ផ្លែក្រូចវល្លិ៍ ឬផ្លែផាសិន ជាផ្លែឈើដែលមានភាពពេញនិយម សម្រាប់ទទួលទានជាភេសជ្ជៈស្រស់ និងកែច្នៃជាទឹកផ្លែឈើជាដើម។ វាមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ វីតាមីន A, C កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិដែក ជាតិសរសៃជាដើម។ លើសពីនេះ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជាប្រភពនៃជាតិសរសៃ មានglycemic ទាបដែលមិនបណ្តាលឲ្យឡើងជាតិស្ករនៅក្នុងឈាមពេលបរិភោគអាហាររួចល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម បង្កើនភាពស៊ាំរាងកាយ ជួយសុខភាពបេះដូង កាត់បន្ថយការថប់អារម្មណ៍ ធ្វើឱ្យប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន។
ខាងក្រោមនេះ ជាបច្ចេកទេស ក្នុងការដាំដុះដំណាំក្រូចវល្លិ៍ ឬផាសិន៖
អំពីពូជផាសិន
ផ្លែក្រូចវល្លិ៍ ឬផ្លែផាសិន គឺជារុក្ខជាតិដែលរឹងមាំ មានឫសរាក់ ជាប្រភេទរុក្ខជាតិវល្លិ ហើយអាចវាឡើងដោយសរសៃពួរដើមរបស់វា។ វាអាចដុះវាឡើងបានកំពស់ ៦ មឬ ៦០០ ស.ម ហើយរស់លូតលាស់បបាន អាយុពី ៣ – ៥ ឆ្នាំ។
វាត្រូវបានដាំដុះជាចម្បង សម្រាប់ទីផ្សារផ្លែស្រស់ និងទឹកផ្លែឈើ។ ដំណាំនេះ ជាទីពេញនិយមចូលចិត្ត ដំាំដុះពីកសិករខ្នាតតូច ដោយសារផលរបស់វាល្អ។
ចំពោះដំណាំផ្លែក្រូចវល្លិ៍ ឬផាសិននេះ មាន២ពូជ៖
- ពូជផ្លែពណ៌ស្វាយ (Purple Passion Fruit)៖ ផ្លែមានពណ៌ស្វាយ មានទំហំអង្កត់ផ្ចិត ៤-៥ ស.ម មានរសជាតិឈ្ងុយឆ្ងាញ់និងក្រអូប ប្រើសម្រាប់ទីផ្សារផ្លែស្រស់ និងទឹកផ្លែឈើ ពេញនិយមនៅក្នុងទីផ្សារនាំចេញ។
- ពូជផ្លែពណ៌លឿង (Yellow Passion Fruit)៖ ផ្លែវាទំហំធំជាង ផ្លែពណ៌ស្វាយ មានអង្កត់ផ្ចិតពី ៥-៧ស.ម វាមានជាតិអាស៊ីតច្រើន ប្រើសម្រាប់ផលិត ជាទឹកឈើ។
ការរៀបចំដី
- ដីសម្រាប់ដាំដុះ ត្រូវភ្ជួររាស់ឲ្យស្អាត
- ប្រសិនបើដីនោះ មានសំណើមខ្ពស់ មានទឹកភ្លៀងញឹកញាប់ ត្រូវកាយចង្អូរ ដើម្បីរំដោះទឹកពេលភ្លៀងជោគជាំ
- បាចកំបោរស(កំបោរកសិកម្ម) ពេញផ្ទៃដីដាំដុះ មុនដាំរយៈពេល១៥ថ្ងៃ ដើម្បីសម្លាប់មេរោគ
- រៀបចំដីទៅតាមលក្ខណៈបច្ចេកទេស កុំដាំឲ្យចង្អៀតពេក ដើម្បីទទួលបានទិន្នផលខ្ពស់
ការរៀបចំរណ្តៅ
- ជីករណ្តៅទំហំ ៤៥ x ៤៥ x ៤៥ ស.ម ញែកដីស្រាប់លើ និងស្រទាប់បន្ទាប់ចេញ
- គំលាតពីរណ្តៅមួយទៅមួយ៖ ៤,៥ x ៤,៥ ម៉ែត្រ (៥០០គុម្ព/ហិចតា)
- លាយដីស្រទាប់លើជាមួយជីកំប៉ុស ០.៥គ.ក្រ ជាមួយថ្នាំកណ្តៀរ១ស្លាបព្រាបាយ ក្នុង១រណ្តៅ
ការរៀបចំបង្គោល និងទ្រើង
- កន្លែងសម្រាប់ដាំដុះ ត្រូវមានពន្លឺគ្រប់់គ្រាន់
- ប្រើបង្គោលឈើធ្វើជន្លង់
- ធ្វើទ្រើងពីសរសៃលួស ឬអួនក្រឡាធំ ដើម្បីឲ្យវល្លិ៍វាតោងបានល្អ
- ចំនួនបង្គោលឈើ ក្នុងមួយហិចតា ៥០០ ដើម
- បង្គោលមានប្រវែងពី ២,៥-៤ ម៉ែត្រ មានអង្កត់ផ្ចិត ១៥ស.ម
- កុំដាំបង្គោលទាបពេកធ្វើឲ្យ ខ្វះពន្លឺ ខ្វះខ្យល់ចេញចូលពិបាកប្រមូលផល
- បើដាំខ្ពស់ពេក ពិបាកធ្វើទ្រើង ពិបាកប្រមូលផល
- គំលាតបង្គោល១ ៤,៥ x ៤,៥ ម៉ែត្រ (៥០០គុម្ព/ហិចតា)
- ប្រើខ្សែលួសសរសៃ ប្រទាក់ក្រឡាទំហំ ០.៥-១ម៉ែត្រ ដើម្បីឲ្យផាសិនវាឡើង
ការបណ្តុះគ្រាប់ពូជ
- អត្រាបណ្តុះគ្រាប់ស្រស់ មានកំរិតដុះខ្ពស់ជាង និងដុះលឿនជាងបណ្តុះគ្រាប់ស្ងួត
- គ្រាប់ដែលត្រូវបានជ្រើសរើសយកមកបណ្តុះ ត្រូវរើសពីផ្លែទុំដែលលូតលាស់ល្អ
- លាយដី ជាមួយជីកំប៉ុស្ត កំរាស់ ៩០ ស.ម ដាក់ក្នុងកន្ទោងឬថង់
- ដាក់គ្រាប់ពូជ ២ គ្រាប់ ក្នុងមួយកន្ទោងឬថង់
- គ្របដីល្បាយពីលើគ្រាប់បន្តិច រួចស្រោចទឹកជាប្រចាំ
- រក្សាសំណើមដី ដើម្បីឲ្យគ្រាប់ពូជឆាប់ដុះ តែកុំស្រោចទឹកជោគជាំ ដែលធ្វើឲ្យវារលួយបាន
- ដកកូនផាសិន ដែលមានសត្វល្អិត និងមានជំងឺចេញ
ការដាំដុះ
- ១សប្តាហ៍បន្ទាប់ពីបណ្តុះគ្រាប់ វាចាប់ផ្តើមពន្លក បានស្លឹក២-៣ សន្លឹក
- អាយុ២សប្តាហ៍ វាលូតលាស់បានស្លឹក៥-៦ស្លឹក
- អាយុ ៤សប្តាហ៍ អាចដកកូន មកផ្សាំបំប៉នក្នុងថង់ធំបាន ត្រៀមខ្លួនសម្រាប់ការដាំនៅក្នុងចម្ការ
- រយៈពេល១ខែក្រោយ អាចដាំក្នុងចម្ការបានហើយ
- ដាំនៅពេលព្រឹក ឬពេលល្ងាច នៅពេលត្រជាក់
- គួរតែដាំកូនផាសិន នៅពេលចាប់ផ្តើមធ្លាក់ភ្លៀង
- អាចដាំដុះនៅរដូវប្រាំងក៏បាន តែត្រូវមានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់
ការថែទាំ
- ការថែទាំត្រូវធ្វើជាប្រចាំ តាំងពីដាំ រហូតដល់ផល គឺត្រូវសម្អាតស្មៅក្នុងចម្ការ ពូនគល់
- នៅរដូវប្រាំង ក្តៅខ្លាំង ត្រូវស្រោចទឹក ២-៣ថ្ងៃម្តង
- នៅរដូវវស្សាត្រូវមើលតាមស្ថានភាពជាក់ស្តែង ធ្វើមិចកុំឲ្យដីស្ងួតហែង
- អាយុចាប់ពី ២-៣ខែ កាត់មែកមួយចំនួនចោល ដើម្បីកុំឲ្យមែកធាង វាដុះស៊ុបទ្រុបពេក ដែលធ្វើឲ្យពន្លឺចេញចូលមិនគ្រប់គ្រាន់
- បេះស្លឹកចេញខ្លះ ដើម្បីកាត់បន្ថយការស្រូបជីជាតិ
ការដាក់ជី
- មុនដាំកូន លាយដីស្រទាប់លើជាមួយជីកំប៉ុស ០.៥-១គ.ក្រ ក្នុងរណ្តៅ
- បន្ទាប់ពីដាំបាន១ខែ ដាក់ជី៤៦-០-០ ចំនួន ៣០០ក្រាម បូកជាមួយជី១៨-៤៦-០ ចំនួន ៣០០ក្រាម ក្នុង១គុម្ព
- ៥ថ្ងៃបន្ទាប់ថ្ងៃបន្ទាប់ពីដាក់ជីខាងលើ បាញ់ថ្នាំការពារសត្វល្អិត(ចៃស ជញ្ជក់ស្លឹក)
- ៥ថ្ងៃបន្ទាប់ថ្ងៃបន្ទាប់ពី បាញ់ថ្នាំសម្លាប់សត្វល្អិតខាងលើ ស្រោចទ្រីកូដេម៉ា ដើម្បីការពាររលួយឬស
- អាយុ៣ខែ ដាក់ជី១៥-១៥-១៥ ចំនួន៣០០ក្រាម បូកជីលាមកសត្វឬកំប៉ុស្ត ០.៥គ.ក្រ ក្នុង១គុម្ព
- ៧ថ្ងៃបន្ទាប់ពីដាក់ជីខាងលើ បាញ់កាលហ្វូស
- អាយុ៥ខែ ដាក់ជី ៨-២៤-២៤ ចំនួន៣០០ក្រាម បូកជី០-០-៦០ ចំនួន៣០០ក្រាម ក្នុង១គុម្ព
- អាយុបាន៦ខែ ជិតចេញផ្កា ត្រូវបាញ់កាល់ហ្វូស ជីទឹកEM និងថ្នាំដែលមានសមាសធាតុ បូរុន ស័ង្កសី ម៉ាញ៉េស្យូម…។
- នៅពេលចេញរូបរាងផ្លែ ត្រូវបាញ់ជីបំប៉ន ៧-៥-៤៤ បាញ់បង្ហើរជាផ្សែង និងដងដើម។
កត្តាបំផ្លាញមួយចំនួនលើដំណាំផាសិន
- ផ្កាមិនកាន់៖ មិនកាន់ផ្កា មកពីកត្តា៣យ៉ាង៖
- កត្តាអាកាសធាតុ៖ បើមានភ្លៀងធ្លាក់ជោគជាំ (គួរបាញ់ថ្នាំការពារទុកជាមុន) បើក្តៅ (គួរស្រោចទឹកឲ្យបានញឹកញាប់ និងជាប្រចាំ)
- ដំណើរលំអង៖ គឺគ្មានការចម្លង លំអងញីឈ្មោល ដែលធ្វើឲ្យគ្មានការបង្កកំណើតបាន (គ្មានខ្យល់ គ្មានឃ្មុំ)
- ខ្វះសារធាតុចិញ្ចឹម៖ មានដូចជា Ca, Mg, Zn, B, Co, Fe ….
- ជ្រុះផ្លែ៖ បណ្តាលមកពីខ្យល់ខ្លាំង ខ្វះសារធាតុចិញ្ចឹម សត្វល្អិតទិច (គួរបាញ់ថ្នាំការពារ និងដាក់ស្នេហ៍ស្រាំង)
- សត្វល្អិត៖ ចៃស ចៃក្រមួនស សង្កើច ចៃពីងពាង ទ្រីប ត្រូវបាញ់ថ្នាំ មេតាឡាក់ស៊ីល មេនកូហ្សិប និងបាញ់ថ្នាំសម្លាប់សត្វល្អិត ដូចជា Abamecin, Fipronil, Cypermethrin, Chlorpirifos…។
- ជម្ងឺ៖ បណ្តាលមកពីពួកផ្សិត (រលួយគល់) ត្រូវបាញ់ឬស្រោចថ្នាំ មេតាឡាក់ស៊ីល និងមេនកូហ្សិប និងការការពារ ស្រោចទី្រកូដេម៉ា១ឆ្នាំ ឲ្យបាន២-៣ដង។
ការប្រមូលផល
- ដំណាំនេះនឹងចាប់ផ្តើមប្រមូលផលក្នុងរយៈពេល ៧ ទៅ ៨ ខែបន្ទាប់ពីដាំ
- ការប្រមូលផលល្អ គឺចាប់ពី ១២ – ១៣ ខែបន្ទាប់ពីការដាំ
- ជាទូទៅពេលវេលាប្រមូលផលអតិបរិមា ពីរដង គឺខែកក្កដា – សីហា និងធ្នូ – មករា
- សំរាប់ទីផ្សារស្រស់ គួរតែបេះវា នៅពេលដែលវាប្រែពណ៌ពីបៃតងទៅ ពណ៌ស្វាយ ឬពណ៌លឿង
- សំរាប់ផលិតទឹកផ្លែឈើ នៅពេលផ្លែទុំល្អ
- ទិន្នផលជាមធ្យមគឺប្រហែល ៤តោន/ហិចតា ក្នុងមួយឆ្នាំ ប្រសិនបើមានការគ្រប់គ្រងបានល្អ និងទទួលបានផលពីការដាំដុះដំណាំលើស គឺពី ៦តោន ទៅ ៨តោន/ហិចតា
- ពូជផ្លែផាសិនពណ៌លឿង ដែលបានរក្សាទុកនៅសីតុណ្ហភាព ៧ ទៅ ១០ºC ដោយមានសំណើមពី ៩០ ទៅ ៩៥% អាតរក្សាទុករហូតដល់ទៅ ២ សប្តាហ៍
- ពូជផ្លែផាសិនពណ៌ស្វាយ ដែលបានរក្សាទុកនៅសីតុណ្ហភាព ៣ ទៅ ៥ ºC អាចរក្សាទុកពី ៣ ទៅ ៥ សប្តាហ៍
ចំណាប់អារម្មណ៍
ដំណាំក្រូចវល្លី៍ ឬផាសិននេះអាចរស់បាន ពី ៣ ទៅ ១០ឆ្នាំ អាស្រ័យលើការថែទាំ និងគ្រប់គ្រងសត្វល្អិតបំផ្លាញវា។ ដូច្នេះ បងប្អូនអាចសាល្បងដាំដុះ ដំណាំនេះបាន ទោះជាមានដីតូចៗ ក៍បាន។ មុនធ្វើការដាំដុះ បងប្អូនត្រូវចេះជ្រើសរើសពូជដែលមានដែលធន់ និងមានតម្រូវការនៅទីផ្សារ ដើម្បីស្រួលក្នុងការប្រមូលផលលក់។