម៉ែត្រនៅពីលើ
- នៅពេលដែលរៀបចំដី ទ្រើង និង ដំណក់ទឹករួច ត្រូវជីករណ្តៅសំរាប់ ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ ស.ម និងទំហំមុខកាត់ប្រវែងកន្លះម៉ែត្រ
- រួចមកយកជីលាមក អាចម៍គោ មាន់, ទា មួយអំរែក បើមានអាចម៍ប្រចៀវកាន់តែប្រសើរ មកដាក់ក្នុងរណ្តៅនោះ ទើបលាយជាមួយដី អោយបានសព្វស្រទាប់លើ ចាំយកកូនទំពាំងបាយជូរមកកប់ដាំ
- ក្រោយពីដាំហើយ និងបន្តក់ទឹកវាឲ្យជាប់រាល់ថ្ងៃ រួចហើយត្រូវរង់ចាំ រយៈពេលមួយសប្តាហ៍ ពេលនោះកូនទំពាំងបាយជូរ វាលូតលាស់បែកមែកច្រើនត្រួយ ហើយនៅពេលដែលវាបែកមែក បានច្រើនត្រួយត្រូវគ្រៀវដើមវាចេញ
ការគ្រៀវដើម
- ត្រូវប្រលះត្រួយវាចេញ ទុកតែត្រួយណា ដែលវាលូតធំជាងគេ ឲ្យវាលូតតែឯងបានហើយ
- ការគ្រៀវដើមបែបនេះ ដើម្បីឲ្យដើមនោះវាធំ លូតលាស់ល្អប្រវែង ៧តឹក
- ធ្វើការគ្រៀវចាប់ផ្តើមបំបែកមែក ដើម្បីឲ្យវាបែកមែកទៅឆ្វេងទៅស្តាំ ហើយត្រូវការតែពីរទងនេះទេ
ការប្រមូលផល
- ទំពាំងបាយជូរនេះយើងដាំតែរយៈពេល ៨ខែ ទៅ ៩ ខែទេវាអាចចេញផ្កាចេញផ្លែតាមការដែលយើងកាត់បំបែកត្រួយនោះ
- ត្រូវឧស្សាហ៍បេះស្លឹកចាស់ៗ ចោល ដើម្បីការពារជំងឺយារយីដំណាំ រឺយារយីរ ត្រួយស្លឹកដែលទើបលូតលាស់ថ្មី
- ក្នុងមួយគុម្ពទំពាំងបាយជូរអាចផ្លែបាន ៣ គីឡូ គិតជាមធ្យម នៅឆ្នាំដំបូង ឆ្នាំបន្ទាប់ៗ ទិន្នផលនិងកើតឡើង
ចំណាប់អារម្មណ៍
ផ្លែទំពាំងបាយជូរ មានច្រើនមុខពូជ ច្រើនពណ៌ ច្រើនប្រភេទ និងមានរសជាតិខុសៗគ្នា។ ដូច្នេះ មុនដាំដុះ បងប្អូនត្រូវសិក្សា ពីពូជដែលមានលក្ខណៈសមស្រម ទៅតាមស្ថានភាពចម្ការរប់សបងប្អូន។ លើសពីនេះ ត្រូវចេះជ្រើសរើស ពូជដែលមានតម្រូវការទីផ្សារខ្ពស់ នៅក្នុងស្រុកយើង មកធ្វើការដាំដុះ។ បងប្អូនដែលមានដីចម្ការ ចង់សាកល្បង ជាមួយដំណាំដែលមានទីផ្សារត្រូវការ អាចសាកល្បង ជាមួយដំណាំទំពាំងបាយជូរនេះ។ ម្យ៉ាងវិញទៀតដំណាំនេះ ផ្តល់ទិន្នផលរយៈពេលយូរអង្វែង។