ត្រីឆ្លូញ ជាត្រីទឹកសាប ដែលប្រជាជនខ្មែរ យើងនិយមទទួលទានណាស់ ព្រោះវាមាន រសជាតិឆ្ងាញ់ ហើយត្រី ទាំងនេះ ត្រូវបានគេ នេសាទពីប្រភពទឹកធម្មជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះ តម្រូវការហូបចុក កើនឡើងធ្វើអោយការ រកត្រីពីធម្មជាតិកាន់តែលំបាក។
ខាងក្រោមនេះ គឺជាបច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូ៖
លក្ខណៈទូទៅរបស់ត្រីឆ្លូញ
- ត្រីឆ្លូញជាប្រភេទត្រី ពេញនិយមសម្រាប់ប្រជាជនកម្ពុជា
- ឈ្មោះខ្មែរ៖ ត្រីឆ្លូញ
- ឈ្មោះអង់គ្លេស៖ Peacock eel
- ឈ្មោះវិទ្យាសាស្រ្ត៖ Macrognathus siamensis
- វាជា ត្រីរំអិលមួយប្រភេទ ស្រដៀងនឹងត្រីខ្ជឹងតែតូចជាង
- ប្រភេទត្រីស្ដើងតូចមានក្បាលតូចចង្អៀត (ជាទូទៅមាននៅក្នុងភក់)
ការរៀបលូសម្រាប់ចិញ្ចឹម
- ត្រូវជ្រើសរើសលូដែលមានទំហំសមល្មម និងមានកម្ពស់ប្រមាណ ៧០ ស.ម
- រៀបចំប្រព័ន្ធបញ្ចេញបញ្ចូល ទឹកឲ្យបានល្អនឹងសមស្រប ដើម្បីងាយស្រួលការពារកុំឲ្យទឹកស្អុយ
- បាចម្សៅកំបោរចូលបាតលូ ដើម្បីបន្សាបជាតិជូរ កំចាត់មេរោគ និងសារជាតិផ្សេងៗ
- បញ្ចូលទឹកទៅក្នុងលូ ដោយប្រើសំណាញ់ត្រង ពេលទឹកឡើងដល់កំរិត ៣០ -៤០ ស.ម
- យកកំប្លោក ចក និងត្រកួនទឹកមួយចំនួន ដាក់ក្នុងអាង
ការជ្រើសរើសពូជ
- ទិញកូនត្រីពូជពី កសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេនិងបា ដែលធំល្អពីផ្សារ មកចិញ្ចឹមយកពូជកូន ដោយខ្លួនឯង
- ជ្រើសរើសត្រីពូជមានទំហំ ពី ៣ – ៦ ស.ម រាងកាយមាំមួន មិនមានជំងឺ មានពណ៌សម្បុរស្រស់ភ្លឺ មានរំអិលច្រើន
- កូនត្រី ដែលល្អបំផុត ត្រូវមានអាយុ ៣ សប្ដាហ៍ ដាក់ចូលក្នុងលូចិញ្ចឹម ដែលរៀបចំរួចរាល់នោះ
ការផ្ដល់ចំណី
- ចំណីរបស់ត្រីឆ្លូញ មានដូចជា កាកសំណល់ត្រី សាច់ផ្សេងៗ ពិសេស ជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឱ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ
- ក្រៅពីចំណីធម្មជាតិ ត្រីឆ្លូញក៏អាចស៊ីជាកន្ទក់ ម្សៅត្រីស្ងោរឆ្អិន និងចំណីស្រេច
- ឲ្យត្រីស៊ី ២ ដង/ថ្ងៃ នៅពេលព្រឹកព្រលឹម និងពេលល្ងាចមេឃត្រជាក់
- ត្រូវបន្ថែមអង់ស៊ីម រំលាយអាហារមួយចំនួន ដើម្បីចៀសវាងត្រីត្រូវហើមពោះ និងឆ្អល់ពោះ
ការថែទាំ
- តាមដានទឹកក្នុង ស្រះជារៀងរាល់ថ្ងៃ ហើយផ្លាស់ទឹកថ្មី ក្នុងមួយសប្តាហ៍ម្តង ប្រមាណជា៣០%
- ពេលកែលំអស្រះឡើងវិញ ត្រូវប្តូរទឹកស្រះត្រូវប្រើសំណាញ់រាំងច្រោះទឹកកុំឲ្យត្រីចេញ
- ត្រូវមានវិធានការដេញពពួកបក្សីស៊ីត្រីនិងរកឃើញទាន់ពេលស្រះត្រូវបំពុលដោយជាតិកខ្វក់ ដើម្បីបង្ការការពារជំងឺដល់ត្រី
ការប្រមូលផល
- ក្រោយពេលចិញ្ចឹមបាន ៥ ទៅ ៦ ខែ ត្រីឆ្លូញ អាចមានទម្ងន់ជាមធ្យមពី ២០ ទៅ ៣០ ក្រាមក្នុង ១ ក្បាល (៣០ ទៅ ៥០ ក្បាលក្នុង ១គីឡូក្រាម) អាចប្រមូលផលបានហើយ
- មុនពេលប្រមូលផល ១០ ថ្ងៃ ត្រូវរក្សាបរិស្ថានទឹកក្នុងលូ ចិញ្ចឹមអោយបានថេរបំផុត
ចំណាប់អារម្មណ៍
ត្រីឆ្លូញជាត្រីដែលពេញនិយមទទូលទាន និងមានតម្លៃថ្លៃគួរសម្យនៅលើទីផ្សារ។ ដូច្នេះ បងប្អូនមិនគួរមើលរំលងមុខរបរនេះទេ ទោះបីបងប្អូនមានទីធ្លាតូច ក៍អាចចិញ្ចឹមត្រីឆ្លូញបានដែរ។ បងប្អូន ត្រូវចេះជ្រើសរើសពូជ និងរៀបចំលូចិញ្ចឹមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការចិញ្ចឹមរបស់បងប្អូនទទួលបានទិន្នផលល្អ។