ផ្លែមង្ឃុត មានរសជាតិផ្អែម ឆ្ងាញ់ជាប់ចិត្ត និងមានតម្លៃគួរសម្យនៅលើទីផ្សារបច្ចុប្បន្ន។ ផ្លែមង្ឃុតមានសារជាតិចិញ្ចឹមទ្រទ្រង់ សុខភាពសំខាន់ៗ ដូចជា វីតាមីន B និង C ជាតិសរសៃ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រជាដើម។
លើសពីនេះមង្ឃុត ជួយទប់ស្កាត់ ប្រឈមមុខនឹងជម្ងឺធាត់ និងលើសទម្ងន់, ជួសជុលគ្រឿងក្នុងសារពាង្គកាយ, កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ, បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម , ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជម្ងឺឆ្លងផ្សេងៗទៀត, ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារ, ប្រឆាំងនឹងជម្ងឺដាច់សរសៃឈាម, ជំនួយដល់សុខភាពឆ្អឹង, ជំនួយដល់ប្រព័ន្ធចងចាំ, ជំនួយដល់សុខភាពស្បែក ធ្មេញ, ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹងផងដែរ។
ខាងក្រោមនេះ ជាបច្ចេកទេស ក្នុងការដាំដុះ មង្ឃុត៖
ការជ្រើសរើសពូជ
- ពូជដែលមានភាពរឹងមាំ អាចធន់ទ្រាំទៅនិងជំងឺផ្សេងៗ
- ពូជដែលធន់ទ្រាំទៅនិងអាកាសធាតុ
- ងាយចេញផ្កា និង កាន់ផ្លែបានច្រើន
- ទំងន់ផ្លែទំហំធំល្អ
- មានក្លិននិងរស់ជាតិឈ្ងុយឆ្ងាញ់ពិសារ
- ផ្លែទុំទុកបានយួរ
- មិនសូវមានសរសៃឆ្មារ
- ពណ៌ស្អាតទាក់ទាញភ្នែក
ការបណ្តុះកូនមង្ឃុត
- ត្រូវជ្រើសរើសផ្លែទុំល្អ ធំល្អ មានក្លិនឆ្ងុយ រសជាតិផ្អែមឆ្ងាញ់
- យកគ្រាប់ចេញ បកយកសំបកសាច់ចេញ រួចហើយលាងទឹកឲ្យស្អាត
- យកគ្រាប់នោះ ទៅកប់ក្នុងថង់បណ្តុះ កប់រាក់ៗជម្រៅ០,៥ ស.ម រួចលប់ដីបន្តិច
- ស្រោចទឹកជាប្រចាំ ២០ថ្ងៃក្រោយ កូនមង្ឃុតដុះពន្លកបាន៥-៧ស.ម បំបែកដាក់ថង់បណ្តុះធំជាងមុន
- ថែទាំរហូតដល់កូនមង្ឃុត កំពស់ ៥០-៧០ស.ម អាចដាំបានហើយ
ការរៀបចំរណ្តៅ
- ត្រូវជីករណ្តៅ ទំហំ១ម៉ែត្រ បួនជ្រុង ជម្រៅ ០,៥ម៉ែត្រ ទៅ ០,៧ម៉ែត្រ
- ចន្លោះជួរ និងចន្លោះរង ៨x ៨m
- យកដីស្រទាប់លើដាក់មួយដុំ និងស្រទាបក្រោមដាក់មួយដុំ
- បន្ទាប់មកយកលាមកសត្វ ឬជីកំប៉ុសគោក ចំនួន២បង្គី ២០គ.ក្រ
- បន្ទាប់មកច្របល់ជាមួយដី ស្រទាប់ផ្នែកខាងលើ ដាក់ទៅបាតរណ្តៅ
- ដាក់កំទេចកំទីរុក្ខជាតិ ឲ្យណែនរហូតពេញរណ្តៅ
ការដំាកូន មង្ឃុត
- ជ្រើសរើសកូនថ្លោស រឹងមំាមិនកើតជំងឺ និងស្លាកស្នាមសត្វស៊ី
- ឆ្កៀលគូថថង់ ដោយថ្នមៗ កុំឲ្យបែកដី ដាក់ទៅក្នុងរណ្តៅ ជម្រៅ ១០ស.ម
- វះថង់ផ្នែកចំហៀង កុំឲ្យបែកដី ត្រូវលប់ដី ដែលនៅសល់ក្នុងរណ្តៅ ដោយមិនឲ្យដល់ ស្នាមសះត្រួយ ឬស្នាមតភ្ជាប់
- បោះបង្គោលឫស្សី ជុំវិញកូនដោយចងផ្អោប ទប់ការពារខ្យល់រង្កើលដើម
- ស្រោចទឹកឲ្យបានជោគជំាបន្តិច
- ប្រើសំណាញ់រុក្ខជាតិផ្សេងៗបាំងកំដៅថ្ងៃ ព្រោះកូនទើបតែដំាអាចស្លោក ស្លឹកងាប់បាន
ការថែទាំ
- សំអាតស្មៅញឹកញាប់ក្នុងរយៈពេល ៤ឆ្នាំដំបូង
- បន្ទាប់ពីដំាសំអាតស្មៅ ១ ទៅ ២ដង ក្នុង១ឆ្នាំ
- បន្ទាប់ពីធ្វើស្មៅហើយយកចំបើងក្របគល់ និងជុំវិញរណ្តៅដើម្បីរក្សា សំណើមឲ្យបានយូរ
ការតាក់តែងមែក មង្ឃុត៖
- កាត់ចុងកណ្តាល ក្តិចត្រួយដើម្បីឲ្យមែកបែកខ្នែងខាង
- ទុក ៣ ទៅ ៤មែក ជ្រើសរើសមែកណាដែលល្អ ដង្គាបទូលាយ
- បើបែកមែកត្រូវក្តិចចោលភ្លាមនៅបរិវេណគល់ ពីដី ៤០-៦០ស.ម
- ក្នុងឆ្នាំទី២ ដល់ទី៤ ទុកមែកខ្នែងដុះផុត បើមានខ្នែងតូចបែកពីខ្នែងធំ ណែនក្រាស់ពេក ត្រូវកាត់ខ្នែងតូចចោល
- ក្រោយពីការកាត់តែងមែក ត្រូវលាបកំបោរឬថ្នាំផ្សេងៗ ដើម្បីការពារ កុំឲ្យមានមេរោគ រាតត្បាត
ការស្រោចស្រព ដើមមង្ឃុត៖
- រដូវប្រាំង ត្រូវស្រោចទឹក ៣ថ្ងៃម្តង រហូតដល់កូនមង្ឃុតបាន ៤ឆ្នាំ
- រដូវវស្សា មិនសូវស្រោចស្រពទេ ប៉ុន្តែនៅពេលដែលមង្ឃុត ចេញផ្កា ហើយក្តិប មិនត្រូវឲ្យខ្វះទឹកជាដាច់ខាត
ការប្រើប្រាស់ជី៖
- ក្នុងការដាក់ជី ត្រូវដាក់ក្រោយពីការតាក់តែងមែករួច
- សំអាតគល់ដាក់ជី ជម្រៅ 10-15cm នៅចុងសំយ៉ាកមែក
- នៅពេលដាំកូនដំបូង ដាក់ជីអាចម៍សត្វ ២០ គីឡូក្រាម/១ដើម
- បន្ទាប់ពីដាំបាន ៧ ទៅ ១០ ថ្ងៃ ដាក់ជី ១៥-១៥-១៥ ពី ១០-១៥ ក្រាម/ដើម
- បន្ទាប់ពីដាំបាន ២ ទៅ ៣ ខែ ដាក់ជី ១៥-១៥-១៥ ពី ០,៥-១គីឡូក្រាម/ដើម
- ឆ្នាំទី១ ឡើងទៅ គឺដាក់ជី ១៥-១៥-១៥ ពី ១-២ គីឡូក្រាម និងជីលាមកសត្វ ១០-២០គីឡូក្រាម/ដើម ដាក់របៀបនេះ រហូតដល់ឆំា្នទី ៤-៥
- ឆ្នាំបន្តបន្ទាប់ទៀត ដាក់ជីដំណាំមង្ឃុតត្រូវធ្វើឡើងដូច
- តទៅ គឺ ២ដងក្នុងមូយឆ្នាំ ជារៀងរាល់ឆ្នាំ នៅពេល ប្រមូល ផលរួច និង ធ្វើការសំអាតគល់ កាត់តែងមែក ដោយដាក់ ជី ១៥ ១៥ ១៥ ចំនួន៣គីឡូក្រាម/១ដើម អាស្រ័យទៅដោយប្រភេទដើម តូចឬធំ
- ចំងាយពីគល់ដើមដល់ចុងមែក ១ ម៉ែត្រ ដាក់ជី ១ គីឡូកា្រម
- ចំងាយពីគល់ដើមដល់ចុងមែក ២ ម៉ែត្រ ដាក់ជី ២ គីឡូកា្រម
- ចំងាយពីគល់ដើមដល់ចុងមែក ៣ ម៉ែត្រ ដាក់ជី ៣ គីឡូកា្រម
ការប្រមូលផល មង្ឃុត
- អាយុ៥ឆ្នាំ ទៅចាប់ផ្តើមផ្តល់ផលហើយ ឆ្នាំដំបូង អាចផ្តល់ផ្លែពី១០-២០ផ្លែក្នុង១ដើម
- ទិន្នផលផ្លែ កើនឡើងជារៀងរាល់ឆ្នាំ អាស្រ័យការថែទាំ អាចដល់១០០០ផ្លែក្នុង១ដើម នៅអាយុ១៥ឆ្នាំ
- ប្រមូលផលច្រើន ធ្វើឡើងពីខែ កញ្ញា ទៅតុលា
- បន្ទាប់ពីចេញផ្កា៥-៦ឆ្នាំ អាចប្រមូលផលបានហើយ
- ផ្លែចាស់ប្រែពណ៌ពី ខៀវខ្ចី ទៅក្រហមត្នោត និងមានសំបករាងទន់បន្តិចពេលច្របាច់
- គេអាចបះវារាល់ថ្ងៃដោយសារផ្លែវាទុំមិនស្រុះ បះបណ្តាក់គ្នារហូតអស់
ចំណាប់អារម្មណ៍
មង្ឃុត ជាផ្លែឈើហូបផ្លែ ដែលគេនិយម ទទួលស្រស់ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ពិសារ ហើយដំណាំនេះ ជាដំណាំហូបផ្លែ ដែលមានអាយុកាលហុចផលច្រើនឆ្នាំ បងប្អូនអាចដាំដុះវាម្តង ទទួលផលបានយូរ។ បងប្អូនមានដីចំការមិនដឹង ដាំដុះដំណាំអ្វី អាចពិចារណាចំពោះ ដំណាំនេបាន។ មុនដាំដុះ បងប្អូន គួរសិក្សាពីគុណភាពដី ដែលបងប្អូនចង់ដាំដុះ ជាមុនសិន ដើម្បីប្រាកដថា វាពិតជាសមស្រប ចំពោះដំណាំនេះទេ ចៀសវាងការដាំដុះប្រថុយប្រថាន ដែលនាំឲ្យបងប្អូនខាតពេលវេលា និងប្រាក់កាក់។